ពាក្យកាព្យប្រដៅជនប្រុសស្រី
Appearance
១-ខ្ញុំសូមបង្គំព្រះសម្មា | សម្ពុទ្ធណាៗក្នុងត្រៃភព | |
ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ | ខ្ញុំសូមគោរពនមស្ការ ។ | |
ព្រះចមច្រកពិននរិន្ទឫទ្ធិ | ជាម្ចាស់ជីវិតលើសិរសា | |
សូមថ្វាយបង្គំព្រះករុណា | សូមទ្រង់មេត្ដាប្រោសប្រណី ។ | |
ឱនកាយថ្វាយបង្គំប្រណម្យនឹក | សូមក្រើនរំឭករាស្រ្ដប្រុសស្រី | |
ធ្លាប់ជ្រកទីពឹងព្រះបារមី | ឱ្យរៀនបាលីទៅបរលោក ។ | |
សរណគមន៍បីឱ្យប្រតិបត្ដិ | កម្ចាយកម្ចាត់ក្ដីទុក្ខសោក | |
រូបយើងសព្វថ្ងៃថ្លៃមិនថោក | បានមកភពភាន់ទាន់សាសនា ។ | |
៥-ផ្លូវប្រេតនរកទៅញឹកញយ | គួរកុំបណ្ដោយតាមតណ្ហា | |
គួរគិតសង្ខេបឃាត់សង្ខារ | សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់ ។ | |
ជម្ពូទ្វីបនេះធំបំផុត | មួយម៉ឺនយោជន៍គត់ដំណែលព្រះ | |
សត្វស្លាប់តាមកម្មមិនចាំចាស់ | អាយុខ្លីណាស់ក្រាស់កុសល ។ | |
រូបំ អនិច្ចំ អនត្ដា | កើតរូបកាលណាកម្មតាមដល់ | |
តាមដានដរាបបាបឱ្យផល | បាបខ្លះសេសសល់ពីនរក ។ | |
ខ្លះមកអំពីប្រេតតិរិច្ឆាន | ខ្លះមកពីស្ថានសួគ៌សោយសុខ | |
វេរតាមរកបានឃើញមុខ | ចុះមករងទុក្ខទទួលកម្ម ។ | |
អ្នកធ្លាក់ទៅរងនរកប្រេត | ដើមហេតុពីព្រោះដាច់សីល៥ | |
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ | រាប់លានកោដិឆ្នាំទម្រាំរួច ។ | |
១០- មកកើតជាមនុស្សស្ថានកណ្ដាល | មិនរាងមិនចាលដល់តិចតួច | |
ប្រពន្ធកូនគេនៅតែលួច | សត្វធំសត្វតូចរិតសម្លាប់ ។ | |
ស្រារឹតតែផឹកឱ្យស្រវឹង | គុណទោសមិនដឹងប្រឹងចាក់កាប់ | |
ស្រេកឃ្លានបំពានធ្វើលើច្បាប់ | មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ ។ | |
ពិតមែនជាមិនលឺព្រះឱស្ឋ | ព្រះសង្ឃទ្រង់ប្រោសឱ្យសីស៥ | |
ទទួលរំពេចភ្លេចមិនចាំ | ប្រព្រឹត្ដសាងកម្មមិនព្រមលែង ។ | |
កើតមកពូជពង្សពេញជាមនុស្ស | សេចក្ដីត្រូវខុសចាំជាក់ស្ដែង | |
សម្លាប់រូបសត្វឥតគិតក្រែង | បំពេញរូបឯងឱ្យធំធាត់ ។ | |
សម្លាប់មិនថាសត្វឈ្មោលញី | យកសាច់មកស៊ីឱ្យឆ្ងាញ់មាត់ | |
ទទួលសីលភ្លើធ្វើឱ្យភ្លាត់ | លក់សត្វឱ្យព្រាត់មេព្រាត់កូន ។ | |
១៥- ព្រាត់គូកម្សត់វដ្ដសង្សារ | ដូចលក់ជីតាលក់ជីដូន | |
ពុំនោះលក់បងបំបែកប្អូន | ងងឹតឈឹងសូន្យមើលមិនយល់ ។ | |
ខ្លះទៅនរកមិនទាន់មក | ខ្លះឃ្លាតទៅជ្រកពួកអសុរ | |
ជវ័នសង្ខារលប់វិលវល់ | អំពល់តែកើតស្លាប់កើតស្លាប់ ។ | |
កម្មកិតតាមខ្លួនមិនដែលឃ្លាត | គ្រប់ប្រាំរយជាតិមិនដែលឆាប់ | |
សត្វជ្រូកមាន់ទាគេចាក់កាប់ | សម្រាប់គេស៊ីជាអាហារ ។ | |
សត្វគោក្របីដំរីសេះ | គេជិះគេទឹមជាធម្មតា | |
គេកាប់លក់សាច់ផ្ដាច់សង្សារ | រកចិត្ដមេត្ដាករុណាគ្មាន ។ | |
រូបខន្ធរលត់រលាយទៅ | សល់នៅសង្ខារនិងវិញ្ញាណ | |
វេទនាសញ្ញានឹកស្រេកឃ្លាន | សន្និដ្ឋានថាដូចអ្នកមានគុណ ។ | |
២០- សត្វញីសត្វឈ្មោលអន្ទោលទុក្ខ | អាពុកឬម្ដាយពីជាតិមុន | |
ជាតិមកពីរងទោសទុក្ខធ្ងន់ | ក្រែងស៊ុនទៅលើសាច់ញាតិឯង ។ | |
ជ្រូកគោក្របីនៅតូចស្ទាវ | គេក្រៀកវះក្រៀវឃើញស្ដែងៗ | |
បើគិតឱ្យសព្វគ្រប់កន្លែង | ជូនក្រែងជាតិមនុស្សមកជាសត្វ ។ | |
អ្នកពឹងនិងអ្នកធ្វើដៃដល់ | ចៅក្រមអកុសលជំនុំកាត់ | |
បញ្ជីទាំងពីរឈ្មោះមិនបាត់ | គេចាត់ធ្វើទោសទាំងអស់គ្នា ។ | |
មិនមានអ្នកាណាធ្ងន់ណាស្រាល | យម្ភបាលវះក្រៀវគ្រប់វេលា | |
មានលោកយមរាជរាជសភា | ជំនុំគិតគ្នាមើលបញ្ជី ។ | |
បញ្ជូនអ្នកធ្វើចុះនរក | ជំនុំឃុំទុកអ្នកទិញស៊ី | |
ទិញសត្វស្លាប់រស់ទោះឈ្មោលញី | ទាំងពីរចំណែកចំណាំមុខ ។ | |
២៥- អ្នកមួយទិញស៊ីមិនរួចខ្លួន | ត្រឹមឯត្រីអូនយួនដូរលក់ | |
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ | ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ ។ | |
ឃើញច្បាស់ជារស់មិនទាន់ងាប់ | អង្គុយបង្គប់ឱ្យយួនវ៉ៃ | |
រកខ្យល់ច្រឡោតដោតញ័រដៃ | ឃើញក្ស័យស្រាប់ៗមិនទិញយក ។ | |
អានេះបន្ធូរលែងមិនបាន | ត្រូវច្រំធាក់ច្រានឱ្យជ្រុលជ្រក | |
ទម្លាក់ឱ្យជ្រៅរងទុក្ខសោក | លៃលកអ្នកទោសរឿងអ្នកទិញ ។ | |
អ្នកទៅឃើញត្រីនៅបម្រះ | វេទនាចិត្ដណាស់ប្រាសដើរចេញ | |
អ្នកនេះត្រូវលែងឱ្យទៅវិញ | មានសែហ្វលិញគិញក្នុងនរក ។ | |
ឱ្យជូនខ្លាចក្រែងវង្វេងផ្លូវ | ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក | |
បើកក្រាំងសៀវភៅកត់ឈ្មោះទុក | បញ្ជីពីរមុខបាបនិងបុណ្យ ។ | |
៣០- ប្រគល់យមរាជយម្ភុបាល | ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់ | |
អ្នកសាងមគ្គផលស្គាល់ទោសគុណ | ទៅសោយសុខមុនតាមទុនទាន ។ | |
អ្នកសាងធុនទាបភាពអកុសល | មិនចង់បានផលសួគ៌និព្វាន | |
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន | មិនហ៊ានកាន់សីលថាខ្លាចដាច់ ។ | |
មិច្ឆាទិដ្ឋិចូលពេញទី | បញ្ជីសម្រាំងតាំងសម្រេច | |
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ | ព្រោះពោលបង្កាច់ព្រះពុទ្ធដីកា ។ | |
វចីទុច្ចរិតមានគ្រប់យ៉ាង | ទានសីលមិនសាងអាងផឹកស្រា | |
ឮលោកសម្ដែងធម៌ទេសនា | ពិរោះពិស្ដារមិនដឹងស្ដាប់ ។ | |
អស់យើងគួរស្ដាយជាតិកំណើត | សំណាងមកកើតក្នុងភទ្ទកប្ប | |
អគាវិន័យព្រះប្រញប្ដ | ជាឫសគល់ច្បាប់គួររក្សា ។ | |
នេះចប់ចំណែកខាងបាសក | កុំធ្វើអាក្រក់រាល់រូបបា | |
រំពឹងក្រែងចូលព្រះសិអារ្យ | នមស្ការគោរពរំឭកគុណ ។ | |
ព្រះចមច្រកពង្សមុនីនាថ | កំពូលផុតជាតិជាងមហាជន | |
ទ្រង់សោយសម្បត្ដិសម្បើមបុណ្យ | សម្បូណ៌លើសលន់លុបលោកា ។ | |
៣៥- លោកីយ៍ដឹងហើយគួរកោតខ្លាច | ទ្រង់មានអំណាចព្រះចេស្ដា | |
គួរស្ដាប់ព្រះរាជឱង្ការ | បន្ទូលត្រួតត្រាគួរត្រងត្រាប់ ។ | |
ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ | ប្រមាណសែនអង្គក្នុងភទ្ទកប្ប | |
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ | ឈ្មោះច្បាប់បាដិមោក្ខសំវរសីល ។ | |
ចែកចេញជាកងសិក្ខាបទ | កំណត់ពីររយម្ភៃប្រាំពីរ | |
មិនឱ្យមានមោះហ្មងមន្ទិល | អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់ ។ | |
បាណាអទិន្នាជាបឋម | ជាតិរូបទៀតផ្សំត្រូវជាដប់ | |
លោកសង្ឃឥឡូវកាន់មិនសព្វ | កាន់ក្នុងបន្ទប់លាយបន្លំ ។ | |
បន្លិចលុយកាក់សម្ងាត់ | ទោសត្រូវអាបត្ដិលាក់សម្ងំ | |
បាសកផ្ញើទានគ្មានអារម្មណ៍ | សន្សំតែទ្រពក្ដៅក្រហាយ ។ | |
៤០- ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ | មិនមានធម្មយុត្ដិមហានិកាយ | |
បើចេះខ្លាចក្រែងមិនក្លែងក្លាយ | សមសុខសប្បាយមិនទាស់គ្នា ។ | |
លោកសង្ឃគ្រប់វត្ដមានធំតូច | សង្ឃខ្លះខិលខូចសង្ឃខ្លះជា | |
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍ | មានពាក្យនិន្ទាតែរាល់វត្ដ ។ | |
បាដិមោក្ខពីររយម្ភៃប្រាំពីរ | អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់ | |
កងបាចិត្ដិយនិងទុក្កដ | ចូលមាត់ចូលកមិនដឹងខ្លួន ។ | |
កងបាចិត្ដិយកៅសិបពីរ | និស្សគ្គិយ៍សាមសិបបារាជិកបួន | |
បើចេះហើយចាំឱ្យមាំមួន | ល្អបរិសុទ្ធសួនមិនសាយសុស ។ | |
ប៉ុន្ដែសិក្ខាមិនសូវចាំ | ចំណាំត្រង់ណេះចោលត្រង់ណោះ | |
ត្រង់ណាដែលដឹងជាខ្លួនខុស | ហ៊ានឈ្លោះពីព្រោះគេមិនដឹង ។ | |
៤៥- សង្ឃាទិសេសប្រហែសបាន | ដប់បីសន្ដានប្រមាណថ្លឹង | |
បើធ្លប់សង្រួមឱ្យយ៉ាងតឹង | មិនអរមិនខឹងមិនខាតខុស ។ | |
ឥន្រ្ទីយ៍ប្រាំមួយនាំឱ្យភ្លាត់ | បាចិត្ដយ៍ទុក្កដលាយចម្រុះ | |
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ | ភ្នែកមើលណេះណោះឃើញសុសសាយ ។ | |
សោតិន្ទ្រីយោសូរតិចខ្លាំង | ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ | |
ជីវ្ហិន្រ្ទីយាពោលនាយអាយ | សើចលេងសប្បាយចំអន់គ្នា ។ | |
បរិស័ទអាបត្ដិទុក្កដញឹក | បារាជិកច្រើនណាស់តែឧបជ្ឈាយ៍ | |
ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ | ត្រូវទោសអទិន្នាគរុភណ្ឌ ។ | |
ទ្រព្យសង្ឃជាដើមគឺចំណាំ | អវហារម្ភៃប្រាំចាំគ្នេរគ្នាន់ | |
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ | អវហាប្រាំជាន់បារាជិក ។ | |
៥០- ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក | កិបទុកមិនចែកឱ្យលោកភិក្ខុ | |
គ្រឿងយាវជីវិតកាលិក | ទុកខួបល្ងាចព្រឹកម៉ៅតែឯង ។ | |
ម្យ៉ាងទ្រព្យគេហែចូលវិហារ | បាសកបូជាដល់គម្ដែង | |
គេវេរបាលីមានខ្លីវែង | គេតែងនឹងថាសង្ឃស្ស ។ | |
ប្រកាសប្រគេនជំនុំសង្ឃ | ចំពោះគ្រប់អង្គថាទេមៈ | |
លោកសង្ឃសាធុគ្មានសល់ម្នាក់ | សង្ឃរាជទុកដាក់មិនចែកចាយ ។ | |
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ | អវហារម្ភៃប្រាំបែបបរិយាយ | |
នេះសុទ្ធតែសីលផ្លូវអន្ដរាយ | លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ ។ | |
ពីព្រោះឥន្រ្ទីយ៍ទាំង៦ | លោកណាមិនព្រួយមិនប្រុងគិត | |
លោភោមោហោបាំងងឹត | សិស្សមានគំនិតមិនហ៊ានថា ។ | |
៥៥- សូមទានសន្ដោសសម្ដែងច្បាប់ | ព្រះសង្ឃកុំចាប់ចងទោសា | |
ខ្លួនខ្ញុំសូមសុំបវារណា | ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ ។ | |
ខ្ញុំមិនមានពោលពាក្យបង្កាច់ | ខ្លាចសីលលោកដាច់ខ្ញុំតម្រង់ | |
តម្រូវតែតាមច្បាប់ព្រះអង្គ | ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា ។ | |
កាលអង្គសម្ដេចព្រះចមភព | បន្ទូលប្រារព្ធគ្រប់ប្រការ | |
ប្រកាសប្រាកដបទសិក្ខា | ប្រញប្ដប្ដេជ្ញាមហាបរិស័ទ ។ | |
ភិក្ខុភិក្ខុនីអស់អរហន្ដ | អានន្ទមិនទាន់បានអរហត្ដ | |
ព្រះធម៌វិន័យកុំឱ្យបាត់ | ប្រយត្នឱ្យគង់ប្រយោជន៍យូរ ។ | |
ក្រោយនោះព្រះអង្គចូលនិព្វាន | អរហន្ដហោះធ្យានមានជាគ្រូ | |
មិនមានអ្នកណាដាក់ទូ | ទេសនាបង្ហូរពីព្រះឱស្ឋ ។ | |
៦០- ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ | ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស | |
សម្ដែងធម៌អាថិមេត្ដាប្រោស | បាបបុណ្យគុណទោសនិងសីលទាន ។ | |
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ | អហន្ដអរហត្ដចូលនិព្វាន | |
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ | មិនមានអ្នកណាតែងទុក ។ | |
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ | ស្រេចលើអានន្ទចាំទំនុក | |
ដំណែលព្រះអង្គដឹងគ្រប់មុខ | ជង្រុកធម៌អាថិមហាអានន្ទ ។ | |
ជាព្រះអនុជអាណិតសត្វ | ក្រែងបាត់បិដកមិនគ្រប់គ្រាន់ | |
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ | គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ ។ | |
ចេះចប់អភិធម្មចាំរហូត | វិន័យព្រះសូត្រ ៥ប្រការ | |
ប្រកាសអស់អង្គអរហន្ដា | បិដកឯណាជាឫសគល់ ។ | |
៦៥- បមត្ថព្រះសូត្រអានន្ទចាំ | វិន័យទាំង៥ឧបាលីយល់ | |
អរហន្ដទាំងអស់កើតរវល់ | អំពល់អីពីរឿងធម៌អាថិ ។ | |
ព្រះបាទអជាតៈសត្រូវ | ជួយគិតតម្រូវព្រះសាសនា | |
សម្មតិឱ្យឈ្មោះហៅក្សត្រា | ព្រោះព្រះមហាក្សត្រីយចូលគំនិត ។ | |
និយាយឱ្យដឹងដើមកំណើត | កកើតអក្ខរាចារស្លឹករឹត | |
បកប្រែបាលីសេចក្ដីពិត | ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា ។ | |
ទសជាតក៍ទាំង១០មានគ្រប់វត្ដ | ប្រែត្រូវប្រាកដព្រះគាថា | |
ព្រះធម៌សូត្រមន្ដឬសូត្រដារ | អ្នករៀនអក្ខរាពីរចំណែក ។ | |
ចំណេះចំណាំចាំដោយខ្លួន | ខ្លះរៀនមានក្បួនចាស់ចារចែក | |
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក | កើតឈ្លោះប្រកែកប្រកួតខឹង ។ | |
៧០- ប្រកាន់តែខាងខុសរហូត | មិនរៀនមេសូត្រឱ្យចេះដឹង | |
អាងចេះតែ ក កា ប៉ុណ្ណឹង | ខំប្រឹងចំអើតអួតខ្លួនត្រូវ ។ | |
ក្ដៅណាស់ពីរឿងយោជាយ៉ោ | ដំឡើងភ្នែកស្លោមុខក្រញូវ | |
ថាធ្លាប់យោនាពីខ្មោចឪ | ឥឡូវយ៉ោណាមិនសុខចិត្ដ ។ | |
អ្នកម្ខាងអាងស្រះតួប្រាំបី | ឱ្យដឹងបាលីជាកម្រិត | |
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត | ព្រោះត្បិតឱ្យត្រឹមត្រូវមាត្រា ។ | |
អ្នកបួសគ្រប់វត្ដគ្រប់នគរ | ស ដាក់ជើង ល រាប់ស្លស្លា | |
បើ ស ជើង ម រាប់ ស្មស្មា | អ្នកមានប្រាជ្ញាល្មមស្ដាប់បាន ។ | |
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង | បើខឹងខ្ញុំឃាត់ថាឱ្យខាន | |
ខ ដាក់ជើង ម ពីបូរាណ | ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា ។ | |
៧៥- ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង | គួរខ្មាសបារាំងអ្នករាជការ | |
ដើមហេតុអំពីព្រះករុណា | ឱ្យសាងសាលាប្រែបាលី ។ | |
ទ្រង់ចាំទំនៀមពីបូរាណ | ហើយបានជំនុំព្រមកុង្សីយ៍ | |
បំណាច់ធ្វើស្ដេចគ្រងផែនដី | ទិសទាំងប្រាំបីរំពៃគ្រប់ ។ | |
ព្រះកាយពលមិនរវល់រែក | ព្រះទ័យរំលែកទាំងថ្ងៃយប់ | |
ចូលទែនបន្ទំទីបន្ទប់ | បន្ទូលមិនឈប់រាល់វេលា ។ | |
មេត្ដាប្រោសប្រាណអ្នកមានសក្ដិ | ប្រទានលុយកាក់គ្រប់ភ្នាក់ងារ | |
ទ្រង់ត្រួតស្រ្ដីស្នំស្រឹង្គារ | ក្រែងគ្រុនរងារមិនបានសុខ ។ | |
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ | សោយរាជសម្បត្ដិសម្បើមស្ដុក | |
ព្រះកាយប្រកបគង់ស្រណុក | ព្រះទ័យវិតក្កជាធម្មតា ។ | |
៨០- មួយព្រួយនឹងឱបព្រះនគរ | ពីរព្រួយនឹងពព្រះសាសនា | |
បីត្រួសលោកសង្ឃកាន់សិក្ខា | សង្រួមកិរិយាមិនបរិសុទ្ធ ។ | |
នឿយណាស់ព្រះនេត្រព្រះកាណ៌ា | ព្រះឱស្ឋត្រួតត្រាច្រើនបំផុត | |
ដាស់តឿនបំភ័យពួកកុលបុត្រ | ឱ្យប្រុងលំអុតសង្រួមកាយ ។ | |
បានចេញប្រកាសដាក់ប្រាកដ | ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ | |
លោកសង្ឃមិនត្រូវស្រើបសប្បាយ | អស់ល្បែងទាំងលាយគ្រប់ចំពូក ។ | |
មិនត្រូវចំពោះស្ដាប់តន្រ្ដី | កុំបីមើលរាំវានាំភ្លូក | |
កុំដើរភ្លើៗមើលអុំទូក | អ្នកបួសធ្វើលោកមិនត្រូវការ ។ | |
បើមានត្រូវកិច្ចដើរយប់ថ្ងៃ | សង្ឃបងនិស្ស័យចាស់វស្សា | |
កុំដើរទឹមស្មាទៅណាៗ | អ្នកចេះសិក្ខាគេទាស់ភ្នែក ។ | |
៨៥- លោកនេនកុំសុំលុយចិនចាយ | បិណ្ឌបាតតែបាយម្នាក់១វែក | |
គ្រឿងម្ហូបចំណីបាសកចែក | កុំស្ពាយពុនរែកវាថោកឫក ។ | |
របស់បាសកគេប្រគេន | ប្រគល់លោកនេនបានលោកភិក្ខុ៍ | |
ចិញ្ចឹមជីវិតនិងបាយទឹក | បិណ្ឌបាតតែព្រឹកយប់សូត្ររៀន ។ | |
លោកណាត្រឹមត្រូវមិនសូវខុស | ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន | |
លោកណាមិនចេះកុំវេះវៀន | ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់ ។ | |
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ | វិន័យស្ថិតលើស្ដេចមហាចក្រ | |
ព្រះមហាចមពង្សទ្រង់ចំពាក់ | ចំពោះធុរៈនឹងសាសនា ។ | |
ពីត្រឹមនោះរៀងដរាបមក | ដល់ស្រុកគោកធ្លកមានសាវតារ | |
ប៉ុន្មានរាជ្យហើយមិនដឹងថា | ដល់មកករុណាយើងសព្វថ្ងៃ ។ | |
៩០- ហេតុនេះលោកសង្ឃប្រុងពិនិត្យ | សៀភៅស្លឹករឹតមានរាល់ដៃ | |
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ | បើនៅសង្ស័យឱ្យសិក្សា ។ | |
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ | ឈ្មោះច្បាប់គន្លងព្រះពុទ្ធដីកា | |
បង្គំថ្វាយដល់ព្រះករុណា | សូមទ្រង់មេត្ដាជ្រាបព្រះទ័យ ។ | |
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង | ពុំត្រូវទំនងក្រិត្យវិន័យ | |
សូមទានសន្ដោសអត់ទោសពៃ | ក្រួញក្រាបសិរសីក្រោមព្រះបាទ ។ | |
ព្រះសង្ឃទាំងអស់ទោះតូចធំ | អភ័យទោសខ្ញុំសូមអនុញ្ញាត | |
ពាក្យខ្ញុំមិនមានពោលប្រមាថ | សង្ឃជាល្អស្អាតខ្ញុំមិនថា ។ | |
ខ្ញុំពោលតែលោកធ្វើអាក្រក់ | បើខ្ញុំកុហកខូចមុសា | |
ហេតុនោះខ្ញុំសូមបវារណា | និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ ។ | |
៩៥- ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ | ឱ្យស្វែងតម្រង់រៀនតម្រិះ | |
ឱ្យមើលតម្រាប់លោកអ្នកចេះ | កុំដេកតែអេះតិះដៀលគ្នា ។ | |
អ្នកម្ដាយឪពុកឱ្យឈ្មោះអ៊ូ | ពូជពង្សអម្បូរខ្មែរអ្នកជា | |
អាពុកឈ្មោះ អ៊ុក មានសក្ដិងារ | ចៅពញាធម្មធារាធ្វើមេស្រុក ។ | |
ក្នុងខែត្រភ្នំពេញឃុំកំបូល | ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក | |
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក | គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។ | |
អ្នកម្តាយអាពុកបងប្អូនជិត | ជីទួតមួយពិតពូជចិត្តល្អ | |
ដូនតាផ្សំផ្គុំជាតំណ | បង្កកើតខ្ញុំទូលបង្គំ ។ | |
បង្កើតពីដើមគំនិត | ភ័យភិតខ្លាចបាបចង់បានបុណ្យ | |
បានបែកចែងច្បាប់ប្រាប់មហាជន | បួនច្បាប់ពីមុនជូនរាជការ ។ | |
១០០- បោះពុម្ពសៀវភៅចែកសព្វសាយ | បណ្ណាល័យចាត់ថ្វាយព្រះករុណា | |
មិនបានថ្វាយផ្ទាល់ដល់ហត្ថា | សូមទ្រង់មេត្ដាប្រោសប្រណី ។ | |
ឱនកាយប្រណម្យសូមអនុញ្ញាត | ក្រាបក្រោមព្រះបាទព្រះបារមី | |
ចែងច្បាប់បរមត្ថអត្ថបាលី | សេចក្ដីចែងចប់ម៉្លេះហើយហោង ។៚ |
This work is in the public domain in countries where the copyright term is the author's life plus 70 years or less. See Copyright.
| |