Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/77

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ជំពូក​ទី ៧៖ អំពី​អន្តរប្បញ្ញត្តិ

ផ្នែក​ទី​ ១ ការ​ផ្ទេរ​សិទ្ធិ និង​ការ​ទទួល​ខុសត្រូវ

មាត្រា ២៧៧.-
រដ្ឋាភិបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក រដ្ឋបាល​ខណ្ឌ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​នេះ​នឹង​ជំនួស​រដ្ឋបាល​ ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​បច្ចុប្បន្ន​នេះ។

មាត្រា ២៧៨.-
អភិបាល​រាជធានី អភិបាល​ខេត្ត អភិបាលក្រុង អភិបាលខណ្ឌ អភិបាលស្រុក​ដែល​បាន​តែងតាំង​ឡើង​នៅ​មុន​ពេល​ច្បាប់​​នេះ​ចូល​ជា​ធរមាន ត្រូវ​បន្ត​ស្ថិត​ក្នុង​មុខតំណែង​និង​បំពេញ​ការងារ​រហូត​ដល់​មាន​ ក្រុមប្រឹក្សា និង​គណៈអភិបាល​ដែល​បាន​រៀបចំ​ឡើង​ស្រប​តាម​ច្បាប់​នេះ​មក​ជំនួស។

មាត្រា ២៧៩.-
ការ​តែងតាំង​គណៈអភិបាល​សម្រាប់​ក្រុមប្រឹក្សា​អាណត្តិ​ទី​ ១ នេះ ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ដប់​បួន (១៤)​ថ្ងៃ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត “គ.ជ.ប” ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ នីមួយៗ​នោះ។

មាត្រា ២៨០.-
ដីកា លិខិត​បទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង ការងារ ទ្រព្យសម្បត្តិ ចំណូល និង​ប្រាក់​ទាំងអស់​ដែល​អនុវត្ត ឬ ដែលបាន​កាន់កាប់​ដោយ ឬ ក្នុង​នាម​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន ដីកា លិខិត​បទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង​ការងារ ទ្រព្យសម្បត្តិ ចំណូល និង​ប្រាក់​ទាំងអស់​នោះ​ត្រូវ​អនុវត្ត និង​ចាត់ចែង​បន្ត​ដោយ​រដ្ឋបាល​រាជធានី រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ ស្រុក​ រដ្ឋបាល​ខណ្ឌ។