Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/49

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាតិកាទី ៤

អំពីទម្រង់ នៃកម្មសិទ្ធិ

ជំពូកទី ៩

អំពីកម្មសិទ្ធិអវិភាគ


មាត្រា ១៦៨.-

កម្មសិទ្ធិអវិភាគគឺជាកម្មសិទ្ធិលើទ្រព្យតែមួយ ដែលជារបស់បុគ្គលច្រើននាក់ ។ បុគ្គលទាំងនោះជាកម្មសិទ្ធិករអវិភាគ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមានចំណែករបស់ខ្លួនក្នុងទ្រព្យនោះ ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានឡើយ ។

មាត្រា ១៦៩.-

ភាគបែង នៃកម្មសិទ្ធិអវិភាគចាត់ទុកថាស្មើគ្នា ។ ក្នុងករណី ដែលការបែងចែកទ្រព្យមិនស្មើគ្នាកម្មសិទ្ធិករម្នាក់ៗមានសិទ្ធិ និង បន្ទុកសមាមាត្រទៅនឹងចំណែករបស់ខ្លួន ។ កម្មសិទ្ធិករម្នាក់ៗអាចលក់ចំណែក ឬ ចុះកិច្ចសន្យាផ្សេងៗលើចំណែករបស់ខ្លួនបាន ហើយម្ចាស់បំណុលរបស់គេម្នាក់ៗ អាចរឹបអូសចំណែក នៃទ្រព្យរបស់អ្នកនោះបាន ។

មាត្រា ១៧០.-

កម្មសិទ្ធិករអវិភាគគ្រប់គ្រងរួមលើកម្មសិទ្ធិអវិភាគ លើកលែងតែមានកិច្ចព្រមព្រៀងផ្ទុយពីនេះ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមាននាទីគ្រប់គ្រងជាធម្មតាដូចជាការជួសជុលថែទាំ និង ការដាំដុះ បើកម្មសិទ្ធិករអវិភាគភាគច្រើនមិនបានចាត់ឱ្យធ្វើអ្វីផ្សេងទៀតទេ ។ កិច្ចការសំខាន់ៗដូចជាការប្ដូរដំណាំ និង ការជួសជុលធំៗអាចសម្រេចបាន លុះត្រាតែភាគច្រើន នៃកម្មសិទ្ធិករអវិភាគ ដែលមានចំណែករួមគ្នាលើសពីពាក់កណ្ដាល នៃទ្រព្យនោះបានយល់ព្រម ។

មាត្រា ១៧១.-

កម្មសិទ្ធិករអវិភាគម្នាក់ៗត្រូវយកចិត្តទុកដាក់ថែទាំ និង ការពារប្រយោជន៍រួម ។ កម្មសិទ្ធិករអវិភាគអាស្រ័យផលពីទ្រព្យ និង ប្រើប្រាស់ទ្រព្យក្នុងព្រំដែន ដែលមិនប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករអវិភាគឯទៀត ។


1448