រឿងកុលាបប៉ៃលិន
រឿងកុលាបប៉ៃលិនវគ្គទី១
[edit]គ្រាកាលព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិត ដែលជារថព្រះទីនាំងទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា រស្មីព្រះសុរិយាក៏ជ្រៀងជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះជាខាងខ្នើត ១៥ កើត ខែ កត្ដិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០ ព្រះចន្រ្ទទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺព័ណ៌ប្រាក់ទៅសព្វផែនពសុធា ព្រះចន្រ្ទាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយនៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។
ឯគេហស្ថាននោះ ជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់ ជញ្ជាំងក្ដារ ក្រាលក្ដារ សសរមូល នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ នៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលតួធំៗថាសិរិពង្ស័ ជាផ្ទះខ្មែរបែបបុរាណ ដែលនៅសេសសល់ដល់មកសម័យឥឡូវនេះ ។
ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្រ្ទកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់ផាត់ជាយចូលមកយ៉ាងរំភើយ ។ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះ មានកូនចង្គៀងប្រេងកាត១ ចងភ្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺ ឲ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់ នៅក្បែរខាងបុរសជរានេះ មានក្មេងកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបំរើថែរក្សាជម្ងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រង៉ាត់ ឥតមានរីករាយបន្តិចឡើយ ដ្បិតខំអត់ងងុយទ្រាំជម្ងឺរបស់បុរសជរា ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា៣យប់មកហើយ ។
ឯបុរសដែលមានជម្ងឺជាទម្ងន់ កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ ចឺម ត្រកូល សិរីពង្ស កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក ភ្នែកទាំងគូររបស់គាត់សំឡឹងទៅចំមុខក្មេងកំឡោះម្នាក់ ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ ។ ឯក្មេងកំឡោះនេះឈ្មោះ ចៅចិត្រ ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូល សិរីពង្ស តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗថា៖
* ចិត្រ កូនមាសថ្លៃឪពុក ! យប់យន់ណាស់ហើយ មិនទាន់ទៅដេកទេឬ ? ទៅ កូនទៅដេកទៅ។
តាចឺមតឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់ ។ ចៅចិត្រគ្រវីក្បាលដោយអាការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជំរាបទៅវិញថា៖
* ខ្ញុំបាទមិនទាន់ងងុយទេ លោកឪពុក ! ប្រហែលជាលោកឪពុកមិនទាន់ពីសាថ្នាំយោងកម្លាំងទេដឹង ? លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា សូមឲ្យលោកឪពុកពីសាកុំខាន ។ * ថ្នាំឬ កូន !
តាចឺមនិយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា៖
* ឳ ! កូនអើយ ថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចជួយបន្ធូរបន្ថយជម្ងឺឲ្យបានស្រាកស្រាន្តសោះឡើយ រោគចំពួកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយ រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះ មិនវិសេសជាងទឹកទន្លេទេ កូន !
ចៅចិត្រមិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា៖
* ម៉េចទៅតាថ្ងៃនេះ អាការៈរោគបានធូរស្បើយខ្លះទេ ?
* ឱ ! ពុទ្ធោ ពុទ្ធោ !
តាចឺមលាន់មាត់ឡើង កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះ ហើយគាត់និយាយតទៅទៀតថា៖
* ឱ ! លោកគ្រូអើយ វេលានេះ ភ្នែកខ្ញុំបាទស្រែស្រវាំងងងឹតអស់ហើយ សូមអត់ទោសចុះខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ។
ឯចៅចិត្រកាលបើបានឮសំដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សំឡឹងមើលគ្រូពេទ្យ និយាយអង្វរករសុំឲ្យជួយស្រោចស្រង់សង្រ្គោះបិតាឲ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជម្ងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម ខ្សឹបប្រាប់ជិតត្រចៀកចៅចិត្រថា៖
* ឆ្លងមិនផុតអំពីយប់នេះទេ។
តាចឺមនិយាយមួយៗ ទាំងហត់ដង្ហក់បបូរមាត់សស្លាំង ញ័រចំប្រប់ខំនិយាយទៀតថា៖
* ខ្ញុំបាទគង់មិនមានជីវិតរស់នៅ ទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេ។ ខ្ញុំបាទយល់ថា មិនមែនជាការចំឡែកខុសធម្មតាទេ ព្រោះមរណៈធម៌ជាសភាវៈទៀងទាត់ ដែលមនុស្សសត្វទូទៅត្រូវតែទទួលយកនឹងចៀសវាងឲ្យផុតពុំបានឡើយ ឯវិញ្ញាណនឹងកាយខ្លួនខ្ញុំបាទ ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើតជាអ្វីក៏តាមយថាកម្មចុះ។
ហើយបែរទៅនិយាយផ្ដែផ្ដាំថា៖
* ចិត្រ កូនសំឡាញ់មាសឪពុក ! កាលបើឪពុកអស់បុណ្យទៅហើយជីវិតអ្នកមុខជាសាត់អណ្ដែតឥតបង្គោល ជាបង្អែកដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះ។
ឯចៅចិត្រអួលដើមកនិយាយអ្វីមិនរួចសោះ មានតែទឹកភ្នែកហូរសស្រាក់ឱនមុខជ្រប់ក្រាបចុះជិតជើងឪពុក ។ ចំណែកខាងគ្រូពេទ្យ ក៏ងាកមុខបែរទៅខាងបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបានដែរ ។ តាចឺមនិយាយផ្ដាំទាំងហត់ថា៖
* នែចិត្រ កូនសំឡាញ់ឪពុក ! កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្ដាំឪពុកទុកចុះថា ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោកសំគាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺការតាំងខ្លួនឲ្យបានស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ ការរស់បែបនេះមិនមែននាំឲ្យបានសុខសប្បាយទេ ប៉ុន្តែពេលនេះកូនអើយ ! ឪពុកនឹងប្រាប់អ្នកឲ្យធ្វើដូចម្ដេច ទើបបានសេចក្ដីចំរើននោះពុំបានទេ សុំឲ្យគ្រាន់តែរលឹកដល់ពុទ្ធភាសិតមួយបទថាអត្តា ហិ អត្តនោ នាថោ ខ្លួនត្រូវទីពឹងរបស់ខ្លួន ប៉ុណ្ណេះឲ្យរឿយៗចុះ។
ឯគ្រូពេទ្យនិយាយជ្រែកក្នុងខណៈនោះថា៖
* តាកុំអាលអស់សង្ឃឹមរហ័សពេក រោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់ជាអ្វីទេ នៅមានសង្ឃឹមនឹងសះជាឡើងវិញបាន។
តាចឺមបង្គើនឲ្យគ្រូពេទ្យថា៖
* សះជាឬ ? លោកគ្រូ គ្មានផ្លូវសះជាឡើងវិញជាប្រាកដ មានតែផ្លូវស្លាប់មួយមុខក្នុងព្រឹកស្អែក ឬយប់នេះ ឬ ឥឡូវនេះ ក្នុងពេលណាមួយជាមិនខាន។
តាចឺមឈប់និយាយមួយស្របក់ ហើយចាប់និយាយតទៅទៀតថា៖
* នែ ! ចិត្រកូនសំឡាញ់ឪពុក ឪពុកទីទាល់ក្រណាស់ គ្មានកេរ្តិ៍មត៌កបន្តិចបន្តួចបំរុងទុកឲ្យកូនឡើយ ដល់ឪពុកស្លាប់ទៅមានតែសពនឹងពាក្យបណ្ដាំប៉ុណ្ណេះទុកឲ្យកូន ឯវិញ្ញាណក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្ដីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះ លុះតែកូនប្រតិបត្តិតាមបណ្ដាំរបស់ឪពុកទាំងប៉ុន្មានម៉ាត់នេះ ដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតា មួយទៀត វិជ្ជាដែលឪពុកទុកដាក់ឲ្យកូនខំរៀនសូត្រ ដរាបទាល់តែប្រឡងជាប់សញ្ញាប័ត្រនោះទុកជាមត៌កមានតម្លៃមួយ ឱ ! តាំងពីថ្ងៃនេះទៅហើយ ឪពុកអស់បានជួយទំនុកបំរុងកូនតទៅទៀតហើយ។
ចៅចិត្រ កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ ក៏ស្រក់ទឹកភ្នែកច្រោកៗ ដោយមានចិត្តអាល័យនឹងអាណិតឪពុកជាទីបំផុត ឱនក្បាលទៀបជើងឪពុក ហើយខំនិយាយទាំងខ្សឹកខ្សួលជំរាបឪពុកថា៖
* លោកឪពុក ! បណ្ដាំគ្រប់ៗម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ សូមលោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទមានជីវិតរស់នៅដរាបណា នឹងខំតាំងខ្លួនប្រាណដំកល់ដំកើងវង្សត្រកូលឲ្យបានចំរើនដរាបនោះ។
តអំពីពេលនោះ តាចឺមមានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ក្រវាយទំនងស្លឈាម ហើយទន់ពាប់ទៅរាល់ៗគ្រាមរណសង្រ្គាម កំពុងទន្រ្ទានចូលមកជិតអ្នកជម្ងឺគ្រប់ៗដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ ដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សាវៗជាទំនងសេចក្ដី ថា៖
* ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ បីនាទីនេះហើយ សូមអរព្រះគុណនឹងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួន ខ្ញុំបាទជាអនេក ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង ហើយមិនមានគិតថ្លៃរក្សា និងថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណលោកគ្រូទេ ឱ ! ព្រះគុណអើយ ត្រចៀកខ្ញុំបាទលែងឮហើយ ឱ ! ចិត្រកូន ! ពុទ្ធោ អរហំ ! ។
ចៅចិត្រឱបឪពុកជាប់ ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅ បាន តែបើទុកជាចៅចិត្រខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែមិនសំរេចដូចបំណង ព្រោះ ជាតិ ជរា ព្យាធិ មរណៈ (កើត ចាស់ ឈឺ ស្លាប់ ) ជាមត៌ករបស់សត្វលោក ឥតមានសត្វណាមួយគេចវេះចៀសវាងឲ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូល បរិនិព្វានមិនខាន ។
នៅទីបំផុតនេះ តាចឺមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារមច្ចុរាជ គឺដាច់ខ្យល់ផុតដង្ហើមក្នុងកណ្ដាប់ដៃរបស់ចៅចិត្រជាកូន តាចឺមក៏ទទួលមរណភាព ក្នុងខណៈដែលដួងចន្រ្ទអស្ដង្គបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។
កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅចិត្រដឹងខ្លួនច្បាស់លាស់ថា៖
* ឱ ! ខ្លួនអញអើយ កណ្ដែងកណ្ដោចខ្លោចផ្សាតែម្នាក់ឯង ហើយនឹងងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយអាពុក សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា ចិត្រកូន! កាលបើអស់បុណ្យអំពីឪពុកហើយ ជីវិតរបស់អ្នកដូចសំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ ។
ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃៗតែបែរទៅជាទីតូចចង្អៀត លំបាកពន់ពេក ចំពោះខ្លួនអាត្មាអញដែលកំព្រាម្ដាយឪពុក នឹងបងប្អូនញាតិសាលោហិត នឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណា ក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទាល់ក្រលំបាកដូចជាអាត្មាអញនេះ គេមិនត្រូវការសេពគប់រាប់រកឡើយ ទុកជាសុំការគេធ្វើ ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឲ្យធ្វើបានឡើយ ឱ ! ខ្លួនអាត្មាអញអើយ កើតមកក្នុងលោកនេះលំបាកអ្វីក៏សែនលំបាកប្លែកជាងគេម្ល៉េះ តែថាកើតមកជាអង្គបុរសហើយ មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេ តោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះឲ្យឃើញស ខ្មៅ ទៅចុះ ។
ចៅចិត្រកំពុងតែឈរជញ្ជឹងរំពឹងគិត រកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅចំរៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺរស្មីឆ្លុះទៅសព្វទីបរិវេណ មានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធារាមយ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់ លុះចៅចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗមិនដឹងបើនឹងងាករេបែរមុខទៅពឹង ពាក់អ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពីសាជានិច្ច តែឥឡូវនេះមានតែចៅចិត្រម្នាក់ឯង ចៅចិត្រគិតអាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន ។
ខណៈនោះ ចៅចិត្រក្រឡេកមើលទៅខាងមុខ ស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក ទើបចៅចិត្រក្រោកឡើងស្រែកសួរទៅថា៖
* នរណា នុ៎ះ ? * គ្នាឯងទេ ចៅចិត្រឬអីហ្នឹង ?
បុរសនោះសួរមកវិញ ។
ចៅចិត្រនឹកស្មានថាប្រហែលគ្រូពេទ្យ ទើបស្រែកអញ្ជើញថា៖
* សូមអញ្ជើញលោកគ្រូ ។
គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ ហើយដាក់គូថអង្គុយលើកៅអី តាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ ។
* សុខសប្បាយជាទេឬចៅចិត្រ ?
គ្រូពេទ្យសួរដោយមេត្រីចិត្ត ។
ចៅចិត្រតបថា៖
* ទានប្រោស ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាបំផុត ឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅ វិញ្ញាណខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ ។
គ្រូពេទ្យងក់ក្បាលទំនងជឿតាមសំដីចៅចិត្រ ទើបសួរថែមទៀតថា៖
* ចុះសព្វថ្ងៃនេះ បានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ ?
ចៅចិត្រនិយាយសើចសោះកក្រោះថា៖
* ទាន ប្រាស ! នៅទីនេះ ខ្ញុំបាទរកការធ្វើមិនទាន់បានទេ ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទ ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ តែហាក់ដូចគ្រាន់ប្រើការបានត្រឹមតែមើលសំបុត្រស្នាមបន្តិច បន្តួច មើលឈ្មោះហាងផ្សេងៗនឹងមើលប្រូក្រាមតាមរោងកុន ល្ខោន ប៉ុណ្ណោះ ។
គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា៖
* ខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរ ! ចិត្រ!
ហើយនិយាយទូន្មានថា៖
* ខ្លួនអ្នកជាកូនប្រុស ត្រូវតទល់នឹងវិស័យលោកិយទៅមុខទៀតច្រើនណាស់ បង្អង់ឲ្យខ្ញុំគិតពីរ បី នាទីមើល ក្រែងខ្ញុំគិតរកឧបាយជួយសង្រ្គោះខ្លួនអ្នកឯងបានខ្លះ។
ចៅចិត្រនៅតែស្ងៀម ។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ចេញសំដីថា៖
* នឹកឃើញហើយៗ ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង ។
ចៅចិត្រញញឹមញញែមហើយជំរាបទៅគ្រូពេទ្យថា៖
* ខ្ញុំបានទទួលអត់ធន់សេចក្ដីលំបាកគ្រប់យ៉ាងទាំងអស់ សុំឲ្យមានតែការធ្វើនឹងគេចុះ គ្រាន់នឹងបានចិញ្ចឹមជីវិត កុំឲ្យមានពាក្យគេដំនៀលប៉ុណ្ណោះ ទុកជាជីកដី លីសែង រែកពុនយ៉ាងណាក៏ដោយ ខ្ញុំបាទក៏ស្ម័គ្រធ្វើទាំងអស់។
គ្រូពេទ្យមានទឹកមុខរីករាយ ដោយសេចក្ដីពេញចិត្តហើយថា៖
* ខ្ញុំគិតជានិច្ចថា អ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចំពូកបាន អធ្យាស្រ័យអ្នកឯងគួរសរសើរណាស់ ប៉ុន្តែចៅចិត្រ ! ការដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅក្នុងទីនេះទេ គឺនៅឯស្រុកបប៉ៃលិន ឯណោះ។ * បប៉ៃលិន ឬទានប្រោស !
ចៅចិត្រឆ្លើយផ្ទួនពាក្យ បាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា៖
* ទានប្រោស គេថាស្រុកនោះចាញ់ណាស់ មានតែពួកភូមាកូឡា ទើបនៅទ្រាំរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រទឹកដីអាកាសនៅទីនោះមិនបានទេ ដឹង?
គ្រូពេទ្យទូន្មានថា៖
* អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជម្ងឺគ្រុនចាញ់ ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនពេទ្យមកខ្លះ ក៏ល្មមនឹងការពារខ្លួនបាន មួយវិញទៀតជម្ងឺគ្រុនចាញ់នេះ មិនចំពោះតែជាតិយើងទេ ទុកជាជាតិណាក៏ដោយ ធ្វើទាស់ទំនងហើយ មុខជាឈឺចាប់ដូចគ្នាទាំងអស់។
គ្រូពេទ្យនិយាយទូន្មានចៅចិត្រឲ្យមានះក្លាហានឡើង ហើយពោលតទៅទៀតថា៖
* ឯឪពុកមាខ្ញុំនោះ ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា ហ្លួងរតនសម្បត្តិ វេលានេះអាយុលោកហាសិបប្លាយឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ ពួកកូឡាភូមានៅទីនោះ រាប់អានលោកណាស់ កាលពីពីរ បី អាទិត្យមុននេះ លោកមានសំបុត្រមួយច្បាប់មកដល់ខ្ញុំ សុំឲ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ ដ្បិតការជីកត្បូងនិល គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។
ចៅចិត្រនិយាយថា៖
* ការនេះជាការថ្មោងថ្មី ក្នុងជីវិតរបស់ខ្ញុំបាទ។
គ្រូពេទ្យថា៖
* គ្រាន់បើជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ ? បើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថា អ្នកឯងនឹងធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តគេមិនខាន។
ចៅចិត្រលើកដៃសំពះ ហើយក្រាបចុះដោយសេចក្ដីគោរពចំពោះគ្រូពេទ្យ លោកក៏សរសេរសំបុត្រ១ច្បាប់ឲ្យចៅចិត្រ ហើយលាចុះដើរទៅពីផ្ទះនោះទៅ៕