Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/14

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៣១ .

-​បុគ្គល​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​កន្លងមក គិត​មកដល់​កាលបរិច្ឆេទ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន ប្រសិនបើ​បាន​បំពេញ​គ្រប់គ្រាន់​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ក្នុងការ​ក្លាយទៅជា​កម្មសិទ្ធិករ អាច​ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​បន្ថែម​រយៈពេល​កាន់កាប់​ភោគៈ​របស់ខ្លួន​រហូត​គ្រប់​រយៈពេល​ស្របច្បាប់ ៥ (​ឆ្នាំ​) និង​បាន​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ​។ ការអនុញ្ញាតឱ្យ​បន្ត​រយៈពេល​មិនអាច​ត្រូវបាន​បដិសេធ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ ប្រសិនបើ​ភោគៈ​បានមក​ដោយ​សន្តិវិធី​និង​មិនមាន​ការជំទាស់​។ ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បដិសេធ​ដោយ​រំលោភ​នូវ​ការអនុញ្ញាតឱ្យ​បន្ត​រយៈពេល​ត្រូវ​ទទួលខុសត្រូវ​ខ្លួន​ចំពោះមុខ​ច្បាប់​។ ​ការទទួលស្គាល់​ដោយ​រំលោភ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នូវ​ភោគៈ​ដែល​មិន​បំពេញ​លក្ខខណ្ឌ​នៃ​ច្បាប់ ត្រូវ​ចាត់ទុកជា​មោ​ឃៈ​និង​គ្មាន​អានុភាព​។ អាជ្ញាធរ​ដែល​បានទទួល​ស្គាល់​ដោយ​រំលោភ​នេះ ត្រូវ​ទទួលខុសត្រូវ​ដោយផ្ទាល់​ខ្លួន​ចំពោះមុខ​ច្បាប់​។​ ​

មាត្រា ៣២.

-​អចលនវត្ថុ​ទាំងឡាយ​ដែល​មិនអាច​ក្លាយជា​កម្មសិទ្ធិ​នៃ​អ្នកកាន់កាប់​ស្របតាម​ច្បាប់​នេះ​ក្នុងករណី​ភោគី​បំពេញ​មិនបាន​នូវ​លក្ខខណ្ឌ​នៃ​ច្បាប់ ដោយហេតុ​មកពី​លក្ខណៈសម្បត្តិ​របស់ខ្លួន​ជា​ភោគី​កេង​បន្លំ​ឬ​ដោយ​ឥរិយាបថ​របស់ខ្លួន​ជា​ភោគី​ដែល​លួចលាក់​នឹង​ច្បាប់​ឬ​ដែល​មិន​ចេញមុខ​ឬ​ជា​ភោគី​ដោយ​ប្រើ​ហឹ​ង្សា​។ អចលនវត្ថុ​នោះ​ត្រូវ​ទុកជា​សម្បត្តិ​រដ្ឋ ហើយ​មិន​អាចឱ្យ​ជន​ណា​ចូលកាន់​កាប់​ភោគី​ថ្មី​សំរាប់​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ក្នុង​លក្ខខណ្ឌ​នៃ​ជំពូក​នេះ​បានឡើយ​។ ​

មាត្រា ៣៣ .

-​ក្នុងករណី​មានការ​ដកហូត​អចលនវត្ថុ​ដោយ​ហឹ​ង្សា​ឬ​ដោយ​ប្រើ​អំណាច​រំលោភ​របស់​អាជ្ញា​ធរ អចលនវត្ថុ​នោះ​ត្រូវបាន​បង្វិល​មក​រដ្ឋ​វិញ ហើយ​មិន​អាចជា​កម្មវត្ថុ​នៃ​ការកាន់កាប់​ថ្មី​បានឡើយ ប្រសិនបើ​គ្មាន​ពាក្យបណ្ដឹង​ទាមទារ​ពី​ភោគី​ស្របច្បាប់​នៃ​អចលនវត្ថុ​ដែល​ត្រូវបាន​ដកហូត​។ បណ្ដឹងទាមទារ​នេះ​មាន​រយៈពេល ៣ (​បី​) ឆ្នាំ ចាប់ពី​ថ្ងៃ​ដែល​រដ្ឋ​ប្រកាស​ដកហូត​។ ​


1413