Page:Kambuja Suriya 1926-1927.djvu/30

From Wikisource
Jump to navigation Jump to search
This page has been proofread.

ដែល​ធ្លាប់​ជឿ​កោត​គោរព​វង្ស​សុរ​នាថ​មុន​ ក៏​ប្រែ​ត្រឡប់​កាន់​សាសន​ថ្មី​តម្កល់​ជា​គ្រូ​ធំ​ គឺ​មហា​បុរស​នោះ​ ជា​អ្នក​មាន​ឫទ្ធិ​ពូកែ​លើស​លុប​ក្នុង​លោក ។

សាសន​ទាំង​ឡាយ​មាន​លំអាន​តាម​តំណ​ៗ​មក​ ក្លាយ​បែក​ជា​ច្រើន​ពួក​ មាន​សណ្ឋាន​ប្លែក​ៗ​គ្នា​ពួក​មួយ​ប្រៀន​ប្រដៅ​ក្នុង​ពួក​ខ្លួន​តាម​បែប​ដែល​ខ្លួន​យល់​ខុស​ពី​ពួក​ដទៃ​ ម្ល៉ោះ​ហើយ​កើត​ទៅ​ជា​ហរិ​នឹង​គ្នា​ បណ្ដាល​ឲ្យ​កើត​បដិ​បក្ខ​ទាស់​ទែង​គ្នា​ ដោយ​ប្រកាន់​ថា​ខ្លួន​ត្រូវ​ តែ​រាល់​ប្រាណ​ហើយ​មាន​អាចារ្យ​បាធ្យាយ​ជា​ច្រើន​បែប​ ចង​ជា​ក្បួន​ច្បាប់​មាត្រា​ទី​ទៃ​ៗ​ តែ​ក្បួន​ទាំង​ប៉ុន្មាន​នោះ​ក៏​គ្មាន​កំណត់​ឲ្យ​ត្រូវ​គ្នា​ឡើយ​ សុទ្ធ​តែ​ផ្លូវ​បដិ​បត្តិ​ដែល​ជា​គ្រឿង​ធ្វើ​ខ្លួន​ឲ្យ​នឿយ​ព្រួយ​រក​ប្រយោជន៍​គ្មាន ។

ជា​សរុប​មក​ ក្នុង​រឿង​នេះ​ ឃើញ​ថា​បឋម​ជាតិ​តាំង​មាន​សេច​ក្ដី​ភ័យ​ជា​ដំបូង​ ភ័យ​នេះ​ហើយ​ជា​ហេតុ​ឲ្យ​កើត​លទ្ធិ​សាសន​ទាំង​ពួង​ សាសន​ដើម​សម្គាល់​ថា​ព្រះ​អាទិត្យ​ជា​ទី​តាំង​ ដោយ​ជឿ​ថា​មាន​អានុភាព​ប្រកប​ដោយ​ពន្លឺ​ទ្រ​ទ្រង់​លោក​ ក្រោយ​មក​មិន​ជឿ​ថា​ ពន្លឺ​ជា​ទី​នាំ​អោយ​ស្រាក​ទុក្ខ​បាន​ ក៏​នាំ​គ្នា​សន្និដ្ឋាន​ថា​ សុរ​នាថ​ថា​ធំ​ជាង​ព្រះ​អាទិត្យ​ទៅ​ទៀត​ ក៏​បែក​ជឿ​ក្នុង​បទ​នោះ​ទៅ​ លុះ​ត​មក​ឃើញ​ថា​គ្រូ​ផ្ទាល់​ក្នុង​ក្រុម​ខ្លួន​ជា​អ្នក​មាន​ឫទ្ធី​ ក៏​តម្កល់​គ្រូ​នោះ​ជា​ប្រសើរ​វិញ​ គឺ​ចេះ​តែ​ប្រែ​ប្រួល​ដូច្នេះ​ឯង ។

ហេតុ​ទាំង​នេះ​កើត​មក​ពី​មនុស្ស​លោក​ មាន​ភ័យ​១​ និង​ជីវិត​ក្រែង​បង់​ទៅ​២​ និង​ព្រលឹង​ក្រែង​អន្ទោល​ជាតិ​ទៅ​អនាគត​មិន​ប្រសើរ​ ក្រែង​