ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/22
រឿង ឈ្មួញចតទូកនៅមាត់ច្រាំង ច្រាំងបាក់សង្កត់លិចទូក
មាននិទានមួយថា : មានបុរសម្នាក់ចុះទូកទៅជួញ ដល់នគរដទៃ ទៅចងទូកចតដេកឈប់សម្រាកកម្លាំងនៅប្របមាត់ច្រាំងមួយអន្លើ ច្រាំងនោះបាក់រលំទៅលើទូកលិចលង់បង់ទ្រព្យរបស់ឈ្មួញនោះ ទើបឈ្មួញនោះទៅប្ដឹងចៅក្រមឲ្យជំនុំពិចារណា ។ កាលឈ្មួញប្ដឹងដោយដំណើរនោះហើយ ចៅក្រមជំនុំជម្រះពុំបាន ។ ឈ្មួញនោះអង្វរចៅក្រមឲ្យនាំខ្លួនទៅគាល់ព្រះមហាក្សត្រ ហើយក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់ មកជួញក្នុងព្រះនគរព្រះអង្គបានចងទូកចតនៅមាត់ច្រាំង រលំលើលិចលង់ទូករបស់ខ្ញុំព្រះបាទអម្ចាស់ ៗ មកក្រាបបង្គំទូលសូមព្រះបាទជាអម្ចាស់ទ្រង់ព្រះមេត្តាពិចារណា” ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងមកជួញក្នុងខេត្តនគរនេះ ជាផែនដីយើងពិតប្រាកដ ចូរព្រះស្ដែងត្រារាប់ទ្រព្យទាំងអស់របស់ព្រះស្ដែងបែងជាភាគ ២ យើងនឹងសងព្រះស្ដែងភាគ ១ ” ហើយទ្រង់មានព្រះបន្ទូលថា “ បានជាឲ្យសងភាគ ១ នោះ ដោយហេតុព្រះស្ដែងពុំពិនិត្យពិចារណាឲ្យដឹងថាទីគួរចតទូកឬមិនគួរ, ដូច្នេះ ព្រះស្ដែងត្រូវបង់ភាគ ១ ហោង ” ។