Jump to content

គតិលោក/ភាគទី១០/9

From Wikisource
គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿងភរិយានាយសំពៅនៅស្រុកយាវ័ណវតី
113346គតិលោក, ភាគទី៨រឿងភរិយានាយសំពៅនៅស្រុកយាវ័ណវតីឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿងភរិយានាយសំពៅនៅស្រុកយាវ័ណវតី




ដូចនិទាននាងភរិយាចៅនាយសំពៅម្នាក់នៅស្រុកយាវ័ណវតី ថ្ងៃមួយ នាយសំពៅចេញទៅជួញនាស្រុកឆ្ងាយទុកនាងភរិយាឲ្យនៅរក្សាគេហដ្ឋាន ។


ឯនាងភរិយានោះ លុះនាយសំពៅជាប្ដីទៅជួញយូរខែពុំទាន់មក មានចិត្តរំជួលដោយរាគកិលេសក្រៃពេកទើបគបប្រុសសហាយនាំមកដេកលើផ្ទះធ្វើសមគ្គសង្វាសរាល់វេលារាត្រី បិទក្ដីជួនោះពុំឲ្យអ្នកឯណាមួយដឹងឮឡើយ ឯនាយសំពៅទៅលក់ដូរយូរអស់កំណត់ហើយ ក៏ត្រឡប់មកវិញ ឡើងពីសំពៅដើរទៅដល់ទ្វារផ្ទះ ស្រែកហៅភរិយាឲ្យបើកទ្វារទទួលខ្លួន។


ឯមេភរិយាកំពុងនិទ្រានឹងប្រុសសហាយនៅលើផ្ទះ លុះបានឮសំឡេងប្ដីហៅឲ្យបើកទ្វារដូច្នោះ ក៏ភិតភ័យតក្កមា ទើបខ្សឹបប្រាប់ប្រុសសហាយថា « ស្វាមីខ្ញុំគាត់មកដល់ហើយ អ្នកឯងនឹងចេញទៅឥឡូវនេះយល់ជាពុំបាន ព្រោះស្វាមីខ្ញុំគាត់នៅនឹងជណ្ដើរផ្ទះនេះហើយ យល់ជារត់ចេញទៅមិនរួចខ្លួន បើដូច្នេះ ចូរអ្នកឯងលូនចូលទៅលាក់ខ្លួនពួនអាត្មា នៅក្រោមគ្រែនេះសិនចុះ ខ្ញុំនឹងចេញទៅទទួលស្វាមី ថាបើស្វាមីខ្ញុំគាត់ចូលមកដេកហើយ សឹមខ្ញុំមកនាំអ្នកចេញទៅជូនឲ្យផុតទ្វារផ្ទះ », ថាហើយនាងក៏ឲ្យប្រុសសហាយនោះចូលទៅនៅក្រោមគ្រែ បិទបាំងដោយសំពត់ ដើម្បីមិនឲ្យនាយសំពៅឃើញប្រុសសហាយ ហើយនាងចេញទៅបើកទ្វារឲ្យស្វាមីឡើងមកលើផ្ទះ នាំប្ដីចូលទៅកាន់ដំណេក និយាយចរចាប្រស្រ័យគ្នាអំពីការទៅស្វែងលាភស្រុកឆ្ងាយសព្វប្រការ លុះពេលយប់ជ្រៅនាយសំពៅក៏និទ្រាលក់ទៅ ។


ឯមេភរិយានោះ វាដេកពុំលក់ឡើយ វារំពឹងគិតថា « ស្វាមីអញនេះគាត់ឧស្សាហ៍ទៅលក់ដូរជួញប្រែខ្វល់ខ្វាយរកទ្រព្យសម្បត្តិមកចិញ្ចឹមអញ គ្មានគិតក្ដីហត់នឿយ ក្ដីលំបាកឡើយ គុណស្វាមីនេះពាក់កណ្ដាលនឹងបិតាបង្កើតជាម្ដង ដែលខ្លួនអញទៅគប់ប្រុសសហាយផាយជាផិតក្រៅស្វាមី ធ្វើក្ដីជួលាមកអាក្រក់ដូច្នេះ មិនគួរសោះឡើយ បើដូច្នេះគួរគិតកាត់ក្ដីអាល័យពីប្រុសសហាយឲ្យដាច់ស្រឡះ», គិតហើយក៏លូកដៃស្ទាបកាយស្វាមីមើល ដឹងថាស្វាមីនិទ្រាលក់ស្និទ្ធឥតសង្ស័យ ទើបចាប់យកក្រិះដ៏មុតថ្លាលបយាត្រាចុះចាកគ្រែដេក លូកដៃទៅស្ទាបរកប្រុសសហាយដែលពួននៅក្រោមគ្រែនោះឯង ។


ឯអាសហាយដែលក្រាបពួននៅក្រោមគ្រែ គ្រាន់តែឮសូរជើងភរិយានាយសំពៅចុះមករកខ្លួន ក៏ត្រេកអរ សំគាល់ថានាយសំពៅដេកលក់ ភរិយានឹងមកទទួលខ្លួនជូនឲ្យផុតអំពីទ្វារផ្ទះតាមសញ្ញា ទើបវាវារចេញមកពីក្រោមគ្រែ ហើយចាប់ដៃមេសហាយ ឯមេនោះ ក៏ចាក់ដោយក្រឹះត្រូវត្រង់បំពង់កធ្លុះរហូតដួលដាច់ខ្យល់ស្លាប់មួយរំពេច ទើបមេនោះយកសំពត់បិទមុខរបួសមិនឲ្យលោហិតចេញច្រើន ហើយលើកខ្មោចនោះផ្អែកពឹងនឹងសសរបញ្ឈរទុក ស្រេចហើយ ក៏ដើរលបៗឡើងទៅដេកខាងប្ដី យកដៃអង្រួនដាស់ប្ដីឲ្យដឹងខ្លួន ហើយក្លែងពោលកលឧបាយខ្សឹបប្រាប់ប្ដីថា ចោរឡើងមកឈរអែបនឹងសសរផ្ទះយើង វាប្រុងនឹងចូលមកលួចទ្រព្យសម្បត្តិយើងហើយ។ នាយសំពៅបានស្ដាប់មេភរិយា ប្រាប់ដូច្នោះក៏ស្ទុះក្រោកចាប់លំពែង ចុះចាកគ្រែម្នីម្នារារទៅចាក់ខ្មោចនោះដួលចុះនៅទីនោះឯង ឯមេភរិយាលុះក្លែងបញ្ឆោតប្ដីឲ្យចាក់ខ្មោចសហាយហើយ ទើបនិយាយថា « ការដែលអ្នកសម្លាប់ចោរស្លាប់នៅលើផ្ទះនេះ ពួកមហាជនទាំងឡាយ នៅជិតខាង គេពុំដឹងឮឡើយក្រែងការនេះបែកដឹងដល់លោកអ្នករាជការ ថាយើងសម្លាប់មនុស្សដូច្នេះ ទោសនេះ នឹងធ្លាក់ដល់អ្នកដល់ខ្ញុំដូច្នេះ តើអ្នកនឹងគិតបិទបាំងយ៉ាងណាឲ្យសូន្យការនេះ »។


នាយសំពៅបានស្ដាប់មេភរិយាថាដូច្នោះ ក៏ទុញទាល់គំនិតគិតមិនយល់ផ្លូវ ទើបប្រឹក្សានឹងភរិយាថា « សពអាចោរនេះ បើទុកនៅលើផ្ទះយើង តែដល់ពេលព្រឹកឡើង គង់មានគេដឹងឮបែកការដល់រាជការជាប្រាកដ ដូច្នេះតើនាងជួយគិតឲ្យផុតក្ដីអន្តរាយ ឃើញឧបាយដូចម្ដេចយើងធ្វើតាម » ។


ឯមេភរិយាក៏តបថា « ខ្ញុំគិតឲ្យសែងយកខ្មោចនេះ ទៅចោលក្រោមដើមខ្នុរ ក្នុងវត្តលោកសង្ឃនៅខាងក្រោយភូមិយើងនេះ តែដល់ព្រឹកឡើងព្រះសង្ឃក្នុងអារាមនោះ លោកនឹងបបួលគ្នាយកខ្មោចនេះ ទៅដុតជាមិនខាន ទោះជាការនេះដឹងដល់រាជការក៏គង់ពុំមាននរណា ចេញជាតួចោទឡើយ គឺដឹងតែយើងប្ដីប្រពន្ធពីរនាក់ប៉ុណ្ណេះឯង » ។


ឯនាយសំពៅបានស្ដាប់ឧបាយមេភរិយាដូច្នោះ ក៏យល់តាម ទើបតបថា « គិតនេះត្រូវល្អហើយ តែយើងនឹងដាស់ពួកខ្ញុំកំដរ ឲ្យវាជួយសែងខ្មោចនេះទៅចោល ក្រែងមិនស្ងាត់ បើដូច្នេះ នាងគ្រាន់តែជូនបងទៅចុះ ចាំបងពបីខ្មោចនេះទៅ », ថាហើយនាយសំពៅក៏ចាប់ពខ្មោចចេញទៅកាន់អារាម នាងភរិយាតាមទៅជាមួយគ្នា លុះដល់អារាមឃើញដើមខ្នុរធំ ១ ដើមមានផ្លែច្រើន នាយសំពៅក៏ដាក់ខ្មោចបញ្ឈរផ្អែកនឹងដើមខ្នុរនោះឯង ហើយប្ដីប្រពន្ធក៏នាំគ្នាវិលមកកាន់គេហដ្ឋាននៃអាត្មាវិញហោង ។


ថ្លែងឯចៅអធិការវត្តនោះ លុះដល់ពេលទៀបនឹងភ្លឺស្វាង ក៏គ្រងត្រៃចីវរកាន់ឈើច្រត់ចុះចាកកុដិ ដើរបោសអាវាស បោសទៅមកៗ បែរទៅឃើញសាកសពឈរពឹងនៅនឹងដើមខ្នុរធំ គិតថាជាអាចោរលួចខ្នុរទើបលោកក្រោធខឹងស្ទុះលបអែបនឹងម្លប់ឈើចូលទៅជិត ហើយស្រែកថា អះពះអាកំណាចកាចកិងវាលេងខ្នុរលោកសង្ឃហើយតើ ថាហើយក៏វាត់ឈើច្រត់ត្រូវសាកសពនោះដួលចុះស្ងៀមនៅ លោកចៅអធិការក៏ភ័យខ្លួន គិតថាអាត្មាវាយត្រូវត្រង់កន្លែងសំខាន់ ទើបចូលទៅមើលក៏ដឹងថាមនុស្សត្រូវអាវុធគេ ហើយគេនាំយកមកដាក់ផ្អែកទុកនឹងដើមខ្នុរនេះ ទើបគិតថា ក្នុងខណៈដែលអាត្មាវាយខ្មោចនេះដួលនោះ អាត្មាបានស្រែកថាអាចោរលួចខ្នុរ ព្រះសង្ឃសាមណេរទំនងជាបានឮហើយ ឥឡូវនេះមនុស្សមកស្លាប់នៅក្រោមដើមខ្នុរនេះ ពួកព្រះសង្ឃសាមណេរក្នុងអារាមមុខជាគេថាអញសម្លាប់ចោរលួចខ្នុរ ទុកជាប្រាប់គេដោយពិតថា ខ្មោចនេះគេយកមកដាក់ពឹងនឹងដើមខ្នុរនេះ ក៏គង់គេមិនជឿ គង់គេដិតចិត្តសង្ស័យពិគ្រោះមើល ជាមិនផុតក្ដីមន្ទិលទៅបាន បើដូច្នេះគួរដើរឧបាយកោរសក់ក្បាលខ្មោចនេះហើយ សំលៀកបំពាក់ស្បង់ចីពរដូចសាមណេរ ហើយប្រាប់គេឯងឲ្យដឹងថា មានសាមណេរឥតញាតិជាអាគន្តុកកើតរោគបច្ចុប្បន្នស្លាប់ យ៉ាងនេះទើបអញផុតក្ដីមន្ទិលឥតមាននរណាថាអញតទៅ ។ លោកចៅអធិការគិតដូច្នោះហើយ ក៏ចូលទៅទាញអូសខ្មោចនោះលើក ទៅដាក់លើសាលាកណ្ដាលអារាម ទើបយកសំពត់លឿងមកឃ្លុំរុំព័ទ្ធសពនោះទុកតែមុខ ហើយយកកន្រ្តៃមកកាត់សក់ ទុកតែត្រឹមពាក់កណ្ដាលអង្គុលីដូចយ៉ាងសាមណេរ ដើម្បីមិនឲ្យនរណាសង្ស័យ លុះអរុណរះឡើង លោកចៅអធិការប្រកាស ប្រាប់ភិក្ខុសាមណេរទាំងពួងថា វេលាយប់មិញ ពេលម៉ោង ៤ប្លាយ យើងចុះទៅបោសអារាម ឃើញសាមណេរមកដេកស្លាប់នៅលើសាលា មិនដឹងជាមកពីអារាមណា ជាសពអនាថាឥតញាតិមិត្រ ធ្លាក់មកនៅអារាមយើងដូច្នេះ ចូរសាកទាំងឡាយ ទៅឃោស្នាពួកសប្បុរសបណ្ដាដែលមានសទ្ធា មកជួយបូជាសពនេះ ជាការធ្វើបុណ្យ យកបុណ្យទាំងអស់គ្នា ។


ឯព្រះសង្ឃសាមណេរបានឮពាក្យលោកគ្រូដូច្នោះ ក៏នាំគ្នាចេញទៅឃោស្នាប្រាប់ញាតិញោមទីទែៗ តាមពាក្យលោកចៅអធិការនោះឯង ។


ឯមេភរិយានាយសំពៅ លុះវេលាភ្លឺស្វាងហើយ ក៏អង្គុយនៅមាត់ទ្វារផ្ទះ រង់ចាំស្ដាប់សេចក្ដីនោះ លុះបានឮលោកសង្ឃសាមណេរ ត្រាច់មកឃោស្នាអ្នកស្រុកថា មានសាមណេរឥតមាតាបិតាញាតិកាមកស្លាប់លើសាលាដូច្នោះ ក៏កើតក្ដីសង្ស័យ ឆ្ងល់ក្នុងចិត្តគិតថា មិនមែនជាសាកសពប្រុសសហាយអញនោះទេដឹង ? បើដូច្នេះចាំទៅមើលឲ្យច្បាស់សិន គិតហើយក៏រៀបទៀនធូបស្លាម្លូ លាស្វាមីថានឹងទៅជួយបុណ្យលោកគ្រូ ហើយនឹងស្ដាប់ការណ៍នោះផង ។ នាយសំពៅក៏បើកឲ្យទៅតាមក្ដីប្រាថ្នា មេនោះក៏ចរយាត្រាទៅកាន់អារាម មិនបានឃើញសពប្រុសសហាយ ក៏រឹងមានក្ដីសង្ស័យខ្លាំងទើបឡើងទៅលើសាលាដែលដំកល់សព ហើយបើកសំពត់គ្របមុខខ្មោចមើល ក៏ចាំបានថា ជាខ្មោចប្រុសសហាយខ្លួនប្រាកដ មេនោះក៏មានចិត្តអាណិតអាល័យដោយធ្លាប់បានរួមសង្វាសស្នេហានឹងគ្នាមក អត់ទឹកភ្នែកពុំបានក៏យំសោកអាល័យប្រុសសង្សារថា : ប្រុសអើយអ្នកប្រុស កាលអ្នកនៅរស់ ម្ដេចអ្នកមិនបួស ដល់មកក្ស័យប្រាណ ទើបបានទ្រង់ផ្នួស លោកណាបំបួសអ្នកជាសាមណេរ ។


ឯលោកចៅអធិការបានឮភរិយានាយសំពៅយំរៀបរាប់ដូច្នោះ ក៏តក់ស្លុតព្រះទ័យ គិតថាខណៈដែលអញបំបួសខ្មោចនាវេលារាត្រីនេះ ពុំមាននរណាមួយអាចឃើញអាចដឹងឡើយ នេះហេតុអ្វីក៏នាងភរិយានាយសំពៅមកយំរៀបរាប់ ត្រង់ឧបាយដែលអញធ្វើនោះអេះ បើដូច្នេះខ្មោចនេះ នឹងទុកយូរទៅពុំបាន ឃើញថានឹងកើតហេតុ គិតហើយលោកចៅអធិការនាំពួកឧបាសកឧបាសិកា ភិក្ខុសាមណេរចាត់ចែងលើកសពដាក់លើជើងថ្ករ ហើយអុចភ្លើងដុតខ្មោចនោះតាមបវេណីហោង ។ ឯមេភរិយានាយសំពៅមានក្ដីអាឡោះអាល័យអាប្រុសសហាយ ក៏យំភ្លាងអុជទៀនធូបសូមស្មាលាទោសនឹងសពនោះថា អ្នកចែកឋានទៅហើយ កុំបីចងពៀរវេរាកម្មតទៅមុខឡើយ លុះដុតខ្មោចស្រេចហើយ ក៏លាលោកចៅអធិការវិលទៅកាន់គេហដ្ឋាន ។


ឯនាយសំពៅ អង្គុយរង់ចាំមើលផ្លូវនាងភរិយា លុះបានឃើញនាងភរិយា មានមុខមាត់សៅហ្មងមកដូច្នោះ ក៏តក់ស្លុតចិត្តដោយសំគាល់ថារឿងដែលខ្លួនធ្វើនាវេលារាត្រីនោះក្រែងមិនជិត ទើបសួរទៅភរិយាថា នាងចេញទៅជួយដុតសពនោះបានដឹងឮកិច្ចការយ៉ាងណាខ្លះ បានជាវិលមកមានទឹកមុខមិនសប្បាយ ជាខ្មោចអាចោរដែលយើងយកទៅចោលនោះ ឬមិនមែនទេ ។ នាងភរិយា ក៏ថ្លែងសេចក្ដីឲ្យស្ដាប់ ហើយថាខ្ញុំទៅជួយដុតសពនោះ បានក្លែងធ្វើកលឧបាយយំសោកហាក់ដូចជាស្រឡាញ់សព ដើម្បីបិទបាំងសេចក្ដីនោះ ទោះមាត្រាថាយូរទៅខាងមុខ រឿងនោះមិនជិតដិត មានរាជការមកអង្កេតពិចារណារកខ្លួនអ្នកសម្លាប់នោះ គង់មិនមានក្ដីសង្ស័យ ។ ខ្ញុំយំសោតការពារក្ដីយ៉ាងនេះ ខ្ញុំនឹងបានយំសោកអាល័យចោរ ដែលអ្នកសម្លាប់នោះ ក៏ឥតអង្គឺមាន ។


នាយសំពៅបានឮដូច្នោះ ក៏ត្រេកអរសប្បាយចិត្ត និយាយថាគាប់គុណនាងពេកហើយ ដ្បិតអាថ៌កំបាំងទាំងនេះ ក៏ដឹងតែនាងម្នាក់ឯង ថាបើនាងមិនករុណា នាំសេចក្ដីទៅប្រាប់ដល់សេនាបតីថា យើងសម្លាប់មនុស្ស យើងក៏នឹងដល់ក្ដីវិនាសដោយអាជ្ញាមហាក្សត្រពុំខាន ថាហើយខំថ្នាក់ថ្នមចិត្តនាងភរិយាតាំងតែពីថ្ងៃនោះមក ទុកជាមេភរិយានិយាយគំហកគំហិន មាក់ងាយយ៉ាងណាក្ដី ក៏នាយសំពៅជាប្ដីពុំហ៊ានតបតឲ្យក្រោធខឹង ព្រោះខ្លួនពុំបានដឹងក្នុងឧបាយមាយា គឺស្រ្តីប្រព្រឹត្តជួដឹងខ្លួនជាខុស គិតកលឧបាយលលួងស្វាមី ឲ្យលង់វង្វេងកំហែងបានតាមចិត្តទៅផ្សេងៗហោង ។

ចប់តម្រាមាយាស្រ្តីជាគតិទី ៦៩ ។


ក្បួនគតិលោក មានរឿងយោងយោក ប្រៀបប្រាយតួយ៉ាង គតិបុរាណ ក៏មានបែបអាង លោកតែងម្យ៉ាងៗ តែពុំពិស្ដារ ។ ខ្ញុំទីឲកញ៉ា សុត្តន្តប្រីជា នាមឥន្ទាចារ្យ លើកឡើងលំដាប់ ជាច្បាប់វិត្ថារ កែដោយវោហារ ចងជាវគ្គៗ ។ សេចក្ដីស្ដាប់ងាយសម្រាប់និកាយ យករូបរឿងដាក់ ប្រៀបធៀបលោកិយ ចាស់ថ្មីប្រចក្ស អញ្ជើញអស់អ្នក ស្ដាប់យកជាច្បាប់ ។ មួយបើពាក្យណា ដែលខ្ញុំលិខាសរសេរតាមស័ព្ទ ស្ដាប់ពុំចូលចិត្ត ដ្បិតពុំធ្លាប់ស្ដាប់ អញ្ជើញសារសព្ទ សាកសួរអ្នកប្រាជ្ញ ។ កុំគិតប្រមាទ ប្រមាណកែគាត់ ខ្លួនឯងល្ហេចល្ហាច ស័ព្ទសែរាក់ជ្រៅ ស្រេចនៅអ្នកប្រាជ្ញ ទើបលោកអង់អាច ប្រែប្រាយប្រាប់បាន ។

ចប់ច្បាប់គតិលោកតែប៉ុណ្ណេះ

ចប់ភាគទី ១០ តែប៉ុណ្ណេះ ។