Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/42

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា​ ១៥០.-
អភិបាល​ អភិបាល​រង​ ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​​នៅ​មុន​ពេល​បញ្ចប់​អាណត្តិ​ការងារ​ប្រសិន​បើ​សាមី​ខ្លួន​ :​

  • ដាក់​ពាក្យ​លាលែង​​ជា​លាយលក្ខណ៍​អក្សរ​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឬ
  • ត្រូវ​បាន​ដក​ហូត​ពី​មុខ​តំណែង។

មាត្រា​ ១៥១.-
អភិបាល​​ អភិបាល​រង​ណា​មួយ​ ត្រូវ​ដក​ហូត​​​ពី​​មុខ​តំណែង​មាន​មុន​ពេល​បញ្ចប់​អាណត្តិ​ការងារ​ ក្នុង​​ករណី​ណា​មួយ​ដូច​ខាង​​ក្រោម :

  • បាត់បង់​លក្ខណ​សម្បត្តិ​ជា​អភិបាល​ ឬ​ អភិបាល​រង​
  • អសមត្ថភាព
  • បំពេញ​ការងារ​មិន​បាន​ល្អ​
  • មាន​បញ្ហា​សុខភាព​ ឬ​ បាត់បង់​សម្បទា​វិជ្ជាជីវៈ​ ដោយ​មាន​លិខិត​បញ្ជាក់​​​​​​​​​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច
  • បោះបង់​ចោល​ការងារ​
  • ប្រព្រឹត្ត​ខុស​ឆ្គង​ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ។

មាត្រា​ ១៥២.-
ក្រុមប្រឹក្សា​ អាច​ស្នើ​ជា​លាយលក្ខណ៍​អក្សរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ដកហូត​អភិបាល​ អភិបាល​រង​ចេញ​ពី​មុខ​ដំណែង​ ដោយ​ផ្អែក​តាម​ករណី​ណា​មួយ​ក្នុង​ចំណោម​ករណី​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១៥១​ នៃ​ច្បាប់​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​ សំណើ​ខាង​លើ​នេះ​ ដើម្បី​​ធ្វើ​សេចក្ដី​រាយការណ៍​​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ ពិនិត្យ​សម្រេច​ចំពោះ​អភិបាល​​រាជធានី​អភិបាល​ខេត្ត​ អភិបាល​រាជធានី​ អភិបាល​រង​ខេត្ត​ អភិបាល​ក្រុង​ អភិបាល​ស្រុក អភិបាល​ខណ្ឌ។ ចំពោះ​អភិបាល​រង​​ក្រុង​ ស្រុក​ ខណ្ឌ​ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ដោះស្រាយ​ជា​បន្ទាន់។