Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/8

From Wikisource


៨- រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់




មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ ៗ​វិល​មក​វិញ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ ក៏​ពិចារណា​ទៅ​ឃើញ​ថា តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ មុខ​ជា​ខ្លា​គុំ​អញ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​និង​សុភាទន្សាយ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។

គ្រា​ដែល​បុរស​នោះ កំពុង​ជជែក​នឹង​ខ្លា សុភាទន្សាយ​ទៅ​ដល់ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀង ៗ​ខ្លួន ។

សុភាទន្សាយ កាត់​សេចក្ដី​ថា បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល ឲ្យ​យូរ​ដូច​ពី​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់ ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។

ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។


ធ្វើ​គុណ បាន​ទោស