Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/11

From Wikisource


ព្រេង​ទាក់ទង​នឹង​ទំនៀម​ប្រើ​ពពិល​ក្នុង​មង្គលការ




អតីត​និទាន​ថា កាល​ដែល​ប្រឹថពី​រលាយ​ដោយ​ភ្លើង​កល្ប​ទៅ​ហើយ ៗ កកើត​ឡើ​ជា​ថ្មី មាន​ឈ្មោះ "ព្រះ​ឥស្វរ" មួយ​អង្គ ដែល​អ្នក​នគរ​យើង​តែង​ហៅ​ថា "ព្រះ​ឥសូរ" (មិន​ដឹង​ជា​ហេតុ​ដូច​ម្ដេច ក៏​ហៅថា "ព្រះ​ឥសូរ" វិញ ? ប្រហែល​យក​ជើង "វ" ថា​ស្រះ "អូ" ក៏​មិន​ដឹង ? ឬ​មួយ​មិន​ស្គាល់​ឈ្មោះ ឃើញ​លោក​ពូកែ​ផុត​មនុស្ស ក៏​នាំ​គ្នា​សន្មត​ហៅ​ថា "ព្រះ​ឥសូរ​ៗ" ដែល​មាន​ន័យ​ថា "ជា​កំពូល​លើ​មនុស្ស" ដូច្នេះ​ក៏​មិន​ដឹង ?) ។

ឥឡូវ​នេះ យើង​ត្រូវ​ហៅ "ព្រះ​ឥសូរ" តាម​អ្នក​នគរ​សន្មត​ទៅ​ចុះ ។ ព្រះ​ឥសូរ​នេះ លោក​ជា​ស្ដេច​ធំ​នៅ​ឋាន​កៃលាស ជាប់​ជិត​ចង្កេះ​ភ្នំ​ហិមាល័យ, មនុស្ស​យើង​ទៅ​មិន​ដល់​ទេ, ព្រះ​អគ្គ​ទេពី​លោក ព្រះ​នាម​នាង "ឧមា​ភគវតី"1, តាម​មាត់​អ្នក​ស្រុក​ថា ជា​ស្ត្រី​គ្រប់​លក្ខណា2 ប្រសើរ​លើស​ទេវតា និង​ស្ត្រី​ទ្វីប​ទាំង ៤ 3 ។

ព្រះ​ឥសូរ​នោះ មាន​ឫទ្ធានុភាព​នឹង​ប្រៀប​ផ្ទឹម​ពុំ​បាន ចេះ​ចប់​សព្វ​ឈាន​លោកិយ និង​សិល្ប​សាស្ត្រ​គ្រប់​មុខ ។ ពពួក​ទេវតា ឥន្ទ ព្រហ្ម យក្ស គន្ធព នាគ វិជ្ជាធរ ស្ញប់​ស្ញែង​កោត​ខ្លាច ចូល​មក​គោរព​សុំ​រៀន​ពី​សម្នាក់​លោក​ទាំង​អស់, ពូកែ​នោះ សូម្បី​តែ​អង្គ​ជាតិ​របស់​លោក កាល​ណា​មាន​តម្រេក ហើយ​កម្រើក​ស្រក់​ធ្លាក់​ចេញ​ចាក​ទី​មក ពុំ​មាន​ភព​ណា​អាច​ទទួល​រង​បាន​ឡើយ, បើ​ធ្លាក់​ដល់​ផែន​ដី នឹង​ឆេះ​ផែនដី, បើ​ធ្លាក់​ដល់​ទឹក នឹង​កើត​ព្យុះ​ខ្យល់​បក់​បោក ល្អិត​ខ្ទេច​ខ្ទី​ឈើ​លតាវល្លិ អន្តរាយ​មនុស្ស​ម្នា​នឹង​រាប់​ពុំ​បាន, ឫទ្ធិ​នោះ សូម្បី​តែ​មនុស្ស​ស្លាប់​បាត់​ជីវិត​ទៅ​អស់​កាល​យូរ ដល់​ទៅ ១០០ ឆ្នាំ​ក៏​ដោយ ឲ្យ​តែ​នៅ​សល់​កម្ទេច​ឆ្អឹង​បន្តិច​បន្តួច ក៏​នៅ​តែ​ខ្លាច​ឫទ្ធិ​លោក​ដែរ, បើ​ចង់​ដឹង​ថា "ឈ្មោះ​ណា​ម្នាក់​ស្លាប់​ទៅ ៗ កើត​ក្នុង​ទី​ណា​ៗ" យក​តែ​ឆ្អឹង​ឈ្មោះ​នោះ​បន្តិច​មក​ថ្វាយ​លោក ៗ នោះ​សួរ​ឆ្អឹង ៗ ប្រាប់​លោក​ថា "ទៅ​កើត​ឋាន​សួគ៌-នរក ឬ​ប្រេត​តិរច្ឆាន​បាន​ទាំង​អស់, បាន​ជា​ថា "ឆ្អឹង​ក៏​នៅ​ខ្លាច​ឫទ្ធិ​លោក​ដែរ" ។

ពួក​យក្ស គន្ធព គ្រុឌ នាគ កិន្នរ មុន​នឹង​ផ្សំ​ផ្គុំ​កូន​ចៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា និយម​ទៅ​សុំ​ពរ​ពី​ព្រះ​ឥសូរ និង​នាង​ឧមា​ភគវតី មក​ធ្វើ​ជា​មង្គល​ប្រយោជន៍​ឲ្យ​កូន​ចៅ​មក​ខាង​ក្រោយ បាន​ទទួល​ចំណែក​រឹទ្ធិ​អំណាច អំពី​ព្រះ​ឥសូរ ព្រោះ​ព្រះ​អង្គ​ជាតិ​ព្រះ​អង្គ និង​លក្ខណា​នាង​នោះ ពូកែ​ណាស់ ។

ក្រោយ​នោះ​យូរ​មក មាន​ស្ដេច​មនុស្ស​មួយ​អង្គ ឈ្មោះ "ព្រះ​ជ័យ​សុរិយា" ជា​ខ្សែ​ស្រឡាយ​អម្បូរ​ព្រះ​ភិរុទ្ធ នៅ​នគរ​កែវ​កេត​ជម្ពូ ។ ស្ដេច​អង្គ​នេះ ដើរ​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ក្នុង​ព្រៃ​ហិមពាន្ត អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ មិន​ចេះ​ជួប​ប្រទះ​នឹង​ឥសី (ឫសី) ឬ​តាបស​ណា​មួយ​សោះ ។

សម័យ​ថ្ងៃ​មួយ ព្រះ​ឥសូរ ទ្រង់​អផ្សុក ហោះ​មក​លេង​ឋាន​ជម្ពូ​ទ្វីប ឆៀង​ចុះ​ទៅ​មើល​ព្រៃ និង​ដង​ភ្នំ ក៏​ប្រទះ​ឃើញ​កុមារ​ម្នាក់​ដេក​លក់​ក្រោម​ដើម​ឈើ, ព្រះ​ឥសូរ​ក៏​ទ្រង់​ព្រះ​តម្រិះ​ថា " កុមារ​នេះ ជា​កូន​មនុស្ស, ហេតុ​អ្វី ក៏​ដើរ​មក​ដេក​ក្នុង​ព្រៃ​ស្មសាន​តែ​ម្នាក់​ឯង​ដូច្នេះ ? មើល​ទៅ​រូប​រាង​សាច់​ឈាម និង​សំលៀក​បំពាក់ ដូច​ជា​អម្បូរ​ក្សត្រ ឬ​មួយ​ក៏​ព្រាត់​នគរ​មក ? គួរ​អញ​ដាស់​សួរ​មើល !” លោក​ហៅ​ឲ្យ​ក្រោក​ឡើង សួរ​រឿង​រ៉ាវ​ទៅ, កុមារ​ក៏​ទូល​ថា "ខ្ញុំ​ព្រះ​អង្គ ឈ្មោះ​ជ័យ​សុរិយា ជាតិ​មនុស្ស​លោក នៅ​នគរ​កែកេតជម្ពូ, ខ្ញុំ​ព្រះ​អង្គ បាន​ដើរ​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ក្នុង​ព្រៃ​នេះ​ជាង​មួយ​ឆ្នាំ​ហើយ ពុំ​បាន​ជួប​នឹង​ឥសី ឬ​តាបស​ណា​សោះ" ។ កាល​បាន​ឮ​ដូច្នោះ លោក​ប្រាប់​ថា "យើង​ជា​ព្រះ​ឥសូរ នៅ​ឋាន​កៃលាស, ឯង​ស្គាល់​យើង​ទេ ? សិល្ប​សាស្ត្រ​យើង​ចេះ​ដែរ បើ​ចង់​រៀន យើង​បើក​ឲ្យ​រៀន​បាន" ។ ព្រះ​ជ័យ​សុរិយា ក្រាប​សំពះ​ទូល​ថា "ព្រះ​គុណ​ម្ចាស់​ថ្លៃ​អើយ ! ខ្ញុំ​ព្រះ​អង្គ​ឮ​តែ​ឈ្មោះ មិន​ដែល​ឃើញ​ព្រះ​អង្គ​សោះ ប៉ុន្តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ជាតិ​មនុស្ស មិន​ចេះ​ហោះ​ហើរ ទើប​មាន​បំណង​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ត្រឹម​តែ​ក្នុង​សម្នាក់​ឥសី ឬ​តាបស" ។ ព្រះ​ឥសូរ​ថា "អើ យើង​ក៏​ចង់​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ខាង​ស្ថាន​មនុស្ស​លោក​ដែរ ឲ្យ​ដឹង​ថ្វី​ដៃ​សិល្ប​ឥសូរ ព្រោះ​យើង​មិន​ទាន់​បាន​បង្រៀន​មនុស្ស​ណា​ម្នាក់​សោះ, ដូច្នេះ ចូរ​ចៅ​រៀន​ក្នុង​សម្នាក់​យើង​នេះ​ចុះ !" ។

ព្រះ​ជ័យ​សុរិយា​ថា "ទូល​បង្គំ ចង់​រៀន​ណាស់​ហើយ តែ​មិន​ដឹង​គិត​ដូច​ម្ដេច​នឹង​ទៅ​រៀន​បាន, បើ​ព្រះ​គុណ គង់​រហូត​ដល់​ស្ថាន​កៃលាស​ឯ​នោះ" ។ ព្រះ​ឥសូរ​ថា " ឲ្យ​តែ​ចៅ​ព្រម​ទៅ​តាម​យើង​ចុះ យើង​នឹង​ឲ្យ​ចៅ​ទៅ​បាន​ដូច​ប្រាថ្នា" ។ ព្រះ​ជ័យ​សុរិយា​ឆ្លើយ​ថា "ព្រះ​គុណ​អើយ ! បើ​ដូច្នេះ រូប​ទូល​បង្គំ​ខ្ញុំ​ព្រះ​អង្គ​នេះ ដូច​បាន​កើត​ម្ដង​ទៀត​ហើយ" ។

ព្រះ​ឥសូរ​បញ្ឆោត​ថា "ចៅ​ហា​មាត់​ឡើង ! យើង​សុំ​រាប់​ធ្មេញ​មើល​គ្រប់ ៣២ ឬ​ទេ" ។ ព្រះ​ជ័យ​សុរិយា​ហា​មាត់​ឡើង ព្រះ​ឥសូរ​សេព​វិជ្ជា​ស្ដោះ​ទឹក​មាត់​ខ្វិច​ទៅ​ក្នុង​មាត់ ។ ព្រះ​ជ័យ​សុរិយា​ភ្ញាក់​លេប​ក្អឹក ចូល​ទៅ​ក្នុង​ពោះ​កាល​ណា ក៏​ព្រឺ​ព្រួច​គ្រប់​រោម កើត​មាន​កម្លាំង​ស្មើ​ដំរី​សារ​ភ្លាម​មួយ​រំពេច ចង់​ហោះ​ហើរ​ដើរ​លើ​អាកាស​បាន​ដូច​ចិត្ត​បំណង ។ ព្រះ​ឥសូរ​ក៏​នាំ​ហោះ​ទៅ​ស្ថាន​កៃលាស, បង្ហាត់​បង្រៀន​សិល្ប​ចេះ​សព្វ​គ្រប់​ហើយ ព្រះ​ជ័យ​សុរិយា ក៏​លា​ត្រឡប់​មក​នគរ​វិញ សោយ​រាជ​សម្បត្តិ មាន​ទាំង​មហេសី​ប្រសើរ​ស្មើ​នាង​កញ្ញា ថ្ងៃ​មួយ ទ្រង់​ព​អគ្គ​ទេពី​នាំ​ហោះ​ទៅ​ថ្វាយ​សម្ដេច​ព្រះ​គ្រូ​ប្រសិទ្ធី​ពរ​ជ័យ​ឲ្យ លុះ​ចប់​កិច្ច​ហើយ ព្រះ​ជ័យ​ក៏​ជម្រាប​ទូល​ថា ខ្ញុំ​ព្រះ​អង្គ សុំ​ពរ​ជ័យ​មង្គល​មួយ ទុក​ថា​ព្រះ​កេរ្តិ៍​សម្រាប់​ជម្ពូ​ទ្វីប ដើម្បី​យក​ទៅ​ប្រសិទ្ធី​ពរ ក្នុង​វេលា​រៀប​អាពាហ៍ពិពាហ៍​បង្គោល​ពួក​ជាតិ​មនុស្ស ឲ្យ​បាន​រុង​រឿង​ដូច​រៀប​មង្គល​ការ​ឯ​ស្ថាន​កៃលាស​ផង ព្រោះ​កំណើត​មនុស្ស​លោក​កើត​ឡើង​ថយ​ថោក​ណាស់ គ្មាន​រិទ្ធិ​អំណាច​អ្វី​ទេ ។

ព្រះ​ឥសូរ​រំពឹង​គិត​សព្វ​គ្រប់​ទៅ ឃើញ​ថា នឹង​ឲ្យ​ពរ​អ្វី​ក្រៅ​ពី​អង្គ​ជាតិ​របស់​ខ្លួន និង​យោនី​អគ្គ​ទេពី​របស់​ខ្លួន មុខ​ជា​ផ្សាយ​អំណាច​ពុំ​បាន​អង្វែង​ឡើយ, ឥឡូវ បើ​មិន​ឲ្យ, ធ្វើ​ម្ដេច​នឹង​បាន​ផ្សព្វ​ផ្សាយ​កេរ្តិ៍​ឈ្មោះ​លោក​នៅ​ឯ​ឋាន​មនុស្ស ? បើ​ទើប​នឹង​មាន​សិស្ស​ជា​ស្ដេច​មនុស្ស​លោក​តែ​មួយ​នេះ​ផង លោក​ក៏​ហៅ​ព្រះ​នាង​ឧមា​ភគវតី មក​និយាយ​សុំ​លក្ខណៈ​យោនី​នាង​ធ្វើ​ជា​មង្គល ឲ្យ​ទៅ​ស្ថាន​មនុស្ស​លោក ឲ្យ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ថាន​កៃលាស ។ ព្រះ​នាង​អគ្គ​មហេសី ក៏​ព្រម​ថ្វាយ​ថា "សុំ​ឲ្យ​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ" ។ ព្រះ​ឥសូរ ក៏​ទ្រង់​ហោះ​ទៅ​យក​ខ្សាច់​ពេជ្រ​ពី​ចក្រវាល មក​ប្រសិទ្ធី​ធ្វើ​ជា​ស្លឹក​ឈើ​មាស ជា​តំណាង​យោនី​ព្រះ​នាង ទៅ​យក​ថ្ម​ពេជ្រ​ពី​ភ្នំ​ហិមាល័យ មក​ប្រសិទ្ធី​ធ្វើ​ជា​ទៀន​មាស តំណាង​អង្គ​ជាតិ​ព្រះ​អង្គ ។ លុះ​លោក​ប្រសិទ្ធី​រួច​ស្រេច លោក​សន្មត​ឲ្យ​ឈ្មោះ​ថា "ពពិល​រតន៍" គឺ​ថា "ពរ​ពីរ​នេះ ភ្លឺ​ដូច​ប្រាថ្នា" ប៉ុន្តែ ហៅ​យារ​ៗ មក​ថា "ពពិល" វិញ ។ រួច​លោក​ហុច​ទៅ​ឲ្យ​ព្រះ​ជ័យ ទាំង​ប្រាប់​ថា "របស់​នេះ​ហើយ ជា​មង្គល​ធំ ចូរ​អ្នក​យក​ទៅ​ទុក​ជា​កេរ្តិ៍​ឯ​ស្ថាន​ជម្ពូ​ទ្វីប​ចុះ, បើ​ត្រូវ​ការ​រៀប​ផ្សំ​ផ្គុំ​កូន​ចៅ ត្រូវ​យក​ទៀន​មាស បិទ​នឹង​ស្លឹក​ពោធិ៍​មាស​នេះ យក​ភ្លើង​អុជ​ឲ្យ​ឆេះ ហើយ​បង្វិល ៣ ជុំ​សាមី​ខ្លួន រួច​លត់​ទៅ​វិញ យក​ផ្លិត​បក់​ផ្សែង​ឲ្យ​ចូល​មាត់​ច្រមុះ​សាមី​ខ្លួន​ទាំង​ប្រុស​ស្រី, ផ្សែង​នោះ មាន​ក្លិន​ក្រអូប​ដូច​ផ្កា​មន្ទារ​បុស្ប​ពី​ស្ថាន​សួគ៌​នាយ ឲ្យ​តែ​ដក​ដង្ហើម​ចូល​ផ្សែង​ដល់​ទៅ​ក្នុង​ខ្លួន​កាល​ណា នឹង​ព្រួច​ព្រឺ​រោមា មាន​កម្លាំង​ដូច​ដំរី​សារ ទាំង​ប្រុស-ស្រី នឹង​កើត​ជា​បុត្រ​ឡើង​មាន​បុណ្យ​អំណាច​ឫទ្ធានុភាព​ច្រើន" ។

ព្រះ​ជ័យ ទទួល​មង្គល​ពី​ព្រះ​រាជ​គ្រូ​រួច​កាល​ណា លា​ទេពី​ហោះ​ត្រឡប់​មក​នគរ​វិញ ។ ស្ដេច​ទ្រង់​ផ្សាយ​ដំណឹង​នោះ ដល់​នាម៉ឺន​មុខ​មន្ត្រី​សេនា​ទាហាន​ក្នុង​ព្រះ​នគរ ឲ្យ​បាន​ដឹង​គ្រប់​គ្នា​ទាំង​អស់​ថា "បើ​អ្នក​ណា​រៀប​ផ្សំ​ផ្គុំ​កូន​ចៅ​ឲ្យ​ជា​ប្ដី​ប្រពន្ធ ត្រូវ​មក​ដង្ហែ​មង្គល​នេះ​ទៅ​អុជ​យក​ផ្សែង​បក់​ឲ្យ​ស្រួប​បន្តិច​ៗ គ្រប់​គ្នា ដើម្បី​ឲ្យ​មាន​កម្លាំង​ពលំ​ដូច​ដំរី​សារ កើត​ជា​បុត្រ​មក​ឆ្លាត​វាង​វៃ ថា​បើ​ប្រុស​ស្រី​ណា ដែល​មាន​កម្លាំង​ហេវ​ហោក ស្គម​កំព្រឹង​កំព្រយ យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​បាន​ទៅ​អង្គុយ​ជិត​គេ នៅ​វេលា​ដែល​គេ​រៀប​មង្គល​ការ ហើយ​ផ្សែង​បក់​មក​ត្រូវ​បន្តិច​បន្តួច ក៏​មាន​សាច់​ឈាម​ល្អ​ឡើង មាន​កម្លាំង​ដូច​ដំរី​សារ ជា​ទៀង​ពិត​ប្រាកដ​ណាស់ ។

យូរ​មក ប្រហែល​ជា​ជាង ១០០ ឆ្នាំ ទើប​អស់​ទៀន​ទៅ, ស្ដេច​មន្ត្រី សេដ្ឋី និង​បណ្ដា​ជន ក៏​នាំ​គ្នា​រចនា​ធ្វើ​ជា​ទៀន​ខ្លួន​ឯង​ជំនួស, ខ្លះ​មាន ក៏​ធ្វើ​ស្លឹក​ពោធិ៍​ដោយ​មាស ខ្លះ​ធ្វើ​ដោយ​ប្រាក់ សំរឹទ្ធ ទង់​ដែង ស្ពាន់ ដែក ។ ឯ​ទៀត គេ​យក​ក្រមួន​លញ់​ធ្វើ​ដូច​សព្វ​ដង ហើយ​ទឹប​ទឹក​មាស រួច​ទើប​សន្មត​ថា "ស្លឹក​ពោធិ៍ និង​ទៀន​នេះ​ហើយ ជា​តំណាង​យោនី​នាង​ឧមា​ភគវតី និង​អង្គ​ជាតិ​ព្រះ​ឥសូរ, សូម​ឲ្យ​មាន​ឫទ្ធិ​អំណាច ដូច​របស់​លោក​ដែល​បាន​និម្មិត​ប្រទាន !” ហើយ​យក​ទៅ​អុជ​បក់​ផ្សែង​ឲ្យ ទៅ​វេលា​រៀប​មង្គល​ការ​នោះ​ទៅ ។

អាស្រ័យ​រឿង​នេះ ទើប​បាន​ជា​ជាប់​មាន​ទំនៀម​បង្វិល​ពពិល រហូត​មក​ដល់​ឥឡូវ​នេះ ។