Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/27

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ក្នុង​ករណី​ដែល​ការ​ចំណាយ​មិន​ស្របច្បាប់ មិន​បាន​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច ឬ សកម្មភាព​របស់​ក្រុមប្រឹក្សា ឬ គណៈកម្មាធិការ​ណាមួយ ឬ គណៈអភិបាល​នោះ​ទេ​ការ​ចំណាយ​មិនស្របច្បាប់​ទាំងអស់ ត្រូវ​ទទួល​សង​ឱ្យ​បាន​គ្រប់​ចំនួន​ពី​សមាជិក​ក្រុមប្រឹក្សា​ជាក់លាក់​ណាមួយ ឬ ពី​អភិបាល ឬ អភិបាល​រង ឬ ពី​បុគ្គលិក​ជាក់លាក់​ណាមួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ឬ សេចក្ដី​សម្រេច​នោះ។

មាត្រា ៨៨.-
ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អាច​ធ្វើ​ប្រតិភូកម្ម​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ស្រុក​ដើម្បី​ពិនិត្យ​ នីត្យានុកូលភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់។

ផ្នែក​ទី ៦ ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន

មាត្រា ៨៩.-
ក្នុង​ប្រឹក្សា​ត្រូវ​ចាត់​វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

មាត្រា ៩០.-
វិវាទ​នៅ​មូលដ្ឋាន គឺ​ជា​វិវាទ​មាន​លក្ខណៈ​ឯកជន​រវាង​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ជាមួយ​គ្នា ឬ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ផ្សេង​គ្នា។

មាត្រា ៩១.-
ការ​ដោះស្រាយ​វិវាទ ត្រូវ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ភាគី​ណាមួយ ឬ ភាគី​ទាំង​សង្ខាង​នៅ​ក្នុង​វិវាទ​​ទៅ​ក្រុមប្រឹក្សា​ដែល​ភាគច្រើន​នោះ​ ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​នោះ។