Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/20

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ក្រុម​ប្រឹក្សា និង​កម្រិត​នៃ​ប្រាក់​ពិន័យ​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៦០.-
ក្រុមប្រឹក្សា​នីមួយៗ​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ក្នុង​ការ​រៀបចំ​តាក់តែង ការ​កែប្រែ​ការ​លុបចោល​ដីកា​របស់​ខ្លួន។ ការ​កែប្រែ​ដីកា ឬ ការ​លុបចោល​ដីកា​របស់​ក្រុមប្រឹក្សា ត្រូវ​សម្រេច​ដោយ​ដីកា​របស់​ក្រុមប្រឹក្សា។ នីតិវិធី​នៃ​ការ​រៀបចំ​ ការ​កែប្រែ និង​ការ​លុបចោល​ដីកា​របស់​ក្រុមប្រឹក្សា ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

មាត្រា ៦១.-
ក្រុមប្រឹក្សា ត្រូវ​អនុវត្ត និង​ពង្រឹង​ការ​អនុវត្ត​ដីកា​ទាំងអស់​របស់​ខ្លួន។ ក្នុង​ករណី​ចាំបាច់ ក្រុមប្រឹក្សា​អាច​ពង្រឹង​ការ​អនុវត្ត​ដីកា​របស់​ខ្លួន​តាម​រយៈ ឬ​ ដោយ​មាន​កិច្ច​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌។ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ជួយ​ក្រុមប្រឹក្សា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ដីកា​របស់​ក្រុមប្រឹក្សា នៅ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុមប្រឹក្សា។

ផ្នែក​ទី ៤ អង្គប្រជុំ និង បទបញ្ជា​ផ្ទៃក្នុង​ក្រុមប្រឹក្សា

មាត្រា ៦២.-
អង្គប្រជុំ​ចូលកាន់​តំណែង​របស់​ក្រុមប្រឹក្សា ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​រយៈពេល​មិន​ឱ្យលើស​ពី​ដប់​បួន​(១៤)​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​ ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា។ ក្រសួងមហាផ្ទៃ ត្រូវ​ចាត់តាំង​មន្ត្រី​មួយ​រូប​ឱ្យ ធ្វើជា​អធិបតី​ក្នុង​អង្គប្រជុំ​ចូល​កាន់តំណាង​របស់​ក្រុមប្រឹក្សា។