ច្បាប់ស្ដីពី អាពាហ៍ពិពាហ៍ និងគ្រួសារ
រដ្ឋកម្ពុជា | ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល |
ក្រុមប្រឹក្សារដ្ឋ/ លេខ៖ ៥៦ក្រ | |
---|---|
ក្រឹត្យ | |
ក្រុមប្រឹក្សារដ្ឋ | |
នៃ | |
រដ្ឋកម្ពុជា |
- -បានឃើញ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា
- -បានឃើញ ច្បាប់ស្ដីពីការរៀបចំរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបានប្រកាសអោយប្រើតាមក្រឹត្យលេខ ០៤ក្រ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨២
សំេរច
ប្រកាសអោយប្រើច្បាប់ ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដែលរដ្ឋសភានៃរដ្ឋកម្ពុជា បានអនុម័តកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើកទី១៧ នីតិកាលទី១។
ធ្វើនៅភ្នំពេញ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៨៩
ជ. ក្រុមប្រឹក្សារដ្ឋ ប្រធាន ហត្ថលេខានិងត្រា ៈ ហេង សំរិន
ជំពូកទី១៖ បទបញ្ញត្តិទូទៅ
[edit]មាត្រា១ : ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨ នៃ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោលដៅដាក់បទបញ្ជា និងការពារការរៀបអាពាហ៍ពិពាហ៍ និងក្នុងជីវភាពគ្រួសារ ធានាសមភាពរវាងសហព័ទ្ធក្នុងអាពាហ៍ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែរក្សាកូន និងជំរុញការបណ្ដុះបណ្ដាលសីលធម៌ និងការអប់រំកូន ដើម្បីអោយទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិស្រលាញ់ការងារ មានសម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម។
មាត្រា២ : ហាមឃាត់ដាច់ខាតនូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ដែល បង្ខិតបង្ខំ អំពើដែលមានឧបស័គ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍។
ជំពូកទី ២៖ អំពីអាពាហ៍ពិពាហ៍
[edit]ផ្នែកទី ១៖ អំពីល័ក្ខខ័ណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍
[edit]មាត្រា៣ : អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដ៏ឧឡារិកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ដែលប្ដេជ្ញាថាខ្លួននិងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិពាហ៍នឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍ នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។
មាត្រា៤ : បុរសនិងនារីដែលមានអាយុពេញលក្ខណៈច្បាប់ មានសិទ្ធិពេញលេញក្នុងការសំរេចអាពាហ៍ពិពាហ៍។ ភាគីម្ខាងមិនអាចបង្ខំឆន្ទៈរបស់ភាគីម្ខាងទៀតបានឡើយ។ គ្មាននរណាមួយ អាចបង្ខំបុគ្គលម្នាក់ឱ្យរៀប ឬរារាំងមិនឱ្យរៀបអាពាហ៍ពិពាហ៍បានឡើយ បើអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។
មាត្រា៥ : អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរសដែលមានអាយុមិនទាន់ដល់២០ឆ្នាំនិងនារីដែល មានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្ដាយ ឬ អ្នកអាណាព្យាបាល។
មាត្រា៦ : មិនអាចរៀបអាពាហ៍ពិពាហ៍បាន : - បុគ្គលមានភេទដូចគ្នា - បុគ្គលគ្មានពលានុភាពនៃលិង្គ - បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ - ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
មាត្រា៧ : អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំណងញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំនងនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ឬសាច់ចិញ្ចឹមក្ដី។
មាត្រា៨ : អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមឪពុកម្ដាយក្ដី ជាញាតិលោហិតក្ដី ឬជាញាតិពន្ធក្ដី រហូតដល់ថ្នាក់ទី៣ រាប់ទាំងថ្នាក់ទី៣នេះផង។ ក្នុងករណីពិសេស ប្រសិនបើសហព័ន្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខាញាតិប្រពន្ធថ្នាក់ទី២ ឬថ្នាក់ទី៣បាន
មាត្រា៩ : ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ ឬលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន៣០០ថ្ងៃ គិតពីថ្ងៃដែលប្ដីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រមដែលសំរេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ ឬពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ។ ក្នុងករណី ដែលតុលាការប្រជាជនបានចេញដីកាសំរេចអោយប្ដីប្រពន្ធនៅបែកគ្នា នោះសាលក្រមនៃការលែងលះត្រូវគិតវិធវភាព តាំងពីថ្ងៃដែលចេញដីកានេះ។ ប៉ុន្តែ បើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល៣០០ថ្ងៃ ប្ដីដែលរៀបអាពាហ៍ពិពាហ៍ថ្មីនេះ ត្រូវចាត់ទុកជាឪពុករបស់កូន ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះ លើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។
មាត្រា១០ : ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់ខ្លួននោះមក ដោយគ្មានដំណឹងអ្វីសោះ ហើយក៏គ្មាននរណាដឹងថាជននោះស្លាប់ឬរស់ សហព័ទ្ធម្នាក់ទៀតអាចនឹងរៀបអាពាហ៍ពិពាហ៍ទៀតបាន បើផុតរយៈពេល១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែលបញ្ជាក់ថា ជននោះបានបាត់ខ្លួនពិតមែន។ ជនណាក៏ដោយ មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះបីសហព័ន្ធដែលបាត់ខ្លួននោះត្រលប់មកវិញក៏ដោយ។
មាត្រា១១ : មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ ខាងលំនៅរបស់នារី ដោយមានឪពុក ឬម្ដាយ ឬអ្នកអាណាព្យាបាលចូលរួមផងក៏បាន។
មាត្រា១២ : ប្រធានឬ សមាជិកនៃគណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ ក្នុងឋានៈជាមន្ត្រីអត្រានុកូលដ្ឋាន ត្រូវប្រកាសផ្សាយជាសាធារណៈនូវអាពាហ៍ពិពាហ៍នោះ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី និងនៅទីស្នាក់ការឃុំ ឬសង្កាត់របស់ខ្លួន។ ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមកមន្ត្រីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ខាងបុរស ដើម្បីយកទៅបិទលំនៅរបស់បុរសនិងទីស្នាក់ការឃុំ ឬសង្កាត់របស់ខ្លួន។ ប័ណ្ណប្រកាសត្រូវចុះ : ១_ ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ ២_ ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើឪពុកឬម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង” ។ ៣_ រយៈពេលប្ដឹងជំទាស់
មាត្រា១៣ : ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃដើម្បីឱ្យដែលមានប្រយោជន៍ ក្នុងរឿងនេះដឹងឭ ហើយអាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ព្រមស្របនិងអាពាហ៍ពិពាហ៍នោះ។ ផុតរយៈពេល១០ថ្ងៃពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹង ជំទាស់។
មាត្រាទី១៤ : អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាម តាមលក្ខណៈច្បាប់បាន លុះត្រាតែបុរសនិងនារីដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យា អាពាហ៍ពិពាហ៍ ហើយត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ និងសាក្សីគ្រប់អាយុការពីនាក់។
ផ្នែកទី ២៖ អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍
[edit]មាត្រា១៥ : ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារណៈ ញាតិក្ដី ជនដែលមាន ប្រយោជន៍ក្នុងរឿងនេះក្ដី អាចនឹងប្ដឹងជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍បាន។
មាត្រា១៦ : បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់ ចុះហត្ថលេខាលើ ពាក្យរបស់ខ្លួនដោយផ្ទាល់ដៃខ្លួនឯង។ បណ្ដឹងនេះត្រូវចង្អុលពីមូលហេតុនៃការប្ដឹងទាស់។ មូលហេតុដែលអាចយកមកប្ដឹងជំទាស់បាននោះគឺអសមត្ថភាពរបស់បុរស ឬនារី ឬមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦ មាត្រា៧ និងមាត្រា៨នៃច្បាប់នេះ។
មាត្រា១៧ : បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ ឬតំនាង របស់ខ្លួនយកទៅជូនគណៈកម្មការ ប្រជាជនឃុំ ឬសង្កាត់ ខាងលំនៅអនាគតប្រពន្ធ។ គណៈកម្មាធិការនេះត្រូវសំរេចក្នុងរយៈពេលបីថ្ងៃទទួលបណ្ដឹងទាស់។ បើអ្នកប្ដឹងជំទាស់ ឬ អនាគតប្ដីប្រពន្ធ មិនសុខចិត្តនឹងសេចក្ដីសំរេចនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ ត្រូវបញ្ជូនសំនុំរឿងទៅតុលាការប្រជាជនក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្ដឹងទាស់ដើម្បីសំរេច។
មាត្រា១៨ : តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរគិត ពីថ្ងៃបានទទួលសំនុំរឿង។ សាលក្រមរបស់តុលាការប្រជាជន មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។
មាត្រា១៩ : បើតុលាការប្រជាជនបដិសេធបណ្ដឹងទាស់ចោលអនាគតប្ដីប្រពន្ធ អាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការប្រជាជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។
មាត្រា២០ : នៅពេលដែលដឹងថា បុរសឬនារី ជាអសមត្ថជន ឬមានប្រការណាមួយដែលច្បាប់ ហាមឃាត់ ដូចមានចែងក្នុងមាត្រា១៦ មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិ ជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍ ដោយធ្វើរបាយការណ៍ពីបណ្ដឹងទាស់នេះជូនទៅតុលាការប្រជាជនក្នុងរយៈ ពេល២ថ្ងៃយ៉ាងយូរដើម្បីសំរេច។ តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង១០ខាងលើ។
ផ្នែកទី ៣៖ អំពីមោឃភាពនៃអាពាហ៍ពិពាហ៍
[edit]មាត្រា២១ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេល ដែលសហព័ទ្ធណាម្នាក់ឆ្កួត ឬមិនដឹងខុសត្រូវ។ តែបើសហព័ទ្ធនោះបានជាស្រួលឡើងវិញ ហើយហេតុដែលនាំឱ្យទុកជាមោឃៈនោះ ត្រូវរលាយទៅវិញដែរ។
មាត្រា២២ : អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង ២០ឆ្នាំ ឬនារីអាយុតិចជាង ១៨ ឆ្នាំ ត្រូវទុកជាមោឃៈ។ អាពាហ៍ពិពាហ៍ដែលទុកជាមោឃៈ និងលែងមោឃៈទៅវិញ កាលបើប្ដី ឬប្រពន្ធនោះចំរើនវ័យដល់អាយុតាមបញ្ញត្តិច្បាប់ ឬ ក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។
មាត្រា២៣ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ កាលបើសហព័ទ្ធណាម្នាក់ប្ដឹងថា ខ្លួនត្រូវគេចាប់ បង្ខំអោយរៀបអាពាហ៍ពិពាហ៍។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយៈ៦ខែ គិតពីថ្ងៃដែលគេលែងបង្ខំនោះមក។
មាត្រា២៤ : អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ បើចំនងអាពាហ៍ពិពាហ៍មុនរបស់សហព័ទ្ធណាម្នាក់មិនទាន់រលាយ។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអាពាហ៍ពិពាហ៍មុនត្រូវ បានរំលាយ។
មាត្រា២៥ : អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬ ញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ ត្រូវទុកជាមោឃៈលើកលែងតែករណីដែលមានចែងក្នុងមាត្រា៨ វាក្យខ័ណ្ឌទី២។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញាយុកាលឡើយ។
មាត្រា២៦ : មានតែសហព័ទ្ធ រដ្ឋអាជ្ញា និង ជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំមោឃភាព នៃអាពាហ៍ពិពាហ៍ទេ ទើបអាចដាក់ពាក្យប្ដឹងសុំមោឃភាព នៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបាន។ បើជនដែលបានដាក់ពាក្យប្ដឹងនោះស្លាប់ សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។
មាត្រា២៧ : កូនកើតពីអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈ ត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំអោយមានមោឃភាពនោះ យ៉ាងណាក៏ដោយ។ សិទ្ធិ និង កាតព្វកិច្ចរបស់ឪពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណីនៃឪពុកម្ដាយលែងលះគ្នា។ ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោឃៈត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ។
មាត្រា២៨ : តុលាការប្រជាជន ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាព អាពាហ៍ពិពាហ៍ ចុះនៅរឹមទំព័រ នៃសំបុត្រអាពាហ៍ពិពាហ៍ ដែលត្រូវទុកជាមោឃៈ។
ផ្នែកទី ៤៖ សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ
[edit]មាត្រា២៩ : ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សនៈ។
មាត្រា៣០ : ប្ដី ប្រពន្ធ មានករណីយកិច្ចស្រឡាញ់គ្នាទៅវិញទៅមក ថែរក្សាគ្នា និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព ព្រមទាំងសាងគ្រួសារមួយមានសាមគ្គីភាព និងប្រកបដោយសុភមង្គល។
មាត្រា៣១ : ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈរបស់ខ្លួន មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរី ក្នុងសកម្មភាពនយោបាយ វប្បធម៌ និង សង្គម។
មាត្រា៣២ : ប្រពន្ធ និង ប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម។ សហព័ទ្ធម្នាក់ៗ មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យផ្ទាល់របស់ខ្លួន។
មាត្រា៣៣ : ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា ឬសហព័ទ្ធណាម្នាក់រកបានក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍។
មាត្រា៣៤ : ត្រូវចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ : ១_ ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។ ២_ ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយ ជាមរតកឬជាអច្ច័យទានក្នុងរយៈពេលមានចំនងអាពាហ៍ពិពាហ៍។
មាត្រា៣៥ : ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម : ១_ ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និង បណ្ដុះបណ្ដាលកូន។ ២_ បំណុល និងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីបានព្រមព្រៀងគ្នាសំរេច ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ ដោយមានការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។ ៣_ ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម។
មាត្រា៣៦ : សហព័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈ ដែលជាទ្រព្យសម្បត្តិរួម តាមការតំរូវនៃសំភារៈនោះ។ សហព័ទ្ធទាំងពីរនាក់ ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។ សហព័ទ្ធម្នាក់អាចទាមទារអោយសហព័ទ្ធម្នាក់ទៀតយល់ព្រមលើវិធានការ ចាំបាច់ ដើម្បីថែទាំទ្រព្យសម្បត្តិរួម ឬរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។
មាត្រា៣៧ : ទ្រព្យសម្បត្តិរួមអាចលក់ដូរ ឬធ្វើអំណោយបានលុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។
ជំពូកទី ៣៖ អំពីការលែងលះគ្នា
[edit]=== ផ្នែកទី ១ អំពីមូលហេតុនៃការលែងលះគ្នា ===
មាត្រា៣៨ : ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការ ពេញច្បាប់ ក្នុងពេលរស់នៅទាំងពីរនាក់។
មាត្រា៣៩ : ប្ដី ឬ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់ បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន។ មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ :
- ១_ ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវហើយឥតមានផ្គត់ផ្គង់ស្បៀងអាហារ និង ទំនុកបំរុងកូនសោះ។
- ២_ វាយដំឃោរឃៅ ធ្វើទុក្ខបុកម្នេញ ប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ ឬចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
- ៣_ មានចរិយាផ្ទុយពីសីលធម៌ ឬប្រព្រឹត្តអនាចារ
- ៤_ អពលានុភាពនៃលិង្គ
- ៥_ បែកគ្នាអស់រយៈពេលជាង១ឆ្នាំ
មាត្រា៤០ : ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។
ផ្នែកទី ២៖ អំពីនីតិវិធីនៃការលែងលះគ្នា
[edit]មាត្រា៤១ : ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាងលំនៅរបស់ចុងចំលើយ។
មាត្រា៤២ : បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយលែងលះគ្នា។ បណ្ដឹងនោះត្រូវដើមចោទយកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ ក៏បាន ឬជូនគណៈប្រជាជនឃុំ ឬសង្កាត់ ខាងលំនៅរបស់ចុងចំលើយ ដោយខ្លួនឯងផ្ទាល់ក៏បាន។ ក្នុងករណីខាងក្រោមនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ ត្រូវធ្វើការផ្សះផ្សាក្នុងរយៈ១៥ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅតុលាការប្រជាជនខេត្ត ក្រុង។
មាត្រា៤៣ : តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះ ឱ្យឈប់ប្ដឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថា ពាក្យសុំលែងលះគ្នានេះមានអាងហេតុធ្ងន់ធ្ងរណាស់។
មាត្រា៤៤ : ក្រោយពីពេលបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការប្រជាជនខេត្ត ក្រុង អាចចាត់វិធានការបណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ ការអោយថែរក្សាកូន ថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារកិច្ច។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។
មាត្រា៤៥ : ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដីប្រពន្ធអោយចូលមកកាន់តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា។ ក្នុងករណីនេះមេធាវីមិនត្រូវចូលរួមស្ដាប់ទេ។ មាត្រា៤៦ : ប្រសិនបើផ្សះផ្សាចំពោះមុខដើមចោទ និងចុងចំលើយ ហើយនៅតែពុំបានសំរេចតុលាការប្រជាជនខេត្ត ក្រុងអាចធ្វើការផ្សះផ្សាជាលើកទី២បាន។
មាត្រា៤៧ : ប្រសិនបើនៅពេលផ្សះផ្សារលើកទី១ ដើមចោទឬចុងចម្លើយ ដែលទទួលបានដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិនមកបង្ហាញខ្លួនតាមការអញ្ជើញនោះ តុលាការប្រជាជនខេត្តក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះ ជាលើកទី២ ដើម្បីធ្វើការផ្សះផ្សា។
មាត្រា៤៨ : ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការប្រជាជនខេត្តក្រុងទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុច្បាស់នោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។
មាត្រា៤៩ : ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយនៅតែមិនព្រមចូលខ្លួនមកកាន់តុលាការប្រជាជនខេត្តក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា មិនព្រមសះជានឹងគ្នា។
មាត្រា៥០ : ប្រសិនបើមានអ្នកដែលមិនបានកមតាមដីកាអញ្ជើញលើកទី១ មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣។
មាត្រា៥១ : ការផ្សះផ្សាម្ដងៗត្រូវឱ្យឃ្លាតពីគ្នា ១ខែយ៉ាងឆាប់និង២ខែយ៉ាងយូរ។
មាត្រា៥២ : ក្នុងការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី ត្រូវចុះក្នុងកំណត់ហេតុ បញ្ជាក់អំពីការផ្សះផ្សារបានសំរេច ឬភាគីមិនបានចូល ហើយចៅក្រមទទួលបន្ទុក ការផ្សះផ្សាត្រូវចុះហត្ថលេខា លើកំណត់ហេតុនោះជាមួយភាគីវត្តមាន និងលេខាធិការក្រលាបញ្ជី។
មាត្រា៥៣ : បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធឱ្យចូលមកកាន់តុលាការប្រជាជន ដើម្បីជំនុំជំរះ។
មាត្រា៥៤ : ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកបង្ហាញខ្លួនចំពោះតុលាការប្រជាជន និងមិនបានជូនសេចក្ដីដោះសារ ឬមិនបានសុំឱ្យបង្អង់កាត់សេចក្ដីទៅថ្ងៃក្រោយទេនោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹងវិញហើយ។ ក្នុងករណីនេះ ត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។
មាត្រា៥៥ : ប្រសិនបើចុងចំលើយ មិនបានចូលមកកាន់តុលាការប្រជាជន ក្នុងល័ក្ខខ័ណ្ឌដូចខាងលើនេះដែរ ហើយបើយល់ឃើញថា ហេតុដែលដើមចោទប្ដឹងនោះមានភ័ស្តុតាងពិតប្រាកដ ហើយតុលាការប្រជាជនអាចសំរេចសេចក្ដីឱ្យលែងលះគ្នាបាន។ បើបណ្ដឹងនោះមិនទាន់មានភ័ស្ដុតាមគ្រប់គ្រាន់ទេតុលាការប្រជាជនត្រូវ ធ្វើការអង្កេតស៊ើបសួរអំពីរឿងនោះ។
មាត្រា៥៦ : បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាឱ្យធ្វើការអង្កេតស៊ើបសួរ។
មាត្រា៥៧ : ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរជាបន្ទាន់ ត្រូវបង្គាប់ឱ្យគូភាគីជូនភ័ស្តុតាងចាំបាច់នានា អញ្ជើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធានការទូទៅហើយយល់ថាគួរចាត់។
មាត្រា៥៨ : ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថាការសុំលែងលះគ្នានោះធ្វើដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសំរេចឱ្យលែងលះគ្នា។
មាត្រា៥៩ : ក្នុងករណីសុំលែងលះដោយឯកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ស្ថានភាពរវាងប្ដីប្រពន្ធមានភាពធ្ងន់ធ្ងរ ការរួមរស់ជាមួយគ្នាមិនអាចពន្យារយូរបាន គោលបំណងអាពាហ៍ពិពាហ៍បានសំរេច តុលាការប្រជាជនត្រូវសំរេចឱ្យលែងលះគ្នា។
មាត្រា៦០ : តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជរះដោយសំងាត់បាន។
មាត្រា៦១ : ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយៈ១៥ថ្ងៃគិតពីថ្ងៃអង្កេតស៊ើបសួររួចមក។
មាត្រា៦២ :តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។ ប្រសិនបើសាលក្រមនោះជាសាលក្រមកំបាំងមុខ គូក្ដីអាចប្ដឹងទាស់បានក្នុងរយៈ១៥ថ្ងៃ។ រយៈពេលនេះគិតពីថ្ងៃដែលបានឱ្យដំនឹងពីសាលក្រមកំបាំងមុខដល់ គូក្ដីផ្ទាល់ឬដល់លំនៅរបស់គូក្ដី។
មាត្រា៦៣ : បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់នៅតុលាការប្រជាជនខេត្ត ក្រុង។ បណ្ដឹងទាស់នាំឱ្យផ្អាកការអនុវត្តសាលក្រម។
មាត្រា៦៤ : ប្រសិនបើផុតរយៈពេលប្ដឹងទាស់ សាលក្រមកំបាំងមុខ នឹងទៅជាសាលក្រមស្ថាពរ។
មាត្រា៦៥ : ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយៈពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយគ្មានមូលហេតុ នោះសាលក្រមកំបាំងមុខត្រូវតំកល់ទុកជាបានការនឹងទៅជាសាលក្រមស្ថាពរ។
មាត្រា៦៦ : ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់ តុលាការប្រជាជនខេត្តក្រុង ត្រូវពិនិត្យនិងជំនុំជំរះសាជាថ្មីលើអង្គសេចក្ដី។ តុលាការប្រជាជនអាចតំកល់ កែប្រែ ឬបដិសេធសាលក្រមកំបាំងមុខ ដែលបានសំរេចសេចក្ដីលើកមុនបាន កុំឱ្យតែបំពានលើច្បាប់ ឬ គោលការណ៍នៃច្បាប់។
មាត្រា៦៧ : កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវចាត់ចែងឱ្យចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរនោះ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ។
មាត្រា៦៨ : ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសំរាលកូនរួចបាន១ឆ្នាំសិន។ ការបន្ថយសិទ្ធិខាងលើ មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។
ផ្នែកទី៣៖ អំពីអានុភាពនៃការលែងលះគ្នា
[edit]មាត្រា៦៩ : ការលែងលះគ្នារំសាយអនុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ។
មាត្រា៧០ : ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន ដែលមានមុនរៀបអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមត៌កក្ដី ជាអំនោយក្ដី ជាអច្ឆ័យទានក្ដីក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេស និងតាមសំនើរបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដី ចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាងលើបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។ ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃស្មើនឹងការងារផលិតកម្ម។
មាត្រា៧១ : ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែងសងតំលៃទ្រព្យនោះវិញ។
មាត្រា៧២ : សាលក្រមដែលកាត់ឱ្យប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំនាចមេបា ដែលត្រូវប្រគល់ឱ្យទៅឪពុកឬទៅម្ដាយ ហើយនឹងត្រូវសំរេចអំពីការប្រាស្រ័យទាក់ទងរវាងឪពុកម្ដាយនិងកូននោះផង។
មាត្រា៧៣ : ដើម្បីផលប្រយោជន៍របស់កូន ការឱ្យភាគីណាមួយរក្សាកូន ត្រូវសំរេចតាមការយល់ព្រមនៃប្ដីប្រពន្ធដែលលែងគ្នានោះ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវបានទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។
មាត្រា៧៤ : ឪពុកឬម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ ជួយបីបាច់រក្សា ជួយផ្ដល់សោហ៊ុយ អប់រំ និងរៀនសូត្រដល់កូនតាមលទ្ធភាពរបស់ខ្លួន។ កំរិតអាហារកិច្ចដែលត្រូវឱ្យទៅកូន ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ន្ធដែលលែងលះគ្នា។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនត្រូវសំរេច ដោយផ្អែកទៅតាមលទ្ធភាពរបស់សហព័ទ្ធម្នាក់ៗ។ អាហារកិច្ចត្រូវផ្ដល់ឱ្យកូនរហូត ដល់កូនមាននីតិភាព។
មាត្រា៧៥ : ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលរក្សាកូនត្រូវបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា ឱ្យដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះបានបើមានការប៉ះពាល់ដល់ ផលប្រយោជន៍របស់កូន។
មាត្រា៧៦ : ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាត អាចស្នើសុំអាហារកិច្ចពីភាគម្ខាងទៀតបាន។ ភាគីខាងក្រោយនេះ ត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។ កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូភាគីទាំងសងខាង។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនសំរេចសេចក្ដី។ បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ។
មាត្រា៧៧ : តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើន ឬបន្ថយកំរិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខាង។ ការបង្កើន ឬបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់ អាហារកិច្ចនិងតាមសេចក្ដីត្រូវការ នៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ ឬជារបស់។
មាត្រា៧៨ : ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន បើកាលណាមានភ័ស្តុតាងបញ្ជាក់ថាជនដែលត្រូវផ្ដល់អាហារកិច្ចនោះ មិនស្មោះត្រង់។ ចំពោះខ្សែផ្ទាល់ ក៏ដូចជាសាខាញាតិសុទ្ធតែមានញាតិ លោហិតនិងញាតិពន្ធ។
- ញាតិលោហិត : ញាតិដែលមានឈាមជាមួយគ្នា។
- ញាតិពន្ធ : សាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ ឪពុក-ម្ដាយក្មេក និង កូនប្រសា ជីតា ជីដូនក្មេក និងចៅប្រសា)។
- សាខាញាតិ : ញាតិដែលចែកចេញជាមែកធាងអ្នកបង្កើតរួម ដូចជា មីង មា ក្មួយ បងប្អូនបង្កើត បងប្អូនជីដូនមួយ។
- បងប្អូនបង្កើត : កូនដែលកើតពីឪពុកម្ដាយជាមួយគ្នា គឺរួមឪពុកម្ដាយគឺរួមឪពុក ម្ដាយ ឬរួមតែឪពុក គឺឪពុកជាមួយគ្នាម្ដាយទីទៃ ឬក៏រួមតែម្ដាយ គឺម្ដាយជាមួយគ្នាឪពុកទីទៃ។
ជំពូកទី ៤៖ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេស
[edit]ផ្នែកទី១៖ អំពីអាពាហ៍ពិពាហ៍
[edit]មាត្រា៧៩ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជាឬរវាងពលរដ្ឋកម្ពុជា និងជនបរទេស ដែលរស់នៅឯបរទេស ត្រូវប្រព្រឹត្តទៅនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត ឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគី មានទីលំនៅ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា និងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស បានប្រព្រឹត្តទៅត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍ដែលមានចែងក្នុង ច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិនបើ អាពាហ៍ពិពាហ៍នោះ មិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ឬ សេចក្ដីចំលងលិខិតអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះក្នុងបញ្ជី អាពាហ៍ពិពាហ៍នៃស្ថានទូតឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា ឬគូស្វាមីភរិយាមកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ នៅឃុំឬសង្កាត់ ដែលមកតាំងទីលំនៅនោះ។
មាត្រា៨០ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់នៃរដ្ឋកម្ពុជា។
ផ្នែកទី ២៖ រំលាយអាពាហ៍ពិពាហ៍
[edit]មាត្រា៨១ : ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋ កម្ពុជា ឬ រវាងពលរដ្ឋកម្ពុជា និងជនបរទេស ដែលរស់នៅឯបរទេស ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជា។ - ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា។ -តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។
ជំពូកទី ៥៖ អំពីគ្រួសារ
[edit]ផ្នែកទី១៖ អំពីកូនមានខាន់ស្លា
[edit]មាត្រា៨២ : កូននឹងទុកជាកូនមានខាន់ស្លាលុះត្រាតែកូននោះកើតមកពីឪពុកម្ដាយ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងលុះត្រាតែម្ដាយនៃកូននោះមានគភ៌ក្នុងរយៈពេលដែលឪពុកម្ដាយនៅ ជាប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នា បានន័យថាកូនដែលកើត១៨០ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ឬ ក្នុងរយៈពេល ៣០០ថ្ងៃ គិតពីថ្ងៃដាច់ចំណងអាពាហ៍ពិពាហ៍។
មាត្រា៨៣ : កូនដែលកើតក្នុងរយៈពេលតិចជាង១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ នឹងចាត់ថាទុកជាកូនរបស់ប្ដីនៃម្ដាយបាន កាលបើមានភស្ដុតាងច្បាស់ ប្ដីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃ រៀបអាពាហ៍ពិពាហ៍មកម៉្លេះឬក៏ព្រមទទួលស្គាល់ថាខ្លួនជាឪពុកម្ដាយ របស់កូននោះ។ បើមិនដូចច្នេះទេប្ដីរបស់ម្ដាយនៃកូននោះអាចបដិសេធថាខ្លួន មិនមែនជាឪពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្ដុតាងថាខ្លួនមិនមែនជាឪពុក។
មាត្រា៨៤ : កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្ដុតាងយ៉ាងមាំ តំរូវឱ្យសន្មតថា ប្ដីនៃម្ដាយគឺពិតជាឪពុករបស់កូននោះ។ ប្ដីនៃម្ដាយអាចមិនទទួលស្គាល់ថាកូននោះជាកូនរបស់ខ្លួនបាន លុះណាតែប្ដីនោះប្ដឹងបដិសេធបិតុភាព។
មាត្រា៨៥ : ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្ដីប្ដឹងពីម្ដាយនិងពីកូន ចំពោះមុខតុលាការប្រជាជនខាងលំនៅនៃម្ដាយក្នុងរយៈពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំនើតនៃកូននោះ។
មាត្រា៨៦ : ប្ដីត្រូវជូនភស្ដុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយៈពេលដែលច្បាប់បានកំណត់នោះ ខ្លួនមានវិបត្តិខាងរូបកាយ មិនអាចរួមដំណេកជាមួយម្ដាយនៃកូននោះបានទេ។ វិបត្តិខាងរូបកាយដែលពុំអាចឱ្យរួមដំណេក បាននោះអាចកើតពីហេតុពីរយ៉ាង ៖ ១- ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា ២- ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចឱ្យបន្តពូជបាន។
មាត្រា៨៧ : ទាយាទខាងប្ដី អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយៈពេលដែលមានចែងក្នុងមាត្រា៨៥ ប្រសិនបើប្ដីនោះមិនអាចប្ដឹងបានដោយប្ដីនោះស្លាប់ បាត់ខ្លួន ឬក៏ឆ្កួតលីលា។ ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះ បានប្រសិនបើក្នុងរយៈដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ ហើយស្លាប់ បាត់ខ្លួន ឬក៏ឆ្កួតលីលា។
មាត្រា៨៨ : សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ ត្រូវបង្គាប់ឱ្យលុបឈ្មោះប្ដីនោះចេញពីបញ្ជីសំបុត្រកំណើតរបស់កូន ហើយឱ្យដកត្រកូលឪពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញ។
មាត្រា៨៩ : ត្រូវបញ្ជូនសេចក្ដីសំរេចនៃសាលក្រមទៅឱ្យមន្ត្រីអត្រានុកូលដ្ឋាន ដែលបានធ្វើសំបុត្រកំណើតរបស់កូននោះដើម្បីឱ្យចំលងដាក់ក្នុងបញ្ជីសំបុត្រ កំណើតកូន ហើយចុះនិទ្ទេសនៅលើរឹមទំព័រសំបុត្រកំណើតដែលត្រូវកែនោះ។
ផ្នែកទី ២៖ អំពីកូនឥតខាន់ស្លា
[edit]មាត្រា៩០: ដែលហៅថាកូនឥតខាន់ស្លា គឺកូនដែលកើតពីឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍។
មាត្រា៩១ : នៅពេលធ្វើសំបុត្រកំណើត បើឪពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍ បានឆ្លើយទទួលស្គាល់ដោយជាក់លាក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកឪពុកម្ដាយនេះថាឪពុកម្ដាយរបស់កូននោះ។
មាត្រា៩២ : បើមានតែឪពុក ឬមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់ឯងទេ កូននោះត្រូវចាត់ទុកជាកូនរបស់អ្នកដែលបានឆ្លើយទទួលស្គាល់តែម្នាក់ឯងប៉ុណ្ណោះ។
មាត្រា៩៣ : ក្រោយពេលដែលឪពុក ឬម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន ឪពុក ឬម្ដាយណា ដែលមិនបានទទួលស្គាល់ឪពុក ឬម្ដាយនោះអាចប្ដឹងសុំទទួលស្គាល់កូនជាក្រោយបាន។
មាត្រា៩៤: កូនឥតខាន់ស្លាដែលឪពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបាន បើក្រោយពីកំណើតរបស់កូននោះឪពុកម្ដាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា។ ការទទួលស្គាល់កូនអាចធ្វើនៅពេលមុនចុះអាពាហ៍ពិពាហ៍ ធ្វើដំណាលនឹងពេលចុះអាពាហ៍ពិពាហ៍ ឬក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។
ផ្នែកទី ៣៖ អំពីការស្វែងរកបិតុភាព ឬមាតុភាពនៃកូនឥតខាន់ស្លា
[edit]មាត្រា៩៥ : បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូនឥតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតំរូវឱ្យឪពុក ឬម្ដាយទទួលស្គាល់កូននោះបាន។
មាត្រា៩៦ : កូនឥតខាន់ស្លាដែលឪពុក ឬម្ដាយមិនបានទទួលស្គាល់ មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនរកឪពុក ឬម្ដាយឱ្យខ្លួនឯងបាន។
មាត្រា៩៧ : បណ្ដឹងសុំឱ្យតុលាការប្រជាជន តំរូវឱ្យឪពុក ឬម្ដាយទទួលស្គាល់នោះ អាចធ្វើឡើងក្នុងរយៈពេល២ឆ្នាំ គិតពីថ្ងៃដែលកូននោះមាននីតិភាព។ នីតិភាពត្រូវកំណត់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ក្នុងពេលកូនឥតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្ដឹង ជួសសុំឱ្យតុលាការប្រជាជនរកមាតុភាពឱ្យកូននោះ។
មាត្រា៩៨ : តុលាការប្រជាជន អាចតំរូវឱ្យនារីជាម្ដាយទទួលស្គាល់កូនឥតខាន់ស្លាបាន បើមានភ័ស្ដុតាងបញ្ជាក់ថា ក- នារីនោះបង្កើតកូនពិតប្រាកដមែន ខ- អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាព មិនខុសប្លែកពីគ្នា។ ភ័ស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ។
មាត្រា៩៩ : តុលាការប្រជាជន អាចតំរូវឱ្យបុរសជាឪពុកទទួលស្គាល់កូនឥតខាន់ស្លាបាន:
- ១-បើបុរសនោះនាំពង្រត់ ឬចាប់សេពសន្ទវៈនារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រត់ ឬចាប់រំលោភសេពសន្ទវៈ ត្រូវគ្នានឹងសម័យដែលនារីមានគភ៌។
- ២- បើបុរសនោះ បានខ្លួននារីដោយឧបាយកលបោកបញ្ឆោត ដោយការរំលោភអំណាច ឬដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
- ៣- បើមានភស្ដុតាងជាលាយលាក្ខណ៍អក្សរពីបុរសនោះបង្ហាញឱ្យឃើញច្បាស់ថាបុរសនោះពិតជាឪពុករបស់កូននោះ។
- ៤- បើបុរស និងនារីជាឪពុក និងម្ដាយរបស់កូននោះបានរួមរស់នឹងគ្នាជាអនីតិសង្វាសជាក់ស្ដែង ក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌។
- ៥- បើបុរសនោះបានផ្គត់ផ្គង់ឬបានចូលរួមក្នុងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
មាត្រា១០០ : ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន : ១- បើមានភស្តុតាងថា នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀតក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌។ ២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានគភ៌ បុរសដែលត្រូវប្រកាន់ថា ជាឪពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ ដោយរស់នៅឆ្ងាយពីគ្នាឬដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦។
មាត្រា១០១ : ក្នុងពេលដែលកូនឥតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្ដាយ ឬអាណាព្យាបាលនៃកូននោះអាចសុំប្ដឹងរកបិតុភាពបាន។ ភស្ដុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ។ មាត្រា១០២ : សាលក្រមដែលកាត់សេចក្ដីឱ្យទទួលស្គាល់កូនឥតខាន់ស្លា មានអានុភាពដូចគ្នា នឹងលិខិតដែលទទួលស្គាល់កូនដោយស្ម័គ្រចិត្តដែរ។
មាត្រា១០៣ : កូនឥតខាន់ស្លា ត្រូវយកត្រកូលរបស់ឪពុក ឬម្ដាយដែលទទួលស្គាល់ខ្លួន។ ប្រសិនបើឪពុក និងម្ដាយទាំងពីរនាក់ទទួលស្គាល់ កូននោះត្រូវយកត្រកូលខាងឪពុក។ ប្រសិនបើតុលាការប្រជាជន តំរូវឱ្យឪពុក ឬម្ដាយទទួលស្គាល់ កូននោះ ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។ ប្រសិនបើតុលាការប្រជាជន តំរូវឱ្យឪពុក និងម្ដាយទាំងពីរនាក់ទទួលស្គាល់កូននោះត្រូវយកត្រកូលរបស់ឪពុក។
មាត្រា១០៤ : កូនឥតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។
មាត្រា១០៥ : តុលាការប្រជាជន ត្រូវបង្គាប់ឱ្យឪពុកម្ដាយផ្ដល់អាហារកិច្ចឱ្យកូនជាដរាប តាមសមាមាត្រនៃធនធានរបស់ឪពុកម្ដាយនោះ។ អាហារកិច្ចនេះត្រូវផ្ដល់ឱ្យកូនតាមកំណត់នៃសាលក្រមរហូតដល់កូនមាននីតិភាព។ ឪពុក ឬម្ដាយអាចត្រូវឱ្យរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។
មាត្រា១០៦ : សាលក្រមដែលកាត់សេចក្ដីឱ្យទទួលស្គាល់កូនឥតខាន់ស្លា អាចនិងបង្ខំឱ្យឪពុកសងសោហ៊ុយសំរាលកូននិងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន តាំងពីថ្ងៃដែលកូននោះកើតមក ទៅម្ដាយនៃកូននោះបាន។
មាត្រា១០៧ : កំណត់ដៃមួយច្បាប់ នៃសាលក្រមស្ថាពរ ដែលកាត់សេចក្ដីឱ្យទទួលស្គាល់កូនឥតខាន់ស្លា ត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋាន នៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសអំពីបុត្តភាពនេះ នៅលើរិមទំព័រសំបុត្រកំណើត។
ផ្នែកទី ៤៖ អំពីស្មុំកូន
[edit]មាត្រា១០៨ : ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គលពីរនាក់គឺម្នាក់ហៅថា ឪពុកចិញ្ចឹម ឬម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិញ្ចឹម អោយមានចំណងនឹងគ្នា ដូចជាបុត្តភាពមានខាន់ស្លា។
មាត្រា១០៩ : ឪពុកឬម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនជាងកូនចិញ្ចឹមយ៉ាងតិច២០ឆ្នាំ។ ឪពុក ឬម្ដាយចិញ្ចឹមអាចជាពលរដ្ឋកម្ពុជា ឬជាជនបរទេស។
មាត្រា១១០ : គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។ ប្រសិនបើកូនដែលសុំមកនោះ មានមួយណាស្លាប់គេអាចសុំកូនមួយនាក់ទៀតបាន។ កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ។
មាត្រា១១១ : សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ទ្ធរបស់ខ្លួន។ ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់។
មាត្រា១១២ : ដើម្បីឱ្យការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាលនៃកូនដែលសុំនោះ។ បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ ឬសង្កាត់។
មាត្រា១១៣ : កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ខាងលំនៅនៃអ្នកសុំ ឬខាងលំនៅនៃកូនចិញ្ចឹម។ សេចក្ដីនៃ កិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រជាជន អាចបដិសេធកិច្ចសន្យាខាងលើនេះបាន តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹម របស់ជនទាំងឡាយ ឬរបស់អង្គការផ្សេងៗដែលធ្វើឡើងដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹម នោះ។
មាត្រា១១៤ : កូនចិញ្ចឹមត្រូវយកនាមត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិងកូនបង្កើត។
ផ្នែកទី ៥៖ អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន
[edit]មាត្រា១១៥: ឪពុកម្ដាយមានករណីយកិច្ច ត្រូវស្រឡាញ់កូននិងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនឱ្យស្រឡាញ់ការរៀនសូត្រ ស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធិ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រឡាញ់ និងគោរពឪពុក-ម្ដាយ ថែទាំរក្សា ឪពុក-ម្ដាយនិងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឪពុកម្ដាយ។
មាត្រា១១៦: ឪពុក-ម្ដាយ មិនត្រូវធ្វើបាបកូនរបស់ខ្លួន កូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី ឬរបស់ប្រពន្ធមុនឡើយ។
មាត្រា១១៧: កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដូចគ្នាក្នុងគ្រួសារ។
មាត្រា១១៨ : កូនមាននីតិភាព ដែលរស់នៅជាមួយឪពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើសមុខរបរខ្លួន មានសេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ និង សកម្មភាពសង្គម មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន ម៉្យាងវិញទៀតក៏ត្រូវមានករណីយកិច្ច ត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ។
ផ្នែកទី ៦៖ អំពីការដកហូតអំណាចមេបា
[edit]មាត្រា១១៩ : អាចនឹងត្រូវដកហូតអំណាចមេបា ហើយប្រគល់ទៅឱ្យអង្គការណាមួយ ឬញាតិលោហិតណាមួយ ចំពោះឪពុក-ម្ដាយដែលមានកំហុសដូចខាងក្រោម:
- -ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
- -ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយ ប្រើឧបាយកលផ្សេងៗដើម្បីបង្ខំកូនឱ្យប្រព្រឹត្តបទល្មើស ឬអំពើណាមួយប៉ះពាល់ដល់សង្គម។
- -ឪពុកម្ដាយ វាយធ្វើបាបកូនឥតត្រាប្រណី
- -ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលឱ្យមានឥទ្ធិពលអាក្រក់ដល់កូន។
មាត្រា១២០ : តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីឪពុកម្ដាយដែលមានកំហុសបាន លុះត្រាតែមានពាក្យប្ដឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន រដ្ឋអាជ្ញាអមតុលាការប្រជាជន ឬញាតិលោហិតណាមួយនៃឪពុកម្ដាយនោះ។ មាត្រា១២១ : ការដកហូតអំណាចមេបា បណ្ដាលឱ្យឪពុកម្ដាយលែងមានសិទ្ធិដែលខ្លួនឯងធ្លាប់មានពីមុនមកចំពោះកូនរបស់ខ្លួនប៉ុន្តែនៅមានកាតព្វកិច្ច ចិញ្ចឹមកូនតទៅទៀត រហូតដល់កូននោះចូលនីតិភាព។ ក្នុងករណីនេះតុលាការប្រជាជនត្រូវកំណត់កំរិតអាហារកិច្ច ដែលឪពុក-ម្ដាយត្រូវផ្ដល់ទៅឱ្យអង្គការ ឬញាតិលោហិតដែលទទួលបន្ទុកចិញ្ចឹមកូននោះ។
មាត្រា១២២ : ដើម្បីផលប្រយោជន៍របស់កូន ច្បាប់អនុញ្ញាតឱ្យតុលាការប្រជាជនប្រគល់ទៅឱ្យឪពុក-ម្ដាយដែលត្រូវបានដកហូតអំណាចមេបា នូវអំណាចមេបានេះឡើងវិញ ប្រសិនបើឪពុក-ម្ដាយនោះ បានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញគួរឱ្យទទួលបន្ទុក អប់រំកូនបានលើលែងតែចំពោះកូនចិញ្ចឹម។ ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើកទី១៧ នីតិកាលទី១។