ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/24

From Wikisource
Jump to navigation Jump to search

បុរស​២​នាក់​ដណ្ដើម​តាំងយូ​គ្នា




មាននិទានមួយថា : មានបុរសមួយបាំងតាំងយូដើរទៅតាមផ្លូវ ។ មានបុរសមួយទៀតដើរមកជួបនិយាយទៅកាន់ម្ចាស់តាំងយូថា “អ្នកអើយ ! ថ្ងៃក្ដៅណាស់អ្នកឲ្យខ្ញុំដើរដោយសារម្លប់តាំងយូផង បានឬទេ ?” ។ ចៅម្ចាស់តាំងយូឆ្លើយថា “ចូរអ្នកមកដើរផងគ្នាចុះ” ។ ទើបចៅនោះដើរចូលមកក្រោមម្លប់តាំងយូហើយថា “អ្នកអើយ! ឲ្យមកខ្ញុំកាន់ឲ្យអ្នក” ។ ចៅម្ចាស់តាំងយូក៏ឲ្យតាំងយូទៅចៅនោះកាន់ហើយដើរទៅផងគ្នា លុះដល់ផ្លូវបែកដើរបែកចេញទីទៃពីគ្នា ។ ឯចៅម្ចាស់តាំងយូមុននឹងដើរទីទៃពីគ្នានិយាយថា “ចូរឲ្យតាំងយូមកអញវិញ” ។ ចៅនោះថា “ អញនឹងឲ្យតាំងយូអញទៅចៅម្ដេចបាន បើតាំងយូជារបស់អញកាន់ពីផ្ទះអញមក ” ។ ចៅម្ចាស់តាំងយូនោះខឹង ហើយដណ្ដើមតាំងយូអំពីចៅនោះអស់ចិត្តពុំបានឡើយ ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ចៅក្រម ហើយក៏ប្ដឹងដោយដំណើរទីទៃ ៗ ចៅ ១ ឆ្លើយថា “តាំងយូខ្ញុំកាន់អំពីផ្ទះខ្ញុំមក ចៅនោះមកដណ្ដើមតាំងយូនេះពីខ្ញុំ” ។ ឯម្ចាស់តាំងយូឆ្លើយថា “របស់ខ្ញុំៗកាន់ដើរមកពីផ្ទះ ចៅនេះដើរមកជួបនឹងខ្ញុំ បានសុំដើរដោយសារម្លប់តាំងយូខ្ញុំ ហើយយកតាំងយូពីខ្ញុំទៅកាន់ លុះដល់ផ្លូវបែក មុននឹងដើរបែកចេញពីគ្នា ខ្ញុំយកតាំងយូខ្ញុំវិញ ចៅនេះពុំឲ្យខ្ញុំឡើយ ទើបខ្ញុំទាំង ២ នាំគ្នាមកប្ដឹងលោកម្ចាស់សូមលោកពិចារណាក្ដីនេះឲ្យយើងខ្ញុំហោង” ។ ចៅក្រមកាត់ក្ដីនេះពុំបាន ទើបនាំចៅទាំង ២ នេះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះសព្វគ្រប់ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាឈ្វេងយល់ ដោយនូវប្រាជ្ញាទិព្វវិសេស ក៏ទ្រង់ឲ្យពុះតាំងយូនោះ ចែកគ្នា ១ ចំហៀងម្នាក់ ហើយទើបព្រះអង្គឲ្យទៅផ្ទះទីទៃ ៗ រួចទ្រង់ឲ្យអាមាត្យ ទៅតាមស្ដាប់ពាក្យសម្ដីចៅទាំង ២ នោះដល់ផ្ទះរៀងខ្លួន ។ ឯបុរសម្ចាស់តាំងយូកាលបើទៅដល់ផ្ទះប្រពន្ធស្រែកសួរថា “ តាំងយូបាត់ទៅណាមួយចំហៀង ? ” ។ ប្ដីឆ្លើយថា “ មេអើយ ! អញដើរទៅជួបនឹងចៅម្នាក់មកដោយសារម្លប់តាំងយូអញ ហើយវាយកទៅកាន់ដើរផងគ្នា ទៅដល់ផ្លូវបែក មុននឹងបែកទៅតាមផ្លូវទីទៃពីគ្នា អញយកតាំងយូវិញ វាពុំឲ្យ ទើបនាំគ្នាទៅគាល់ព្រះមហាក្សត្រ ៗ ទ្រង់បង្គាប់ឲ្យពុះតាំងយូនេះចែកគ្នា ” ។ អាមាត្យឮពាក្យប្រពន្ធបុរសម្ចាស់តាំងយូសួរ ហើយប្ដីប្រាប់ប្រពន្ធដូច្នោះ ក៏កត់ពាក្យនោះនាំមកថ្វាយព្រះមហាក្សត្រ ។ បុរសម្នាក់ទៀត ដើរទៅដល់ផ្ទះប្រពន្ធស្រែកសួរថា “ យើ ! បានតាំងយូ ១ ចំហៀងមកពីណា ? ” ។ ប្ដីប្រាប់ទៅប្រពន្ធថា “ ឯងអើយ ! អញដើរទៅលេង ៗ បានតាំងយូ ១ ចំហៀងព្រងើយ ” ។ អាមាត្យបានឮពាក្យបុរសនោះនិយាយ ហើយបានកត់ត្រាពាក្យនោះនាំថ្វាយព្រះមហាក្សត្រ ៗ ទ្រង់ឲ្យហៅចៅទាំង ២ នោះមកដល់ហើយ ទើបទ្រង់ឲ្យសូត្រតម្រាពាក្យនោះឲ្យចៅទាំង ២ ស្ដាប់ ។ ចៅដែលដណ្ដើមតាំងយូនោះ យល់ថាខ្លួនខុសពិតហើយ ក៏ឥតចម្លើយអ្វីនឹងឆ្លើយឡើយឱនមុខអៀនអន់ស្ងាត់បាត់មាត់នៅទីនោះ ។ ទើបព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាឲ្យបុរសនោះសងតាំងយូគេ ។ ព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាដូច្នេះ ចៅទាំង ២ នោះចូលចិត្តហើយ ក៏ក្រាបបង្គំលាទៅលំនៅទីទៃៗ ហោង ។