Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/23

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ជំពូក​ទី ៦៖ ​អំពី​របៀប​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ ​

មាត្រា ៦៣ .

-​ការផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ​រវាង​បុគ្គល​ឯកជន​តាមរយៈ​ការលក់ ការដូរ ការធ្វើ​អំណោយ​ឬ​តាមរយៈ​សន្តតិ​កម្ម​ត្រូវ​អនុវត្តតាម​បញ្ញត្តិ​នៃ​ច្បាប់​។ ​

ផ្នែក​ទី ១ : អំពី​លទ្ធកម្ម​ដោយ​ការលក់​អចលនវត្ថុ​

មាត្រា ៦៤ .

-​ការលក់​អចលនវត្ថុ​គឺជា​កិច្ចសន្យា​ដែល​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​ជា​កម្មសិទ្ធិ​នៃ​អចលនវត្ថុ​ពី​អ្នកលក់​ឱ្យ​អ្នកទិញ ដោយ​អ្នកទិញ​ត្រូវ​បង់ប្រាក់​ថ្លៃ​អចលនវត្ថុ​នោះ​ទៅឱ្យ​អ្នកលក់​។ ​

មាត្រា ៦៥ .

-​ការផ្ទេរកម្មសិទ្ធិ​មិនអាច​ជំទាស់​ពី​តតិយជន​បាន លុះត្រាតែ​កិច្ចសន្យាលក់​អចលនវត្ថុ​ត្រូវបាន​ធ្វើជា​លាយលក្ខណ៍អក្ស​រ​តាម​ទម្រង់​លិខិតយថាភូត​ធ្វើ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហើយ​ត្រូវបាន​ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី​។ ​កិច្ចសន្យាលក់​តែ​ឯកឯង មិនអាច​ចាត់ទុកជា​ការផ្ទេរកម្មសិទ្ធិ​ទ្រព្យ​នោះ​ពេញលក្ខណៈ​ច្បាប់​បានឡើយ​។ ​

មាត្រា ៦៦ .

-​បុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ និង​មាន​សមត្ថភាព​ចុះកិច្ចសន្យា​អាច​លក់ ឬ​ទិញ​ទ្រព្យ​ជា​អចលនវត្ថុ​បាន​។ ​ បុគ្គល​ដែល​មិនអាច​លក់បាន​គឺ​:

  • បុគ្គល​ដែល​មិនមែនជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ដែល​ត្រូវ​លក់
  • កម្មសិទ្ធិករ​នៃ​ទ្រព្យ​អវិភាគ​ដោយ​គ្មាន​ការយល់ព្រម​ពី​កម្មសិទ្ធិករ​អវិភាគ​ផ្សេងទៀត
  • បុគ្គល​ដែលមាន​អចលនវត្ថុ​ជា​កម្មវត្ថុ​នៃ​ការ​រឹបអូស​។

1422