Page:Kambuja Suriya 1926-1927.djvu/27

From Wikisource
Jump to navigation Jump to search
This page has been proofread.

ជួន​កាល​ក៏​ស្រែក​ទួញ​យំ​ប្រកាស​រក​លោក​ឯ​ណា​ដ៏​មាន​រិទ្ធ​ ដើម្បី​ឲ្យ​ជួយ​សង្រ្គោះ​ជីវិត​ លុះ​អរុណ​រះ​ឡើង​កាល​ណា​ ទើប​ស្វាង​ទុក្ខ​ដោយ​ហេតុ​ជា​បញ្ញា​នៃ​ខ្លួន​ទន់​ទាប​ ក៏​យក​សេចក្ដី​ទុក្ខា​រម្មណ៏​មក​សន្និដ្ឋាន​ ថា​បើ​កាល​ណា​ខ្លួន​បន់​ស្រន់​ដោយ​ប្រការ​នោះ​ឡើង​ នឹង​បង្កើត​ឲ្យ​មាន​រស្មី​មិន​ខាន​ ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​មក​ប្រតិស្ថាន​និយម​ ព្រម​ព្រៀង​កំណត់​ថា​​គឺ​ព្រះ​អាទិត្យ​នេះ​ ហើយ​ជា​អង្គ​លោក​ដ៏​មាន​ឫទ្ធិ​ ជា​ទី​ឧបត្ថម្ភ​នៃ​ខ្លួន​បាន​ជា​និរន្តន៍​ត​ទៅ​ រួច​ក៏​មាន​សេចក្ដី​សោមនស្ស​ និង​រស្មី​សុរ​នាថ​នេះ​ ថ្វាយ​សព្ទ​សាធុការ​ពរ​ដោយ​មធុ​វាចា​ផ្សេង​ៗ​ នេះ​ហើយ​គឺ​ជា​ហេតុ​ឲ្យ​កើត​លទ្ធិ​សាសនា​ក្នុង​គ្រា​នោះ​ ព្រោះ​មនុស្ស​យក​ហេតុ​ថា​ បើ​ខ្លួន​បាន​អធិដ្ឋាន​ដល់​លោក​ក្នុង​គ្រា​ណា​ លោក​ក៏​មាន​មេត្តា​ជួយ​កំចាត់​នូវ​ងងឹត​ញ៉ាំង​ឲ្យ​ភ្លឺ​ឡើង​បាន​ គឺ​ធ្វើ​នូវ​ទុក្ខ​ខ្លួន​ឲ្យ​ស្រាល​ស្បើយ (ប៉ុន្តែ​ឯ​យប់​និង​ថ្ងៃ​ រមែង​មាន​មក​ជា​ធម្មតា​ក្នុង​លោក ) កាល​ណា​ព្រះ​អាទិត្យ​លិច​ទៅ​ មនុស្ស​ទាំង​ឡាយ​ក៏​នាំ​គ្នា​ប្រជុំ​ធ្វើ​នូវ​កិច្ច​អធិដ្ឋាន​ជា​ថ្មី​ ត្រា​តែ​អរុណ​រះ​ឡើង​ទើប​ឈប់​ កិច្ច​ប្រតិបត្តិ​នេះ​ជាប់​ជា​អចិន្រ្តៃយ៍ ។

លុះ​កន្លង​ជា​អង្វែង​មក​ ខ្លួន​មាន​គំនិត​គិត​ឃើញ​ថា​ បើ​ជាប់​កិច្ច​រាល់​ប្រាណ​ដោយ​ប្រការ​នេះ​ ឃើញ​ថា​នឹង​ខូច​ខាត​អន្តរាយ​ដល់​ប្រយោជន៍​លៀង​ជីវិត​ ដែល​ត្រូវ​ចោល​ជា​មួយ​គ្នា​នឹង​កិច្ច​គោរព​នោះ​ ទើប​បបួល​គ្នា​តាំង​បង្កើត​ជា​ក្រុម​មួយ​ផ្សេង​ ដើម្បី​ទុក​សម្រាប់​គ្រាន់​ជា​អ្នក​អធិដ្ឋាន​