ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/20
ព្រេងទាក់ទងនឹងទំនៀមនៅពេលមានជំងឺឲ្យសែនព្រេនខ្មោចជីដូនជីតា
កាលនោះ មានព្រះមហាក្សត្រមួយអង្គ នៅនគរមិថិលា ដាក់រាជ្យសម្បត្តិប្រគល់ឲ្យរាជបុត្រ ហើយចេញទៅបួសធ្វើជាតាបស នៅក្នុងព្រៃភ្នំម្នាក់ឯង ខំប្រព្រឹត្តសុចរិតទៀងត្រង់ក្នុងសីល ៦ យូរៗទៅ ក៏បានសម្រេចឈានលោកិយ មានអាយុវែង ១០.០០០ ឆ្នាំ, ពុកចង្កា ដុះចាក់កណ្ដាញ់ដូចឫសឫស្សី ល្មមសត្វចាបពពេចធ្វើសំបុកពងបាន ។
មហាឥសីនោះ មានឈ្មោះ ៣, ខ្លះហៅថា "ឥសីមិថិលា" តាមនាមដើមដែលធ្វើជាស្ដេច, ខ្លះហៅថា "ឥសីសាញ់" តាមពុកចង្កាចាក់កណ្ដាញ់ដូចឫសឫស្សី, ខ្លះហៅថា "ឥសីស្រឹង" ព្រះអង្គុយចម្រើនឈានហាលថ្ងៃ ខ្យល់ ភ្លៀង មិនហ៊ានក្រោកទៅណា ។ ហេតុដែលលោកខំទ្រាំទាំងម្ល៉េះ មកពីអាណិតសត្វចាបពពេច ដែលទៅកាច់សំបុកពងនៅក្នុងពុកចង្កាគាត់ ។ ចាបពពេចនោះ ជាសត្វប្រច័ណ្ឌឈ្មោលណាស់ សុខចិត្តទុកឈ្មោលឲ្យនៅក្រាបពង, ឯមេ សុខចិត្តហើររកចំណីអាហារមកចិញ្ចឹមរាល់ថ្ងៃ ជាធម្មតា ។
សម័យមួយ ពពេចឈ្មោលនិយាយនឹងពពេចញីថា "ភាណអើយភាណ ! អាណិតបង ៗ រោយជើងរោយស្លាបណាស់ ឲ្យបងសុំហើរទៅរកស៊ីម្ដង គ្រាន់បានលាតសរសៃសសូងធូរចិត្តថ្លើម" ។ លុះពពេចញី យល់ព្រមហើយ ពពេចឈ្មោលគិតថា "រូបអញនេះ ដូចគេទើបរួចពីទោសទុក្ខគុកច្រវាក់, អញនឹងហើរត្រាច់លេងឲ្យអស់មួយថ្ងៃ" គិតហើយ ក៏ស្ទុះហើរ បោះពួយផ្លេកផ្លោះទៅឆ្ងាយដាច់ស្រយាល ស្វែងរកស៊ីផលព្រឹក្សព្រៃ និងក្រេបរសផ្កា លុះល្ងាចព្រលប់ ទើបត្រឡប់មកវិញ ។ ពពេចញី មួម៉ៅក្ដៅចិត្តឥតគណនា ថា "អើអ្នកឯងអើយ ! អីក៏ដល់ម្ល៉ឹង ! បានគេបើកឲ្យទៅ ៗ អស់មួយថ្ងៃ តាមទំនើងចិត្ត ឥតគិតកូនប្រពន្ធសោះ, អ្នកចាំមកធ្វើអីថ្មើរណេះហើយ ? ថ្វីក៏មិននៅត្រេកត្រអាលនឹងសហាយថ្មីឲ្យវាស្កប់ស្កល់ទៅ ! រវល់មកគិតអីខ្មោចមេកញ្ចាស់ស្វាចកន្ត្រាកនេះ ! អញ្ជើញទៅវិញចុះ កុំទើសទាល់" ។ ពពេចឈ្មោលអង្វរដូចម្ដេច ក៏ពពេចញីមិនព្រមជឿស្ដាប់, ប្រាប់ដូចម្ដេចក៏មិនយក ។ ជាតិជាសត្វបក្សីបក្សាទាំងអស់ នឹងរកសត្វណា ឲ្យចេះសម្ដីហូរឥតអាក់ដូចសត្វចាបពពេចគ្មាន ។ ពពេចឈ្មោល ទាល់ប្រាជ្ញា ក៏ស្បថឲ្យពពេចញីថា "បើភាណឯងមិនជឿបង, កើតជាតិណាៗ ទៅមុខទៀត ឲ្យបងរងកម្មពៀរដូចតាមហាឥសីនេះចុះ, ឲ្យស្លាប់តែនឹងហាលភ្លៀង ថ្ងៃ ខ្យល់ ទៅណាមិនរួច, នេះ បើចង់ក្បត់ចិត្តភាណឯងមែន" ។
មហាឥសីឮដូច្នោះ នឹកក្ដៅចិត្តថា "យើ ! ប៉ៃកាដកទង សត្វចាបពពេចនេះ, អញអាណិតមេត្តាវា ខំទ្រាំចូលឈានឲ្យពងវាញាស់កូន ទើបមិនហ៊ានក្រោកទៅណា, ចុះម្ដេចក៏អាចោរតិរច្ឆានគ្មានបញ្ញា ហ៊ានយកឯងទៅស្បថឲ្យប្រពន្ធវាលេងជាល្បែង ថាឯងជាមនុស្សបាបរងកម្មពៀរវិញ, អាចោរវេរគ្នើ ស្ដីចំចំណុចគួរឲ្យខឹងអត់មិនបាន" ។ ឥសី ចាប់បោចសម្បុកនៅនឹងពុកចង្កា ច្របាច់ពងបែកអស់ បោះចោលទៅ ។
វេលានោះ ឥសីដាច់ឈានលោកិយ ហោះហើរលែងរួច តែឫទ្ធានុភាពនៅពូកែដូចដើម ក៏ទង្គឹះថា "ព្រោះតែខ្មោចអាសត្វចាបពពេចនេះឯង ទើបបានជាអញដាច់ឈាន, អញនឹងនៅបួសយូរទៅទៀត ក៏ជាការឥតអំពើ, គិតសព្វៗទៅ គួរតែសឹកយកប្រពន្ធម្ដងទៀតចុះ ព្រោះនៅមិនទាន់អស់ចិត្តអស់ចង់នឹងមិត្រសង្សារសោះ, មកកាប់ប៉ុនសត្វតិរច្ឆានតូចៗ ម្ដេចគង់វាចេះមានគូ, តែឥឡូវ នឹងសឹកទៅដណ្ដឹងកូនគេ មុខជាគេមិនឲ្យទេ ព្រោះគេមើលមកឯងចាស់ហួសពេកទៅហើយ, បើដូច្នេះ អញនឹងដើររកខ្លឹមចន្ទន៍ក្រិស្នា យកមកជប់ជាស្ត្រីក្រមុំម្នាក់ ទុកធ្វើជាប្រពន្ធវិញចុះ" ។ គិតដូច្នេះហើយ ក៏ទៅរកបានខ្លឹមចន្ទន៍ក្រិស្នា យកមកឆ្លាក់ជារូបស្ត្រីបានស្រេច តាំងប្រសិទ្ធីជប់ឲ្យមានជីវិតរស់ជាមនុស្សឡើង ។ នាងនោះ ល្អណាស់នឹងប្រៀបឧបមាមិនបាន ។ ឥសី ក៏សឹកមករួមវាសនានឹងនាងនោះទៅ រួចនាំនាងចេញពីព្រៃ ចូលមករស់នៅស្រុកភូមិជាមួយនឹងគេ ។ នាងនោះ ក៏មានឈ្មោះ ៣ ដែរ ខ្លះហៅនាង "បូច័ន្ទ", ខ្លះហៅនាង "ក្រអូប" , ខ្លះហៅនាង "ស្រីល្អ" ។
លុះនៅរួមសុខទុក្ខជាមួយគ្នាបន្តិចទៅ បង្កើតបានកូនស្រីម្នាក់, កូននោះ កើតឡើងចេះតែមានជំងឺ ឈឺស្គមកំព្រឹងកំព្រយ គ្មានសាច់ឈាមសោះ ។ បណ្ឌិតឥសី ទាល់តម្រិះនឹងមើលកូននោះ ក៏ពិចារណាថា "ពីបុរាណអង្វែងមក បើកូនក្មេងឈឺដូច្នេះ អញធ្លាប់ឃើញគេធ្វើឧបទេសសែនព្រេនទៅនឹងជា, បើដូច្នេះ គួរអញសែនឲ្យវាល្បងមើល" ។ បណ្ឌិតឥសី ក៏រៀបតាក់តែងជាក្បួនសែន ហើយមានបណ្ដូលគាថាខាងចុង សូធ្យថា "ហ៊ុលោៗ ! ស្វា ហយៈ !”, សូធ្យសែនគ្រប់ ៣ ដង, កូននោះ ក៏បានជាស្រាន្ត មានសាច់ឈាមឡើងវិញ ។ បណ្ឌិតឥសី សន្មតឈ្មោះឲ្យហៅ តាមគាថាថា នាង "ស្វា ហាយ" ។ ក្បួននោះហៅថា "កុមារដន្យ" សម្រាប់សែនព្រេនឲ្យក្មេងប្រុសស្រី នៅវេលាដែលមានជំងឺឈឺ ហើយក៏ចេះតែបានប្រកបមក ។ បណ្ដាជនទាំងអស់ ក៏ជឿធ្វើតាមតម្រាប់បណ្ឌិតឥសី តរៀងមកដល់ឥឡូវ ។ មួយចំណែកនេះ ហៅថា "ឥសីភាសិត" ។
មួយចំណែកទៀត ប៉ែកខាង ពិស្ណុ ព្រហ្មញ្ញ ក៏កាន់តាមបែបឥសីភាសិតដែរ គឺពោលប្រដៅគ្នាថា "មនុស្សយើង បើឈឺ លុះតែមានខ្មោចបិសាចវាធ្វើ ទើបឈឺ, បើនឹងស្លាប់ លុះតែទេវតាឲ្យស្លាប់ ទើបស្លាប់" ។ ខ្មោចនោះទៀត ក៏មិនក្រៅពីខ្មោចជីដូនជីតា ឪពុកម្ដាយ បងប្អូន ដែលស្លាប់ទៅមុខទាំងប៉ុន្មាននោះទេ ត្រូវតែកូនរំលឹកនឹកឈ្មោះសែនព្រេនឲ្យស៊ី ទើបបានសេចក្ដីសុខ, បើមិនសែនព្រេនឲ្យទេ មេបាចាស់ទុំនោះ ខឹងថា "កូនចៅមិននឹកមិននា" នឹងធ្វើទណ្ឌកម្មឲ្យឈឺទុរន់ទុរា ឬ ឲ្យដល់ស្លាប់ ក៏មាន ។
របៀបសែនព្រេននេះ មានធ្វើមកអង្វែងឆ្នាំហើយ ដោយគេជឿជាក់ថា សែនឲ្យខ្មោចជីដូនជីតា និងឪពុកម្ដាយ ។ ការសែនព្រេននោះទៀត មិនមែនធ្វើចំពោះតែពេលមានជំងឺឈឺថ្កាត់ ឬមួយ ផ្សំផ្គុំកូនចៅជាប្ដីប្រពន្ធ ដែលថាគួរសែនព្រេនប្ដឹងខ្មោចជីដូនជីតា ឪពុកម្ដាយ ប៉ុណ្ណោះទេ សូម្បីតែបងប្អូនសាច់សារលោហិតទើបមកដល់ពីស្រុកឆ្ងាយ ក៏គេនាំគ្នាកាប់មាន់ទារៀបបាយទឹកសែនព្រេងដូច្នោះដែរ ។ ឯស្រាបាយ និងមាន់ស្ងោរនោះ ជារបស់ដូចជារៀបទទួលជាកិត្តិយសចំពោះអ្នកធ្វើដំណើរដែលអស់កម្លាំង ឲ្យសប្បាយរីករាយទៅវិញ ។
ម្យ៉ាងទៀត គួរឲ្យពិភាល់ឆ្ងល់ពេកដែរ ដែលចាស់ៗ បុរាណតែងយល់មកថា ចំពោះអ្នកដែលស្លាប់ទៅហើយ ទោះជាឈ្មោះណាធ្វើបុណ្យទានច្រើនក្ដី ធ្វើបាបក្ដី វេលាដែលស្លាប់ទៅហើយ មិនឮថា ទៅឋានសួគ៌ ឬ នរកសោះ ដូចជាព្រលឹងគេនៅតែវិលវល់ៗ ចាំស៊ីសំណែនពីកូនចៅ ហើយនឹងចាំផ្ដន្ទាព្យាបាទធ្វើទោសតែកូនចៅឯង។ ការយល់ដូច្នេះ ហើយនាំគ្នាសែន ដូចជាមិនសូវសមសោះឡើយ ។