ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/2
២- រឿងបុរស ៤ នាក់ រៀនសិល្បសាស្ត្រ
ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥ - ៧
-ម្នាក់រៀនទាយ; -ម្នាក់រៀនបាញ់; -ម្នាក់រៀនមុជទឹក; -ម្នាក់រៀនជប ។
មាននិទានមួយថា : មានបុរស ៤ នាក់ទៅស្វែងរៀនសិល្បសាស្ត្រ អំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោក្ខាចារ្យ នៅតក្កសិលាមហានគរ ។ បណ្ដាបុរសទាំង ៤ នាក់នោះ, បុរសម្នាក់រៀនទាយ បុរសម្នាក់រៀនបាញ់ បុរសម្នាក់រៀនមុជទឹក បុរសម្នាក់ទៀតរៀនជបឲ្យរស់ឡើងវិញ ។ អ្នកទាំង ៤ នាក់ សឹងរៀនទីទៃ ៗ ពីគ្នា លុះរៀនចប់ហើយ ក្រាបលាទិសាបាមោក្ខាចារ្យ ជាគ្រូទៅស្រុកវិញ លុះចេញដើរទៅ ដល់ពេលល្ងាច ឈប់សម្រាកដេកនៅឆ្នេរសមុទ្រ ។ ព្រឹកឡើងបុរសចេះហោរនិយាយនឹងបុរសទាំង ៣ នាក់ថា អ្នកអើយ ! ពេលនេះយើងនឹងមានលាភដោយសត្វឥន្ទ្រីពាំនាំកូនស្ដេចមួយព្រះអង្គ អំពីពារាណសីមហានគរ ហើរមកទៀបលំនៅយើងនេះឯង ។ បុរសទាំង ៤ នាក់គិតគ្នាហើយ ក៏ឃ្លាំចាំមើលដោយទិសទីទៃ ៗ ។ ឰដ៏កាលនោះ ពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើរមក ទៀងប្រាកដឆុតដូចហោរទាយនោះមែន, បុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះ ធ្លាក់នាងអំពីមាត់ ចុះទៅក្នុងទឹកសមុទ្រ, អ្នកចេះមុជទឹក ក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណង, ឯអ្នកចេះជប បានជបនាងនោះឲ្យរស់ឡើងវិញ ។ កាលនាងមានជំរិតរស់ឡើងវិញហើយ អស់អ្នកទាំង ៤ នាក់នោះ ដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួន ។ អស់អ្នកទាំង ៤ នោះ ឈ្លោះប្រកែកគ្នាពុំដាច់ស្រេច ក៏នាំគ្នាទៅប្ដឹងចៅក្រម ដោយដំណើរខ្លួនទីទៃ ៗ ហើយសួរចៅក្រមថា “នាងនេះតើបានជាប្រពន្ធនរណា ? ” ។
ចៅក្រមជំនុំពិចារណារឿងនេះពុំបាន ក៏នាំអ្នកទាំង ៤ ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសព្វគ្រប់ប្រការ ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ក្នុងព្រះរាជហឫទ័យថា ព្រះស្ដែងទាំង ៤ នេះ សឹងមានគុណប្រសើរដូច ៗ គ្នា ហើយទ្រង់ត្រាស់បង្គាប់ថា “ បុរសចេះហោរត្រូវទុកជាគ្រូ, បុរសចេះបាញ់ទុកជាឪពុក, បុរសចេះប្រោះឲ្យរស់ត្រូវទុកជាម្ដាយ, បុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់អស់អង្គនាងបានបីបមថ្នមទ្រ យកនាងឡើងមកអំពីទឹក ត្រូវបាននាងជាប្រពន្ធ ” ។
លុះចំណេរទៅមុខ បុរសជាប្ដីបានជាស្ដេចក៏ចិញ្ចឹមរក្សាអ្នកទាំងបីដោយនូវគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំ ហោង ។