Page:NA1-1994 11-Immigration.pdf/4

From Wikisource
Jump to navigation Jump to search
This page has been proofread.
  • ៦. ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការអនុញ្ញាតឲ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឫមួយដងមួយកាល។ ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦ មាត្រា ៧ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
  • ៧. អ្នកធ្វើដំណើរ កងនាវិក និងយានិក ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និងតាមព្រលានយន្តហោះ។
  • ៨. ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។


មាត្រា ៨.-

ជនបរទេសមិនមែនអន្តោប្រវេសន្តអាចស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន៖

  • ១. ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរទូត ឫកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ឫតាមរយៈអាជ្ញាធរបរទេសណាមួយដែលតំណាងឲ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានៅក្រៅប្រទេស។ ចំពោះអ្នកដំណើរឆ្លងកាត់ កងនាវិក យានិក ការអនុញ្ញាតនេះនឹងត្រូវផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលគេចេញពីនាវា ឫព្រលានយន្តហោះ។
  • ២. ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែនរបស់ខ្លួន ឫឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះទិដ្ឋាការចូលដោយអាជ្ញាធរ ដូចមានកំណត់នៅវាក្យខ័ណ្ឌទីមួយខាងលើ។
  • ៣. ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះឫកំពង់ផែ។ ល័ក្ខខ័ណ្ឌនៃការបង់ថ្លៃនិងអាករនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។


មាត្រា ៩.-

ជនបរទេសមិនមែនអន្តោប្រវេសន្តណាដែលមិនបានបំពេញតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រា ៨ នៃច្បាប់នេះ មិនត្រុវអនុញ្ញាតឲ្យចូលមកព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលមានការអនុញ្ញាតផ្សេងពីនេះរបស់រាជរដ្ឋាភិបាល។

ក្នុងករណីប៉ះពាល់ដល់សន្តិសុខជាតិ អាជ្ញាធរមានសមត្ថកិច្ចអាចហាមឃាត់មិនឲ្យចូលបាន ទោះបីជនបរទេសមិនមែនអន្តោប្រវេសន្តនោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨ ហើយក៏ដោយ។



1043