ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/19

From Wikisource
Jump to navigation Jump to search
១៩- រឿង ព្រះរាជ​បុត្រ ៣ អង្គ​រៀន​សិល្ប ៣ យ៉ាង


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៦៥ - ៦៦




-មួយ​អង្គ​រៀន​សិល្ប​ធ្នូ ,


-មួយ​អង្គ​រៀន​ហោរាសាស្ត្រ ,


-មួយ​អង្គ​រៀន​យក​ចិត្ត​រេហ៍ពល ។


មាន​និទាន​មួយ​ថា : មាន​នគរ​មួយ ព្រះមហាក្សត្រ​ជា​អម្ចាស់​នគរ​នោះ​មាន​ព្រះរាជ​បុត្រ​សុទ្ធ​តែ​ប្រុស​ទាំង ៣ ព្រះអង្គ​កាល​ចម្រើន​ធំ​ឡើង​សុទ្ធ​តែ​ចេញ​ទៅ​ស្វែង​រក​រៀន​សិល្បសាស្ត្រ​ទាំង​អស់ គឺ​ប្អូន​បង្អស់​រៀន​រៀន​សិល្ប​ធ្នូ, បង​បន្ទាប់​រៀន​ហោរាសាស្ត្រ, បង​បង្អស់​រៀន​យក​ចិត្ត​រេហ៍ពល​សកល​យោធា ។ ព្រះរាជ​បុត្រ​ទាំង ៣ អង្គ​នេះ​សុទ្ធ​តែ​បាន​រៀន​ចេះ​ចប់​សព្វ​គ្រប់​ប្រការ​ទីទៃ ៗ ហើយ​វិល​មក​នគរ​ព្រះ​វរបិតា​វិញ ។ ព្រះ​វរបិតា​ទ្រង់​ព្រះចិន្ដា​ថា “ បើ​ដូច្នេះ​អញ​នឹង​ឲ្យ​កូន​ណា​សោយ​រាជ​ស្នង​អញ ” ។ ទ្រង់​ព្រះចិន្ដា​ពិចារណា​ពុំ​ស្រេច​ក្នុង​ព្រះរាជ​ហឫទ័យ​ឡើយ ទើប​ឲ្យ​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​រាជ​បុរោហិត​និង​មុខ​មន្ត្រី​សេនាបតី​កវី​បណ្ឌិត​ព្រឹទ្ធាចារ្យ ទៅ​ដណ្ដឹង​សួរ​មហា​ឫសី​ថា “ រាជ​បុត្រ​ទាំង ៣ អង្គ​នេះ គួរ​ឲ្យ​អង្គ​ណា សោយរាជ្យ​ស្នង​ឪពុក ? ” ។ ទើប​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​បុរោហិត​និង​មុខ​មន្ត្រី សេនាបតី​កវី​បណ្ឌិត​ព្រឹទ្ធាចារ្យ អាមាត្យ​ទៅ​ដល់​មហា​ឫសី​ពិត​ពុទ្ធ​ដីកា​ដោយ​នូវ​ដំណើរ​ថា “ បពិត្រ​មហាឫសី​អើយ ព្រះមហាក្សត្រ​ជា​អម្ចាស់​យើង​ខ្ញុំ​មាន​ព្រះរាជ​បុត្រ ៣ ព្រះអង្គ សុទ្ធ​តែ​ចេះ​សិល្បសាស្ត្រ​គឺ ១ ចេះ​សិល្ប​ធ្នូ, ១ ចេះ​ហោរាសាស្ត្រ, ១ ចេះ​យក​ចិត្ត​រេហ៍ពល​សកល​យោធា, បណ្ដា​អង្គ​ទាំង ៣ នេះ​តើ​អង្គ​ណា​គួរ​គ្រង​រាជ​សម្បត្តិ​បាន ? ” ។ មហា​ឫសី​ឆ្លើយ​ថា “ អ្នក​ចេះ​យក​ចិត្ត​រេហ៍ពល​សកល​យោធា​គួរ​បាន​ជា​ស្ដេច, អ្នក​ចេះ​សិល្ប​ធ្នូ​គួរ​ទុក​ជា​សេនាបតី, អ្នក​ចេះ​ហោរ​គួរ​ទុក​ជា​ឧបរាជ ដើម្បី​តម្រែតម្រង់​សេចក្ដី​គាប់​ខុស​ស្នង​អង្គ​ស្ដេច សម្រេច​ការ​ខុស​ត្រូវ​ដោយ​នូវ​ប្រការ​អម្បាល​នេះ​ឯង​ហោង ។