ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/40
រឿង ចោរលួចក្រដាស
មាននិទានមួយដំណាលថា : មានបុរស ២ នាក់ប្ដីប្រពន្ធ អាស្រ័យនៅក្នុងភូមិមួយ ។ បុរសជាប្ដីតែងទីសិតក្រដាសសព្វ ៗ ថ្ងៃ ។ ឯប្រពន្ធនៅផ្ទះមានស្មន់អន្ធករ យប់មួយអាសហាយមេនោះមក តែពុំទាន់ឡើងទៅលើផ្ទះនៅឡើយ ជួនជាប្ដីនោះត្រលប់មកពីសិតក្រដាសវិញ ក្នុងវេលាខុសប្រក្រតី ទុកក្រដាសលើគ្រែក្រោមផ្ទះ យកដុំថ្មសង្កត់ស្រួលបួល ហើយក៏ឡើងទៅលើផ្ទះ ។ ប្រពន្ធឃើញហើយ ភ្ញាក់ខ្លួនព្រើត សួរប្ដីថា “ ចុះអ្នកទៅណាបាត់មិនដែលឃើញនៅផ្ទះ ដល់មួយថ្ងៃសោះ ថ្មើរនេះទើបឡើងមក ? ” ។ ប្ដីថា “ ឯងអើយ ! អញខំសង្វាតទៅសិតក្រដាស ដើម្បីលក់យកប្រាក់ចិញ្ចឹមជីវិត ” ។ ប្រពន្ធថា “ ឥឡូវនេះក្រដាសនោះអ្នកទុកឯណា ? ” ។ ប្ដីថា “ អញទុកលើគ្រែក្រោមផ្ទះ យកថ្មសង្កត់លើក្រដាសនោះផង ” ។ ឯសហាយនៅក្រោមផ្ទះឮដូច្នោះ ក៏មានចិត្តត្រេកអរ គិតថា “ ក្រដាសទាំងនេះ មុខជាបានមកដៃអញមិនខានឡើយ ” ហើយក៏លួចយកក្រដាសនោះទាំងអស់ទៅ ។ លុះព្រឹកឡើងបុរសប្ដីនាំប្រពន្ធទៅយកក្រដាសពុំឃើញដល់មួយពុម្ពឡើយ ។ កាលបើរកពុំឃើញ ប្រពន្ធក៏ជេរប្ដី ។ ទើបបុរសនោះយកខ្សែចងថ្មនោះអូសយកទៅប្ដឹងចៅក្រមថា “ ខ្ញុំទុកក្រដាស ក្រោមផ្ទះ យកថ្មនោះសង្កត់ ឥឡូវនេះក្រដាសខ្ញុំបាត់ ខ្ញុំថាថ្មនេះឯងលួចក្រដាសខ្ញុំ សូមឲ្យលោកពិចារណាសេចក្ដីនេះឲ្យទាន ” ។ ចៅក្រមថា “ចៅនេះឆ្កួត ឬជា បានជាថាថ្មលួចក្រដាសដូច្នេះ ?” ហើយចៅក្រមពុំជំនុំពិចារណាឲ្យឡើយ ។ បុរសម្ចាស់ក្រដាសនោះកើតទុក្ខពុំសុខចិត្ត ក៏នាំសេចក្ដីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះ ។ ព្រះអង្គត្រាស់ដណ្ដឹងថា “ ព្រះស្ដែងមានប្រពន្ធ ឬឥតប្រពន្ធ ? ” បុរសនោះក្រាបបង្គំទូលថា “ មានប្រពន្ធ ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់ថា “ បើដូច្នោះចូរចៅថយទៅសិនចុះ ចាំយើងពិចារណាសេចក្ដីនោះមើល ” ។ បុរសនោះថ្វាយបង្គំលា វិលទៅកាន់លំនៅខ្លួនវិញ ។ ទើបព្រះមហាក្សត្រចាត់មនុស្សឲ្យយកគងទៅប៉ាវប្រាប់អស់មន្ត្រីសេនាបតីធំតូច នូវរាស្ត្រផង ឲ្យបានដឹងថា “ ព្រះអង្គមានការក្រណាស់ បើនរណាមានក្រដាសឲ្យយកទៅថ្វាយព្រះអង្គ ៗ នឹងចិញ្ចឹមអ្នកនោះ ” ។ ចោរលួចក្រដាសនោះ កាលបើបានឮអាជ្ញាប៉ាវគងដូច្នោះហើយ ក៏ម្នីម្នាយកក្រដាសដែលខ្លួនលួចគេនោះ ឡើងទៅថ្វាយ, ហើយព្រះមហាក្សត្រត្រាស់ឲ្យហៅចៅម្ចាស់ក្រដាសមកមើលក៏ស្គាល់ជាក់ជាក្រដាសរបស់ខ្លួនមែន ហើយទ្រង់ត្រាស់ដណ្ដឹងទៅចោរដែលលួចគេនោះថា “ ក្រដាសនេះតើព្រះស្ដែងបានពីទីឯណា ? ” ចោរក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់ធ្វើខ្លួនឯង ” ។ ព្រះមហាក្សត្រទ្រង់ឲ្យធ្វើក្រដាសលមើល ។ ចោរនោះធ្វើពុំកើត ក៏ក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់បានពីប្រពន្ធ ” ។ ព្រះអង្គឲ្យទៅយកប្រពន្ធមក ។ ឯចោរក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់នឹងទៅយកពុំបានទេ ត្បិតខ្ញុំព្រះបាទអម្ចាស់លួចគេ ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “ ព្រះស្ដែងលួចតែក្រដាស ឬលួចទាំងប្រពន្ធគេផង ? ” ។ ចោរនោះនឹងលាក់ពុំបានក៏ក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់ លួចទាំងប្រពន្ធផង ” ។ ទើបព្រះមហាក្សត្រទ្រង់ឲ្យលក់អាប្រុសនិងមេស្រីនោះដាច់សុរិលហោង ។
សេចក្ដីនេះ ជាអាថ៌កំបាំង ឥតចៅក្រមឯណាពិចារណាបានឡើយ មានតែព្រះមហាក្សត្រ ទើបឈ្វេងយល់សព្វប្រការអម្បាលនោះបាន ។