Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/55

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ២០០.-
ផ្អែក​តាម​លក្ខខណ្ឌ​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​នេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​នូវ​ការ​ទទួល​ខុសត្រូវ និង​មុខងារ​របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​កំណត់​មុខងារ​សម្រាប់​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នានា​នៅ​ថ្នាក់​ក្រោម ​ជាតិ។ ការ​កំណត់ និង​ការ​ផ្ទេរ​មុខងារ​​ខាង​លើ​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​រួម​ជាមួយ​នឹង :

  • ការ​ផ្ទេរ​ធនធាន​រួម​មាន ចំណូល ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និង​សមត្ថភាព​ដើម្បី​គ្រប់គ្រង និង​អនុវត្ត​មុខងារ​នីមួយៗ
  • ការ​ផ្ដល់​លទ្ធភាព​ និង​អំណាច​ ដើម្បី​ទទួល​បាន​ធនធាន​​ចាំបាច់​រួម​មាន​ ចំណូល​​ហិរញ្ញវត្ថុ​ បុគ្គលិក​ ទ្រព្យ​សម្បត្តិ​ និង​សមត្ថភាព​​សម្រាប់​គ្រប់គ្រង​ និង​អនុវត្ត​មុខងារ​នីមួយៗ​នោះ
  • ការ​ផ្ដល់​អំណាច និង​ភារកិច្ច ដើម្បី​គ្រប់គ្រង និង​អនុវត្ត​រាល់​មុខងារ​របស់​ខ្លួន​តាម​គោលការណ៍​ស្វ័យភាព​មូលដ្ឋាន និង​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ក្នុង​កម្រិត​ជា​អតិបរមា។

មាត្រា ២០១.-
ក្នុង​ពេល​ដែល​រង់ចាំ​ការ​ផ្ទេរ​មុខងារ និង​ភារកិច្ច​ដល់​ក្រុមប្រឹក្សា​នានា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​ធានា​ឱ្យ​ បាន​ថា ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​បាន​ធ្វើ​សមាហរណកម្ម​នូវ​ ផែនការ​អភិវឌ្ឍ និង​ថវិកា​របស់​ខ្លួន​នៅ​ថ្នាក់​ក្រោម​ជាតិ​ទៅ​ក្នុង​ផែនការ​អភិវឌ្ឍ និង ថវិកា​របស់​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ។

មាត្រា ២០២.-
គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​​ជាតិ​ ត្រូវ​ធានា​ឱ្យ​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៅ​ថ្នាក់​ជាតិ មន្ទីរ​អង្គភាព​នានា​របស់​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ក្រុម​ប្រឹក្សា​នានា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។