ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/50

From Wikisource
Jump to navigation Jump to search

៥០- រឿង ពានរ​លួច​ព្រះ​មកុដ


មាន​និទាន​មួយ​ដំណាល​ថា : មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ តែង​ស្ដេច​យាង​ទៅ​ប្រពាត​ព្រៃ​ឧទ្យាន ហើយ​ដោះ​មកុដ​ក្នុង​ប្រអប់​មាស​ឲ្យ​ស្រី​ម្នាក់​ថែ​រក្សា​នៅ​ព្រះ​ពន្លា​ភាក់ ហើយ​ព្រះ​អង្គ​ស្ដេច​ចេញ​ទៅ​បរបាញ់​ជាមួយ​នឹង​សេនា​យោធា​ផង ។ ស្រី​ចាំ​រក្សា​មកុដ​នោះ ងុយ​ដេក​ក៏​ដេក​លក់​ទៅ ។ កាល​នោះ​មាន​ពានរ​មួយ​ចុះ​ពី​លើ​ដើម​ឈើ​មក ឃើញ​ស្រី​នោះ​ដេក​នោះ​ពុំ​ដឹង​ខ្លួន​ប្រាណ ក៏​លួច​បើក​ប្រអប់​យក​ព្រះ​មកុដ​ទៅ ពាក់​រាំ​បង្អួត​គ្នា​លេង​លើ​មែក​ឈើ រួច​លាក់​ទុក​ទៅ ។ ស្រី​នោះ​ភ្ញាក់​ឡើង​ឃើញ​ប្រអប់​បើក​បាត់​ទាំង​ព្រះ​មកុដ​ផង ក៏​ភិត​ភ័យ​ក្រៃ​ពេក គិត​ថា “ ខ្លួន​មុខ​ជា​ស្លាប់​ដោយ​ព្រះ​រាជ​អាជ្ញា​ជា​ប្រាកដ​ ក៏​ខំ​រត់​រក​ព្រះ​មកុដ​ពុំ​ឃើញ​ឡើយ ហើយ​ស្រែក​ទ្រហោ​យំ ” ។ ព្រះ​មហាក្សត្រ​ស្ដេច​មក​អំពី​បរបាញ់ ស្រី​នោះ​ក៏​ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ អំពី​ងងុយ​ដេក ៗ លក់​ទៅ​មាន​ចោរ​លួច​ព្រះ​មកុដ​បាត់ ។ ព្រះ​អង្គ​ឲ្យ​សេនាយោធាមាត្យ​ដើរ​រក​សព្វ​អន្លើ ស្រាប់​តែ​ប្រទះ​ឃើញ​ចៅ​នេសាទ​ម្នាក់ កាន់​ស្នា​ដើរ​បាញ់​សត្វ​ដើម្បី​លក់​ចិញ្ចឹម​ជីវិត ។ សេនាយោធាមាត្យ​ក៏​ចោម​ចាប់​ចៅ​នេសាទ​នោះ នាំ​បណ្ដើរ​មក​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​ថា “វា​នេះ​ជា​ចោរ​លួច​ព្រះ​មកុដ” ហើយ​ដាក់​ឲ្យ​ចៅ​ក្រម​ជំនុំ​ជម្រះ ។ ចៅ​ក្រម​ពិចារណា សួរ​ចៅ​នេសាទ​នោះ ៗ ឆ្លើយ​ថា “ ខ្ញុំ​ពុំ​បាន​លួច​ព្រះ​មកុដ​ទេ ខ្ញុំ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ​ទេ​តើ “ ខ្ញុំ​ពុំ​បាន​មក​ជិត​ព្រះ​ពន្លា​នេះ​ឡើយ ” ។ ចៅក្រម​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ថា “វា​នេះ​ឯង​ជា​ចោរ​កំណាច ឥត​មាន​នរណា​មួយ​ហ៊ាន​មក​ជាន់​ព្រៃ​នេះ​ទេ រឿង​នេះ​ចាំ​បាច់​ជំនុំ​ថ្វី​គ្រាន់​តែ​គាប​វា​សួរ​រក​ព្រះ​មកុដ​ឲ្យ​ឃើញ ប៉ុណ្ណោះ​បាន​ហើយ ” ។ ព្រះ​អង្គ​បង្គាប់​ឲ្យ​គាប​ចៅ​នេសាទ​នោះ ។ ចៅ​នេសាទ​នោះ​ពុំ​មែន​ជា​ចោរ​លួច​ទេ តែ​ឈឺ​ណាស់ អត់​ទ្រាំ​ពុំ​បាន ក៏​ស្រែក​ថា “ ម្ចាស់​ខ្ញុំ​អើយ ! ខ្ញុំ​ជា​ចោរ​ព្រះ​មកុដ​មែន ខ្ញុំ​យក​ទៅ​ឲ្យ​មហា​សេដ្ឋី ត្បិត​មហា​សេដ្ឋី ប្រើ​ខ្ញុំ​ឲ្យ​មក​លួច គាត់​នឹង​ឲ្យ​រង្វាន់​ខ្ញុំ ” ។ ព្រះ​មហាក្សត្រ​បាន​ជ្រាប ឲ្យ​ទី​ចាប់​មហា​សេដ្ឋី​យក​មក​ពិចារណា ។ មហា​សេដ្ឋី​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​បាន​ប្រើ​ចៅ​នេសាទ​នេះ​ឲ្យ​លួច​ព្រះ​មកុដ​ទេ ” ។ ពួក​ចៅក្រម​ក្រាប​បង្គំ​ទូល​ឲ្យ​គាប​មហា​សេដ្ឋី ។ លុះ​មហា​សេដ្ឋី​ត្រូវ​ឃ្នាប​ឈឺ​ខ្លាំង​ពេក អត់​ទ្រាំ​ពុំ​បាន ក៏​ឆ្លើយ​ថា “ ម្ចាស់​ខ្ញុំ​អើយ ! ខ្ញុំ​ប្រើ​ចៅ​នេសាទ​នេះ​ឲ្យ​លួច​ព្រះ​មកុដ​នេះ​មែន តែ​ខ្ញុំ​យក​ទៅ​ឲ្យ​រង្វាន់​ចៅ​បុរោហិត​ទៅ​ហើយ ” ។ ចៅក្រម​ក្រាប​បង្គំ​ទូល​ឲ្យ​ចាប់​បុរោហិត​នោះ​ពិចារណា​ទៀត ។ បុរោហិត​ឆ្លើយ​ថា “ ម្ចាស់​ខ្ញុំ​អើយ ! មហា​សេដ្ឋី​នេះ​ពុំ​បាន​យក​ព្រះ​មកុដ​មក​ឲ្យ​ខ្ញុំ​ទេ” ។ ចៅ​ក្រម​ក៏​ក្រាប​បង្គំ​ទូល​ឲ្យ​គាប​បុរោហិត​នោះ​ទៀត ។ បុរោហិត​ពុំ​ដឹង​ខ្លួន​សោះ តែ​លុះ​ត្រូវ​ឃ្នាប​ឈឺ​ខ្លាំង​ពេក អត់​ទ្រាំ​ពុំ​បាន ក៏​ស្រែក​ថា “ សូម​ឲ្យ​ម្ចាស់​បន្ធូរ​បន្តិច” ហើយ​ឆ្លើយ​ថា “ម្ចាស់​ខ្ញុំ​អើយ ! មហា​សេដ្ឋី​យក​ព្រះ​មកុដ​មក​ឲ្យ​ខ្ញុំ​មែន តែ​ខ្ញុំ​យក​ទៅ​ទុក​ឯ​ព្រៃ​ឧទ្យាន​ទៅ​ហើយ ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​បង្គាប់​ឲ្យ​ទៅ​រក​ឯ​ព្រៃ​ឧទ្យាន ក៏​ឥត​នរណា​រក​ឃើញ​សោះ ទ្រង់​ឲ្យ​គាប​ទៀត ។

គ្រា​នោះ ព្រះ​ពល​ទេព​សេនាបតី ឡើង​ទៅ​ក្រាប​បង្គំ​គាល់​ឮ​សម្រែក បុរោហិត មហា​សេដ្ឋី និង​ចៅ​នេសាទ​ស្រែក​យំ​រំពង​ដូច្នោះ ក៏​រំពឹង​គិត​ដោយ​ប្រាជ្ញា​ថា “បើ​នៅ​តែ​គាប​ដូច្នេះ បុរោហិត មហា​សេដ្ឋី និង​ចៅ​នេសាទ​នេះ មុខ​ជា​ស្លាប់​មិន​ខាន ឯ​ព្រះ​មកុដ​ក៏​បាត់​ពុំ​ឃើញ ” ទើប​ក្រាប​បង្គំ​ទូល​សូម​យក​សេចក្ដី​នោះ​ទៅ​ពិចារណា ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​ពល​ទេព​សេនាបតី យក​រឿង​នោះ​ទៅ​ជំនុំ​ពិចារណា ជាមួយ​នឹង​ពល​សេនាបតី ព្រះ​ពលទេព​សេនាបតី​ក៏​នាំ​ជន​ទាំង ៣ នាក់​ទៅ​ឃុំ​ក្នុង​រោង​មួយ​មាន​ជញ្ជាំង​ជិត លុះ​វេលា​យប់ ឲ្យ​ស្មៀន​ម្នាក់​ទៅ​លប​លាក់​ខ្លួន ពួន​ចាំ​ស្ដាប់​ពី​ក្រៅ​ជញ្ជាំង កុំ​ឲ្យ​អ្នក​ទាំង ៣ នាក់​ដឹង ។ គ្រា​នោះ​មហា​សេដ្ឋី​និយាយ “ ហេតុ​ដែល​អញ​ត្រូវ​ឃ្នាប​ឈឺ​ដល់​ម្ល៉េះ ព្រោះ​តែ​ចៅ​នេសាទ​នេះ​ឯង អើ​ចៅ​នេសាទ ! ចុះ​អញ​ប្រើ​ចៅ​ឲ្យ​លួច​ព្រះ​មកុដ​ពី​អង្កាល់​បាន​ជា​ចៅ​ឆ្លើយ​ដាក់​អញ នាំ​ឲ្យ​លោក​ធ្វើ​ក្ដី​លំបាក​ដល់​អញ​ដូច្នេះ ? ” ។ ឯ​ចៅ​នេសាទ​ឆ្លើយ​ថា “លោក​អើយ ! ខ្ញុំ​ពុំ​បាន​លួច​ព្រះ​មកុដ​មក​ឲ្យ​លោក​ទេ តែ​គេ​គាប​ខ្ញុំ​ឈឺ​ណាស់ អត់​ទ្រាំ​ពុំ​បាន ទើប​ខ្ញុំ​ឆ្លើយ​ដាក់​លោក​ឲ្យ​តែ​បាន​រួច​ខ្លួន​មួយ​គ្រា​សិន​ទៅ” ។ បុរោហិត​ក៏​និយាយ​ទៅ​នឹង​មហា​សេដ្ឋី​ថា “អ្នក​ឯង​បាន​យក​ព្រះ​មកុដ​ទៅ​ឲ្យ​អញ​ពី​អង្កាល់​បាន​ជា​ឆ្លើយ​ដាក់​អញ ?” ។ មហា​សេដ្ឋី​ឆ្លើយ​ថា “ម្ចាស់​ខ្ញុំ​អើយ ! គេ​គាប​ខ្ញុំ​ឈឺ​ណាស់​អត់​ទ្រាំ​ពុំ​បាន ទើប​ខ្ញុំ​ឆ្លើយ​ដាក់​លោក” ហើយ​សួរ​ទៅ​បុរោហិត​វិញ​ថា “ចំណែក​ខាង​លោក ខ្ញុំ​ពុំ​បាន​ឲ្យ​ព្រះ​មកុដ​ទេ ម្ដេច​ក៏​លោក​ថា​ឲ្យ ហើយ​ថា​យក​ទៅ​ទុក​ឯ​ព្រៃ​ឧទ្យាន ឲ្យ​គេ​ទៅ​រក​ពុំ​ឃើញ​ដូច្នេះ ? ” ។ បុរោហិត​ឆ្លើយ​ថា “ អ្នក​អើយ ! លោក​ពុំ​ពិចារណា​ឲ្យ​អស់​សេចក្ដី ស្រាប់​តែ​គាប​ឈឺ​ណាស់ ខ្ញុំ​ចេះ​តែ​ថា​ឲ្យ​តែ​រួច​ពី​មាត់​ទៅ ឲ្យ​តែ​លោក​បន្ធូរ​ជំងឺ​បន្តិច​ប៉ុណ្ណោះ​ទេ ” ។

ស្មៀន​ស្ដាប់​ឮ​ជាក់ ក៏​កត់​ពាក្យ​ចៅ​នេសាទ មហា​សេដ្ឋី​និង​បុរោហិត យក​ទៅ​ជូន​ព្រះ​ពល​ទេព​សេនាបតី ៗ ជំនុំ​ជម្រះ​ថា “ចៅ​នេសាទ មហា​សេដ្ឋី និង​បុរោហិត​នោះ​ពុំ​មែន​ជា​ចោរ​ឡើយ ” ហើយ​ព្រះ​ពល​ទេព​សេនាបតី​ឲ្យ​ជាង​ធ្វើ​ព្រះ​មកុដ​មាស​មួយ​ដូច​ព្រះ​មកុដ​ពី​មុន យក​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ហើយ​យាង​ស្ដេច​ទៅ​ប្រពាត​ព្រៃ​ឧទ្យាន​ម្ដង​ទៀត ទុក​ព្រះ​មកុដ​នៅ​ទី​ដដែល​ឲ្យ​ស្រី​ដដែល​នោះ​នៅ​ថែ​រក្សា ផ្ដាំ​ថា “ឲ្យ​ធ្វើ​ជា​ដេក​លក់​ហើយ​មើល​បំណាំ” កាល​ណា​មាន​ចោរ​មក​លួច​ព្រះ​មកុដ​ម្ដង​ទៀត ឲ្យ​ស្រែក​អាក្រោស​ឡើង ” ។ ផ្ដាំ​ស្រី​នោះ​ស្រេច ព្រះ​ពល​ទេព​សេនាបតី​ក៏​ឲ្យ​សេនា​យោធា​មាត្រ​ពួន​ចាំ​ឃ្លាំ​មើល ហើយ​ព្រះ​មហា​ក្សត្រ​ស្ដេច​ចេញ​ទៅ​បរបាញ់​ដូច​មុន ។

ពានរ​ដដែល​នោះ ចុះ​អំពី​ចុង​ឈើ​ទៅ​គន់​មើល​ស្រី​នោះ​យល់​ដេក​លក់​ពុំ​កម្រើក ក៏​បើក​ប្រអប់​លួច​ព្រះ​មកុដ​យក​ទៅ​ពាក់​រាំ​បង្អួត​គ្នា​នៅ​លើ​ចុង​ឈើ ទើប​ស្រី​នោះ​ស្រែក​ថា “ពះ​អា​ស្វា​លួច​ព្រះ​មកុដ” ។ អស់​សេនា​យោធា​មាត្រ​ដែល​ចាំ​យាម​ក៏​ប្រញាប់​គ្រប់​គ្នា ស្រែក​ថា “ ស្វា​លួច​ព្រះ​មកុដ ទៅ​លាក់​ក្នុង​រូង​ឈើ ” ។ លុះ​ព្រះ​មហា​ក្សត្រ​ទ្រង់​យាង​ដល់​ព្រះ​ពន្លា​ភាក់ ស្រី​នូវ​អស់​សេនា​យោធា​មាត្រ ក្រាប​បង្គំ​ទូល​តាម​ដំណើរ​នោះ​សព្វ​គ្រប់ ។ ព្រះ​មហា​ក្សត្រ​ទ្រង់​បង្គាប់​ឲ្យ​ឡើង​ទៅ​មើល​រូង​ឈើ ឃើញ​ព្រះ​មកុដ​ទាំង​ចាស់​ទាំង​ថ្មី យក​មក​ថ្វាយ​ព្រះ​អង្គ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ឱ​ស្វា​នេះ​ទេ​តើ ដែល​លួច​ព្រះ​មកុដ​នេះ សេចក្ដី​នេះ បើ​កុំ​បាន​ព្រះ​ពល​ទេព​សេនាបតី​មក​ជំនុំ​ពិចារណា សម​ចៅ​ក្រម​រក​ពុំ​ឃើញ​ឡើយ មុខ​ជា​គាប​បុរោហិត នូវ​មហា​សេដ្ឋី និង​ចៅ​នេសាទ ត្រា​តែ​ស្លាប់​ពុំ​ខាន ឯ​ព្រះ​មកុដ​អញ​ក៏​នឹង​បាត់​អសារ​បង់ ” ។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ទ្រង់​ព្រះ​រាជ​ទាន​ពរ​សព្ទ​សាធុការ​ដល់​ព្រះ​ពល​ទេព​សេនាបតី ជា​អស្ចារ្យ នា​កណ្ដាល​ជំនុំ​ហោង ។