Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី១/30

From Wikisource


៣០- រឿង​ បុរសកាស៣០




កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ នៅ​ស្រុក​មួយ អា​ពុក​ម្ដាយ​ស្លាប់​ទៅ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ មាន​តែ​កាស ៣០ ច្រក​ក្នុង​ទៃ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជានិច្ច ។ បុរស​នោះ​ពិចារណា​ថា «អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ» គិត​ទៅ​ឃើញ​ថា «គួរ​អញ​ទៅ​ជ្រក​កោន នឹង​លោក​ក្រឡា​ហោម​ចុះ »។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា « ជី​ឯង មក​ពី​ស្រុក​ណា មាន​ការ​អ្វី ? » ។ បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​បាទ មក​ពី​ស្រុក​ឆ្ងាយ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ ជា​កូន​ក្មួយ​តទៅ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា » ។ លោក​នោះ​សួរ​ថា «ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ?» ។ បុរស​ជម្រាប​ថា « អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ » ។ លោក​ក្រឡា​ហោម​ប្រាប់​ថា « យើង​ទទួល​ឲ្យ​នៅ​បាន តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សំរាម​ក្រោម​ផ្ទះ​យើង រៀង​រាល់​ថ្ងៃ​កុំ​ខាន» ។

បុរស​នោះ​ក៏​នៅ​បម្រើ បោស​ក្រោម​ផ្ទះ​រាល់​ថ្ងៃ ដល់​ចំនួន ៣ ឆ្នាំ ។ ថ្ងៃ​មួយ​នោះ បុរស​កាស​៣០ សួរ​មាតា​លោក​ក្រឡា​ហោម​ថា « លោក​យាយ ! តើ​លោក​ក្រឡា​ហោម ជា​កូន​លោក​យាយ កើត​ឆ្នាំ​ខែ​ថ្ងៃ​អ្វី បាន​ជា​លោក​មាន​បុណ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ?» ។ យាយ​នោះ​ប្រាប់​ឆ្នាំ​ថ្ងៃ​ខែ និង​ពេល​ដែល​កើត​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ចាំ​ប្រាកដ ពិចារណា​ថា « គួរ​អញ​កត់​ឆ្នាំ​ខែ​ថ្ងៃ​និង​ពេល​របស់​លោក​នេះ ដាក់​ក្នុង​ដៃ​ឲ្យ​ជាប់ » គិត​ហើយ ក៏​យក​កំណាត់​សំពត់​ចាស់ កត់​ឆ្នាំ​ថ្ងៃ​ខែ​និង​ពេល​ដែល​លោក​នោះ​កើត ហើយ​ដាក់​ក្នុង​ដៃ មិន​ឲ្យ​អ្នក​ឯ​ណា​ដឹង ឬ​ឃើញ​ឡើយ ។

ថ្ងៃ​ក្រោយ​លោក​ក្រឡា​ហោម សួរ​បុរស​កាស ៣០ «ជី​ឯង​មក​នៅ​នឹង​ជើង​យូរ​ឆ្នាំ​ហើយ ពុំ​ទាន់​បាន​ធ្វើ​រាជការ​នឹង​គេ ចុះ​ខ្លួន​ជី​ឯង កើត​ឆ្នាំ​ថ្ងៃ​ខែ​អ្វី » ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​បាទ​មិន​ចាំ​ តែ​កាល​ឪពុក​ម្ដាយ​ខ្ញុំ​បាទ​រស់​នៅ​ឡើយ បាន​ឲ្យ​កំណត់​កត់​នឹង​កំណាត់​សំពត់​ស​មួយ មក​ខ្ញុំ​បាទ​ៗ​ក៏​ទុក​នៅ​សព្វ​ថ្ងៃ តែ​មិន​ដឹង​ជា​រឿង​អ្វី ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អក្សរ»។ លោក​ក្រឡា​ហោម​ថា «បើ​ដូច្នេះ ជី​ឯង​ឲ្យ​កំណត់​នោះ​មក​អញ​មើល ! បុរស​នោះ​ក៏​ជូន​កំណាត់​ទៅ​លោក​ៗ មើល​ឃើញ កើត​ថ្ងៃ​ខែ​ឆ្នាំ និង​ពេល​ដូច​ជា​លោក​ដែរ ក៏​គិត​ក្នុង​ចិត្ត​ថា « ចៅ​នេះ កើត​ឆ្នាំ​ថ្ងៃ​ខែ​ដូច​អញ​ដែរ គន់​មើល​ទៅ​រូប​រាង​ឫកពា​វា ក៏​សមសួន ចៅ​នេះ​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ដូច​អញ​មិន​ខាន» ហើយ​កាន់​កំណត់​នោះ​ចូល​ទៅ​ក្នុង បង្ហាញ​រួច​ខ្សឹប​ប្រាប់​ភរិយា​ថា «គេហ៍​អើយ ! បុរស​ជា​កូន​ក្មួយ​យើង ដែល​បោស​សំរាម​ក្រោម​ផ្ទះ​សព្វ​ថ្ងៃ​នេះ វា​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​អញ មើល​ទៅ​ឫកពា​សាច់​ឈាម​វា ក៏​សម​សួន​ផង, ទៅ​មុខ​វា​នឹង​បាន​ធ្វើ​ជា​សេនាបតី​ដូច​យើង» ហើយ​លោក​នោះ​ប្រឹក្សា​នឹង​ប្រពន្ធ​ថា «កូន​ស្រី​យើង​មួយ​នេះ​គួរ​ឲ្យ​ទៅ​វា​ធ្វើ​ជា​ភរិយា​ចុះ ខ្លួន​វា​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ ត​វង្ស​យើង » ។ ភរិយា​ក៏​យល់​ព្រម ។ លោក​នោះ​ ចេញ​មក​វិញ​ប្រាប់​បុរស​នោះ​ថា « ពី​ថ្ងៃ​នេះ​ត​ទៅ ឯង​ឈប់​បោស​សំរាម​ក្រោម​ផ្ទះ​ចុះ ត្រូវ​ឯង​ឡើង​មក​បោស​ខាង​លើ​ផ្ទះ​វិញ » ។

កន្លង​មក​មួយ​ខែ លោក​ក្រឡា​ហោម​រៀប​វិវាហមង្គល​ការ ផ្សំ​ផ្គុំ​កូន​ស្រី​នឹង​បុរស​កាស ៣០ ជា​ស្វាមី​ភរិយា, រួច​ស្រេច​លោក​ក្រឡា​ហោម​ក៏​បង្ហាត់​បង្ហាញ​កូន​ប្រសា ឲ្យ​ធ្វើ​រាជការ​ជា​មួយ តែង​ចូល​គាល់​បម្រើ​ស្ដេច​រៀង​រាល់​ថ្ងៃ​ ដរាប​មក ។

លុះ​កន្លង​មក​បាន​បី​ខែ មាន​គេ​ជម្រាប​ថា « កូន​ប្រសា​លោក មិន​មែន​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោក​ទេ, រឿង​នេះ​គឺ​បុរស​នោះ​សួរ​ឆ្នាំ​ខែ​ថ្ងៃ​របស់​លោក​អំពី​សំណាក់​លោក​យាយ​ជា​មាតា ឯ​លោក​យាយ​ក៏​បាន​ប្រាប់​ដោយ​សព្វ​គ្រប់, កូន​ប្រសា​លោក​បាន​ស្ដាប់​ដឹង​អស់​ហើយ ក៏​សរសេរ​ចុះ​ក្នុង​កំណាត់​សំពត់​ស​ទុក លុះ​ដល់​លោក​សួរ​ឆ្នាំ​ខែ​ថ្ងៃ​ខ្លួន ក៏​ជូន​កំណត់​នោះ​មក​លោក​ៗ​មើល​ទៅ​ឃើញ​ថា កើត​ឆ្នាំ​ខែ​ដូច​លោក ក៏​ឲ្យ​កូន​ក្រមុំ​ធ្វើ​ជា​ភរិយា រឿង​នេះ មិន​មែន​ដូច្នោះ​ទេ គឺ​ក្លែង​សរសេរ​ទុក​ជា​ប្រាកដ » ។ លោក​ក្រឡា​ហោម ក៏​ជឿ​ជាក់​ឥត​សង្ស័យ ហើយ​មាន​ចិត្ត​ទោមនស្ស​ជា​ខ្លាំង គិត​ថា « មិន​គួរ​នឹង​ចាញ់​ប្រាជ្ញា​អា​មនុស្ស​កម្សត់​នេះ​សោះ » ក៏​រក​ឧបាយ​នឹង​ផ្ដាច់​កូន បណ្ដេញ​ចោល​ចេញ ។

ក្រោយ​នោះ​មាន​ទ័ព​ចោរ បះ​បោរ​នៅ​ខេត្ត​ក្រៅ​ជា​ច្រើន ។ ស្ដេច​ទ្រង់​ជ្រាប​ទ្រង់​ត្រាស់​ប្រើ​លោក​ក្រឡា​ហោម ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប ប៉ុន្តែ​ពួក​ទ័ព​ចោរ មិន​បាន​រាប​ទេ កាល​បើ​ដូច្នោះ លោក​ក្រឡា​ហោម ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ ស្ដេច​ត្រាស់​ប្រើ​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទៀត ក៏​នៅ​តែ​មិន​រាប​ទៀត លោក​ក្រឡា​ហោម ក៏​លើក​ទ័ព​ត្រឡប់​យក​សេចក្ដី​មក​ក្រាប​បង្គំ​ទូល​ថា « ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ លើក​ទ័ព​ទៅ​បង្ក្រាប​ទ័ព​ចោរ​ពីរ​ដង ហើយ​នៅ​តែ​មិន​ឈ្នះ​វា ព្រោះ​ពួក​វា​មាន​សេនា​ទាហាន​ច្រើន ហើយ​ពូកែ​ផង ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​សេនា​ទាហាន​ទៅ​ទៀត​ពុំ​បាន ត្បិត​មាន​ជំងឺ​ក្នុង​ខ្លួន​ច្រើន សូម​ទ្រង់​ចាត់​មន្ត្រី​ណា​ដែល​មាន​ស្វាហាប់ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទាំង​នោះ​ឲ្យ​ឆាប់ , ឯ​កូន​ប្រសា​ប្រុស​ម្នាក់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​មនុស្ស​មាន​ចិត្ត​ទាហាន​ហានក្លា​ដែរ ចំណេះ​វិជ្ជា​ក្នុង​ខ្លួន​វា​ក៏​មាន​ច្រើន, បើ​ទ្រង់​ចាត់​ឲ្យ​វា​ទៅ​វា​នឹង​ហ៊ាន​ទៅ​មិន​ខ្លាច» ។ ការ​ដែល​លោក​ក្រឡា​ហោម​ទូល​ដូច្នេះ គឺ​ជា​ឧបាយ​ដោយ​ស្អប់​កូន​ប្រសា​នោះ​ណាស់ ព្រោះ​យល់​ថា បើ​វា​លើក​ទ័ព​ទៅ​ហើយ​ទ័ព​ចោរ​ទាំង​នោះ នឹង​សម្លាប់​វា​មិន​ខាន ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់ ក៏​ឲ្យ​ហៅ​កូន​ប្រសា​នោះ​មក ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រាប់​ថា « នៅ​ខេត្ត​ក្រៅ​ មាន​ទ័ព​ចោរ​បះ​បោរ​ច្រើន, ឥឡូវ យើង​ប្រើ​អ្នក​ឯង​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទាំង​នោះ អ្នក​ឯង​ហ៊ាន​ទៅ​ឬ​ទេ ? បើ​ហ៊ាន​ទៅ ហើយ​ឈ្នះ​ចោរ​ផង យើង​នឹង​ឲ្យ​រង្វាន់ » ។

បុរស​នោះ​ទូល​ថា « ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ហ៊ាន​ទទួល​ទៅ​ធ្វើ​រាជការ​ថ្វាយ» ។ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា « បើ​ដូច្នោះ ចូល​អ្នក​ឯង​នាំ​សេនា​ទាហាន​ទៅ​ជា​ឆាប់ » ។ បុរស​ថ្វាយ​បង្គំ​លា​មក​ផ្ទះ​ជម្រាប​លោក​ក្រឡា​ហោម​ជា​បិតា​ក្មេក តាម​រឿង​គ្រប់​ប្រការ រួច​លើក​ទ័ព​ចេញ​ទៅ ទ័ព​ចោរ​បាន​ដឹង​ ក៏​លើក​ទ័ព​មក​តាំង​ច្បាំង​គ្នា​ជា​ខ្លាំង​ក្លា ។ ទ័ព​ចោរ​ទ្រាំ​ពុំ​បាន​ក៏​បរាជ័យ បាក់បប​ខ្លប​ខ្លាច​រត់​ខ្ចាត់​ខ្ចាយ​វិនាស​អស់​ទៅ ។ បុរស​លើក​ទ័ព​បង្ក្រាប​រាប​គ្រប់​អន្លើ រួច​នាំ​សេនា​ទាហាន​ត្រឡប់​មក​វិញ ក្រាប​បង្គំ​គាល់ ទូល​រឿង​ច្បាំង​នឹង​ទ័ព​ចោរ​គ្រប់​សេចក្ដី ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​អំណរ​ពន់​ប្រមាណ ។

ឯ​លោក​ក្រឡា​ហោម ដឹង​ថា «កូន​ប្រសា លើក​ទ័ព​ទៅ​បង្ក្រាប​ចោរ​រាប​ទាប​អស់​ដូច្នោះ ក៏​មាន​ចិត្ត​ទោមនស្ស​រឹត​តែ​ខ្លាំង​ឡើង ពីព្រោះ​គិត​ថា ដែល​ឲ្យ​វា​ទៅ​បង្ក្រាប​ទ័ព​ចោរ​នោះ ដើម្បី​ឲ្យ​ពួក​ចោរ​សម្លាប់​វា ឥឡូវ​ទៅ​ជា​វា​មាន​ជ័យ​ជម្នះ​វិញ» ។ ឯ​រោគ​លោក​ក្រឡា​ហោម​រឹង​រឹត​តែ​រើ​ខ្លាំង​ឡើង​លើស​ដើម ពេទ្យ​មើល​ពុំ​ជា ក៏​ទទួល​មរណភាព​ទៅ ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​ចិន្ដា​ថា «នឹង​ឲ្យ​ឈ្មោះ​ណា​ធ្វើ​ក្រឡា​ហោម ?» ទ្រង់​ព្រះ​ចិន្ដា​ទៅ​ឃើញ​តែ​បុរស​ដែល​វាយ​ទ័ព​ចោរ រាប​ទាប​នោះ​ឯង​មាន​គុណ​បំណាច់​នឹង​រាជការ គួរ​តែ​ឲ្យ​ធ្វើ​ជា​ក្រឡា​ហោម​បាន » ទ្រង់​ព្រះ​ចិន្ដា​ដូច្នោះ​ហើយ ក៏​ត្រាស់​ឲ្យ​ហៅ​បុរស​នោះ​មក​គាល់ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស តាំង​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម តំណាង​បិតា​ក្មេក​ទៅ ។


មនុស្ស កុំ​មើល​ងាយ​មនុស្ស