Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/23

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៧២.-
ក្រុមប្រឹក្សា ត្រូវ​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការ​ប្រជុំ​របស់​ខ្លួន។ សេចក្ដី​សម្រេច​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​មិន​ស្រប​នឹង​បទបញ្ជា​ផ្ទៃក្នុង​ សម្រាប់​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា សេចក្ដី​សម្រេច​នោះ​ពុំ​មាន​សុពលភាព​ឡើយ។

មាត្រា ៧៣.-
សមាជិក​ក្រុមប្រឹក្សា មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន។ គ្មាន​សមាជិក​ក្រុមប្រឹក្សា​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ឬ ឃុំ​ខ្លួន ឬ ប្រឈម​នឹង​សកម្មភាព​ ឬ​ ចំណាត់​ការ​ណាមួយ​ដោយ​សារ​តែ​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ ឬ ការ​បោះឆ្នោត​របស់​ខ្លួន​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ឡើយ។

មាត្រា ៧៤.-
ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ប្រជុំ​សាមញ្ញ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន​យ៉ាងហោចណាស់​ចំនួន​ដប់​ពីរ (១២)ដង ​ជា​រៀងរាល់​ឆ្នាំ។ អង្គប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ប្រារព្ធ​ឡើង​មិន​ឱ្យ​មុន​ម្ភៃប្រាំ​ (២៥)​ថ្ងៃ ឬ លើស​ពី​សាមសិប​ប្រាំ (៣៥) ថ្ងៃ បន្ទាប់​ពី​អង្គប្រជុំ​សាមញ្ញ​លើក​មុន​របស់​ក្រុមប្រឹក្សា​បាន​ឡើយ។

មាត្រា ៧៥.-
ក្រុមប្រឹក្សា ត្រូវ​អនុម័ត​ប្រតិទិន​នៃ​ការ​ប្រជុំ​សាមញ្ញ​របស់​ខ្លួន សម្រាប់​រយៈពេល​ដប់ពីរ (១២)ខែ មិន​ឱ្យ​ហួស​ពី​អង្គប្រជុំ​សាមញ្ញ​លើក​ទី ២ និង​សម្រាប់​រយៈពេល​ជា​បន្តបន្ទាប់​ទៀត​ក្នុង​រយៈពេល​ដប់ពីរ (១២) ខែ​ម្ដងៗ ដោយ​បញ្ជាក់​អំពី​កាលបរិច្ឆេទ និង​ទី​កន្លែង​ជាក់លាក់។

មាត្រា ៧៦.-
ក្រុមប្រឹក្សា ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ជា​បន្ទាន់​នូវ​ប្រតិទិន​នៃ​ការ​ប្រជុំ​សាមញ្ញ​របស់​ខ្លួន។