Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/6

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១៦.-
ក្នុង​ពេល​រង់ចាំ​ក្រុមប្រឹក្សា​ថ្មី​ចូលកាន់​មុខតំណែង ក្រុមប្រឹក្សា​ដែល​ចប់​អាណត្តិ​មាន​សិទ្ធិ​អនុវត្ត​តែ​កិច្ចការ​រដ្ឋបាល​ ប្រចាំ​ថ្ងៃ​តែប៉ុណ្ណោះ។

មាត្រា ១៧.-
ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​មាន​ប្រធាន​ម្នាក់។ ប្រធាន​ក្រុមប្រឹក្សា គឺ​ជា​បេក្ខជន​ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​មាន​ អាសនៈ​ច្រើន​ជាង​គេ នៅ​ក្នុង​ក្រុមប្រឹក្សា។ ក្នុង​ករណី​ដែល​បញ្ជី​បេក្ខជន​មាន​អាសនៈ​ស្មើគ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា ប្រធាន​ក្រុមប្រឹក្សា ត្រូវ​ជ្រើសរើស​យក​បេក្ខជន ដែល​មាន​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​មាន​សំឡេង​ឆ្នោត​បាន​ការ​ច្រើន ​ជាង​គេ។

មាត្រា ១៨.-
ចំនួន​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​កំណត់​ដោយ​ផ្អែក​តាម​កត្តា​ប្រជារាស្ត្រ​នឹង​កត្តា​ភូមិសាស្ត្រ ដូច​ខាង​ក្រោម :

  • ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មាន​ចំនួន​សមាជិក​មិន​លើស​ពី​ម្ភៃ​មួយ (២១) ​រូប
  • ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​សមាជិក​ពី​ប្រាំបួន (០៩)​រូប ដល់​ម្ភៃ​មួយ(២១)​រូប
  • ក្រុមប្រឹក្សា​ក្រុង មាន​ចំនួន​សមាជិក​ពី​ប្រាំពីរ (០៧)​រូប ដល់​ដប់ប្រាំ (១៥)រូប
  • ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន​សមាជិក​ពី​ប្រាំពីរ (០៧)រូប ដល់​ដប់​ប្រាំបួន (១៩) រូប។

ចំនួន​ជាក់ស្ដែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល​យ៉ាង​តិច​មួយ​រយ​ម្ភៃ (១២០)​ថ្ងៃ មុន​ពេល​ផុត​កំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា។ ក្នុង​ករណី​គ្មាន​អនុក្រឹត្យ ចែង​អំពី​ចំនួន​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​បន្ទាប់​ទេ​នោះ​ចំនួន​សមាជិក​ សរុប​របស់​ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​យក​តាម​ចំនួន​សរុប​ចុងក្រោយ​នៃ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់។