ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/16

From Wikisource
Jump to navigation Jump to search

១៦- រឿង បុរស​កម្សត់​នៅ​ក្បែរ​ផ្ទះ​សេដ្ឋី​ស្រង់​ក្លិន​អាហារ​សេដ្ឋី


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៥៥ - ៥៧




មាន​និទាន​មួយ​ថា : មាន​បុរស​កម្សត់​ម្នាក់​នៅ​ក្បែរ​ខាង​ផ្ទះ​សេដ្ឋី បើ​ខ្យល់​បក់​ពី​ខាង​លិច រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​កើត បើ​ខ្យល់​បក់​ពី​ខាង​កើត រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​លិច បើ​ខ្យល់​បក់​ពី​ខាង​ជើង រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​ត្បូង បើ​ខ្យល់​បក់​ពី​ខាង​ត្បូង រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​ជើង ។ សេដ្ឋី​ឃើញ​ដូច្នោះ​ប្រើ​ខ្ញុំ​ទៅ​ដណ្ដឹង​ថា “ បុរស​នោះ​ចេះ​តែ​រុះ​រើ​ខ្ទម​ទៅ​មក ៗ ធ្វើ​អ្វី​ដូច្នេះ ? ” ។ ខ្ញុំ​ទៅ​ដណ្ដឹង បុរស​នោះ​ប្រាប់​ថា “ អ្នក​អើយ ! អ្នក​ប្រាប់​លោក​ផង​ថា “ ដែល​ខ្ញុំ​រុះ​រើ​ទៅ​មក ត្បិត​ខ្ញុំ​ស្រង់​ក្លិន​ចំណី​អាហារ​លោក​នេះ​ឯង ” ។ ខ្ញុំ​ក៏​វិល​មក​ប្រាប់​វិញ​ដោយ​ដំណើរ​នោះ ។ សេដ្ឋី​គិត​ថា “ បើ​វា​រស់​ដោយ​ក្លិន​អាហារ​អញ ដូច្នេះ​អញ​យក​វា​ជា​ខ្ញុំ​បាន​ហោង ” គិត​ដូច្នេះ​ហើយ​ក៏​នាំ​បុរស​នោះ​ទៅ​ប្ដឹង​ចៅក្រម ឲ្យ​ជំនុំ​ពិចារណា​ដោយ​ដំណើរ​នោះ ចៅក្រម​ថា “ បើ​ដូច្នោះ​អ្នក​យក​ជា​ខ្ញុំ​បាន​ហោង ” ។ បុរស​នោះ​ថា បើ​ដូច្នោះ​អ្នក​នាំ​ខ្ញុំ​ទៅ​គាល់​ព្រះមហាក្សត្រ ខ្ញុំ​នឹង​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​រាជ​ទ្រព្យ​ឲ្យ​ថ្លៃ​ខ្លួន​ខ្ញុំ ” ។ ទើប​សេដ្ឋី​នាំ​បុរស​នោះ​ទៅ​គាល់​ព្រះមហាក្សត្រ ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​នៅ​ក្បែរ​ផ្ទះ​សេដ្ឋី​នេះ បើ​ខ្យល់​បក់​ពី​ខាង​លិច រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​កើត បើ​ខ្យល់​បក់​មក​ពី​ខាង​កើត ខ្ញុំ​ព្រះបាទ​អម្ចាស់​រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​លិច បើ​ខ្យល់​បក់​ពី​ខាង​ជើង ខ្ញុំ​ព្រះបាទ​អម្ចាស់​រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​ត្បូង, បើ​ខ្យល់​បក់​ពី​ខាង​ត្បូង ខ្ញុំ​ព្រះបាទ​អម្ចាស់​រុះ​រើ​ខ្ទម​ទៅ​សង់​ពី​ខាង​ជើង, ខ្ញុំ​ព្រះបាទ​អម្ចាស់​រុះ​រើ​ទៅ​មក ៗ ដូច្នេះ ដើម្បី​ស្រង់​ក្លិន​ចំណី​អាហារ ​របស់​សេដ្ឋី​នេះ, សេដ្ឋី​នេះ​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​រស់​នៅ​ដោយសារ​ក្លិន​ចំណី​អាហារ​របស់​គាត់ ” ហើយ​គាត់​ចាប់​ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​ទៅ​ប្ដឹង​ចៅ​ក្រម ៗ បង្គាប់​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​ជា​ខ្ញុំ​សេដ្ឋី​នេះ ខ្ញុំ​ព្រះបាទ​អម្ចាស់​មក​ក្រាប​ទូល​សុំ​ព្រះរាជ​ទ្រព្យ​ឲ្យ​ថ្លៃ​ខ្លួន ខ្ញុំ​ព្រះបាទ​អម្ចាស់” ។ ព្រះមហាក្សត្រ​ទ្រង់​ដណ្ដឹង​ទៅ​សេដ្ឋី​ថា “ ម្នាល​សេដ្ឋី ! ដំណើរ​សេចក្ដី​នេះ​មែន​ពិត​ដូច្នេះ ឬ​ដូច​ម្ដេច?” សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ដំណើរ​នេះ​ពិត​ដូច្នេះ​មែន” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះចិន្ដា​យល់​ថា​ចៅក្រម​នោះ​ពុំ​ទៀងត្រង់ ទើប​ព្រះអង្គ​ឲ្យ​យក​សំពត់​មក​ក្រាល​កណ្ដាល​ថ្ងៃ​ឲ្យ​យក​ប្រាក់​មក​ចាក់​គរ​លើ​សំពត់​ស​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ព្រះ​ស្ដែង​សេដ្ឋី​ទៅ​យក​ប្រាក់​ថ្លៃ​តួ​បុរស​នោះ​ចុះ ។ សេដ្ឋី​ទទួល​ព្រះបន្ទូល​ហើយ ទៅ​នឹង​ឈោង​យក​ប្រាក់​អំពី​សំពត់​ស​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ បើ​បុរស​នោះ​បាន​ឆី​ចំណី​អាហារ​ព្រះស្ដែង​មែន ទើប​គួរ​ព្រះស្ដែង​យក​ប្រាក់​លើ​សំពត់​ស​នោះ ឥឡូវ​បុរស​នេះ​ស្រង់​យក​តែ​ក្លិន​អាហារ​ទេ មាន​តែ​ព្រះស្ដែង​យក​ស្រមោល​ប្រាក់​នោះ​ទើប​ល្មម​នឹង​តម្លៃ​ក្លិន​អាហារ​ព្រះស្ដែង ” ។ បុរស​នឹង​សេដ្ឋី​នោះ​ចូល​ចិត្ត​ហើយ ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​អាត្មា​ទីទៃ​ហោង ។ ”