Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/39

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា​ ១៣៩.-
គណៈ​អភិបាល​រួម​មាន​ ប្រធាន​មួយ​រូប​ ដែល​ហៅថា​ អភិបាល​ និង​អភិបាល​រង​មួយ​ចំនួន។

មាត្រា​ ១៤០.-
គណៈអភិបាល​រាជធានី​ភ្នំពេញ​​មាន​ចំនួន​យ៉ាង​ច្រើន​ប្រាំពីរ​ (០៧)រូប។ គណៈអភិបាល​ខេត្ត​មាន​ចំនួន​ពី​បី​ (០៣)រូប​ ទៅ​ប្រាំពីរ​ (០៧) រូប។ គណៈអភិបាល​ក្រុង​ ស្រុក​ ខណ្ឌ​មាន​ចំនួន​ពី​បី​ (០៣)រូប​ ទៅ​ប្រាំ​ (០៥)រូប។ ចំនួន​​ជាក់ស្ដែង​នៃ​គណៈអភិបាល​ សម្រាប់​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ។

មាត្រា​ ១៤១.-
អភិបាល​​រាជធានី​ អភិបាល​ខេត្ត​​ ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ តាម​សេចក្ដី​ស្នើ​សុំ​​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ អភិបាល​រង​រាជធានី​ អភិបាល​​រង​ខេត្ត​​ អភិបាល​ក្រុង​ អភិបាល​​ស្រុក​ អភិបាល​ខណ្ឌ​ ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ​ តាម​សំណើ​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ អភិបាល​រង​ក្រុង​​ អភិបាល​រង​ស្រុក​ អភិបាល​រង​ខណ្ឌ​ ត្រូវ​តែងតាំង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា​ ១៤២.-
អភិបាល​រាជធានី​ អភិបាល​ខេត្ត​ ត្រូវ​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ ក្របខ័ណ្ឌ​​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណ​សម្បត្តិ​ដូច​ខាង​ក្រោម :

  • មាន​ឋានន្តរសក្ដិ​ឧត្តម​មន្ត្រី​
  • មាន​អាយុ​ចាប់​ពី​សាមសិបប្រាំ​ (៣៥)ឆ្នាំ​​ឡើង​ គិត​ដល់​ថ្ងៃ​តែងតាំង​
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំពីរ​ (០៧)​​ឆ្នាំ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​​ទទួល​ស្គាល់​ដោយ​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា