ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/31

From Wikisource
Jump to navigation Jump to search
ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ (1895?) 
ព្រេង​ទាក់ទង​នឹង​ពិធី​បណ្ដែត​ព្រះទីប សំពះ​ព្រះខែ និង​អកអំបុក


ព្រេង​ទាក់ទង​នឹង​ពិធី​បណ្ដែត​ព្រះទីប សំពះ​ព្រះខែ និង​អកអំបុក




ជា​ទំនៀម​រៀង​មក អ្នក​ស្រុក​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល តែង​ធ្វើ​ពិធី​បណ្ដែត​ប្រទីប នៅ​វេលា​រាត្រី​ថ្ងៃ​បវារណា​ចេញ​វស្សា (បុរិប​វស្សា) គឺ​នៅ​ថ្ងៃ​ពេញ​បូណ៌មី​ខែ​អស្សុជ រាល់​ឆ្នាំ ប៉ុន្តែ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​តែង​ប្រារព្ធ​ធ្វើ​ពិធី​នេះ រួម​ជា​មួយ​នឹង​ពិធី​អុំ​ទូក សំពះ​ព្រះ​ខែ និង​អក​អំបុក1 ដែល​រាប់​បញ្ចូល​ក្នុង​ពិធី​ទ្វាទស​មាស​មួយ​សម្រាប់​រដ្ឋ ។ គឺ​ធ្វើ​នៅ​ថ្ងៃ ១៤-១៥ កើត និង ១ រោច ខែ​កត្តិក រាល់​ឆ្នាំ ដូច​ដែល​យើង​បាន​ដឹង​មក​ស្រាប់2 ។ ពិធី​បុណ្យ​ប្រពៃណី​ទាំង​ឡាយ ដែល​គេ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ស្រុក​នីមួយ​ៗ សុទ្ធ​សឹង​មាន​ហេតុ​ផល​ទាក់​ទង​នឹង​រឿង​ដំណាល ។ ព្រោះ​ពិធី​បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នេះ ក៏​មាន​រឿង​តំណាល​ពី​បុរាណ​កាល​មក​ដែរ ដូច​តទៅ ៖

រឿង​បណ្ដែត​ប្រទីប[edit]

ក្នុង​កាល​ពី​ព្រេង​នាយ នា​ខាង​ដើម​នៃ​ភទ្ទកប្ប​យើង​នេះ មាន​សត្វ​ក្អែក​ស​ញី​ឈ្មោល បាន​កាច់​សំបុក​ពង​នៅ​នឹង​ឈើ​មួយ​ដើម ដែល​ដុះ​នៅ​ឆ្នេរ​សមុទ្រ ហើយ​បាន​បញ្ចេញ​ពង​តាម​ធម្មតា​ជាតិ​ជា​សត្វ​នោះ​ចំនួន ៥ ។ ថ្ងៃ​មួយ ជា​ទេស​កាល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ព្យុះ​បោក​បក់ កួច​យក​សំបុក​បក្សី ព្រម​ទាំង​ពង ឲ្យ​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​កំពុង​ហូរ ។

លុះ​ពេល​ល្ងាច ក្អែក​ញី​ឈ្មោល​ហើរ​ត្រឡប់​មក​ពីរ​រក​ចំណី​អាហារ​វិញ ស្រាប់​តែ​បាត់​សំបុក​ព្រម​ទាំង​ពង ហើយ​ឃើញ​ស្នាម​បាក់​រប៉ាត់រប៉ាយ អាច​ឲ្យ​យល់​បាន​ថា "ពិត​ជា​ការ​អន្តរាយ​បណ្ដាល​អំពី​ខ្យល់​ព្យុះ" ។ ប៉ុន្តែ​ក្អែក​ស​ញី​ឈ្មោល​នោះ នៅ​មិន​អស់​ចិត្ត ចេះ​តែ​សញ្ជប់​សញ្ជឹង​គិត​ក្រែង​ដូច្នេះ​ដូច្នោះ ក៏​វិយោគ​បោក​ប្រាណ​ព្រោះ​ស្ដាយ​ស្រណោះ​ពង ទាល់​តែ​ស្លាប់​ទាំង​គូ​ទៅ ហើយ​ទៅ​កើត​ជា​ព្រះ​ឥន្ទ្រាធិរាជ នៅ​នា​ត្រៃត្រិង្ស​សួគ៌​ទេវ​លោក ។

និយាយ​អំពី​ពង​ក្អែក​ទាំង ៥ ដែល​ធ្លាក់​ទៅ​ក្នុង​ទឹក ហើយ​ត្រូវ​ខ្សែ​ទឹក​ហូរ​នាំ​យក​ទៅ​នោះ ក៏​ទៅ​ធ្លាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សត្វ​មាន់ ស្ដេច​នាគ អណ្ដើក គោ និង ខ្លា ដែល​បាន​រើស​យក​មួយ​ៗ ម្នាក់​យក​ទៅ​បី​បាច់​ថែរក្សា នៅ​ទី​អាស្រ័យ​រៀង​ៗ ខ្លួន ។ ពង​នោះ លុះ​ដល់​កំណើត​ពេល​នឹង​ញាស់​ហើយ ស្រាប់​តែ​កើត​កូន​ចេញ​មក សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​ទាំង ៥ ។ ឯ​សត្វ​ជា​អាណាព្យាបាល ឃើញ​សេចក្ដី​អស្ចារ្យ​ពេក ក៏​ខំ​ថែរក្សា​ចិញ្ចឹម​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត ។

លុះ​ទារក​ទាំង ៥ នោះ មាន​វ័យ​វឌ្ឍនាការ​ធំ​ឡើង ក៏​មាន​ចិត្ត​គិត​ឃើញ​រៀង​ខ្លួន​ថា "ខ្លួន​អញ​ជា​មនុស្ស​សោះ ចុះ​ហេតុ​អ្វី​បាន​ជា​មាតា​បិតា​សុទ្ធ​តែ​ជា​ជាតិ​តិរច្ឆាន​ដូច្នេះ ! ។ គិត​សព្វ​គ្រប់​ហើយ ទើប​រក​មធ្យោបាយ​រៀង​ៗ ខ្លួន លា​បិតា​មាតា​ចិញ្ចឹម​ទី​ទៃ​ៗ របស់​ខ្លួន ដើម្បី​ដើរ​ស្វែង​រក​រៀន​សិល្ប​វិជ្ជា សន្សំ​កុសល​កសាង​ពុទ្ធ​ភូមិ រៀង​ៗ ខ្លួន ។ សត្វ​ជា​អាណា​ព្យាបាល​ទាំង ៥ មាន​បណ្ដាំ​តែ​មួយ​ដូច​គ្នា​ថា "បើ​កូន​ចេញ​ទៅ​ធ្វើ​ការ​កសាង​ពុទ្ធ​ភូមិ បាន​សម្រេច​នៅ​ថ្ងៃ​ណា វេលា​ណា យើង​សូម​ផ្ញើ​ឈ្មោះ​របស់​យើង ឲ្យ​នៅ​ជាប់​នឹង​ឈ្មោះ​អ្នក​ផង !” ។

ព្រោះ​ហេតុ​នោះ​ឯង បាន​ជា​ក្នុង​ភទ្ទកប្ប​យើង​នេះ មាន​ព្រះ​ពុទ្ធ ៥ ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ថា "កកុសន្ធោ (មាន់), កោនាគបនោ (នាគ), កស្សបោ (អណ្ដើក), គោកមោ (គោ), សិរីអារ្យ​មេត្តេយ្យោ (ខ្លា) ដែល​បាន​ត្រាស់​តាម​លំដាប់​បង​ប្អូន និង​បារមី ហើយ​យក​នាម​សត្វ​ទាំង ៥ ដែល​ជា​អ្នក​ចិញ្ចឹម មក​ប្រកប​ភ្ជាប់​នឹង​ព្រះ​នាម​ព្រះ​អង្គ តាម​បណ្ដាំ​ក្នុង​រឿង​តំណាល​ដូច​ពោល​ហើយ​នេះ ។

មាណព​ទាំង ៥ កាល​ចេញ​ចាក​ឋាន​មាតា​បិតា​ចិញ្ចឹម​រៀង​ខ្លួន​មក ក៏​បាន​មក​ជួប​គ្នា​ទាំង ៥ នាក់ នៅ​កន្លែង​មួយ លុះ​សាក​សួរ​គ្នា​ទៅ ឃើញ​ថា​មាន​គំនិត​ព្រម​ទាំង​ហេតុ​ភេទ​ដូច​គ្នា ក៏​សុំ​គ្នា​ធ្វើ​ជា​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា​រហូត​ទៅ ។

ថ្ងៃ​មួយ នៅ​វេលា​ដែល​មាណព​ទាំង ៥ កំពុង​តែ​ជជែក​គ្នា​រក​មាតា​បិតា​ដើម​នោះ ព្រះ​ឥន្ទ​ព្រម​ទាំង​អគ្គ​មហេសី​ដែល​ជា​មាតា​បិតា​ដើម ក៏​និម្មិត​ខ្លួន​ជា​ក្អែក​ស​ញី​ឈ្មោល ហើរ​មក​ទំ​លើ​មែក​ឈើ​ជិត​នោះ ហើយ​សា​សព្ទ​ប្រាប់​មាណព​ទាំង ៥ ឲ្យ​បាន​ជឿ​ប្រាកដ​ថា "ខ្លួន​នេះ​ឯង​ហើយ ជា​មាតា​បិតា​ដើម" ។ មាណព​ទាំង ៥ ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ចំពោះ​បុព្វ​បុរស​ទាំង​ពីរ ថ្លែង​សេចក្ដី​ស្ដាយ​ចំពោះ​ការ​មិន​បាន​ទៅ​នៅ​បម្រើ​ឪពុក​ម្ដាយ​នោះ ព្រោះ​ក្អែក​ស​ទាំង​គូ មិន​អនុញ្ញាត​ឲ្យ​ទៅ​នៅ​ជា​មួយ​ទេ គ្រាន់​តែ​ផ្ដាំ​ថា "បើ​កូន​រាល់​គ្នា រលឹក​អាល័យ​យើង​ណាស់ ហើយ​ចង់​បូជា​អ្វី​ដល់​យើង​ទាំង​ពីរ​នាក់, ចូរ​កូន​គូស​ខ្វែង​ជើង​ក្អែក​នៅ​គ្រប់​វត្ថុ​ដែល​ជា​សំណែន​នោះ ហើយ​ឧទ្ទិស​ឲ្យ​យើង​ទៅ, អំពើ​នេះ មុខ​ជា​នឹង​បាន​ផ្សាយ​ផល​ដល់​យើង​មិន​ខាន​ឡើយ" ថា​តែ​ប៉ុណ្ណេះ ក៏​អន្តរធាន​បាត់​ទៅ ។

មាណព​ទាំង ៥ បាន​ចាំ​បណ្ដាំ​ហើយ ក៏​នាំ​គ្នា​ទៅ​រក​រៀន​សិល្ប​វិជ្ជា បួស​ជា​តាបស ចម្រើន​ព្រ័ត​ក្នុង​ព្រៃ, ខាង​ក្រោយ​មក ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​រំលឹក​គុណ តាម​បណ្ដាំ​នោះ ជា​ដរាប ព្រម​ទាំង​គូស​ខ្វែង​ជើង​ក្អែក​នៅ​លើ​វត្ថុ​ជា​សំណែន, សែន​រួច​បណ្ដែត​តាម​ខ្សែ​ទឹក​ហូរ​ទៅ ដើម្បី​បូជា​ក្អែក​ស​ញី​ឈ្មោល រហូត​ជាប់​ជា​ទំនៀម​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ប៉ុន្តែ តាម​មតិ​អ្នក​ស្រុក​ខ្លះ​សំអាង​ថា "គេ​ធ្វើ​ពិធី​បណ្ដែត​ប្រទីប​នេះ ដើម្បី​ឧទ្ទិស​បូជា​ដល់​ស្នាម​ព្រះ​ពុទ្ធ​បាទ និង ព្រះ​ចង្កូម​កែវ ដែល​ប្រតិ​ស្ថាន​នៅ​នា​ពិភព​នាគ3 ។

រួម​សេចក្ដី​ទៅ ឃើញ​ថា ទោះ​បី​អាចារ្យ​ដែល​ពោល​ថា "ការ​ធ្វើ​ពិធី​នេះ ដើម្បី​ឧទ្ទិស​បូជា ដល់​ស្នាម​ព្រះ​ពុទ្ធ​បាទ​ក្ដី ដល់​ព្រះ​ចង្កូម​កែវ​ក្ដី ដល់​ក្អែក​ស​ញី​ឈ្មោល​ក្ដី បូជា​ដល់​ព្រះ​ចូឡា​មណី​ចេតិយ​ក្ដី" ក៏​សុទ្ធ​សឹង​តែ​មាន​ហេតុ​ផល​ល្អ​ចំពោះ​ពុទ្ធ​សាសនា ដូច​គ្នា គឺ​មាន​សេចក្ដី​ស្រប​គ្នា​ច្រើន មិន​មាន​ជា​ទំនាស់​ប៉ុន្មាន​ទេ ។ ឯ​គម្ពីរ​រតន​សង្គ្រោះ​ក្ដី សាស្ត្រា​ក្អែក​ស​ក្ដី, គម្ពីរ​ពុទ្ធ​វង្ស​ក្ដី ពុំ​មាន​បង្គាប់​ថា "ឲ្យ​ធ្វើ​បុណ្យ​យ៉ាង​នេះ ឬ​យ៉ាង​នោះ" ឡើយ ប៉ុន្តែ អាស្រ័យ​រឿង​រ៉ាវ​ទាំង​នេះ បុរាណាចារ្យ ចេះ​តែ​ផ្សំ​ថែម​ធ្វើ​មក រហូត​ទាល់​តែ​ជាប់​ជា​ទំនៀម​ទម្លាប់​ដល់​សព្វ​ថ្ងៃ ។

រឿង​សំពះ​ព្រះ​ខែ - អក​អំបុក4[edit]

មាន​ដំណាល​ថា ក្នុង​កាល​ពី​ព្រេង​នាយ កាល​ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង​ទាំងឡាយ​ត្រាច់​រង្គាត់​អន្ទោល​ជាតិ ក្នុង​វាល​វដ្ដ​សង្សារ នៅ​ឡើយ​នោះ, ក្នុង​ជាតិ​មួយ ព្រះ​អង្គ​ទ្រង់​យោន​យក​កំណើត​ជា​សត្វ​ទន្សាយ ។ នៅ​រាល់​ថ្ងៃ​ពេញ​បូណ៌មី ទន្សាយ​ពោធិសត្វ តែង​សមាទាន​រក្សា​ឧបោសថ​សីល ដោយ​ឧទ្ទិស​ជីវិត​ព្រះ​អង្គ​ជា​ទាន​បរមត្ថ​បារមី ដើម្បី​បំពេញ​ជា​ព្រះ​ពោធិ​សម្ភារ ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ ។ នៅ​ថ្ងៃ​ពេញ​បូណ៌មី​មួយ ព្រះ​ឥន្ទ​ទ្រង់​ជ្រាប ក៏​កាឡា​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់ មក​សុំ​សាច់​ព្រះ​អង្គ​ជា​អាហារ ។ ព្រះ​ពោធិសត្វ សុខ​ចិត្ត​បូជា​ជីវិត ដើម្បី​ឲ្យ​សាច់​ដល់​ព្រាហ្មណ៍​ចាស់ ប៉ុន្តែ​ព្រាហ្មណ៍​ចាស់​ទូល​ព្រះ​អង្គ​ថា "ខ្លួន​គាត់ កាន់​សីល​មក​យូរ​ហើយ មិន​អាច​នឹង​សម្លាប់​សត្វ​បាន​ទេ", ទើប​ទន្សាយ​ពោធិសត្វ​បង្គាប់​ឲ្យ​ព្រាហ្មណ៍​បង្កាត់​ភ្លើង​ឡើង រួច​ក៏​លោត​ចូល​សម្លាប់​ខ្លួន ដើម្បី​ឲ្យ​បាន​សាច់​ដល់​ព្រាហ្មណ៍​បរិភោគ ។ ប៉ុន្តែ​មុន​នឹង​លោត​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​នោះ ព្រះ​អង្គ​ទ្រង់​អធិដ្ឋាន​ថា សុំ​ឲ្យ​ព្រះ​ឆាយា​លក្ខណ៍​នៃ​ព្រះ​អង្គ ទៅ​ប្រតិស្ឋាន​ផ្ដិត​ជាប់​នៅ​នឹង​មណ្ឌល​ព្រះ​ចន្ទ រហូត​លុះ​ទី​បំផុត​កប្ប ដោយ​អានុភាព​នៃ​ទាន​បរមត្ថ​បារមី​នោះ ។

អាស្រ័យ​រឿង​នេះ ទើប​បាន​ជា​រូប​ភាព​ទន្សាយ មាន​ប្រាកដ​នឹង​មណ្ឌល​ព្រះ​ចន្ទ ដូច​ដែល​យើង​មើល​ឃើញ​សព្វ​ថ្ងៃ​នេះ ។

លុះ​ចំណេរ​មក​ខាង​ក្រោយ បណ្ដា​ជន​នាំ​គ្នា​រំលឹក​កំណើត​ទន្សាយ​ពោធិសត្វ​នេះ ទើប​ធ្វើ​ពិធី​បុណ្យ ដែល​ហៅថា "អក​អំបុក -សំពះ​ព្រះ​ខែ" គឺ​សំពះ​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​ពោធិសត្វ​នោះ​ឯង ដោយ​នាំ​គ្នា​ជ្រើស​រើស​ចំណី​ណា​ជា​ទី​គាប់​ចិត្ត តម្រូវ​នឹង​អធ្យាស្រ័យ​នៃ​សត្វ​ទន្សាយ មាន "ចេក អំបុក ដំឡូង ដូង ត្រាវ" ជាដើម យក​មក​ឧទ្ទិស​ថ្វាយ​ផង ជា​ហូរ​ហែ ជាប់​ជា​ទំនៀម​ទម្លាប់​មក រហូត​ដល់​សព្វ​ថ្ងៃ ។

អ្នក​ស្រុក បាន​ជា​ប្រារព្ធ​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ - អក​អំបុក នៅ​ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្តិក​នេះ ព្រោះ​ជា​ពេល​ដំណាច់​វស្សានកាល​ផង ជា​ពេល​សម្បូរ​ដោយ ចេក អំបុក អំពៅ ត្រាវ ដំឡូង​ផង ។