Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/8

From Wikisource
Jump to navigation Jump to search
This page has not been proofread.
  • សាមីខ្លួន​ត្រូវ​បណ្ដេញ​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សា អនុលោម​តាម​ច្បាប់ នីតិវិធី ឬ​បទបញ្ជា​ផ្ទៃក្នុង ឬ ​ក្រមសីលធម៌​របស់​ក្រុមប្រឹក្សា
  • សាមីខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទឧក្រិដ្ឋ ឬ មជ្ឈិម​ណាមួយ
  • សាមីខ្លួន​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច និង​ប្រកាស​ពី​ការ​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា ក្នុង​ករណី​ដូច​ខាង​លើ​នេះ។

មាត្រា ២៣.-
នៅ​ពេល​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​ណា​ម្នាក់​បាត់បង់​សមាជិកភាព​ពី​ ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​បេក្ខជន​លំដាប់​លេខ​រៀង​បន្ទាប់ ពី​ក្នុង​បញ្ជី​បេក្ខជន​ជាមួយ​មក​ជំនួស​ក្នុង​រយៈពេល​យ៉ាង​យូរ​ដប់​បួន (១៤)ថ្ងៃ ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ២៤.-
ប្រសិនបើ​ក្រុមប្រឹក្សា​ណាមួយ​អនុវត្ត​ផ្ទុយ​ពី​បទប្បញ្ញត្តិ​ណាមួយ​នៃ​ រដ្ឋធម្មនុញ្ញ ឬ​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ណែនាំ​ជា​លាយលក្ខណ៍​អក្សរ​ដល់​ ក្រុមប្រឹក្សា​នោះ​ឱ្យ​គោរព និង​អនុវត្ត​បទប្បញ្ញត្តិ​ទាំង​នោះ នៅ​ក្នុង​អំឡុង​ពេល​ជាក់លាក់ និង​សម​ហេតុផល។ ក្នុង​ករណី​ក្រុមប្រឹក្សា​នោះ​នៅ​តែ​មិនព្រម​អនុវត្ត​តាម​ការ​ណែនាំ រាជរដ្ឋាភិបាល​ត្រូវ​រំសាយ​ក្រុមប្រឹក្សា​នោះ​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ២៥.-
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត “គ.ជ.ប” ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ក្នុង​ករណី​ណាមួយ​ដូច​ខាង​ក្រោម :

  • ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បង្កើត​ថ្មី​ដូច​មាន​ចែង​ក្នុង​មាត្រា ៦ និង​មាត្រា ៧ នៃ​ច្បាប់​នេះ ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​យ៉ាង​យូរ​ពីរ​រយ​សែសិប​ (២៤០) ថ្ងៃ
  • ក្រុមប្រឹក្សា​ដែល​ត្រូវ​រំសាយ​តាម​ល័ក្ខខ័ណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា ២៤ នៃ​ច្បាប់​នៃ​ច្បាប់​នេះ​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​យ៉ាង​យូរ​មួយ​រយ​ ម្ភៃ(១២០)ថ្ងៃ។