ច្បាប់ស្ដីពី សារពើពន្ធ

From Wikisource
Jump to navigation Jump to search
នស/រកម/០២៩៧.០៣/២៤
ព្រះរាជក្រម
យើង
ព្រះបាទសម្តេចនរោត្តមសីហនុ
រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៏
និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ
ព្រះចៅក្រុងកម្ពុជាធិបតី
  • -បាន​ឃើញ ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
  • -បាន​ឃើញ​ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ស្ដី​ពី​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ទី​១​ និង​នាយករដ្ឋមន្ត្រី​ទី​២
  • -បាន​ឃើញ​ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា ឆ្នាំ​​១៩៩៣​ ស្ដី​ពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា
  • -បាន​ឃើញ​ ព្រះរាជក្រម​លេខ​០២​ នស-៩៤​ ចុះ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​១៩៩៤​ ស្ដី​ពី​ការ​រៀបចំ​និង​ការ​​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី
  • -បាន​ឃើញ​ ព្រះរាជក្រឹត្យ​លេខ​ នស-រកត-១០៩៤-៨៣ ចុះ​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​១៩៩៤​ ស្ដី​ពី​ការ​​កែសំរួល​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា
  • -បាន​ឃើញ​ ព្រះរាជក្រឹត្យ​លេខ​ នស-រកត-១០៩៤-០៩​ ចុះ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​១៩៩៤​ ស្ដី​ពី​ការ​កែ​សំរួល​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា
  • -បាន​ឃើញ​ ព្រះរាជក្រម​លេខ​ នស-រកម-០១៩៦-១៨​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​១៩៩៦​ ស្ដី​ពី​ការ​​បង្កើត​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ
  • -តាម​សេចក្ដី​​ក្រាប​បង្គំ​ទូល​ស្នើ​សុំ​​អំពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ទាំងពីរ​ ​និង​អំពី​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​នីតិសម្បទា​និង​អភិវឌ្ឍន៍​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ប្រកាស​អោយ​ប្រើ ច្បាប់​ស្ដី​ពី​​សារពើពន្ធ​ ដែល​រដ្ឋសភា​បាន​​អនុម័ត​កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មករា​ ឆ្នាំ​១៩៩៧​ នា​សម័យ​ប្រជុំ​លើក​ ទី​៧​ នីតិកាល​លើក​ទី​១​ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ដូច​ត​ទៅ :​ ច្បាប់​ ស្ដី​ពី​សារពើពន្ធ

== ជំពូក​ទី​ ១​៖ បទប្បញ្ញត្តិ​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​ចំណូល ==

ផ្នែក​ទី​ ១៖ បទប្បញ្ញត្តិ​ទូទៅ[edit]

មាត្រា​១:
បទប្បញ្ញត្តិ​ស្ដី​ពី​ពន្ធ​​លើ​ប្រាក់​ចំណេញ​ ដូច​មាន​ចែង​​នៅ​ក្នុង​ ច្បាប់ ​ស្ដី​​អំពី​ហិរញ្ញវត្ថុ​សំរាប់​ឆ្នាំ​ ១៩៩៤ ដែល​ប្រកាស​ អោយ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​០២​ នស​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៣​ ច្បាប់​ស្ដី​ ពី​ការ​កែតំរូវ​ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ សំរាប់​ ឆ្នាំ​១៩៩៤​ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​០៨​ នស​ ចុះ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៤​ ច្បាប់​ស្ដី​ពី​ ហិរញ្ញវត្ថុ​ សំរាប់​​ការ​គ្រប់គ្រង​ឆ្នាំ​១៩៩៥​ ដែល​ប្រកាស​អោយ​ប្រើ​ដោយព្រះរាជក្រមលេខ​១១​ នស​ ៩៤​ ចុះ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤​ និង​ ច្បាប់​ស្ដី​ពី​ការ​កែតំរូវ​នៃ​​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ១៩៩៥​ ដែល​ប្រកាស​អោយ​ប្រើ​ ដោយ​ ព្រះរាជក្រម​ លេខ​ ជស/រកម/០៩៩៥/០១ ចុះ​ថ្ងៃ​ទី​០១​​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៥​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដូច​ត​ទៅ​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកា​រដ្ឋ។

មាត្រា២:
ពន្ធ​លើ​ប្រាក់​ចំណេញ​ គឺ​ជា​បំណុល​របស់​បុគ្គលនិវាសនជន​​ចំពោះ​ប្រាក់​ចំណូល​ប្រភព​កម្ពុជា​​និង​ ប្រាក់​ចំណូល​ប្រភព​បរទេស​ និង​របស់​បុគ្គល​អនិវាសនជន​ចំពោះ​ប្រាក់​ចំណូល​ប្រភព​កម្ពុជា។

មាត្រា​៣: ​
សំរាប់​គោលដៅ​នៃ​បទប្បញ្ញត្តិ​ស្ដី​ពី​សារពើពន្ធ :

  • ១- ពាក្យ​ «អ្នក​ជាប់​ពន្ធ​និវាសនជន» សំដៅ​ដល់
    • ក- រូបវន្តបុគ្គល​ដែល​ស្នាក់​នៅ​ ឬ​មាន​​កន្លែង​ស្នាក់​នៅ​ជា​​គោល​ដើម​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើស​ពី​១៨២ថ្ងៃ​នៅ​ក្នុង​ ឆ្នាំ​ប្រតិទិន​
    • ខ-​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នីតិបុគ្គល​ ឬ​ក្រុម​អាជីវកម្ម​ដែល​ត្រូវ​បាន​បង្កើត​ ឬ​ត្រូវ​បាន​គ្រប់គ្រង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​ដែល​មាន​កន្លែង​ប្រកប​អាជីវកម្ម​ជា​គោល​ដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា។ គ្រឹះស្ថាន​អចិន្ត្រៃយ៍​ត្រូវ​ចាត់​ទុក​ជា​នីតិបុគ្គល​និវាសនជន​ចំពោះ​តែ​ ប្រាក់​ចំណូល​ប្រភព​កម្ពុជា។
  • ២- ពាក្យ​ «អនិវាសនជន»​ មានន័យ​ថា​ ដែល​មិនមែន​ជា​និវាសនជន​កម្ពុជា។
  • ៣- ពាក្យ​ «នីតិបុគ្គល»​ សំដៅ​ដល់​សហគ្រាស​ ឬ​អង្គការ​​នានា​ ដែល​ប្រកប​អាជីវកម្ម​ ទោះ​បី​ជា​​បាន​ ឬ​មិន​ទាន់​​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ រាជរដ្ឋាភិបាល​ក្ដី​។​ ពាក្យ​ «នីតិបុគ្គល»​ រួម​បញ្ចូល​ផង​ដែរ​ នូវ​ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​សាសនា​ អង្គការ​សប្បុរសធម៌ ឬ​អង្គការ​មិន​ស្វែង​រក​ ចំណេញ។ ចំពោះ​បុគ្គល​អនិវាសនជន​ ពាក្យ​ «នីតិបុគ្គល» សំដៅ​ដល់​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា។ ពាក្យ​ «នីតិបុគ្គល» ពុំ​រាប់​បញ្ចូល​ទេ​ នូវ​ក្រុម​អាជីវកម្ម​ ឬ​សហគ្រាស​ ឯកបុគ្គល។
  • ៤- ពាក្យ​ «គ្រឹះស្ថាន​អចិន្ត្រៃយ៍» សំដៅ​ដល់​ទីកន្លែង​ប្រកប​អាជីវកម្ម​ជាប់​លាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ សាខា​របស់​ក្រុមហ៊ុន​​បរទេស​ ឬ​ភ្នាក់ងារ​​និវាសនជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តាមរយៈ​ នេះ​បុគ្គល​អនិវាសនជន​ប្រកប​អាជីវកម្ម​របស់​ខ្លួន។ ពាក្យ​ «គ្រឹះស្ថាន​អចិន្ត្រៃយ៍» រួម​បញ្ចូល​ផង​ដែរ​ នូវ​សមាគម ឬ​រូបភាព​ទំនាក់ទំនង​ផ្សេង​ទៀត​ ដែល​តាមរយៈ​នេះ​ បុគ្គល​អនិវាសនជន​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៥- ពាក្យ​ «ក្រុម​អាជីវកម្ម» សំដៅ​ដល់​ក្រុម​សមូហនាម​ដែល​មាន​ម្ចាស់​ភាគ​ទុន​​ជា​រូបវន្តបុគ្គល​និវាសនជន ​យ៉ាង​ច្រើន​១០​នាក់​ ហើយ​ក្នុង​នោះ​ចំណែក​សមាមាត្រ​របស់​​ម្ចាស់​ភាគ​ទុន​នៅ​ក្នុង​ខ្ទង់​មូលធន​ ប្រាក់​​ចំណេញ​ និង​ការ​ខាត​បង់​ ត្រូវ​ស្រប​តាម​លក្ខណៈ​វិនិច្ឆ័យ​ ដែល​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។ ក្នុង​និយម ន័យ​នេះ​ «ក្រុម​អាជីវកម្ម»​ មិន​​អាច​ជា​សមាជិក​របស់​ក្រុមហ៊ុន​បុគ្គល​ណា​មួយ​ ហើយ​ក៏​មិន​រាប់​បញ្ចូល​ ផង​​ទេ​នូវ​ក្រុមហ៊ុន​ដើម​ទុន​ គ្រឹះស្ថាន​អចិន្ត្រៃយ៍​ ឬ​សហគ្រាស​ឯកបុគ្គល។
  • ៦- ពាក្យ​ «សហគ្រាស​ឯកបុគ្គល»​ សំដៅ​ដល់​សហគ្រាស​អាជីវកម្ម​ ដែល​ជា​​កម្ម​សិទ្ធិ​១០០ភាគរយ​របស់​រូបវន្ត​បុគ្គល​ណា​ម្នាក់។ ក្នុង​និយមន័យ​នេះ​ ប្ដី​ ប្រពន្ធ​ និង​កូន​​ក្នុង​បន្ទុក​ ត្រូវ​​ចាត់​ទុក​ថា​ជា​រូបវន្តបុគ្គល​ តែ​ម្នាក់។
  • ៧- ពាក្យ​ «អាជីវកម្ម» សំដៅ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​បុគ្គល​ ដែល​មាន​គោលដៅ​ទាញ​យក​ប្រាក់​ចំណូល​អំពី​ការ​ផលិត​ និង​លក់​ទំនិញ​ ការ​ផ្គត់ផ្គង់​សេវា​ ភតិសន្យា​ ការ​ជួល​ឬ​ការ​លក់​ទ្រព្យសម្បត្តិ​ឬ​សកម្មភាព​ផ្សេង​ទៀត។
  • ៨- ពាក្យ​ «ភាគលាភ» សំដៅ​ដល់​ចំណែក​ជា​សាច់ប្រាក់​ ឬ​​ជា​ទ្រព្យ​ដែល​នីតិបុគ្គល​បាន​ចែក​អោយ​អ្នក​ចូល​ហ៊ុន​ទៅ​តាម​កំរិត​ នៃ​ភាគ​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ដើម​ទុន​ផ្ទាល់​របស់​នីតិបុគ្គល​ លើកលែង​តែ​ភាគលាភ​ជា​ប័ណ្ណ​ភាគហ៊ុន​ និង​ការ​បែងចែក​នានា​ ក្នុង​ពេល​ជំរះ​បញ្ជី​រំលាយ​ក្រុមហ៊ុន​ទាំងស្រុង។ ចំណែក​ណា​មួយ​​ដែល​ចាត់​ទុក​ថា​​ជា​ភាគលាភ ឬ​មិនមែន​ជា​ភាគលាភ​ ត្រូវ​ផ្អែក​តាម​ល័ក្ខខ័ណ្ឌ​ខាង​លើ​នេះ​ ដោយ​ពុំ​គិត​ថា​នីតិបុគ្គល​មាន​ ឬ​គ្មាន​ប្រាក់​ចំណូល​ ឬ​ប្រាក់​ចំណេញ​ចរន្ត​ ឬ​លទ្ធផល​យោង​សារ​ជា​ថ្មី​ឡើយ។
  • ៩- ពាក្យ​ «អ្នកចូលហ៊ុន» សំដៅ​​ដល់​បុគ្គល​ដែល​មាន​ចំណែក​ភាគ​កម្ម​នៅ​ក្នុង​ដើម​ទុន​ផ្ទាល់​របស់​ នីតិ បុគ្គល។ សំរាប់​​គោលដៅ​​នៃ​ពន្ធ​នេះ​ នីតិបុគ្គល​ណា​មួយ ទោះ​បី​មិនមែន​ជា​ក្រុមហ៊ុន​ដើម​ទុន​ក្ដី​ ត្រូវ​ចាត់​ទុក​ដូចជា​ក្រុមហ៊ុន​ដើម​ទុន​ ហើយ​បុគ្គល​ដែល​មាន​ចំណែក​ភាគ​កម្ម​នៅ​ក្នុង​ដើម​ទុន​ផ្ទាល់​របស់​ នីតិបុគ្គល​ ឬ​ក៏​​បុគ្គល​អាច​បាន​ទទួល​ប្រាក់​ចំណូល​ ឬ​ប្រាក់​ចំណេញ ក្នុង​ឋានៈ​ជា​អ្នក​បាន​ចូល​រួម​ក្នុង​នីតិបុគ្គល​នោះ​ត្រូវ​ចាត់​ទុក​ថា​​ ជា​អ្នក​​ចូល​ហ៊ុន​របស់​នីតិបុគ្គល​ដែរ។
  • ១០- ពាក្យ​ «សហគ្រាស​វិនិយោគ» សំដៅ​ដល់​សហគ្រាស​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ ជា​សហគ្រាស​វិនិយោគ​ និង​ដែល​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ។
  • ១១- ពាក្យ​ «បុគ្គល​ទាក់ទិន» សំដៅ​ដល់:
    • ក- សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​អ្នក​ជាប់​ពន្ធ
    • ខ- សហគ្រាស​ដែល​គ្រប់គ្រង​លើ​អ្នក​ជាប់​ពន្ធ​ ឬ​សហគ្រាស​ត្រូវ​បាន​អ្នក​ជាប់​ពន្ធ​គ្រប់គ្រង​ ឬ​ក៏​​សហគ្រាស​នោះ​ និង​អ្នក​ជាប់​ពន្ធ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​​រួម​គ្នា។ ពាក្យ​ «គ្រប់គ្រង» មាន​ន័យ​ថា​មាន​កម្មសិទ្ធិ​ចាប់​ពី​៥១ភាគរយ​ឡើង​ទៅ​លើ​តំលៃ​ ឬ​សិទ្ធិ​បោះឆ្នោត​នៃ​ភាគ​កម្ម​នៅ​ក្នុង​ដើម​ទុន​ផ្ទាល់​របស់​សហគ្រាស។ ដើម្បី​កំណត់​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​អ្នក​ជាប់ពន្ធ​​ជា​រូបវន្ត​បុគ្គល ​ណា​ម្នាក់​ ត្រូវ​គិត​បញ្ចូល​ទាំងអស់​ នូវ​កម្មសិទ្ធិ​លើ​ភាគ​កម្មនៅ​ក្នុង​​ដើម​ទុន​ផ្ទាល់​សរបស់​រូបវន្ត​បុគ្គល​ នោះ​ និង​កម្មសិទ្ធិ​ផ្ទាល់​ ឬ​ប្រយោល​​របស់​សហព័ន្ធ​​អ្នក​ជាប់​​ពន្ធ។

មាត្រា​៤:
របប​កំណត់​ពន្ធ​មាន​ដូច​ត​ទៅ :

  • ១- ការ​កំណត់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ត្រូវ​អនុវត្ត​តាម​របប​ពិត​ របប​បំព្រួញ​ និង​របប​ម៉ៅការ។
  • ២- វិធាន​ និង​នីតិវិធី​ដើម្បី​ចាត់​បញ្ចូល​អ្នក​ជាប់​​ពន្ធ​អោយ​ស្ថិត​​ក្នុង​របប​ កំណត់​ពន្ធ​ណា​មួយ​ នៃ​របប​ទាំង​៣​ខាង​លើ​នេះ​ ត្រូវ​កំណត់​ដោយ​​អនុក្រឹត្យ​ ដោយ​ផ្អែក​លើ​ទ្រង់ទ្រាយ​អាជីវកម្ម​ ប្រភេទ​សកម្មភាព​អាជីវកម្ម​និង​កំរិត​ផល​របរ។

ផ្នែក​ទី​ ២៖ ប្រាក់​ចំណេញ​ជាប់​ពន្ធ​ និង​អត្រា​ពន្ធ​[edit]

មាត្រា​៥:​
ឆ្នាំ​​ជាប់​​ពន្ធ​ត្រូវ​បាន​កំណត់​​ដូច​ខាង​ក្រោម:

១- ពន្ធ​លើ​ប្រាក់​ចំណេញ​អនុវត្ត​ចំពោះ​របបពិត​ ត្រូវ​គណនា​ចេញ​ពី​លទ្ធផល​នៃ​តុល្យការ​សំរេច​បាន​ក្នុង​​ឆ្នាំ​​សារពើពន្ធ​កន្លង​ទៅ។
២- ប្រសិន​ជា​ពុំ​មាន​តុល្យការ​ណា​មួយ​បាន​បញ្ឈប់​​ក្នុង​កំឡុង​នៃ​ឆ្នាំ​ណា​ មួយ​ទេ​នោះ​ ពន្ធ​ដែល​ត្រូវ​បង់​សំរាប់​ឆ្នាំ​ជា​បន្ទាប់​ ត្រូវ​គិត​យក​លើ​ប្រាក់​ចំណេញ​ក្នុង​រយៈវេលា​ដែល​កន្លង​ទៅ​ ចាប់​តាំង​ពី​ថ្ងៃ​ផុត​រយៈពេល​ជាប់​ពន្ធ​​ដែល​កន្លង​ហួស​ទៅ​នោះ។ ចំពោះ​​សហគ្រាស​ថ្មី​ ត្រូវ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ផ្ដើម​ធ្វើ​ ប្រតិបត្តិការ​មក​ទល់​​នឹង​ថ្ងៃ​ទី ៣១​ ខែ​ធ្នូ​ នៃ​ឆ្នាំ​ដែល​ត្រូវ​គិត​ពន្ធ។
៣- កាល​​បើ​មាន​​ធ្វើ​តុល្យការ​ជា​ច្រើន​តៗ​គ្នា​​ក្នុង​កំឡុង​​នៃ​ឆ្នាំ​មួយ​ ដដែល​នោះ​ លទ្ធផល​នៃ​តុល្យការ​ទាំងឡាយ​នេះ​ ត្រូវ​​បូករួម​គ្នា​ធ្វើ​​ជា​មូលដ្ឋាន​ នៃ​ពន្ធ​​ដែល​ត្រូវ​បង់។
៤- ពន្ធ​លើ​ប្រាក់​ចំណេញ​អនុវត្ត​ចំពោះ​របប​បំព្រួញ​ និង​របប​ម៉ៅការ​ ត្រូវ​គណនា​តាម​វិធី​គណនេយ្យ​ មូលដ្ឋាន​សាច់ប្រាក់​នៅ​ក្នុង​ឆ្នាំ​ប្រតិទិន​កន្លង​មក។
៥- សេច

ក្ដី​ណែនាំ​នានា ស្ដី​អំពី​ការ​ធ្វើ​​របាយការណ៍​ ការ​ដាក់​លិខិត​ប្រកាស​ចុង​ក្រោយ​សំរាប់​សហគ្រាស​ដែល​បញ្ឈប់​អាជីវកម្ម​ ឬ​រៀបចំ​ឡើង​វិញ​ ឬ​​ត្រូវ​បាន​លក់​ ឬ​ផ្ទេរ​ក្នុង​ឆ្នាំ​ប្រតិទិន​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

មាត្រា​៦:
វិធាន​គណនេយ្យ​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម :

  • ១- ចំពោះ​អ្នក​ជាប់​ពន្ធ​តាម​របប​បំព្រួញ​ដែល​ប្រើ​វិធី​គណនេយ្យ​ មូលដ្ឋាន​សាច់ប្រាក់​ ប្រាក់​ចំណូល​ត្រូវ​គិត​បញ្ចូល​នៅ​ក្នុង​​ឆ្នាំ​ដែល​បាន​ទទួល​​ជាក់ស្ដែង​ នូវ​សាច់ប្រាក់​​​ ឬ​ទ្រព្យ​ដទៃ​ទៀត​ ទោះ​បី​ជា​ការ​ទូទាត់​បាន​ធ្វើ​ឡើង​សំរាប់​ឆ្នាំ​ផ្សេង​ទៀត​ក្ដី។ ឯ​ចំណាយ​ ឬ​ការ​កាត់​កង​នានា​ អាច​​ផាត់​​ចេញ​នៅ​ក្នុង​ឆ្នាំ​ដែល​ចំណាយ​ឬ​ខ្ទង់​ផ្សេង​ទៀត​ ត្រូវ​បាន​ទូទាត់​សង​ជាក់ស្ដែង​ លើកលែង​តែ​ចំណាយ​ទូទាត់​មុន​ និង​ទាយជ្ជទាន​អោយ​ដល់​រំលស់។
  • ២- ចំពោះ​អ្នក​ជាប់​ពន្ធ​តាម​របប​ពិត​ដែល​ប្រើ​វិធី​គណនេយ្យ​តាម​ប្លង់​គណនេយ្យ ​ទូទៅ​ ប្រាក់​ចំណូល​ត្រូវ​គិត​បញ្ចូល​នៅ​ក្នុង​ឆ្នាំ​ដែល​ចំណូល​នោះ​បាន​កើត​ឡើង​ ទោះ​បី​ប្រាក់​ចំណូល​នោះ​បាន​ទូទាត់​ ឬ​មិន​ទាន់​ទូទាត់​ក្ដី។ ការ​កាត់​កង​ចំណាយ​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​ លុះ​ណា​តែ​ហេតុការណ៍​បញ្ជាក់​នូវ​បន្ទុក​របស់​អ្នក​ជាប់​ពន្ធ​​បាន​កើត​ឡើង​ លទ្ធផល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ដែល​​ជាប់​ទាក់ទង​ដល់​​ខ្ទង់​ចំណាយ​នោះ​ បាន​កើត​ឡើង​ និង​ចំនួន​ទឹក​ប្រាក់​ដែល​ជា​បន្ទុក​របស់​អ្នក​ជាប់​ពន្ធ​អាច​បង្ហាញ​ ច្បាស់លាស់។
  • ៣- ចំពោះ​អ្នក​ជាប់​ពន្ធ​តាម​របប​ពិត​ ចំណាយ​នានា​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ទាក់ទិន​ ដែល​ស្ថិត​ក្រោម​របប​បំព្រួញ​មិន​អនុញ្ញាត​អោយ​ផាត់​ចេញ​មុន​ការ​ទូទាត់​ ជាក់ស្ដែង​ឡើយ។
  • ៤- ចំពោះ​ធនាគារ​ និង​ស្ថាប័ន​សញ្ជ័យ​ធន​ក្នុង​ស្រុក​ ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើ​សំវិធានធន​សំរាប់​ឥណទេយ្យ​ជាប់​​សង្ស័យ​ ដើម្បី​កំណត់​ប្រាក់​ចំណេញ​ជាប់​ពន្ធ។ វិធាន​ និង​នីតិវិធី​ស្ដី​ពី​ការ​កាត់​កង​នានា​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​៧:
ប្រាក់​ចំណេញ​ជាប់​ពន្ធ​ គឺ​​ជា​ប្រាក់​ចំណេញ​សុទ្ធ​បាន​មកពី​លទ្ធផល​ទាំងអស់​នៃ​ប្រតិបត្តិការ​គ្រប់ ​ប្រភេទ​ ដែល​សហគ្រាស​​សំរេច​បាន​ រួម​បញ្ចូល​ទាំង​តំលៃ​លើស​បាន​មក​ពី​ការ​លក់​ចំណែក​​នានា​នៃ​ទ្រព្យ​សកម្ម​ ក្នុង​ពេល​កំពុង​​ប្រកប​អាជីវកម្ម​ ឬ​នៅ​ពេល​បញ្ចប់​​អាជីវកម្ម​ ព្រម​ទាំង​ប្រាក់​ចំណូល​អំពី​កិច្ច​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ឬ​វិនិយោគ​ ការ​ប្រាក់​ ថ្លៃ​ឈ្នួល​ និង​សួយសារ​ផង។

មាត្រា​៨:​
ប្រាក់​ចំណេញ​ជាប់​ពន្ធ​ កើត​ចេញ​ពី​ចំនួន​លើស​​នៃ​ផល​ដុល​ដែល​សំរេច​បាន​ អាស្រ័យ​ដោយ​មាន​ការ​ចំណាយ​ដើម្បី​នាំ​មក​វិញ​ និង​រក្សា​ទុក​នូវ​ចំណេញ។

មាត្រា​៩:
ប្រាក់​ចំណូល​លើកលែង​ពន្ធ​ ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- វៀរលែង​តែ​មាន​បទប្បញ្ញត្តិ​ផ្ទុយ​ និង​លើកលែង​តែ​ប្រាក់​ចំណូល​ដែល​ត្រូវ​ជាប់​ពន្ធ​តាម​​មាត្រា​២២​នៃ​​ច្បាប់ ​នេះ​ ពន្ធ​លើ​ប្រាក់​ចំណេញ​មិន​ត្រូវ​អនុវត្ត​ចំពោះ :
    • ក- ប្រាក់​ចំណូល​របស់​រាជរដ្ឋាភិបាល​​ ឬ​ប្រាក់​ចំណូល​ស្ថាប័ន​រាជរដ្ឋាភិបាល
    • ខ- ប្រាក់​ចំណូល​របស់​អង្គការ​ណា​មួយ​ដែល​ :
-ត្រូវ​​បាន​រៀបចំ​ឡើង​ និង​ដំណើរការ​សំរាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា​​ សប្បុរសធម៌​ វិទ្យាសាស្ត្រ​ អក្សរសាស្ត្រ​​ ឬ​អប់រំ
-គ្មាន​ចំណែក​ណា​មួយ​នៃ​ទ្រព្យ​ ឬ​ប្រាក់​ចំណូល​ត្រូវ​បាន​ប្រើប្រាស់​ជា​ផលប្រយោជន៍​ឯកជន
    • គ- ប្រាក់​ចំណូល​របស់​អង្គការ​ពលករ​ ឬ​សភា​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ឬ​កសិកម្ម​ ក្នុង​ករណី​ដែល​ប្រាក់​ចំណូល​របស់​អង្គការ​​ទាំង​នោះ​ មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ផលប្រយោជន៍​ឯកជន​របស់​អ្នក​ចូល​ ហ៊ុន​ ឬ​រូបវន្តបុគ្គល
    • ឃ- ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​ការ​លក់​ផលិតផល​កសិកម្ម​ ដែល​បុគ្គល​មិនមែន​ជា​អ្នក​ជាប់​ពន្ធ​តាម​របបពិត​ផលិត​បាន​ដោយ​ខ្លួន​ឯង​ ទោះ​បី​ផលិតផល​​នោះ​មិន​ទាន់​កែច្នៃ​ ឬ​កែច្នៃ​ហើយ​ក៏​ដោយ​ទៅ​តាម​ទំលាប់​នៃ​ការងារ​កសិកម្ម។ ប្រតិបត្តិការ​តាម​មធ្យោបាយ​ឧស្សាហកម្ម​ រួម​ទាំង​ការ​កែច្នៃ​ការ​រក្សា​គុណភាព​ ការ​វេច​ខ្ចប់​​​សំរាប់​លក់​ ពុំ​ត្រូវ​បាន​ចាត់​ទុក​ជា​ទំលាប់​នៃ​ការងារ​កសិកម្ម​ឡើយ។
  • ២- ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​កំណត់​ដោយ​ប្រកាស​អំពី​នីតិវិធី​នៃ​ការ​ស្នើ​សុំ​លើកលែង​ពន្ធ​ ភាព​បាត់បង់​លក្ខណៈ​លើកលែង​ពន្ធ​​ ការ​ប្រកាស​សារពើពន្ធ​ និង​ការ​ចុះ​បញ្ជី។

មាត្រា​១០:​
ប្រាក់​ចំណូល​របស់​ក្រុម​អាជីវកម្ម​ ត្រូវ​បាន​​កំណត់​ដូចត​ទៅ :​

  • ១- ចំពោះ​ក្រុម​អាជីវកម្ម​ ក្នុង​ការកំណត់​ប្រាក់​ចំណូល​របស់​ខ្លួន​សំរាប់​ឆ្នាំ​ជាប់​ពន្ធ​ណា​មួយ​ សមាជិក​ម្នាក់ៗ ត្រូវ​គិត​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ចំណែក​រៀងៗ​ខ្លួន​នៅ​ក្នុង​ខ្ទង់​ចំណូល ​ ចំណេញ​ ខាត​ ការ​កាត់កង​ ឥណទាន​ និង​វិភាគទាន​សប្បុរសធម៌​​ក្នុង​ឆ្នាំ​នោះ។ សំរាប់​​គោលដៅ​នេះ​ ​ខ្ទង់​នីមួយៗ​ត្រូវ​រក្សា​ចរិត​លក្ខណៈ​ នៅ​ដដែល​ហើយ​ត្រូវ​ចាត់​ទុក​ថា​​បាន​បែងចែក​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ ទោះបី​ជា​មាន​ ឬ​គ្មាន​ការ​បែងចែក​ ជាក់ស្ដែង​ក្ដី។ ការ​ខាតបង់​ដែល​ត្រូវ​យោង​ទៅ​ឆ្នាំ​មុខ នឹង​ត្រូវ​កំណត់​ឡើង​ក្រោយ​ពី​បាន​បែងចែក​ខ្ទង់​ នានា​ហើយ។
  • ២- វិធាន​សំរាប់​កំណត់​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បែងចែក​ ការ​ចាត់​ចែង​ចំពោះ​វិភាគ​ទាន​ផ្សេងៗ និង​ការ​កែ​តំរូវ​ទៅ​លើ​ចំណែក​​ជា​មូលដ្ឋាន​របស់​សមាជិក​ម្នាក់ៗ​នៃ​ក្រុម​ អាជីវកម្ម​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ណា​មួយ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ផ្នែក​ទី​​ ៣​​៖ ការ​កាត់កង[edit]

មាត្រា​១១:
ការ​កាត់កង​ដែល​អនុញ្ញាត​ ត្រូវ​​បាន​កំណត់​ដូច​ត​ទៅ :

  • ១- វៀរលែង​តែ​បទប្បញ្ញតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​១២​ ដល់​មាត្រា​១៨​នៃ​ច្បាប់​នេះ​ ចំណាយ​ដែល​អនុញ្ញាត​អោយ​កាត់កង​ រួម​មាន​បន្ទុក​ដែល​អ្នក​ជាប់​ពន្ធ​បាន​ទូទាត់​ ឬ​ត្រូវ​សង​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ ដើម្បី​ប្រកប​អាជីវកម្ម។
  • ២- ថ្លៃ​ឈ្នួល​ ការ​ប្រាក់​ ការ​ប៉ះប៉ូវ​ ការ​ទូទាត់​ ឬ​កំរៃ​នានា​ ដែល​បាន​បើក​អោយ​អ្នក​ទទួល​ខុសត្រូវ ឬ​អភិបាល​សហគ្រាស​ សមាជិក​ភាគ​​ទុន​ ឬ​សមាជិក​របស់​ក្រុម​អាជីវកម្ម​ សមាជិក​នៃ​គ្រួសារ​អ្នក​ជាប់​ពន្ធ​ ឬ​បុគ្គល​ទាក់ទិន​ផ្សេង​ទៀត​ ក្នុង​ករណី​មាន​ភស្ដុតាង​បញ្ជាក់​ថា​ ការ​ទូទាត់​នោះ​បាន​អនុវត្ត​ចំពោះ​ការ​​បំពេញ​សេវា​ជាក់ស្ដែង​ ហើយ​ក្នុង​កំរិត​សមហេតុសមផល​​ផង​ដែរ។
  • ៣- ប្រាក់​ដែល​បាន​ទូទាត់​លើ​អាគារ​​ថ្មី​ ឬ​ទ្រព្យ​សកម្ម​ដទៃ​​ទៀត​ ការកែ​លំអ​ជាប់លាប់​ ឬ​កែលំអ​នានា​​ក្នុង​នោះ​មាន​ទាំង​ការ​ប្រាក់​ និង​ប្រាក់​ពន្ធ​អាករ​ ដែល​បាន​ជាប់​ក្នុង​រយៈពេល​សាងសង់​ ឬ​ទិញ​ចូល​ផង។ ​ទឹក​ប្រាក់​នេះ​ ត្រូវ​កត់ត្រា​ចូល​ក្នុង​គណនី​ទ្រព្យ​សកម្ម​ដែល​ពាក់ព័ន្ធ​ ហើយ​ត្រូវ​កាត់កង​តាម​ការ​រំលស់​ដូច​មាន​ចែង​ក្នុង​មាត្រា​១៣​នៃ​ច្បាប់​ នេះ។

មាត្រា​១២:
ត្រូវ​បាន​អនុញ្ញាត​អោយ​កាត់កង​នូវ​ចំណាយ​លើ​ការ​ប្រាក់​ ដែល​អ្នក​ជាប់​ពន្ធ​បា​ន​ទូទាត់ ឬ​ត្រូវ​សង​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ ដើម្បី​ប្រកប​អាជីវកម្ម​ ប៉ុន្តែ​​មិន​អោយ​លើស​ពី​ផលបូក​នៃ​ចំណូល​ការ​ប្រាក់​របស់​អ្នក​ជាប់​ពន្ធ​ និង​៥០ភាគរយ​នៃ​ប្រាក់​ចំណូល​សុទ្ធ​ ក្រៅ​ពី​ការ​​ប្រាក់​របស់​អ្នក​ជាប់​ពន្ធ​​នៅ​ក្នុង​ឆ្នាំ​ ជាប់​ពន្ធ​។ ចំណូល​សុទ្ធ​ក្រៅ​ពី​ការ​ប្រាក់​ គឺ​ជា​ប្រាក់ចំណូល​ដុល​ក្រៅ​ពី​ការ​ចំណូល​​ការ​ប្រាក់​ ដក​ខ្ទង់​ចំណាយ​នានា​ដែល​​អនុញ្ញាត​​អោយ​ផាត់​ចេញ​ លើកលែង​តែ​ចំណាយ​​ការ​ប្រាក់។ ចំណាយ​ការ​ប្រាក់​ដែល​សល់​ពី​ការ​កាត់កង​ខាង​លើ​ ត្រូវ​ចាត់​ទុក​ជា​ចំណាយ​ការ​ប្រាក់​សំរាប់​ឆ្នាំ​ជាប់​ពន្ធ​បន្ទាប់​ហើយ​ ការ​ផាត់​ចេញ​ ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​មាត្រា​នេះ​ដូចគ្នា។

មាត្រា​១៣:
ល័ក្ខខ័ណ្ឌ​នៃ​រំលស់​ទ្រព្យ​រូបី​ ត្រូវ​បាន​កំណត់​ដូច​​ត​ទៅ :

  • ១- ទាយជ្ជទាន​អោយ​ដល់​រំលស់​ត្រូវ​គណនា​តា​ម​វិធី​រំលស់​ស្មើ​ភាគ​​ ឬ​វិធី​រំលស់​ថយ​ជា​លំដាប់។ ទ្រព្យ​រូបី​ដែល​អាច​រំលស់​បាន​ គឺ​ទ្រព្យ​រូបី​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ដែល​តែងតែ​បាត់បង់​តំលៃ​ដោយ​ការ​ប្រើប្រាស់ ឬ​ភាព​ហួសសម័យ។ ដីធ្លី​មិនមែន​ជា​ទ្រព្យ​អាច​រំលស់​បាន​ទេ។
  • ២- ទ្រព្យ​រូបី​ទាំងអស់​ ត្រូវ​បាន​បែងចែក​ជា​៤​ប្រភេទ :
    • ក- ប្រភេទ​ទី​១​ រួម​មាន​ អាគារ​ និង​សំណង់​ ដែល​ជា​ឧបសម្ព័ន្ធ​នៃ​អាគារ​នោះ។ ទ្រព្យ​នីមួយៗ​ក្នុង​ប្រភេទ​នេះ​ ត្រូវ​រំលស់​តាម​វិធី​ស្មើ​ភាគ​តាម​អត្រា​ ៥ ភាគរយ​ ក្នុង​១​ឆ្នាំ។
    • ខ- ប្រភេទ​ទី​២​ រួម​មាន​​ទ្រព្យ​ដែល​មាន​អាយុ​កាល​ប្រើប្រាស់​ត្រឹម​៤​ឆ្នាំ​​ ហើយ​អត្រា​រំលស់​ស្មើ​ភាគ​លើ​ទ្រព្យ​នីមួយៗ​ គឺ​ ២៥​ ភាគរយ។
    • គ- ប្រភេទ​ទី​៣​ រួម​មាន​ទ្រព្យ​​ដែល​មាន​អាយុ​កាល​​ប្រើប្រាស់​លើស​ពី​ ៤ឆ្នាំ​ ដល់​៨​ឆ្នាំ​ ហើយ​អត្រា​ រំលស់​ស្មើ​ភាគ​លើ​ទ្រព្យ​នីមួយៗ​គឺ​ ១២,៥ ភាគរយ។
    • ឃ- ប្រភេទ​ទី​៤​ រួម​មាន​ទ្រព្យ​រូបី​ឯ​ទៀត​ទាំងអស់​ ហើយ​អត្រា​រំលស់​ស្មើ​ភាគ​​លើ​ទ្រព្យ​​នីមួយៗ​ គឺ​ ១០​ ភាគរយ។
  • ៣- អ្នក​ជាប់​ពន្ធ​​ដែល​ជ្រើស​យក​វិធី​រំលស់​ថយ​ជា​លំដាប់​ ត្រូវ​ប្រើ​អត្រា​រំលស់​ស្មើ​នឹង​ ២០០ ភាគរយ​ នៃ​អត្រា​រំលស់​តាម​វិធី​ស្មើ​ភាគ​ ហើយ​ត្រូវ​អនុវត្ត​លើ​តំលៃ​សរុប​មិន​ទាន់​រំលស់​អស់​នៃ​ទ្រព្យ​ទាំង​អស់​នៅ​ ក្នុង​ប្រភេទ​នីមួយៗ។ ត្រូវ​បាន​​អនុញ្ញាត​អោយ​ប្រើ​វិធី​រំលស់​ថយ​ជា​លំដាប់​តែ​ចំពោះ​ទ្រព្យ​ ប្រភេទ​ទី​២​ ទី​ ៣​ និង​ទី​៤​ តែ​ប៉ុណ្ណោះ។
  • ៤- សហគ្រាស​ដែល​ស្ថិត​ក្រោម​ ច្បាប់​វិនិយោគ​ ត្រូវ​ប្រើ​វិធី​រំលស់​ស្មើ​ភាគ​ចំពោះ​ទ្រព្យ​គ្រប់​ប្រភេទ។
  • ៥- នីតិវិធី​ក្នុង​ការ​បង្កើត​ប្រភេទ​​ទ្រព្យ​ ការ​បញ្ចូល​ទ្រព្យ​ថ្មី​ទៅ​ក្នុង​ប្រភេទ​ណា​មួយ​ ការ​បញ្ចេញ​ទ្រព្យ​ពី​ប្រភេទ​ណា​មួយ​ ហើយ​និង​ការ​ចាត់ចែង​ចំពោះ​បញ្ហា​​ជួសជុល​ព្រម​ទាំង​ចំណាយ​ផ្សេង​ៗ​ត្រូវ​ កំណត់​ដោយ​អនុក្រឹត្យ។
  • ៦- អ្នក​ជាប់​ពន្ធ​ដែល​​ស្ថិត​ក្រោម​ច្បាប់​ពន្ធ​លើ​ប្រាក់​ចំណេញ​នៅ​មុន​ថ្ងៃ​ ទី​០១​ ខែ​មករា​ ឆ្នាំ​១៩៩៧​ ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ដែល​មិន​អាច​កែប្រែ​វិញ​បាន​ នូវ​វិធី​រំលស់​តាម​វិធី​ស្មើ​ភាគ​ ឬ​តាម​វិធី​​រំលស់​ថយ​ជា​លំដាប់​ចំពោះ​ទ្រព្យ​ដែល​មិន​ទាន់​រំលស់​អស់​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៧។ ចំពោះ​អ្នក​ជាប់​ ពន្ធ​ថ្មី​ការ​ជ្រើសរើស​ត្រូវ​ធ្វើ​​ឡើង​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ នៃ​ឆ្នាំ​ចុះ​បញ្ជី។

មាត្រា​១៤:
ចំពោះ​ទ្រព្យ​អរូបី​ដែល​រួម​មាន​ប្រកាស​នីយប័ត្រតក្កកម្ម សិទ្ធិ​ចំលង​ គំនូរ​ប្លង់​ គំរូ​ និង​សិទ្ធិ​អាជីវកម្ម​ដែល​មាន​អាយុ​កាល​មាន​កំណត់​ អត្រា​រំលស់​លើ​ទ្រព្យ​នីមួយៗ​ ត្រូវ​គណនា​ដោយ​ផ្អែក​លើ​អាយុកាល​របស់​ទ្រព្យ​នោះ​ តាម​វិធី​រំលស់​​ស្មើភាគ។ បើ​សិន​ជា​អាយុ​កាល​នៃ​ទ្រព្យ​អរូបី​មិន​អាច​កំណត់​បាន​​រំលស់​ប្រចាំ​ឆ្នាំ ​ត្រូវ​អនុវត្ត​តាម​អត្រា​១០​ ភាគរយ​ លើ​តំលៃ​ទ្រព្យ​អរូបី។

មាត្រា​១៥:
ការ​​រំលស់​ធនធានធម្មជាតិ​ ត្រូវ​បាន​កំណត់​​ដូច​ត​ទៅ : ១-​ ទាយជ្ជទាន​អោយ​ដល់​​ការ​រំលស់​លើ​ធនធាន​ធម្មជាតិ​មាន​ជា​​អាទិ៍ ប្រេង​កាត​ និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ : ក- ចំណាយ​ក្នុង​ការ​​រុករក​ និង​អភិវឌ្ឍន៍ ក្នុង​នោះ​មាន​ទាំង​ការ​ប្រាក់​ដែល​ជាប់​ទាក់ទង​ដល់​ចំណាយ​ នោះ​ផង​ត្រូវ​បូក​បញ្ចូល​ទៅ​ក្នុង​គណនី​ទ្រព្យសកម្ម​នៃ​ធនធាន​នោះ។ ខ- ទឹក​ប្រាក់​រំលស់​លើ​ធនធានធម្មជាតិ​នីមួយៗ ដែល​ត្រូវ​ផាត់​ចេញ​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ណា​មួយ​ ត្រូវ​ គណនា​ដោយ​យក​សមតុល្យ​ នៃ​គណនី​ធនធាន​ធម្មជាតិ​ ទៅ​គុណ​និង​ផល​ចែក​រវាង​បរិមាណ​ដែល​បាន​​ផលិត​ចេញ​អំពី​ធនធាន​ធម្មជាតិ​នៅ​ ក្នុង​ឆ្នាំ​ និង​ចំនួន​ប៉ាន់ស្មាន​នៃ​ផលិតផល​សរុប​​ដែល​អាច​ទាញ​យក​បាន​ពី​ធនធាន​នោះ។ ២- នីតិវិធី​សំរាប់​កំណត់​ចំនួន​ប៉ាន់ស្មាន​នៃ​ផលិតផល​សរុប​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​១៦:
ត្រូវ​បាន​​អនុញ្ញាត​អោយ​ផាត់​​ចេញ​នូវ​វិភាគ​ទាន​សប្បុរសធម៌​ដែល​បាន​ បរិច្ចាគ​អោយ​អង្គការ​នានា​ ដូច​មាន​ចែង​ក្នុង​មាត្រា​៩​នៃ​ច្បាប់​នេះ​ ប៉ុន្តែ​មិន​​ត្រូវ​អោយ​លើស​ពី​៥ភាគរយ​នៃ​ប្រាក់​ចំណេញ​ជាប់​ពន្ធ​មុន​ពេល​ កាត់​កង​វិភាគ​ទាន​សប្បុរសធម៌​ទាំង​នោះ​ឡើយ។ លក្ខណៈ​វិនិច្ឆ័យ​នៃ​វិភាគ​ទាន​សប្បុរសធម៌ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​១៧:​
ក្នុង​ករណី​ដែល​មាន​ការ​ខាតបង់​នៅ​ក្នុង​ឆ្នាំជាប់​ពន្ធ​ណា​មួយ​ ការ​ខាត​បង់​នោះ​ត្រូវ​​​ចាត់​ជា​បន្ទុក​សំរាប់​ឆ្នាំជាប់​ពន្ធ​បន្ទាប់​ ហើយ​ត្រូវ​កាត់​ចេញ​ពី​ប្រាក់​ចំណេញ​សំរេច​បាន​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ បន្ទាប់​ នោះ។ បើ​ប្រាក់​ចំណេញ​នេះ​មិន​គ្រប់គ្រាន់​សំរាប់​ទូទាត់​ជា​ស្ថាពរ​ទេ​ ចំណែក​នៃ​ការ​ខាតបង់​ដែល​នៅសេល​ សល់​ត្រូវ​យោង​​ទៅ​​ឆ្នាំ​ជាប់​ពន្ធ​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​ជាប់​ពន្ធ​ ទី​៥។ នៅ​ពេល​ណា​ដែល​ការ​ខាតបង់​មាន​លើស​ពី​មួយ​ឆ្នាំ​ មាត្រា​នេះ​ត្រូវ​អនុវត្ត​ចំពោះ​ការ​ខាតបង់​ទាំងឡាយ​តាម​លំដាប់​ដែល​ការ​ខាត ​បង់​បាន​កើត​ឡើង។

មាត្រា​១៨:
ក្នុង​ករណី​សហគ្រាស​ចាប់​ពី​២​ឡើង​ទៅ​ ទោះ​បី​ជា​បាន​បង្កើត​ ឬ​រៀបចំ​​ឡើង​នៅ​ក្នុង​ ឬ​ក្រៅ​​ព្រះរាជាណាចក្រ​កម្ពុជា​​ ហើយ​ដែល​ស្ថិត​ក្រោម​កម្មសិទ្ធិ​រួម​គ្នា​ ក្នុង​ករណី​ចាំបាច់​ រដ្ឋបាល​សារពើពន្ធ​​អាច​ធ្វើការ​បែងចែក​ប្រាក់​ចំណូល​ដុល​ ប្រាក់​ផាត់​ចេញ​ ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ក្នុង​ចំណោម​សហគ្រាស​​ និង​ម្ចាស់​កម្មសិទ្ធិ​ទាំង​នោះ​ ដើម្បី​​ទប់ស្កាត់​ការ​ចៀសវាង​ ឬ​គេចវេសពន្ធ​ ឬ​​ក៏​​ដើម្បី​ឆ្លុះ បញ្ចាំង​អោយ​បាន​ច្បាស់លាស់​ នូវ​ប្រាក់​ចំណូល​របស់​សហគ្រាស​ ឬ​របស់​ម្ចាស់​កម្មសិទ្ធិ។ សំរាប់​គោលដៅ​នៃ​​មាត្រា​នេះ​ សហគ្រាស​ចាប់​ពី​២​ឡើង​ ទៅ​ត្រូវ​ស្ថិត​ក្រោម​កម្មសិទ្ធិ​រួម​គ្នា​ បើ​សិន​ជា​មាន​​បុគ្គល​ណា​ម្នាក់​មាន​កម្មសិទ្ធិ​ចាប់​ពី​​ ២០​ភាគរយ​ឡើង​ទៅ​ លើ​តំលៃ​ ឬ​ភាគ​កម្ម​​នៅ​ក្នុង​ដើម​ទុន​ផ្ទាល់​របស់​សហគ្រាស​នីមួយៗ។

មាត្រា​១៩:
សំរាប់​បទប្បញ្ញត្តិ​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ​ ចំណាយ​ដែល​មិន​អនុញ្ញាត​អោយ​ផាត់​ចេញ មាន:

  • ១- ចំណាយ​លើ​សកម្មភាព​ទាំងឡាយ​ដែល​ជា​ទូទៅ​ចាត់​ទុក​ជា​ការកំសាន្ត​ ការសំរាកលំហែ​ ការ​ទទួល​ ភ្ញៀវ​ ឬ​ការប្រើប្រាស់​មធ្យោបាយ​ណា​មួយ​ដែល​ជាប់​ទាក់ទង​នឹង​សកម្មភាព​ទាំង​នេះ។
  • ២- ចំណាយ​សំរាប់​ការរស់នៅ​ផ្ទាល់​ខ្លួន​ ឬ​ក្រុម​គ្រួសារ​ លើកលែង​តែ​អត្ថប្រយោជន៍​បន្ថែម​ជា​​ប្រាក់​ ឬ​ជា​វត្ថុ​ដែល​ប្រាក់​ពន្ធ​ត្រូវ​បាន​កាត់​ទុក​តាម​បទប្បញ្ញត្តិ​ស្ដី​ពី​ ពន្ធ​លើ​ប្រាក់​បៀវត្ស។
  • ៣- ប្រាក់​ពន្ធ​ដែល​បទប្បញ្ញត្តិ​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ​បាន​កំណត់​ និង​ពន្ធ​កាត់​ទុក​ដែល​បទប្បញ្ញតិ​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​បៀវត្ស​បាន​ កំណត់។
  • ៤- ការ​ខាត​បង់​លើ​ការ​លក់​ ឬ​ដោះដូរ​ទ្រព្យ​សម្បត្តិ​ ទោះ​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ក្ដី​រវាង​បុគ្គល​ទាក់ទិន។
  • ៥- ចំណាយ​នានា​ វៀរលែង​តែ​ចំណាយ​ដែល​កើត​មាន​ហើយ​ ហើយ​អ្នក​ជាប់​ពន្ធ​អាច​បញ្ជាក់​ច្បាស់លាស់​នូវ​ចំនួន​ទឹក​ប្រាក់​ និង​គោលដៅ​អាជីវកម្ម​ស្រប​ទៅ​តាម​បែបបទ​ដែល​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ផ្នែកទី​ ៤៖ អត្រា​ពន្ធ​ និង​ប្រាក់​ពន្ធ​ត្រូវ​បង់[edit]

មាត្រា​២០:
អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​មាន​ដូច​ត​ទៅ:

  • ១-២០ ភាគរយ ចំពោះ​ប្រាក់​ចំណេញ​ដែល​សំរេច​បាន​ដោយ​នីតិបុគ្គល។
  • ២-៣០ ភាគរយ​ ចំពោះ​ប្រាក់​ចំណេញ​ដែល​សំរេបាន​ក្រោម​កិច្ចសន្យា​បែងចែក​ផលិតផល​ប្រេងកាត ​ និង​ឧស្ម័ន​ធម្មជាតិ​ ឬ​សំរេច​បាន​ពី​ការ​​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្ម​ជាតិ​ រួម​ទាំង​ព្រៃឈើ​ រ៉ែ​ មាស​ ឬ​ត្បូង​ថ្ម​មាន​តំលៃ​នានា។
  • ៣-៩ ភាគរយ​​ ចំពោះ​សហគ្រាស​វិនិយោគ​ដែល​​ផុត​រយៈពេល​លើកលែង​ពន្ធ។
  • ៤-០ ភាគរយ​ ចំពោះ​សហគ្រាស​វិនិយោគ​ដែល​ស្ថិត​នៅ​ក្នុង​​រយៈពេល​​លើកលែង​ពន្ធ។
  • ៥- តាម​តារាង​អត្រា​ពន្ធ​កំណើនតាម​ថ្នាក់​ខាង​ក្រោម​ ចំពោះ​ប្រាក់​ចំណេញ​ដែល​សំរេច​បាន​ដោយ​រូបវន្ត បុគ្គល​​ និង​ចំណែក​ ដែលត្រូវ​បែងចែក​អោយ​សមាជិក​ម្នាក់ៗ​របស់​ក្រុម​អាជីវកម្ម​ ដែល​មិន​ត្រូវ​បាន​​ចាត់​ទុក​ជា​នីតិបុគ្គល:​
ភាគ​នៃ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​​ដែល​ត្រូវ​ជាប់​ពន្ធ អត្រា​ពន្ធ
ពី ០៛ ដល់ ៦.០០០.០០០៛ 0,00%
ពី ៦.០០០.០០១ ដល់ ១៥.០០០.០០០៛ ៥%
ពី ១៥.០០០.០០១៛ ដល់ ១០២.០០០.០០០៛ ១០%
ពី ១០២.០០០.០០១៛ ដល់ ១៥០.០០០.០០០៛ ១៥%
លើស​ពី ១៥០.០០០.០០០៛ ២០%

មាត្រា​២១:
ពន្ធ​លើ​សហគ្រាស​ធានា​រ៉ាប់រង​ ត្រូវ​បាន​​កំណត់​​ដូច​ត​ទៅ :

  • ១- ចំពោះ​សហគ្រាស​ដែល​មាន​សកម្មភាព​ជា​សំខាន់​ក្នុង​ការ​ធានា​រ៉ាប់រង​ ឬ​ធានា​រ៉ាប់រង​បន្ត​លើ​ជីវិត​ទ្រព្យ​សម្បត្តិ​ ឬ​ហានិភ័យ​ផ្សេងៗ ពន្ធ​លើ​ប្រាក់​​ចំណេញ​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ :
    • ក- ៥ ភាគរយ​នៃ​បុព្វលាភ​ធានា​រ៉ាប់រង​ដុល​ ដែល​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ចំពោះ​ការ​ធានា​រ៉ាប់រង​ ឬ​ធានា​រ៉ាប់រង​បន្ត​នូវ​ហានិភ័យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា
    • ខ- តាម​អត្រា​កំណត់​ក្នុង​​មាត្រា​២០​នៃ​ច្បាប់​នេះ​ ចំពោះ​សកម្មភាព​ដទៃ​ទៀត​ ដែល​មិនមែន​ជា​ការ​ធានា​រ៉ាប់រង​ ឬ​ធានា​រ៉ាប់រង​បន្ត។
  • ២- វិធាន​ និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​សហគ្រាស​ធានារ៉ាប់រង​ ត្រូវ​កំណត់​​ដោយ​ប្រកាស​របស់​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

មាត្រា​២២:
ចំពោះ​អាជីវកម្ម​មិន​ទាក់ទិន​​ ពន្ធ​លើ​ប្រាក់ចំណេញ​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- ពន្ធ​លើ​ប្រាក់​ចំណេញ​ ត្រូវ​បាន​កំណត់​ស្មើ​នឹង​ ២០​ ភាគរយ​ លើ​ចំនួន​ប្រាក់​ចំណូល​​ជាប់​ពន្ធ​​នៃ​អាជីវកម្ម​មិន​ទាក់ទិន​របស់​អង្គការ​ នានា​ ដូច​មាន​ចែង​ក្នុង​មាត្រា៩​នៃ​ច្បាប់​នេះ។
  • ២- សំរាប់​គោលដៅ​នៃ​ពន្ធ​លើ​ប្រាក់​ចំណេញ​ ពាក្យ​ «ប្រាក់​ចំណូល​ជាប់​ពន្ធ​នៃ​អាជីវកម្ម​មិន​ទាក់ទិន» គឺ​ជា​ផល​ដក​រវាង​ប្រាក់​ចំណូល​ដុល​សំរេច​បាន​ពី​អាជីវកម្ម​មិន​ទាក់ទិន​ ដែល​អង្គការ​ណា​មួយ​បាន​ធ្វើ​ជា​ទៀង ទាត់​និង​ការ​កាត់កង​នានា​ ទាក់ទិន​ផ្ទាល់​ទៅ​នឹង​ការ​ធ្វើ​អាជីវកម្ម​ ដែល​បទប្បញ្ញត្តិ​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ​បាន​អនុញ្ញាត។
  • ៣- ពាក្យ​ «អាជីវកម្ម​មិន​ទាក់ទិន» សំដៅ​ដល់​អាជីវកម្ម​ខាង​ពាណិជ្ជកម្ម​ ឬ​​ឧស្សាហកម្ម​ ឬ​អាជីវកម្ម​ផ្សេង​ទៀត​របស់​អង្គការ​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​ ឬ​មូលនិធិ​ ​ហើយ​ពុំ​មាន​ទាក់ទិន​ជា​សំខាន់​ដល់​គោលដៅ​ ឬ​មុខងារ​ដែល​ជា​​មូលដ្ឋាន​នៃ​ការ​លើកលែង​ពន្ធ​ ដូច​មាន​ចែង​ក្នុង​មាត្រា​៩​នៃ​ច្បាប់​នេះ។

មាត្រា​២៣:
ពន្ធ​បង់​មុន​លើ​ការ​បែងចែក​ភាគលាភ​ ត្រូវ​បាន​កំណត់​ដូច​ត​ទៅ :

  • ១- បើ​សិន​ជា​សហគ្រាស​ណា​មួយ​បែងចែក​ភាគលាភ​អោយ​ទៅ​អ្នក​ចូលហ៊ុន​ក្នុង​ស្រុក​ និង​អ្នក​ចូល​ហ៊ុន​បរទេស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ សហគ្រាស​នោះ​ត្រូវ​កាត់​ទុក​ និង​ត្រូវ​បង់​ប្រាក់​ពន្ធ​ដែល​មាន​ចំនួន​ស្មើ​នឹង​ផល​គុណ​នៃ​ទឹក​ប្រាក់​​ ភាគលាភ​បំប៉ោង​ទៅ​តាម​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​គុណ​នឹង​អត្រា​ពន្ធ​លើ​ ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ ដូច​មាន​​ចែង​ក្នុង​មាត្រា​២០​នៃ​ច្បាប់​នេះ។
  • ២- ប្រាក់​ពន្ធ​​ដែល​បាន​កាត់​ទុក​ខាង​លើ​នេះ​ ត្រូវ​ក្លាយ​ជា​ឥណទាន​ពន្ធ​នៃ​​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​សហគ្រាស​ដែល​ បែងចែក​ភាគលាភ​សំរាប់​​ឆ្នាំ​ជាប់​ពន្ធ​ដែល​បាន​​ធ្វើ​ការ​កាត់​ទុក​នោះ។

បើ​សិន​​ជា​ឥណទាន​ពន្ធ​មាន​ចំនួន​លើស​ពី​ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ចំនួន​លើស​​នោះ​ត្រូវយោង​ទៅ​មុខ​ហើយ​ក្លាយ​​ទៅ​ជា​ឥណទាន​ពន្ធ​សំរាប់​ឆ្នាំ​ ​បន្ទាប់។ ដោយ​ឡែក​ចំពោះ​ពន្ធ​កាត់​ទុក​លើ​ការ​បែងចែក​ភាគលាភ​​ដោយ​សហគ្រាស​ធានា​ រ៉ាប់រង​ ដែល​ជាប់​ពន្ធ​តាម​មាត្រា​២១​នៃ​ច្បាប់​នេះ​ មិន​អាច​ប្រើ​ជា​ឥណទាន​ពន្ធ​បាន​ទេ។

  • ៣- សហគ្រាស​ណា​មួយ​ (ត​ទៅ​នេះ​ហៅ​ថា​ «សហគ្រាស​ទី​មួយ») ដែល​មាន​​កម្មសិទ្ធិ​ចាប់​ពី​ ២០ភាគរយ​​ឡើង​ទៅ​លើ​ដើម​ទុន​ផ្ទាល់​របស់​សហគ្រាស​ទី​ពីរ​ ត្រូវ​តែ​បង្កើត​នូវ​គណនី​​ភាគលាភ។ ពេល​ណា​សហគ្រាស​ទី​មួយ​បាន​ទទួល​ភាគលាភ​បាន​បង់ពន្ធ​​រួច​ហើយ​ពី​សហគ្រាស​ទី ​ពីរ​ សហគ្រាស​ទី​មួយ​​ត្រូវ​កត់ត្រា​ចំនួន​ប្រាក់​ភាគលាភ​នោះ​​ទៅ​ក្នុង​គណនី​ ភាគលាភ​របស់​ខ្លួន។ ពេល​ណា​​សហគ្រាស​ទី​មួយ​បែងចែក​​ភាគលាភជាបន្ត​ទៀត​ទៅ​អ្នក​ចូល​​ហ៊ុន​របស់​ ខ្លួន​ ទឹក​ប្រាក់​បែងចែក​ដែល​ត្រូវ​ដក​ចេញ​ពី​គណនី​ភាគ លាភ​មិន​ត្រូវ​​មាន​ការ​កាត់​ទុក​ពន្ធ​ដូច​ក្នុង​កថាខ័ណ្ឌ​១​ នៃ​មាត្រា​នេះ​ទេ។
  • ៤- រូបវន្ត​បុគ្គល​ ​ឬ​សហគ្រាស​ ដែល​បាន​ទទួល​ភាគលាភ​អំពី​សហគ្រាស​ ដែល​មាន​កាតព្វកិច្ច​កាត់​ពន្ធ​ទុក​តាម​​កថាខ័ណ្ឌ​១​នៃ​មាត្រា​នេះ​​ ឬ​ក៏​បាន​ទទួល​ភាគលាភ​ដក​ចេញ​ពី​គណនី​ភាគលាភ​ ដូច​មាន​ចែង​ក្នុង​​កថាខ័ណ្ឌ​៣​ នៃ​មាត្រា​នេះ​ មិន​ត្រូវ​កត់ត្រា​ភាគលាភ​នេះ​ក្នុង​ប្រាក់​ចំណូល​ទេ។

ផ្នែក​ទី​ ៥៖ ពន្ធ​ដទៃ​ទៀត​[edit]

មាត្រា​២៤:
ពន្ធ​អប្បបរមា​ ត្រូវ​បាន​កំណត់​លើ​​អ្នក​ជាប់​ពន្ធ​តាម​​របប​ពិត។ ពន្ធ​អប្បបរមា​ ​ជា​ពន្ធ​​មួយ​​ដាច់​ដោយ​ឡែក​ និង​ផ្សេង​​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ។ ពន្ធ​​នេះ​ត្រូវ​បង់​ដោយ​អ្នក​ជាប់​ពន្ធ​តាម​​របប​ពិត​ ទោះ​បី​អ្នក​ជាប់​ពន្ធ​​នោះ​បាន​ទទួល​លក្ខណ​សម្បត្តិ​ជា​សហគ្រាស​វិនិយោគ​ក៏ ​ដោយ។ ពន្ធ​អប្បបរមា​​ត្រូវ​កំណត់​​តាម​អត្រា ១ភាគរយលើផលរបរប្រចាំឆ្នាំ​ រួម​បញ្ចូល​ទាំង​ពន្ធអាករ​នានា ហើយ​ត្រូវ​បង់​នៅ​ពេល​ទូទាត់​ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ។ ពន្ធ​អប្បបរមា​ អាច​ត្រូវ​​បាន​កាត់បន្ថយ​ដោយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ដែល​បាន​ បង់​ជាក់ស្ដែង​តាម​វិធាន​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៧​ មាត្រា​៣៨​ និង​មាត្រា​៣៩​នៃ​ច្បាប់​នេះ។

ផ្នែក​ទី​ ៦៖ ពន្ធ​កាត់​ទុក​​ និង​ប្រាក់​​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ[edit]

មាត្រា​២៥:​
ពន្ធ​កាត់​ទុក​ទូទៅ​ត្រូវ​បាន​កំណត់​​ដូច​ត​ទៅ :​

  • ១- អ្នក​បើក​ប្រាក់​​និវាសនជន​ដែល​បាន​ធ្វើ​ការ​ទូទាត់​ជា​សាច់ប្រាក់​ ឬ​ជា​វត្ថុ​អោយ​ដល់​បុគ្គល​និវាសនជន​ត្រូវ​កាត់​ទុក​ និង​បង់​ប្រាក់​ពន្ធ​ទៅ​តាម​​អត្រា​កំណត់​ដូច​ខាង​ក្រោម​​ លើ​ចំនួន​ទូទាត់​មុន​ការ​កាត់​ទុក​ប្រាក់​ ពន្ធ​:
    • ក- អត្រា​ ១៥​ ភាគរយ​ចំពោះ :
      • - ប្រាក់​ចំណូល​ដែល​រូបវន្ត​បុគ្គល​បាន​ទទួល​ពី​ការ​បំពេញ​​សេវា​នានា​ រួម​ទាំង​ការ​គ្រប់គ្រង​ ឬ​ការ​ពី​គ្រោះ​យោបល់ ឬ​សេវា​ប្រហាក់ប្រហែល
      • - សួយ​សារ​ចំពោះ​ទ្រព្យ​អរូបី និង​ភាគ​កម្ម​ក្នុង​ធនធាន​រ៉ែ​​ ប្រេង​កាត​​ ឬ​ឧស្ម័ន​ធម្មជាតិ​ ហើយ​និង​ការ​ប្រាក់​​ដែល​បង់​ទៅ​អោយ​រូបវន្តបុគ្គល​ ឬ​សហគ្រាស​ លើកលែង​តែ​ការ​ប្រាក់​ដែល​បង់​ទៅ​អោយ​ធនាគារ និង​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក
    • ខ- អត្រា​ ១០​ ភាគរយ​ ចំពោះ​ប្រាក់​ចំណូល​ពី​ការ​អោយ​ជួល​ចលន​ ឬ​អចលនទ្រព្យ​
    • គ-​ អត្រា​ ៥ ភាគរយ​ ចំពោះ​ការ​ប្រាក់​ដែល​ធនាគារ​ ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​បង់​អោយ​ទៅ​រូបវន្ត​បុគ្គល​និវាសនជន​ ដែល​មាន​គណនី​សន្សំ​គ្មាន​កាល​កំណត់។
  • ២- ការ​កាត់​ទុក​ក្នុង​មាត្រា​នេះ​ មិន​ត្រូវ​អនុវត្ត​ទេ​ចំពោះ​ការ​ទូទាត់​ ចំពោះ​ប្រាក់​ចំណូល​លើកលែង​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា​​៩​ នៃ​ច្បាប់​នេះ។
  • ៣- សំរាប់​​គោលដៅ​នៃ​មាត្រា​នេះ​​ និង​មាត្រា​២៦​នៃ​ច្បាប់​នេះ​​ ពាក្យ​ «អ្នក​បើក​ប្រាក់​និវាសនជន» សំដៅ​ ដល់:
    • ក- សហគ្រាស​និវាសនជន ឬ​ក្រុម​អាជីវកម្ម​និវាសនជន​
    • ខ- រូបវន្តបុគ្គល​ ចំពោះ​តែ​ការ​​បើក​ប្រាក់​ទាំងឡាយ​ ដែល​រូបវន្ត​បុគ្គល​នោះ​ធ្វើ​ឡើង​​ក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​២៦:​
អ្នក​បើក​ប្រាក់​និវាសនជន​ ដែល​បាន​ទូទាត់​ប្រាក់​ចំណូល​ប្រភព​កម្ពុជា​អោយ​ទៅ​បុគ្គល​អនិវាសនជន​ ត្រូវ​កាត់​ទុក​ និង​បង់​នូវ​ប្រាក់​​ពន្ធ​ចំនួន​ ១៤ ភាគរយ​នៃ​ទឹក​ប្រាក់​ត្រូវ​បើក ៖

    • ក​- ការប្រាក់
    • ខ- សួយសារ ថ្លៃឈ្នួលនិងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
    • គ- ការទូទាត់ចំពោះសេវាគ្រប់គ្រងនិងសេវាបច្ចេកទេសនានាដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
    • ឃ- ភាគលាភ ។

មាត្រា​២៧:
ពន្ធ​កាត់​ទុក​ដែល​បាន​អនុវត្ត​លើ​ការ​បែងចែក​នានា​តាម​មាត្រា​២៣​នៃ​ច្បាប់ ​នេះ​ ពន្ធ​កាត់​ទុក​លើ​ការ​ទូទាត់​អោយ​ដល់​រូបវន្តបុគ្គល​និវាសនជន​តាម​មាត្រា​២៥ ​នៃ​ច្បាប់​នេះ​ និង​ពន្ធ​កាត់​ទុក​​លើ​ការ​ទូទាត់​អោយ​ដល់​បុគ្គល​អនិវាសនជន​តាម​មត្រា២៦​នៃ ​ច្បាប់​នេះ ត្រូវ​ចាត់ទុកថា​ជា​ពន្ធ​ចុង​ក្រោយ​សំរាប់​អ្នក​ទទួល​ការ​ទូទាត់​ ឬ​ការ​បែងចែក​ដែល​មាន​បញ្ជាក់​ក្នុង​មាត្រា​ទាំងឡាយ​នេះ។

មាត្រា​ ២៨:
សហគ្រាស​ដែល​​ជាប់​ពន្ធ​​​លើ​ប្រាក់​ចំណេញ​តាម​របប​ពិត​ ក្នុង​នោះ​មាន​ទាំង​សហគ្រាស​វិនិយោគ​ដែល​ជាប់​ពន្ធ​​លើ​ប្រាក់​ចំណេញ​តាម​ អត្រា​ ៩ ភាគរយ​ មាន​កាតព្វកិច្ច​បង់​ប្រាក់​រំដោះ​ប្រចាំ​ខែ​សំរាប់​​ពន្ធ​លើ​​ប្រាក់​ចំណេញ ​តាម​អត្រា​ ១​ ភាគរយ​នៃ​ផល​របរ គិត​រួម​បញ្ចូល​ទាំង​ពន្ធ​អាករ​គ្រប់​ប្រភេទ​​ដែល​សំរេច​បាន​ក្នុង​ខែ​មុន។ ប្រាក់​រំដោះ​នេះ​ នឹង​ត្រូវ​​បាន​យក​មក​កាត់​កង​ពី​ពន្ធ​​លើ​ប្រាក់​ចំណេញ​ នៅ​ពេល​ធ្វើ​ការ​ទូទាត់​ប្រចាំ​ឆ្នាំ។

ផ្នែក​ទី​ ៧៖ កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ[edit]

មាត្រា​​២៩:​
អ្នក​ជាប់​ពន្ធ​តាម​របប​ពិត​ និង​របប​បំព្រួញ​មាន​កាតព្វកិច្ច :​

  • ១- អ្នក​ជាប់​ពន្ធ​​លើ​ប្រាក់​ចំណេញ​ដែល​ត្រូវ​បង់ពន្ធ​​តាម​របប​ពិត​ ឬ​របប​បំព្រួញ ត្រូវ​ផ្ញើ​ជូន​ជា​រៀងរាល់​ឆ្នាំ​ទៅ​រដ្ឋបាល​សារពើពន្ធ​ នូវ​លិខិត​ប្រកាស​ប្រាក់​​ចំណេញ​ដែល​​ខ្លួន​សំរេច​បាន​ក្នុង​ឆ្នាំ​ សារពើពន្ធ​មុន។​ លិខិត​ប្រកាស​នោះ​ ត្រូវ​ចុះ​បញ្ជី​ជា​ដាច់ខាត​ក្នុង​រយៈពេល​​​៣​ខែ​ ក្រោយ​ពី​ដំណាច់​ឆ្នាំ​សារពើពន្ធ។
  • ២- អ្នក​ជាប់​ពន្ធ​តាម​​របបពិត​ត្រូវ​ដាក់​លិខិត​​ប្រកាស​សារពើពន្ធ​ជូន​រដ្ឋបាល​សារពើពន្ធ​ ដោយ​ភ្ជាប់​ជាមួយ​ នូវៈ​
    • ក- តារាង​តុល្យការ
    • ខ- គណ​នី​លទ្ធផល
    • គ- តារាង​ពត៌មាន​​បន្ថែម។
  • ៣- អ្នក​ជាប់​ពន្ធ​តាម​​របប​បំ​ព្រួញ​ ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ជូន​រដ្ឋបាល​សារពើពន្ធ​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​នានា​តាម​គំរូ​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​ ផ្ដល់​ជូន។
  • ៤- ចំពោះ​សហគ្រាស​ដែល​មាន​​ការ​ខាតបង់​​ ក៏​ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​តាម​បែបបទ​ និង​ក្នុង​រយៈ​វេលា​ដូចគ្នា​ដែរ។

មាត្រា៣០:
អ្នក​ជាប់​ពន្ធ​តាម​របប​ម៉ៅការ​ មាន​កាតព្វកិច្ចៈ

  • ១- អ្នក​ជាប់​ពន្ធ​​តាម​របប​ម៉ៅ​ការ​ ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ជូន​រ​រដ្ឋបាល​សារពើពន្ធ​ជា​រៀងរាល់​ ឆ្នាំ​​យ៉ាងយឺត​បំផុត​នៅ​ថ្ងៃ​​ទី​៣១​ ខែ​តុលា​ តាម​គំរូ​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​ផ្ដល់​​ជូន។
  • ២- ចំនួន​​ប្រាក់​ចំណេញ​ម៉ៅការ​ត្រូវ​កំណត់​​ដោយ​រដ្ឋបាល​សារពើពន្ធ​ បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ និង​ពិភាក្សា​ជាមួយ​អ្នក​ជាប់​ពន្ធ​ ឬ​អ្នក​​តំណាង។ ប្រាក់​ចំណេញ​ម៉ៅការ​​នេះ​ ត្រូវ​គិត​តាម​​អត្រា​ចំណេញ​ទៅ​តាម​ ប្រភេទ​និង​តាម​មុខ​របរ​អាជីវកម្ម​ ដែល​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។
  • ៣- កំរិត​ពន្ធ​លើ​ប្រាក់​ចំណេញ​ម៉ៅការ​ ត្រូវ​កំណត់​​ជា​ស្ថេរវន្ត​​សំរាប់​រយៈពេល​មួយ​មាន​កំណត់​៣​ខែ​ ៦​ខែ​​ ឬ​១​ឆ្នាំ។
  • ៤- អ្នក​ជាប់​ពន្ធ​លើ​ប្រាក់​ចំណេញ​តាម​​របប​ម៉ៅការ​ ត្រូវ​បង់ពន្ធ​​នេះ​ជា​រៀងរាល់​ខែ​ តាម​ពេលវេលា​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ។

មាត្រា​៣១:​
បុគ្គល ឬ​អ្នក​ទទួល​ភារៈ​បើក​ប្រាក់​​ដែល​កាត់​​ទុក​ប្រាក់​ពន្ធ​​តាម​មាត្រា២៥ និង​មាត្រា​២៦​នៃ​ច្បាប់​នេះ​ ឬ​ដែល​​បាន​កាត់​ទុក​ប្រាក់​ពន្ធ​​ពី​ភាគលាភ​តាម​មាត្រា​២៣​នៃ​ច្បាប់​នេះ​ ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ និង​​បង់​ប្រាក់​ពន្ធ​ដែល​បាន​កាត់​ទុក​ជូន​រដ្ឋបាល​សារពើពន្ធ​ ទៅ​តាម​ទំរង់​ដែល​រដ្ឋបាល​សារពើពន្ធ​​បាន​កំណត់​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥ នៃ​ខែ​បន្ទាប់​​ពី​ខែ​ដែល​បាន​ធ្វើការ​កាត់​ទុក។

មាត្រា​៣២:
បុគ្គល​ដែល​មាន​កាតព្វកិច្ច​​បង់​ប្រាក់​​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ​ ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ និង​ប្រាក់​រំដោះ​ពន្ធ​​លើ​ប្រាក់​ចំណេញ​ជូន​រដ្ឋបាល​សារពើពន្ធ ទៅ​តាម​ទំរង់​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​កំណត់​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥​នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល​បំណុល​បាន​កើត​ ឡើង។​​

ផ្នែក​ទី ៨៖ ប្រភព​ប្រាក់​ចំណូល[edit]

មាត្រា​៣៣:
វៀរ​លែង​តែ​មាន​បទប្បញ្ញត្តិ​ផ្ទុយ​នៅ​ក្នុង​ច្បាប់​នេះ ប្រាក់​ចំណូល​ដូច​ខាង​ក្រាម​ត្រូវ​ចាត់​ទុក​ថា​មាន​ប្រភព​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជាៈ

  • ១- ការ​ប្រាក់​ដែល​បង់​ដោយ​សហគ្រាស​និវាសនជន ក្រុម​អាជីវកម្ម​និវាសនជន ឬ​ស្ថាប័ន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ២- ភាគ​លាភ​ដែល​បាន​បែង​ចែក​ដោយ​សហគ្រាស​និវាសនជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៣- ប្រាក់​ចំណូល​ពី​សេវាកម្ម​ដែល​បាន​បំពេញ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៤- ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​អោយ​ជួល​ចលន ឬ​អចលនទ្រព្យ​ដែល​ប្រើប្រាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៥- ប្រាក់​សួយសារ​ដែល​បាន​មក​ពី​ការ​ប្រើប្រាស់ ឬ​សិទ្ធ​ប្រើប្រាស់​ទ្រព្យ​អរូបី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៦- ផល​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ផល​ចំណេញ​ពី​ការ​ផ្ទេរ​ផល​ប្រយោជន៍​ណា​មួយ​នៃ​អចលនទ្រព្យ ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៧- ផល​ចំណេញ​ពី​ការ​លក់​ចលន​ទ្រព្យ​ក្រៅពី​សារពើ​ភ័ណ្ឌ ក្នុង​ករណី​ដែល​អ្នក​លក់​ជា​និវាសនជន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៨- បុព្វលាភ​ធានា​រ៉ាប់រង ឬ​ធានា​រ៉ាប់រង​បន្ត​ចំពោះ​ហានិភ័យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​៣៤:
និយមន័យ​នៃ​ប្រាក់​ចំណូល​ប្រភព​បរទេស ត្រូវ​កំណត់​ឡើង​ដោយ​យក​និយមន័យ​ប្រាក់ ​ចំណូល​ដូច​មាន​ចែង​ក្នុង​មាត្រា​៣៣​នៃ​ច្បាប់​មក​ប្រើ ហើយ​ក្នុង​នោះ​ពាក្យ “ព្រះរាជាណាចក្រ​កម្ពុជា” ត្រូវ​ជំនួស​ដោយ​ពាក្យ “ប្រទេស​ណា​មួយ​ក្រៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា”។

មាត្រា​៣៥:
ក្នុង​ករណី​ដែល​គ្មាន​ពត៌មាន​គ្រប់គ្រាន់ ដើម្បី​កំណត់​ប្រភព​ចំណូល ឬ​បើ​សិន​ជា​វិធាន​នានា​ដែល​មាន​រួច​មក​ហើយ ពុំ​អាច​ឆ្លុះបញ្ចាំង​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ប្រាក់​ចំណូល​ពី​ប្រភព​ណា​ មួយ​បាន​ទេ នោះ​រដ្ឋបាល​សារពើពន្ធ​ជា​អ្នក​កំណត់​ប្រភព​នៃ​ប្រាក់​ចំណូល​នោះ។

ផ្នែក​ទី ៩៖ គណនា​ប្រាក់​ពន្ធ​ប្រចាំ​ឆ្នាំ​ត្រូវ​បង់[edit]

មាត្រា​៣៦:
អ្នក​ជាប់​ពន្ធ​និវាសនជន ដែល​បាន​ទទួល​ប្រាក់​ចំណូល​ប្រភព​បរទេស និង​បាន​បង់​ពន្ធ​តាម​ច្បាប់​ពន្ធដារ​បរទេស ត្រូវ​បាន​ទទួល​នូវ​ឥណទាន​ពន្ធ​សំរាប់​កាត់​កង​ពី​ប្រាក់​ពន្ធ​លើ​ប្រាក់​ ចំណេញ ដែល​ត្រូវ​បង់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ប៉ុន្តែ​លុះ​ណា​តែ​មាន​ការ​បង្ហាញ​ឯកសារ​បញ្ជាក់​អំពី​ការ​បង់​ពន្ធ​នៅ​ បរទេស​នោះ។ ដើម្បី​គណនា​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មុន​ពេល​កាត់​ឥណទាន​ពន្ធ​នេះ ត្រូវ​យក​ចំនួន​សរុប​នៃ​ប្រាក់​ចំណូល​ដែល​បាន​ទទួល​អំពី​ប្រភព​កម្ពុជា និង​ប្រភព​បរទេស​មក​គិត។ ឥណទាន​ពន្ធ​ត្រូវ​បាន​កំណត់​ដាច់​ដោយ​ឡែក​ពី​គ្នា សំរាប់​ប្រាក់​ពន្ធ​ដែល​បាន​បង់​ដោយ​និវាសនជន​កម្ពុជា​នៅ​ប្រទេស​ក្រៅ​ នីមួយៗ។ ប៉ុន្តែ​ឥណទាន​ពន្ធ​ដែល​អនុញ្ញាត​ឲ្យ​កាត់​កង​សំរាប់​ឆ្នាំ​ជាប់​ពន្ធ គឺ​ចំនួន​ដែល​ទាប​ជាង​គេ​ក្នុង​ចំណោម:

    • ក- ប្រាក់​ពន្ធ​ដែល​បាន​បង់​ជាក់​ស្ដែង​នៅ​ប្រទេស​ក្រៅ​ណា​មួយ
    • ខ- ចំនួន​ដែល​បាន​មក​ពី​ការ​យក​ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណេញ​សរុប​ពី​គ្រប់​ ប្រភព​សំរាប់​រយៈពេល​ជា​មួយ​គ្នាដែល​គណនា​តាម​អត្រា​ពន្ធ​ក្នុង មាត្រា ២០នៃ​ច្បាប់​នេះ ទៅ​គុណ​នឹង​ផល​ចែក​រវាង​ប្រាក់​ចំណូល​ដែល​បាន​ទទួល​នៅ​ប្រទេស​ក្រៅ​នោះ និង​ប្រាក់​ចំណូល​សរុប​ពី​គ្រប់​ប្រភព។

ឥណទាន​ពន្ធ​បរទេស​អាច​ផ្ដល់​អោយ​បាន លុះ​ណា​តែ​អ្នក​ជាប់​ពន្ធ​និវាសនជន​បាន​បំពេញ​បែបបទ​ព្រម​ទាំង​ផ្ដល់​ឯកសារ​ នានា​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ ជា​ពិសេស​សេចក្ដី​បញ្ជាក់​របស់​អ្នក​ទូទាត់​ប្រាក់​ពន្ធ​នៅ​បរទេស និង​រដ្ឋបាល​សារពើពន្ធ​បរទេស​នោះ។ ក្នុង​ករណី​ឥណទាន​ពន្ធ​មាន​ចំនួន​លើស​ពី​បំណុល​ពន្ធ ចំនួន​លើស​នោះ​អាច​យោង​ទៅ​ប្រើ​នៅ​ឆ្នាំ​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​ទី​៥ គិត​ពី​ឆ្នាំ​បន្ទាប់​នៃ​ឆ្នាំ​ដែល​ឥណទាន​ពន្ធ​នោះ​បាន​កើត​ឡើង។ បើ​សិន​ជា​មាន​ឥណទាន​ពន្ធ​ច្រើន​ឆ្នាំ ត្រូវ​យក​ឥណទាន​ពន្ធ​ទាំង​នោះ​មក​ប្រើ​តាម​លំដាប់​ឆ្នាំ​ដែល​បាន​កើត​ឡើង។

មាត្រា​៣៧:
ការ​គណនា​បំណុល​ពន្ធ​លើ​ប្រាក់​ចំណេញ​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- គណនា​បំណុល​ពន្ធ​សរុប​តាម​មាត្រា​២០​នៃ​ច្បាប់​នេះ។
  • ២- ដក​ឥណទាន​ពន្ធ​បរទេស​តាម​មាត្រា​៣៦​នៃ​ច្បាប់​នេះ ប៉ុន្តែ​មិន​ឲ្យ​លើស​បំណុល​ពន្ធ​ក្នុង​កថាខណ្ឌ​១​នៃ​មាត្រា​នេះ​ទេ។
  • ៣- ដក​ប្រាក់​ពន្ធ​ដែល​អ្នក​ជាប់​ពន្ធ​បាន​បង់​លើ​ការ​បែងចែក​ភាគលាភ​តាម​ មាត្រា​២៣​នៃ​ច្បាប់​នេះ ប៉ុន្តែ​មិន​អោយ​លើស​ពី​បំណុល​ពន្ធ​ក្រោយ​ការ​កាត់​កង​ឥណទាន​ពន្ធ​បរទេស ដូច​ក្នុង​កថា​ខ័ណ្ឌ​២​នៃ​មាត្រា​នេះ​ទេ។

មាត្រា​៣៨:
ការ​គណនា​ប្រាក់​ពន្ធ​ត្រូវ​បង់ ឬ​ឥណទាន​ពន្ធ​សំរាប់​ឆ្នាំ​ជាប់​ពន្ធ ត្រូវ​បាន​កំណត់​ដូច​ត​ទៅៈ

  • ១- ក្នុង​ករណី​ដែល​លទ្ធផល​គណនា​តាម​មាត្រា​៣៧​នៃ​ច្បាប់​នេះ មាន​ចំនួន​ច្រើន​ជាង​ផល​បូក​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បាន​កាត់​ទុក​ក្នុង​ នាម​អ្នក​ជាប់​ពន្ធ​តាម​មាត្រា​២៥​នៃ​ច្បាប់​នេះ និង​ចំនួន​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ ដែល​អ្នក​ជាប់​ពន្ធ​បាន​បង់​ប្រចាំ​ឆ្នាំ​តាម​មាត្រា​២៨​នៃ​ច្បាប់​នេះ អ្នក​ជាប់​ត្រូវ​បង់​បន្ថែម​ចំនួន​ដែល​លំអៀង​នោះ ជូន​រដ្ឋបាល​សារពើពន្ធ។
  • ២- ប្រសិន​បើ​លទ្ធផល​គណនា​តាម​មាត្រា​៣៧​នៃ​ច្បាប់​នេះ មាន​ចំនួន​តិច​ជាង​ផល​បូក​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បាន​កាត់​ទុក​ក្នុង​នាម ​ជា​អ្នក​ជាប់​តាម​មាត្រា​២៥​នៃ​ច្បាប់​នេះ និង​ចំនួន​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដែល​អ្នក​ជាប់​ពន្ធ​បាន​បង់​ សំរាប់​ឆ្នាំ​ជាប់​ពន្ធ​តាម​មាត្រា​២៨​នៃ​ច្បាប់​នេះ ក្រោយ​ពី​បាន​គិត​បំណុល​ពន្ធ​អប្បបរមា​រួចហើយ អ្នក​ជាប់​ពន្ធ​អាច​សុំ​បង្វិល​សង​វិញ​នូវ​ចំនួន​ដែល​លំអៀង ឬ​យោង​ទៅ​ប្រើ​ជា​ប្រាក់​រំដោះ​សំរាប់​ឆ្នាំ​បន្ទាប់។
  • ៣- មុន​នឹង​ធ្វើ​ការ​ទូទាត់​ប្រាក់​ពន្ធ​តាម​កថាខ័ណ្ឌ​១ ឬ​ក៏​សុំ​បង្វិល​សង​តាម​កថាខ័ណ្ឌ​២ អ្នក​ជាប់​ពន្ធ​ត្រូវ​តែ​កំណត់​ជា​មុន​នូវ​បំណុល​ពន្ធ​អប្បបរមា តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៩​ នៃ​ច្បាប់​នេះ។

មាត្រា​៣៩:
ការ​គណនា​ប្រាក់​ពន្ធ​អប្បបរមា ប្រាក់​ពន្ធ​ត្រូវ​បង់ ឬ​ឥណទាន​ពន្ធ​សំរាប់​ឆ្នាំ​ជាប់​ពន្ធ​ត្រូវ​បាន​​កំណត់​ដូច​ត​ទៅៈ

  • ១- អ្នក​ជាប់​ពន្ធ​ត្រូវ​បង់​ពន្ធ​អប្បបរមា​នៅ​ពេល​ធ្វើ​ការ​ទូទាត់​ប្រាក់​ ពន្ធ​លើ​ប្រាក់​ចំណេញ។ ពន្ធ​អប្បបរមា​ត្រូវ​បង់ អាច​ត្រូវ​បាន​កាត់​បន្ថយ ដោយ​បំណុល​ពន្ធ​លើ​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​ជាប់​ពន្ធ​ជាមួយ​គ្នា​តាម​ មាត្រា២០​នៃ​ច្បាប់​នេះ។
  • ២- ក្នុង​ករណី​បំណុល​ពន្ធ​លើ​ប្រាក់​ចំណេញ លើស​ពី​បំណុល​ពន្ធ​អប្បបរមា:
    • ក- អ្នក​ជាប់​ពន្ធ​ត្រូវ​ទូទាត់​ប្រាក់​ពន្ធ ត្រូវ​បង់​តាម​មាត្រា​៣៧​នៃ​ច្បាប់​នេះ នៅ​ពេល​ដាក់​លិខិត​ប្រកាស​សារពើពន្ធ
    • ខ- ប្រសិន​បើ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​កាត់​ទុក​តាម​មាត្រា​២៥ និង​មាត្រា​២៨​នៃ​ច្បាប់​នេះ មាន​ចំនួន​លើស​ពី​បំណុល​ពន្ធ​អប្បបរមា អ្នក​ជាប់​ពន្ធ​អាច​ស្នើសុំ​ជា​ឥណទាន​ពន្ធ​បាន
    • គ- ក្នុង​ករណី​ដូច​ក្នុង​កថាខ័ណ្ឌ​២​នៃ​មាត្រា​នេះ អ្នក​ជាប់​ពន្ធ មិន​ជាប់​ពន្ធ​អប្បបរមា​ទេ។
  • ៣- ប្រសិន​បើ​បំណុល​ពន្ធ​លើ​ប្រាក់​ចំណេញ​តិច​ជាង​បំណុល​ពន្ធ​អប្បបរមា:
    • ក- ឥណទាន​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ​តាម​កថាខ័ណ្ឌ​២ មាត្រា​៣៨​នៃ​ច្បាប់​នេះ ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ទឹក​ប្រាក់​លំអៀង​ខាង​លើ
    • ខ- ឥណទាន​ពន្ធដែល​បាន​កាត់​បន្ថយ​ចុះ​ក្នុង​ការ​អនុវត្តតាម​វាក្យ​ខ័ណ្ឌ ក នៃ​កថាខ័ណ្ឌ​នេះ ត្រូវ​ចាត់​ជា​ការ​ទូទាត់​ប្រាក់​ពន្ធ​អប្បបរមា​សំរាប់​ឆ្នាំ​ជាប់​ពន្ធ។

ជំពូក​ទី ២៖ បទប្បញ្ញត្តិ​ស្ដីពី​ពន្ធ​លើ​ប្រាក់​បៀវត្ស[edit]

ផ្នែក​ទី ១៖ បទប្បញ្ញត្តិ​ទូទៅ[edit]

មាត្រា​៤០:
បទប្បញ្ញត្តិ​​ស្ដី​ពី​ពន្ធ​លើ​ប្រាក់​បៀវត្ស ដូច​មាន​ចែង​ក្នុង ច្បាប់ ​ពី​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់​គ្រង​ឆ្នាំ​១៩៩៥ ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ១១ នស.៩៤ ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​ ១៩៩៤ ត្រូវ​បាន​វិសោធនកម្ម​ដូច​តទៅ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកា​រដ្ឋ។

មាត្រា​៤១:
ពន្ធ​លើ​ប្រាក់​បៀវត្ស គឺ​ជា​ពន្ធ​ប្រចាំ​ខែ​កំណត់​លើ​ប្រាក់​បៀវត្ស​ដែល​បាន​ទទួល​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​សកម្មភាព​បំរើ​ការងារ។ រូបវន្ត​បុគ្គល​និវាសនជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​ចំពោះ​ប្រាក់​បៀវត្ស​ប្រភព​កម្ពុជា និង​ប្រាក់​បៀវត្ស​ប្រភព​បរទេស។ រូបវន្តបុគ្គល​អនិវាសនជន ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​ចំពោះ​ប្រាក់​បៀវត្ស​ប្រភព​កម្ពុជា។

មាត្រា​៤២:
សំរាប់​គោលដៅ​នៃ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធ​លើ​ប្រាក់​បៀវត្ស:

  • ១- ពាក្យ “និវាសនជន” ក្នុង​ករណី​ដែល​ប្រើ​ចំពោះ​និយោជិក អ្នក​ជាប់​ពន្ធ ឬ​រូបវន្តបុគ្គល មាន​ន័យ​ថា ដែល​ស្នាក់​នៅ ឬ​មាន​កន្លែង​ស្នាក់​នៅ​ជា​គោល​ដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើស​ពី​១៨២​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ​ប្រតិទិន។
  • ២- ពាក្យ “អនិវាសនជន” មាន​ន័យ​ថា​ដែល​មិន​មែន​ជា​និវាសនជន។
  • ៣- វៀរ​លែង​តែ​មាន​បទប្បញ្ញត្តិ​ផ្ទុយ​ ការ​ប្រើ​ពាក្យ​និយោជិត អ្នក​ជាប់​ពន្ធ​ និង​រូបវន្ត​បុគ្គល​ គឺ​សំដៅ​ដល់​ទាំង​និវាសនជន​ និង​អនិវាសនជន ដូច​មាន​ចែង​ក្នុង​មាត្រា​នេះ។
  • ៤- ពាក្យ “និយោជក” រួមមាន​ស្ថាប័ន​រដ្ឋ នីតិបុគ្គល​និវាសជន ក្រុម​អាជីវកម្ម​និវាសនជន​ គ្រឹះស្ថាន​

អចិន្ត្រៃយ៍​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា អង្គការ​មិនមែន​ស្វែងរក​ចំណេញ ឬ​រូបវន្ត​បុគ្គល​និវាសនជន​ដែល​ប្រកប​អាជីវកម្ម។

  • ៥- ពាក្យ “និយោជិត” សំដៅ​ដល់​រូបវន្ត​បុគ្គល​ដែល​បាន​ទទួល​ប្រាក់​បៀវត្ស​អំពី​សកម្មភាព​បំរើ​ ការងារ​របស់​ខ្លួន រួម​បញ្ចូល​ទាំង​មន្ត្រី​រាជការ​ មន្ត្រី​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត និង​អ្នក​ទទួល​ខុស​ត្រូវ ឬ​អភិបាល​របស់​សហគ្រាស​ផង។
  • ៦- ពាក្យ “ប្រាក់​បៀវត្ស​ប្រភព​កម្ពុជា” មាន​ន័យ​ថា​ប្រាក់​បៀវត្ស​ដែល​បាន​ទទួល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​ សកម្មភាព​បំរើ​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយ​ឡែក​ចំពោះ​ប្រាក់​បៀវត្ស ដែល​អនិវាសនជន​បាន​ទទួល​ក្នុង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស ត្រូវ​ចាត់​ទុក​ថា​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ដែល អ្នក​ទូទាត់​ប្រាក់​បៀវត្ស​នោះ​ស្នាក់នៅ។
  • ៧- ពាក្យ “បរទេស” :
    • ក- ពេល​ណា​ប្រើ​ជាមួយ​រូបវន្ត​បុគ្គល មាន​ន័យ​ថា ដែល​ជា​អនិវាសនជន
    • ខ- ចំពោះ​ការ​កំណត់​ប្រភព​ប្រាក់​ចំណូល​មាន​ន័យ​ថា ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា។
  • ៨- ពាក្យ “ប្រាក់​បៀវត្ស” សំដៅ​ដល់​លាភការ​ ប្រាក់​បំណាច់​ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ៈប៉ូវ នានា និង​អត្ថប្រយោជន៍​បន្ថែម ដែល​បាន​ទូទាត់​អោយ​ដល់​និយោជិត ឬ​ដែល​បាន​ទូទាត់ ដើម្បី ជា​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត ចំពោះ​ការ​បំពេញ​សកម្មភាព​បំរើ​ការងារ។

ផ្នែក​ទី ២៖ ប្រាក់​បៀវត្ស​លើកលែង​ពន្ធ[edit]

មាត្រា​៤៣:
ការ​លើក​លែង​ពន្ធ​លើ​ប្រាក់​បៀវត្ស​របស់​មន្ត្រី​រាជការ​ទូត និង​មន្ត្រី​បរទេស​ដទៃ​ទៀត​ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- ត្រូវ​បាន​លើក​លែង​ពន្ធ​លើ​ប្រាក់​បៀវត្ស ចំពោះ:
    • ក- ប្រាក់​បៀវត្ស​ដែល​មន្ត្រី និង​និយោជិត​នៃ​បេសកកម្ម​ទូត ឬ​កុងស៊ុល​របស់​រាជរដ្ឋាភិបាល​បរទេស​ណា​មួយ​ដែល​កាន់​លិខិត​ឆ្លង​ដែន​ការទូត ឬ​ផ្លូវការ​របស់​ប្រទេស​នោះ បាន​ទទួល​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បំពេញ​មុខងារ​ជា​ផ្លូវការ​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​
    • ខ- ប្រាក់​បៀវត្ស​ដែល​តំណាង​មន្ត្រី និង​និយោជិត​បរទេស​របស់​អង្គការ​អន្តរជាតិ​ និង​របស់​ទីភ្នាក់ងារ​ខាង​សហប្រតិបត្តិការ​បច្ចេកទេស​នៃ​រដ្ឋាភិបាល​ដទៃ​ទៀត ​ បាន​ទទួល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​មុខងារ​ជា​ផ្លូវការ​នៅ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា។
  • ២- ការ​លើកលែង​ពន្ធ​ក្នុង​មាត្រា​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​បដិការ​រវាង​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ។

មាត្រា​៤៤:
ត្រូវ​បាន​លើក​លែង​ពន្ធ:

  • ១- ប្រាក់​សំណង​ដោយ​ពិត​ប្រាកដ​នូវ​ចំណាយ​ខាង​វិជ្ជាជីវៈ ដែល​បាន​ចាយ​ដោយ​និយោជិត​តាម​សេចក្ដី បង្គាប់​និង​សំរាប់​ជា​ប្រយោជន៍​នៃ​និយោជក ហើយ​ដែល​បាន​បំពេញ​ល័ក្ខខ័ណ្ឌ​ដូច​ត​ទៅ:
    • ក- បាន​ចាយ​ក្នុង​ផល​ប្រយោជន៍​ផ្ទាល់ និង​ដាច់​ខាត​របស់​សហគ្រាស​
    • ខ- មិន​បង្ហាញ​លក្ខណៈ​ហួស​ប្រមាណ ឬ​ស្ដុកស្ដម្ភ​ហួស​ហេតុ
    • គ- បាន​បង្ហាញ​ជា​ភស្តុតាង​ដោយ​វិក្កយបត្រ​រាយ​លំអិត និង​បាន​ទូទាត់​ស្រេច​បាច់ ហើយ​ដែល​បាន​ធ្វើ​ក្នុង​នាម​អ្នក​បាន​ទទួល​ប្រាក់​សំណង​នូវ​ចំណាយ​ពិត​ ប្រាកដ។
  • ២- ប្រាក់​បំណាច់​នៃ​ការ​បញ្ឈប់​លែង​អោយ​ធ្វើ​ការ​ក្នុង​កំរិត​ដែល​បាន​បញ្ញត្តិ​ក្នុង ច្បាប់​ការងារ។
  • ៣- លាភការ​បន្ថែម​មាន​លក្ខណៈ​ខាង​សង្គមកិច្ច ក្នុង​ករណី​ដែល​បាន​បញ្ញត្តិ​ក្នុង​ច្បាប់​ការងារ។
  • ៤- ការ​ផ្គត់ផ្គង់​អោយ​ដោយ​ឥត​យក​ថ្លៃ ឬ​យក​ថ្លៃ​ទាប​ជាង​ថ្លៃ​ដើម​នូវ​ឯកសណ្ឋាន ឬ​បរិក្ខារ​សំរាប់​វិជ្ជា​ជីវៈ​ពិសេស។
  • ៥- ប្រាក់​បំណាច់​ម៉ៅ​ការ​សំរាប់​ចំណាយ​បេសកកម្ម និង​ការ​ធ្វើ​ដំណើរ។ ប្រាក់​បំណាច់​នេះ​មិន​ត្រូវ​ត្រួត​គ្នា​ជាមួយ​ប្រាក់​សំណង​ពិត​ប្រាកដ នូវ​ចំណាយ​ដូច​មាន​ចែង​ក្នុង​មាត្រា​នេះ​ឡើយ។

ផ្នែក​ទី ៣៖ មូលដ្ឋាន​គិត​ពន្ធ​ប្រចាំ​ខែ ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ និង​ការ​កំណត់​ប្រាក់​ពន្ធ​ប្រចាំ​ខែ[edit]

មាត្រា​៤៥:
វៀរលែង​តែ​អត្ថប្រយោជន៍​​បន្ថែម​ដែល​ត្រូវ​កំណត់​ពន្ធ​តាម​មាត្រា​៤៨នៃ​ ច្បាប់​នេះ មូលដ្ឋាន​គិត​ពន្ធ​ប្រចាំ​ខែ​របស់​និវាសនជន គឺ​ជា​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ដោយ​ផាត់​ចេញ​នូវ:

  • ១- ប្រាក់​កាត់​ទុក​ដែល​ជា​កាតព្វកិច្ច​ក្នុង​ការ​ប្រតិបត្តិការ​តាម​ច្បាប់​ ការងារ ដើម្បី​បង្កើត​បេឡា​សោធន និង​ធានា​សុខុមាលភាព​សង្គម។
  • ២- ការ​ទូទាត់​នានា ដែល​ត្រូវ​បាន​លើក​លែង​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា​៤៤នៃ​ច្បាប់​នេះ។

មាត្រា​៤៦:
ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ​របស់​និយោជិត​ និវាសនជន​រួម​មាន:
    • ក- ប្រាក់​បៀវត្ស​ដែល​បាន​ទទួល​ពី​ប្រភព​កម្ពុជា
    • ខ- ប្រាក់​បៀវត្ស​ដែល​ទទួល​ពី​ប្រភព​បរទេស
    • គ- ប្រាក់​បុរេប្រទាន ប្រាក់​អោយ​ខ្ចី ឬ​ប្រាក់​រំដោះ​ដែល​និយោជក​បាន​បើក​អោយ​និយោជិត។ ប្រាក់​បុរេប្រទាន ប្រាក់​អោយ​ខ្ចី ឬ​ប្រាក់​រំដោះ​ត្រូវ​បូកបន្ថែម​លើ​បៀវត្ស​ជាប់​ពន្ធ​នៃ​ប្រាក់​ខែ​ដែល​ ប្រាក់​ទាំងនោះ​បាន​បើក​ហើយ​ត្រូវ​កាត់​បន្ថយ​ពី​ប្រាក់​បៀវត្ស​ក្នុង​ខែ​ ដែល​និយោជិត​បាន​បង់​សង​វិញ។
  • ២- ផ្អែក​លើ​ការ​បង្ហាញ​ភស្តុតាង​នៃ​ស្ថានភាព​គ្រួសារ និយោជិត​និវាសនជន​ណា​មួយ​ដែល​មាន:
    • ក- កូន​ស្ថិត​នៅ​ក្នុង​បន្ទុក​នា​ពេល​ដែល​ត្រូវ​បង់​ពន្ធ ត្រូវ​បាន​ទទួល​ការ​បន្ថយ​មូលដ្ឋាន​កំណត់​ពន្ធ​ចំនួន ៧៥.០០០រៀល(ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល) ក្នុង​កូន​ម្នាក់ៗ​ក្នុង​មួយ​ខែ។
    • ខ- សហព័ទ្ធ​ដែល​ធ្វើ​ការ​តែ​ជា​មេផ្ទះ ត្រូវ​បាន​ទទួល​នូវ​ការ​បន្ថយ​មូលដ្ឋាន​កំណត់​ពន្ធ​ចំនួន​៧៥.០០០រៀល​ (ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល) សំរាប់​តែ​ម្នាក់​ក្នុង​មួយ​ខែ។
  • ៣- ចំពោះ​អ្នក​ជាប់​ពន្ធ​អនិវាសនជន ប្រាក់​បៀវត្ស​ជាប់​ពន្ធ​រួមមាន​ប្រាក់​បៀវត្ស​ប្រភព​កម្ពុជា ដែល​ត្រូវ​ជាប់​ពន្ធ​តាម​បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ជំពូក​នេះ។

មាត្រា​៤៧:
សំរាប់​និយោជិត​និវាសនជន ប្រាក់​ពន្ធ​ត្រូវ​បង់​ត្រូវ​កំណត់​លើ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ និង​ត្រូវ​កាត់​ទុក​ដោយ​និយោជក តាម​អត្រា​កំណើន​តាម​ថ្នាក់​ដូច​ត​ទៅ:

:ភាគ​បៀវត្ស​ប្រចាំខែ​ត្រូវ​បង់​ពន្ធ	​​ ​                      អត្រាពន្ធ             លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
: ពី	 ០៛០០	         ដល់     ១​.៣០០.០០០៛០០	       ០.០%                       ០៛០០
: ពី	 ១​.៣០០.០០១៛០០	 ដល់	 ២.០០០.០០០៛០០	       ៥.០០%                ៦៥.០០០៛០០
: ពី	 ២.០០០.០០១៛០០	 ដល់	 ៨.៥០០.០០០៛០០	       ១០.០០%              ១៦៥.០០០៛០០
: ពី	 ៨.៥០០.០០១៛០០	 ដល់	 ១២.៥០០.០០០៛០០       ១៥.០០%              ៥៩០.០០០៛០០
:                       លើសពី​  ១២.៥០០.០០០៛០០       ​​ ២០.០០%            ១.២១៥.០០០៛០០

មាត្រា​៤៨:
ចំពោះ​អត្ថប្រយោជន៍​បន្ថែម ជា​រៀងរាល់​ខែ​និយោជក​ត្រូវ​កាត់​ទុក និង​បង់​ប្រាក់​ពន្ធ​តាម​កាល​កំណត់ តាម​អត្រា​២០​ភាគរយ​នៃ​តំលៃ​សរុប​របស់​អត្ថប្រយោជន៍​បន្ថែម ដែល​បាន​ផ្ដល់​អោយ​និយោជិត​ទាំងអស់។ តំលៃ​នៃ​អត្ថប្រយោជន៍​បន្ថែម គឺ​ជា​តំលៃ​ទីផ្សារ​រួម​ទាំង​ពន្ធ​អាករ​ទាំងអស់។

មាត្រា​៤៩:
វៀរលែង​តែ​អត្ថប្រយោជន៍​បន្ថែម​ដែល​ត្រូវ​កំណត់​ពន្ធ​តាម​តាម​មាត្រា​៤៨នៃ​ ច្បាប់​នេះ សំរាប់​អ្នក​ជាប់​ពន្ធ​អនិវាសនជន ប្រាក់​ពន្ធ​ត្រូវ​កាត់​ទុក​ដោយ​អ្នក​បើក​ប្រាក់​អោយ​តាម​អត្រា ១៥ ភាគរយ​លើ​រាល់​ការ​ទូទាត់​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ដែល​មាន​ចែង​ក្នុង​កថា​ ខ័ណ្ឌ៣ មាត្រា៤៦​នៃ​ច្បាប់​នេះ។ ពន្ធ​កាត់​ទុក​គឺ​ជា​ពន្ធ​ចុង​ក្រោយ​នៃ​ពន្ធ​លើ​ប្រាក់​បៀវត្ស​សំរាប់​ អនិវាសនជន​ជា​អ្នក​ទទួល​ប្រាក់​បៀវត្ស។

មាត្រា​៥០:
អ្នក​ជាប់​ពន្ធ​និវាសនជន​ដែល​បាន​ទទួល​ប្រាក់​បៀវត្ស​ប្រភព​បរទេស និង​បាន​បង់​ពន្ធ​តាម​ច្បាប់​ពន្ធដារ​បរទេស ត្រូវ​បាន​ទទួល​នូវ​ឥណទាន​ពន្ធ​សំរាប់​កាត់​កង​ពី​ប្រាក់​ពន្ធ​លើ​ប្រាក់​ បៀវត្ស ដែល​ត្រូវ​បង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​លុះ​ណា​តែ​មាន​ការ​បង្ហាញ​ឯកសារ​បញ្ជាក់​អំពី​ការ​បង់ពន្ធ​នៅ​បរទេស ​នោះ។

    • ក- ដើម្បី​គណនា​​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មុន​ពេល​កាត់​ឥណទាន​ពន្ធ​នេះ ត្រូវ​យក​ចំនួន​សរុប​ប្រាក់​បៀវត្ស​ដែល​បាន​ទទួល​អំពី​ប្រភព​កម្ពុជា និង​ប្រភព​បរទេស​មក​គិត​
    • ខ- ឥណទាន​ពន្ធ ត្រូវ​បាន​កំណត់​ដាច់​ដោយ​ឡែក​ពី​គ្នា សំរាប់​ប្រាក់​ពន្ធ​ដែល​បាន​បង់​ដោយ​និវាសនជន​កម្ពុជា​នៅ​ប្រទេស​ក្រៅ​ នីមួយៗ។ ប៉ុន្តែ​ឥណទាន​ពន្ធ​ផ្ដល់​អោយ​សំរាប់​ពន្ធ​លើ​ប្រាក់​បៀវត្ស​ដែល​បាន​បង់​នៅ ​ប្រទេស​ក្រៅ ​គឺ​ជា​​ចំនួន​ដែល​ទាប​ជាង​គេ​ក្នុង​ចំណោម:
      • -ប្រាក់​ពន្ធ​ដែល​បាន​បង់​ជាក់​ស្ដែង​នៅ​ប្រទេស​ក្រៅ​ណា​មួយ
      • -ចំនួន​ដែល​បាន​មក​ពី​ការ​យក​ប្រាក់​ពន្ធ​លើ​ប្រាក់​បៀវត្ស​សរុប​ពី​គ្រប់​​ ប្រភព​ក្នុង​រយៈពេល​ជាមួយគ្នា ដែល​គណនា​តាម​អត្រា​កំណើន​តាម​ថ្នាក់​ក្នុង​មាត្រា​៤៧នៃ​ច្បាប់​នេះ ទៅ​គុណ​នឹង​ផល​ចែក​រវាង​ប្រាក់​បៀវត្ស​ដែល​បាន​ទទួល​នៅ​ប្រទេស​ក្រៅ និង​ប្រាក់​បៀវត្ស​សរុប​ពី​គ្រប់​ប្រភព។

ការ​បង្វិល​សង​ឥណទាន​ពន្ធ​បរទេស​អាច​ធ្វើ​ទៅ​បាន លុះ​ណា​តែ​អ្នក​ជាប់​ពន្ធ​និវាសនជន​បាន​បំពេញ​បែបបទ​ព្រមទាំង​ផ្ដល់​ឯកសារ​ នានា​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ ជា​ពិសេស​សេចក្ដី​បញ្ជាក់​របស់​និយោជក​និង​រដ្ឋបាល​សារពើពន្ធ​នៃ​ទីកន្លែង​ បំរើ​ការងារ​នៅ​បរទេស។

ផ្នែក​ទី ៤៖ កាតព្វកិច្ច​របស់​និយោជក និង​និយោជិត[edit]

មាត្រា​៥១:
ការ​បើក​បៀវត្ស​ បង្កើត​ជា​ហេតុ​បណ្ដាល​អោយ​ជាប់​ពន្ធ។

មាត្រា​៥២:
បំណុល​ពន្ធ និង​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​ត្រូវ​បាន​កំណត់​ដូច​ត ទៅ:

  • ១- ពន្ធ​នេះ គឺ​ជា​បំណុល​របស់​រូបវន្ត​បុគ្គល​ដែល​បាន​ទទួល​ប្រាក់​បៀវត្ស រួម​ទាំង​រូបវន្ត​បុគ្គល​បរទេស​ផង​វៀរលែង​តែ​មាន​បទប្បញ្ញត្តិ​ផ្ទុយ​ដែល​ មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​អន្តរជាតិ។
  • ២- ពន្ធ​លើ​ប្រាក់​បៀវត្ស​ត្រូវ​ប្រមូល​តាម​របៀប​កាត់​ទុក​ជា​មុន​ជា​រៀងរាល់​ខែ ដោយ​និយោជក​នៅ​រាល់​ពេល​បើក​ប្រាក់​បៀវត្ស។
  • ៣- ប្រសិន​បើ​និយោជក​ស្នាក់​នៅ​បរទេស តំណាង​សារពើពន្ធ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​និយោជក​បាន​ចាត់​តាំង គឺ​ជា​អ្នក​ទទួល​ភារៈ​កាត់​ទុក​ពន្ធ​លើ​ប្រាក់​បៀវត្ស​មុន​ពេល​បើក​ប្រាក់​ បៀវត្ស​ទៅ​អោយ​និយោជិត និង​បង្វែរ​ប្រាក់​ពន្ធ​ទាំង​នោះ​ជូន​រដ្ឋ។
  • ៤- និយោជិក ឬ​តំណាង​និវាសនជន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​និយោជក​បរទេស ហើយ​និង​និយោជិត​ត្រូវ​ទទួល​ខុស​ត្រូវ​រួមគ្នា​ក្នុង​ការ​បង់ពន្ធ​លើ​ប្រាក់ ​បៀវត្ស​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​ដោយ​​ពុំ​​កំណត់​ថា​ប្រាក់​បៀវត្ស​ បាន​បើក​អោយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​បរទេស​ឡើយ។ ក្នុង​ករណី​មិន​បាន​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ប្រាក់​បៀវត្ស និយោជក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​នេះ ទោះ​បី​ជា​ប្រាក់​ពន្ធ​ត្រូវ​បាន​បង់​ដោយ​និយោជិត​រួច​ហើយ​ក្ដី។

មាត្រា​៥៣:
ប្រាក់​ពន្ធ​កាត់​ទុក​ដែល​ទាក់ទង​ដល់​ការ​បើក​ប្រាក់​បៀវត្ស​ធ្វើ​ឡើង​ក្នុង ​ខែ​ណា​មួយ ត្រូវ​បង់​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃ​ទី១៥ នៃ​ខែ​បន្ទាប់ ជូន​ទៅ​រដ្ឋបាល​សារពើពន្ធ​នៅ​ទី​កន្លែង​នៃ​លំនៅដ្ឋាន​ ឬ​គ្រឹះស្ថាន​ជា​គោល​ដើម​នៃ​អ្នក​ទទួល​ភារៈ​កាត់​ទុក​ប្រាក់​ពន្ធ​នេះ។

មាត្រា​៥៤:
គ្រប់​និយោជក​ដែល​បើក​ប្រាក់​បៀវត្ស​ត្រូវ​ជាប់​ពន្ធ ត្រូវ​ទទួល​បំពេញ​ភារកិច្ច:

  • ១- កាត់​ទុក​ប្រាក់​ពន្ធ​មុន​ពេល​បើក​បៀវត្ស។
  • ២- រាយការណ៍​ជូន​រដ្ឋបាល​សារពើពន្ធ និង​និយោជិត អំពី​ស្ថានភាព​ប្រាក់​ពន្ធ​ដែល​បាន​កាត់​ទុក។
  • ៣- កាន់​កាប់ និង​ថែរក្សា​បញ្ជី​ការ​ដែល​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ជំពូក​ទី ៣៖ បទប្បញ្ញត្តិ​ស្ដី​ពី​អាករ​លើ​តំលៃ​បន្ថែម[edit]

ផ្នែក​ទី ១៖ បទប្បញ្ញត្តិ​ទូទៅ[edit]

មាត្រា​៥៥:
ចាប់​តាំង​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ១៩៩៨ តទៅ នឹង​ត្រូវ​បង្កើត​អាករ​លើ​តំលៃ​បន្ថែម​ចំពោះ​ការ​ផ្គត់ផ្គង់​ជាប់​អាករ ដើម្បី​ជា​ប្រយោជន៍​ដល់​ថវិកា​រដ្ឋ។

មាត្រា​៥៦:
សំរាប់​គោលដៅ​នៃ​បទប្បញ្ញត្តិ​ស្ដី​ពី​អាករ​លើ​តំលៃ​​​​​បន្ថែម:

  • ១- ពាក្យ “ទំនិញ” សំដៅ​ដល់​ទ្រព្យ​រូបី ក្រៅ​ពី​ដី​ធ្លី និង​ប្រាក់កាស។
  • ២- ពាក្យ “សេវា” សំដៅ​ដល់​ការ​ផ្ដល់​អ្វី​មួយ​ដែល​មាន​តំលៃ​ក្រៅ​ពី​ទំនិញ ដីធ្លី និង​ប្រាក់កាស។
  • ៣- ពាក្យ “ការ​ផ្គត់ផ្គង់​ទំនិញ” សំដៅ​ដល់​ការ​ផ្ទេរ​សិទ្ធិ​ប្រើ​ប្រាស់ ឬ​សិទ្ធិ​ចាត់ចែង​ក្នុង​ឋានៈ​ជា​ម្ចាស់​កម្មសិទ្ធិ​ទំនិញ ទោះ​បី​មាន​សំណង ឬ​គ្មាន​សំណង​ក្ដី។ ការ​ផ្គត់ផ្គង់​សេវា​បន្ទាប់បន្សំ​ដែល​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ទំនិញ ត្រូវ​ចាត់​ទុក​ដូចជា​ការ​ផ្គត់ផ្គង់​ទំនិញ។
  • ៤- ពាក្យ “ការ​ផ្គត់ផ្គង់​សេវា” សំដៅ​ដល់​ការ​ផ្គត់ផ្គង់​ដែល​មិនមែន​ជា​ការ​ផ្គត់ផ្គង់​ទំនិញ ដីធ្លី ឬ​ប្រាក់​កាស​ដែល​ធ្វើ​ឡើង​ដើម្បី​បាន​ទទួល​សំណង​អ្វីមួយ។ ការ​ផ្គត់ផ្គង់​ទំនិញ​បន្ទាប់​បន្សំ​ដែល​ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់ សេវា​ត្រូវ​ចាត់​ទុក​ដូចជា​ការ​ផ្គត់ផ្គង់​សេវា។
  • ៥- ពាក្យ “បុគ្គល” សំដៅ​ដល់​បុគ្គល ឬ​ក្រុម​បុគ្គល​ដែល​ធ្វើ​អាជីវកម្ម ហើយ​និង​បុគ្គល​ណា​មួយ​ទៀត​ដែល​ទាក់ទិន​ជាមួយ​បុគ្គល​នោះ។
  • ៦- ពាក្យ “ទាក់ទិន” ចំពោះ​បុគ្គល​ណា​មួយ មាន​ន័យ​ថា:
    • ក- បុគ្គល​ណា​មួយ​ដែល​មាន​កម្មសិទ្ធិ​ចាប់​ពី ២០ភាគរយ​ឡើង​ទៅ​លើ​តំលៃ ឬ​សិទ្ធ​បោះឆ្នោត​នៃ​ភាគ​កម្ម​នៅ​ក្នុង​ដើមទុន​ផ្ទាល់​នៃ​បុគ្គល​ដែល​លើក​យក ​មក​ពិចារណា
    • ខ- មាន​ការ​គ្រប់​គ្រង​រួមគ្នា ឬ​មាន​នាយក​រួមគ្នា​ជាមួយ​បុគ្គល
    • គ- ជា​សមាជិក​គ្រួសារ ឬ​ជា​សហព័ទ្ធ ឬ​​ជា​សមាជិក​ក្រុម​គ្រួសារ​នៃ​សហព័ទ្ធ​របស់​បុគ្គល
    • ឃ- បាន​ទិញ​ចាប់​ពី​៣០ភាគរយ​ឡើង​ទៅ​នៃ​ធាតុ​ចេញ​សរុប​របស់​បុគ្គល ក្នុង​រយៈពេល​បី​ខែ​បន្តបន្ទាប់។
  • ៧- ពាក្យ “អាករ” ក្នុង​ជំពូក​នេះ​សំដៅ​ដល់​អាករ​លើ​តំលៃ​បន្ថែម។

មាត្រា​៥៧:
ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ មាន​ដូច​តទៅ:

  • ១- សេវា​ប្រៃសណីយ៍​សាធារណៈ
  • ២- សេវា​របស់​មន្ទីរពេទ្យ និង​គ្លីនិក សេវា​ខាង​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ និង​ការ​លក់​ទំនិញ​បន្ទាប់បន្សំ​ខាង​វេជ្ជសាស្ត្រ​និង​ទន្តសាស្ត្រ​ដែល​ ទាក់ទិន​នឹង​ការ​បំពេញ​សេវា​ទាំងនេះ។
  • ៣- សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដោយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ ដែល​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​រដ្ឋ។
  • ៤- សេវា​ធានា​រ៉ាប់រង។
  • ៥- សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ដែល​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • ៦- ការ​នាំ​ចូល​សំភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​រួច​ពន្ធ​គយ ក្នុង​កំរិត​​តំលៃ​ដែល​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
  • ៧- សកម្មភាព​មិន​ស្វែងរក​ចំណេញ ដើម្បី​បំរើ​ផលប្រយោជន៍​សាធារណៈ ដែល​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មាត្រា​៥៨:
ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ចំពោះ​បេសកកម្ម​ទូត និង​អង្គការ​អន្តរជាតិ ត្រូវ​បាន​កំណត់​ដូច តទៅ

  • ១- ការ​នាំ​ចូល​នូវ​ទំនិញ​សំរាប់ ឬ​ដោយ​បេសកកម្ម​ទូត និង​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​នានា សំរាប់​យក​មក​ប្រើ​នៅ​ក្នុង​ការ​បំពេញ​មុខងារ​ជា​ផ្លូវការ​របស់​ខ្លួន ត្រូវ​កំណត់​ថា​ជា​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ។ ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ត្រូវ​បាន​ផ្ដល់​អោយ​តែ​ក្នុង​ករណី​មាន​ការ​ បញ្ជាក់​អំពី​ប្រធាន​បេសកកម្ម ជូន​នាយកដ្ឋាន​ពន្ធដារ​ថា ទំនិញ​ទាំងនោះ​បាន​នាំចូល​មក​សំរាប់​គោលដៅ​នៃ​ការ​ប្រើប្រាស់​ខាងលើ​នេះ​ មែន។
  • ២- ការ​នាំ​ចូល​ទំនិញ​សំរាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​ ផ្លូវការ​នៃ​បេសកកម្ម អង្គការ ដូច​មាន​ចែង​ក្នុង​កថា​ខ័ណ្ឌ១ នៃ​មាត្រា​នេះ​ត្រូវ​កំណត់​ថា ជា​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ចំពោះ​តែ​មុខ​ទំនិញ ទាំងឡាយ​ដែល​មាន​ចុះ​ក្នុង​បញ្ជី​រាយ​មុខ​ទំនិញ ដែល​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ។
  • ៣- ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​នៅ​ក្នុង​មាត្រា​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​បដិការ​រវាង​រដ្ឋាភិបាល​ពាក់ ព័ន្ធ។

ផ្នែក​ទី ២៖ គោលការណ៍​ទូទៅ​នៃ​អាករ​លើ​តំលៃ​បន្ថែម[edit]

មាត្រា​៥៩:
បុគ្គល​ជាប់​អាករ សំដៅ​ដល់​បុគ្គល​ដែល​ត្រូវ​ជាប់​ពន្ធ​តាម​របប​ពិត ហើយ​ដែល​ធ្វើ​ការ​ផ្គត់ផ្គង់​ជាប់​អាករ ដូច​មាន​ចែង​ក្នុង​មាត្រា​៦០​នៃ​ច្បាប់​នេះ។ បុគ្គល​ដែល​ជាប់​ពន្ធ​តាម​របប​បំព្រួញ អាច​ស្នើសុំ​អោយ​ចាត់​ជា​បុគ្គល​ជាប់​អាករ​បាន។ ល័ក្ខខ័ណ្ឌ និង​នីតិវិធី​សំរាប់​ការ​ស្នើសុំ​នេះ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សំរាប់​គោលដៅ​នៃ​ជំពូក​នេះ និយោជិត​មិន​ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​ជាប់​អាករ​ទេ ចំពោះ​សកម្មភាព​ដែល​បាន​បំពេញ​ក្នុង​ឋានៈ​ជា​និយោជិត។

មាត្រា​៦០:
លើកលែង​តែ​មាន​បទប្បញ្ញត្តិ​ផ្ទុយ​នៅ​ក្នុង​ជំពូក​នេះ ពាក្យ “ការ​ផ្គត់ផ្គង់​ជាប់​អាករ” សំដៅ ​ដល់:

  • ១- ការ​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដោយ​បុគ្គល​ជាប់​អាករ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ២- ការ​ដក​យក​ទំនិញ​មក​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​ដោយ​បុគ្គល​ជាប់​អាករ។
  • ៣- ការ​ផ្ដល់​ជា​អំណោយ ឬ​ការ​ផ្គត់ផ្គង់​ក្រោម​តំលៃ​ពិត​នូវ​ទំនិញ ឬ​សេវា​ដោយ​បុគ្គល​ជាប់​អាករ។
  • ៤- ការ​នាំ​ចូល​ទំនិញ​មក​ក្នុង​តំបន់​ត្រួត​ពិនិត្យ​គយ​នៃ​ព្រះ​រាជាណាចក្រ​ កម្ពុជា។ វិធាន និង​នីតិវិធី​សំរាប់​ការ​អនុវត្ត​មាត្រា​នេះ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​៦១:
តំលៃ​ជាប់​អាករ​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- តំលៃ​ជាប់​អាករ​នៃ​ការ​ផ្គត់ផ្គង់ គឺ​ជា​ថ្លៃ​ទំនិញ ឬ​សេវា​ដែល​អ្នក​លក់​យក​ពី​អ្នក​ទិញ។ តំលៃ​ជាប់​អាករ​រួមមាន​បន្ទុក​ដឹកជញ្ជូន ហើយ​និង​ខ្ទង់​ដទៃ​ទៀត ដែល​ត្រូវ​ទូទាត់​អោយ​អ្នក​លក់​ចំពោះ​ការ​ផ្គត់ផ្គង់​នោះ​រួម​បញ្ចូល​ទាំង​ អាករ​ពិសេស​លើ​ទំនិញ និង​សេវា​កម្ម​មួយ​ចំនួន លើកលែង​តែ​អាករ​តំលៃ​បន្ថែម។ នីតិវិធី​សំរាប់​ធ្វើ​ការ​កែ​តំរូវ​​តំលៃ​ជាប់​អាករ​នៅ​ពេល​ផ្គត់ផ្គង់ ឬ​​ក្រោយ​ពេល​ផ្គត់ផ្គង់​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
  • ២- ក្នុង​ករណី​ដែល​ការ​ទូទាត់​ចំពោះ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ជា​សំណង​អ្វីមួយ ​ក្រៅពី​ប្រាក់កាស ដើម្បី​ជា​ផល​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​អ្នក​លក់ សំណង​នោះ​ត្រូវ​គិត​បញ្ចូល​ក្នុង​តំលៃ​ជាប់​អាករ​តាម​តំលៃ​ទីផ្សារ។
  • ៣-​តំលៃ​ជាប់​អាករ​របស់​ទំនិញ​នាំចូល គឺ​ជា​តំលៃ​គយ រួម​បញ្ចូល​ទាំង​តំលៃ​ធានា​រ៉ាប់រង និង​ដឹក​ជញ្ជូន​ដោយ​បូក​បន្ថែម​នូវ​ពន្ធ​គយ និង​អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយ​ចំនួន។ បើ​សិន​​ជា​គ្មាន​តំលៃ​គយ​កែ​តំរូវ​នេះ​ទេ ត្រូវ​កំណត់​យក​តាម​តំលៃ​ទីផ្សារ។
  • ៤- បើ​សិន​ជា​តំលៃ​ជាប់​អាករ​របស់​ទំនិញ ឬ​សេវា​ដែល​បាន​ផ្គត់ផ្គង់​មិន​តំណាង​អោយ​តំលៃ​ពិត​ទេ​នោះ រដ្ឋបាល​សារពើពន្ធ អាច​កំណត់​ចេញ​នូវ​តំលៃ​មួយ​សំរាប់​ទំនិញ ឬ​សេវា ហើយ​តំលៃ​នោះ ត្រូវ​ចាត់​ទុក​ជា​តំលៃ​ត្រឹមត្រូវ រហូត​ដល់​ពេល​មាន​ភស្តុតាង​បញ្ជាក់​ផ្សេង ដែល​រដ្ឋបាល​សារពើ​ពន្ធ​បាន​យល់ព្រម​ផង។
  • ៥- តំលៃ​ជាប់​អាករ​នៃ​ទំនិញ​ប្រើ​រួច​ហើយ ដែល​បុគ្គល​ជាប់​អាករ​បាន​ទិញ​ពី​អ្នក​ប្រើប្រាស់ ដើម្បី​លក់​ជា ​ប្រចាំ ឬ​លក់​ជំនួស​មុខ​អោយ​អ្នក​ប្រើប្រាស់ គឺ​ជា​ចំនួន​លំអៀង​រវាង​ថ្លៃ​លក់ និង​ថ្លៃ​ទិញ ឬ​ប្រាក់​កំរៃ​ដែល​បាន​មក​ពី​ការ​លក់​ទំនិញ​នោះ។

មាត្រា​៦២:
ពេល​ផ្គត់ផ្គង់​ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- អាករ​លើ​តំលៃ​បន្ថែម​ត្រូវ​ដល់​កំណត់ និង​ត្រូវ​បង់​នៅ​ពេល​ផ្គត់ផ្គង់។
  • ២- ពេល​ផ្គត់ផ្គង់​ទំនិញ និង​សេវា គឺ​ជា​ពេល​ដែល​អ្នកលក់​ត្រូវ​ចេញ​វិក្ក័យបត្រ ឬ​ជា​ពេល​ដែល​អ្នក​លក់​បាន​ចេញ​វិក្ក័យបត្រ ប្រសិន​បើ​វិក្ក័យ​បត្រ​នោះ​ត្រូវ​បាន​ចេញ​មុន​ពេល​ដែល​អ្នកលក់​ត្រូវ​ចេញ​ វិក្ក័យបត្រ។
  • ៣- វិក្ក័យបត្រ​អាករ​លើ​តំលៃ​បន្ថែម ត្រូវ​ចេញ​យ៉ាង​យឺត​បំផុត​៧ថ្ងៃ​ក្រោយ​ការ​បញ្ជូន​ទំនិញ ឬ​ការ​បំពេញ​សេវា ឬ​ក្រោយ​ការ​ទូទាត់ ក្នុង​ករណី​ដែល​ការ​ទូទាត់​ធ្វើ​ឡើង​មុន​ការ​បញ្ជូន​ទំនិញ ឬ​ការ​បំពេញ​សេវា។

ប្រសិន​បើ​ការ​បញ្ជូន​ទំនិញ​ពុំ​មាន​វិក្ក័យបត្រ​ភ្ជាប់​ជាមួយ​ទេ ត្រូវ​មាន​ភ្ជាប់​ឯកសារ​បញ្ជូន​ទំនិញ​ដែល​បាន​កត់ត្រា​ត្រឹមត្រូវ​ក្នុង​ ទិនានុប្បវត្តិ​បញ្ជូន​ទំនិញ។

  • ៤- ចំពោះ​ការ​​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ដែល​ធ្វើ​ឡើង​​ជា​បន្ត ឬ​ដែល​មាន​ការ​ទូទាត់​ច្រើន​លើក ពេល​ផ្គត់ផ្គង់​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
  • ៥- ចំពោះ​ការ​នាំចូល​ទំនិញ ពេល​ផ្គត់ផ្គង់​គឺ​ជា​ពេល​ដែល​អ្នក​នាំចូល​ដាក់​លិខិត​ប្រកាស​ជូន​អាជ្ញាធរ​គយ​ទៅ​តាម​គោលការណ៍​ជាធរមាន។

មាត្រា​៦៣:
ទីកន្លែង​ផ្គត់ផ្គង់ ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- ការ​ផ្គត់ផ្គង់​ទំនិញ ត្រូវ​ចាត់​ទុក​ថា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បើ​សិន​ជា​ទំនិញ​នោះ​ត្រូវ​បាន​ប្រគល់​អោយ ទោះ​មាន​លក្ខណៈ​ជា​ការ​ផ្ទេរ​សិទ្ធិ​ប្រើប្រាស់​ ឬ​សិទ្ធិ​ចាត់ចែង​ក្ដី​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះ​ករណី​ដែល​ការ​ផ្គត់ផ្គង់​ត្រូវ​មាន​ការ​ដឹកជញ្ជូន​ ការ​ផ្គត់ផ្គង់​ ត្រូវ​​ចាត់​ទុក​ថា​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​ គឺ​បើ​សិន​ជា​ទំនិញ​ស្ថិត​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ពេល​ដែល​ការ​ដឹកជញ្ជូន​ត្រូវ​បាន​ចាប់​ផ្ដើម។
  • ២- ការ​ផ្គត់ផ្គង់​សេវា​ត្រូវ​ចាត់​ទុក​ថា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា បើ​សិន​ជា​សេវា​នោះ​បាន​បំពេញ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឡែក​តែ:
    • ក- ការ​ផ្គត់ផ្គង់​សេវា​ជាប់​ទាក់ទង​នឹង​អចលនទ្រព្យ ត្រូវ​កំណត់​ថា​សេវា​នោះ​បាន​ធ្វើឡើង​នៅ​ទីកន្លែង​ដែល​ទ្រព្យ​នោះ​ស្ថិតនៅ
    • ខ- ការ​ផ្គត់ផ្គង់​សេវា​ជាប់​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន ត្រូវ​កំណត់​ថា​សេវា​នោះ​បាន​ធ្វើឡើង​នៅ​ទីកន្លែង​នៃ​ការ​ដឹក​ជញ្ជូន​នោះ។
  • ៣- ទំនិញ​ត្រូវ​ចាត់​ទុក​ថា​បាន​នាំចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បើ​សិន​ជា​ទំនិញ​នោះ​ត្រូវ​បាន​នាំចូល​មក​ក្នុង​តំបន់​ត្រួត​ពិនិត្យ​គយ​នៃ​ ព្រះ​រាជាណាចក្រ​កម្ពុជា។

ផ្នែក​ទី ៣៖ អត្រា​អាករ​និង​ការកំណត់​ប្រាក់​អាករ[edit]

មាត្រា​៦៤:
អត្រា​អាករ​ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- អាករ​លើ​តំលៃ​បន្ថែម​ត្រូវ​កំណត់​តាម​អត្រា​ ១០ ភាគរយ លើ​តំលៃ​ជាប់​អាករ​នៃ​ការ​ផ្គត់ផ្គង់​​ជាប់​អាករ​នីមួយៗ​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​។
  • ២- អាករ​លើ​តំលៃ​បន្ថែម​ត្រូវ​កំណត់​តាម​អត្រា​ ០ ភាគរយ​ លើ​តំលៃ​ជាប់​អាករ​នៃ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​នីមួយៗ​ ចំពោះ​ទំនិញ​នាំចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​និង​ការ​ផ្គត់ផ្គង់​សេវា​ជាប់​​អាករ​ ដែល​បាន​បំពេញ​នៅ​​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មាន​ចែង​ក្នុង​

មាត្រា​៦៣ នៃ​ច្បាប់​នេះ។

  • ៣- រដ្ឋបាល​សារពើពន្ធ​អាច​ប្រើប្រាស់​ឯកសារ​មួយ​ចំនួន​ ដើម្បី​បញ្ជាក់​ថា​មាន​ការ​នាំចេញ​ជាក់ស្ដែង​មែន​ក្នុង​នោះ​មាន​ជា​អាទិ៍ សេចក្ដី​បញ្ជាក់​ការ​នាំចេញ​របស់​ទីចាត់ការ​គយ និង​រដ្ឋាករ ឯកសារ​នាំចូល​របស់​ប្រទេស​នាំចូល លិខិត​ឥណទាន​បាន​ប្រើប្រាស់​ និង​ការ​ទូទាត់​ដែល​ធនាគារ​ក្នុង​ស្រុក​បាន​ទទួល។

មាត្រា​៦៥:
ឥណទាន​អាករ​លើ​ធាតុ​ចូល និង​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- ប្រាក់​អាករ​ដែល​បុគ្គល​ជាប់​អាករ​បាន​បង់​លើ​ទំនិញ ​និង​សេវា​សំរាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ដែល​បុគ្គល​ជាប់​អាករ​ម្នាក់​ ទៀត​បាន​ផ្គត់ផ្គង់​អោយ ឬ​ប្រាក់​អាករ​ដែល​បាន​បង់​ដោយ​បុគ្គល​ជាប់​អាករ​ក្នុង​ឋានៈ​ជា​អ្នក​​ នាំចូល​លើ​ទំនិញ ឬ​សេវា​នាំចូល​សំរាប់​ប្រើប្រាស់​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ត្រូវ​ក្លាយ​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សំរាប់​កាត់​កង​ចេញ​ពី​អាករ​លើ​ធាតុ ​ចេញ។ ធាតុ​ចូល​មានន័យថា​ ទំនិញ ឬ​សេវា​ដែល​បាន​​ទិញ​ចូល​ ហើយ​ធាតុ​ចេញ​មាន​ន័យ​ថា ទំនិញ ឬ​សេវា​ដែល​បាន​លក់​ចេញ។
  • ២- ក្នុង​ករណី​ទំនិញ និង​សេវា​ទិញ​ចូល​ត្រូវ​បាន​ប្រើប្រាស់​មួយ​ចំណែក​ជា​ការ​ផ្គត់ផ្គង់​ជាប់​ អាករ​​ និង​មួយ​ចំណែក​ទៀត​ជា​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ ឥណទាន​អាករ​​ត្រូវ​បាន​អនុញ្ញាត​អោយ​តែ​ចំពោះ​ចំណែក​ដែល​បាន​ប្រើប្រាស់​ជា​ ការ​ផ្គត់ផ្គង់​ជាប់​អាករ។

​​​​​​​​មាត្រា​៦៦:
ប្រាក់​អាករ​ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- អាករ​ដែល​បាន​កំណត់​ក្នុង​មាត្រា​៦៤ នៃ​ច្បាប់​នេះ ត្រូវ​ចាត់​ទុក​ជា​បំណុល​រដ្ឋ​នៅ​ពេល​ផ្គត់ផ្គង់។
  • ២- ប្រាក់​អាករ​ត្រូវ​បង់​ជូន​រដ្ឋ ស្មើ​នឹង​ប្រាក់​អាករ​លើ​ធាតុ​ចេញ​សរុប​តាម​អត្រា​ក្នុង​មាត្រា៦៤ នៃ​ច្បាប់​ នេះ​ដក​ឥណទាន​អាករ​លើ​ធាតុ​ចូល​ដែល​បាន​អនុញ្ញាត​សរុប​ក្នុង​ខែ​ជាមួយ​គ្នា។

​​​​​​ មាត្រា​៦៧:​
ក្នុង​ករណី​អចលនកម្មរូបី​ នៃ​អាជីវកម្ម​ណាមួយ​ដែល​បាន​ទទួល​ឥណទាន​អាករ ដូច​ក្នុង​មាត្រា​ ៦៥ នៃ​ច្បាប់​នេះ ត្រូវ​ឈប់​ប្រើប្រាស់​នៅ​ក្នុង​អាជីវកម្ម​របស់​បុគ្គល​ជាប់​អាករ ទ្រព្យ​នោះ​ត្រូវ​ចាត់​ទុក​ថា បាន​លក់​និង​ត្រូវ​ជាប់​អាករ​តាម​តំលៃ​ទីផ្សារ​នៅ​ពេល​ឈប់​ប្រើ​ការ​នោះ។

​​​​​មាត្រា​៦៨:​
សំណើ​សុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ:

  • ១-​ វិក្កយបត្រ​អាករ​លើ​តំលៃ​បន្ថែម​ដែល​បាន​ធ្វើ​ឡើង​ស្របតាម​មាត្រា៧៨ នៃ​ច្បាប់​នេះ។
  • ២- ប្រតិវេទន៍​គយ​សំរាប់​ការ​នាំចូល​ដែល​អាជ្ញាធរ​គយ​បាន​បញ្ជាក់​ត្រឹមត្រូវ។ ប្រតិវេទន៍​នោះ​ ត្រូវ​មាន​ចុះ​ឈ្មោះ​បុគ្គល​ជាប់​អាករ​ដែល​ជា​អ្នក​ទទួល​ទំនិញ ឬ​ជា​អ្នក​នាំចូល និង​ចំនួន​ប្រាក់​ពន្ធ​អាករ​ដែល​បាន​បង់​​នៅ​ពេល​​នាំចូល។

​ មាត្រា​៦៩:
អាករ​លើ​ធាតុ​ចូល​ដែល​មិន​អនុញ្ញាត​អោយ​ប្រើ​ជា​ឥណទាន រួម​មាន​ប្រាក់​អាករ​ដែល​បុគ្គល​​ជាប់​អាករ​បាន​បង់​លើ​ការ​ចំណាយ​ទទួល​ ភ្ញៀវ កំសាន្ត ឬ​សំរាក​លំហែ ការ​ទិញ​រថយន្ត ឬ​ការ​ទិញ​ផលិត​ផល​តេលសិលា​មួយ​ចំនួន។

ផ្នែក​ទី ៤៖ ការ​បង់​ប្រាក់​អាករ[edit]

មាត្រា​៧០:
លិខិត​ប្រកាស​អាករ​លើ​តំលៃ​បន្ថែម​សំរាប់​​ខែ​ណាមួយ ត្រូវ​ដាក់​ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​ត្រឹម​ថ្ងៃ​ទី២០​ នៃ​ខែ​បន្ទាប់​ ហើយ​ត្រូវ​បង់​ប្រាក់​អាករ​ទៅតាម​ចំនួន​ដែល​ប្រកាស​នៅ​ពេល​ដាក់​លិខិត​ ប្រកាស​នោះ។ ​ មាត្រា​៧១:
បើ​សិន​ជា​អាករ​លើ​ធាតុ​ចូល​ដែល​បុគ្គល​ជាប់​អាករ​បាន​បង់​តាម​មាត្រា​៦៤​នៃ ​ច្បាប់​នេះ មាន​ចំនួន​ខ្ពស់​ជាង​អាករ​លើ​ធាតុ​ចេញ ដែល​បុគ្គល​នោះ​ប្រមូល​សំរាប់​ខែ​ណា​មួយ:

  • ១- ចំនួន​លើស​ត្រូវ​​ប្រើជា​ឥណទាន​អាករចំពោះ​ប្រាក់​អាករ​លើ​តំលៃ​បន្ថែម​ដែល​បុគ្គល​នៅ​ជំពាក់​ខែ​កន្លង​ទៅ។
  • ២- ចំនួន​លើស​ដែល​នៅ​សល់​ទៀត​នោះ ត្រូវ​ចាត់​ទុក​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​នៃ​មាត្រា​៦៥នៃ​ច្បាប់​នេះ​សំរាប់​ខែ​បន្ទាប់។

​ មាត្រា​៧២:
រដ្ឋបាល​សារពើ​ពន្ធ​អាច​បង្វិល​សង​នូវ​ឥណទាន​អាករ​លើ​ធាតុ​ចូល​លើស​ប្រចាំខែ ​តាម​ការ​ស្នើ​សុំ​របស់​បុគ្គល​ជាប់​អាករ​ដែល​មាន​សកម្មភាព​នាំ​ចេញ​ជា​ សំខាន់ ប្រសិន​បើ​​បុគ្គល​នោះ​បាន​បង្ហាញ​ឯកសារ​បញ្ជាក់​ច្បាស់លាស់​ក្នុង​ការ​ នាំចេញ ហើយ​និង​បាន​ប្រតិបត្តិ​ត្រឹមត្រូវ​នូវ​កាតព្វកិច្ច​កាន់​បញ្ជិកា និង​ឯកសារ​ផ្សេង​ទៀត។

មាត្រា​៧៣:
បើ​សិន​ជា​បុគ្គល​ជាប់​អាករ មាន​ឥណទាន​អាករ​លើ​ធាតុ​​ចូល​លើស​ចាប់​ពី​៣ខែ​ឡើង​ទៅ​​បុគ្គល​នោះ​អាច​ដាក់​ ពាក្យ​សុំ​បង្វិល​សង​ប្រាក់​អាករ​នៅ​ដំណាច់​ខែ​ទី៣ ឬ​នៅ​ក្នុង​ខែ​ណា​មួយ​ជា​បន្ត​មក ទៀត។​ ដើម្បី​អោយ​មាន​តំលៃ​អនុវត្ត​សំរាប់​ខែ​ណា​មួយ​ ​ពាក្យសុំ​ត្រូវ​ដាក់​ស្នើ​ក្នុង​រយៈពេល​២០ថ្ងៃ​ក្រោយ​ដំណាច់​ខែ​ទាំងនោះ។

មាត្រា​៧៤:
បេសកកម្ម​ទូត ឬ​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា អាច​ដាក់ពាក្យ​សុំ​បង្វិល​សង​ប្រាក់​ដោយ​អាករ​លើ​ទំនិញ​ដែល​បាន​ទិញ​នៅ​ ក្នុងស្រុក ដែល​នឹង​មាន​ចុះ​​​នៅ​ក្នុង​បញ្ជី​រាយ​មុខ​ទំនិញ កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​​ និង ហិរញ្ញវត្ថុ។ ការ​បង្វិល​សង​ប្រាក់​អាករ អាច​អនុវត្ត​ទៅ​បាន​តែ​ក្នុង​ករណី​មាន​ការ​បញ្ជាក់​អំពី​ប្រធាន​ បេសកកម្ម​ជូន​ទៅ​រដ្ឋបាល​សារពើ​ពន្ធ​ថា ទំនិញ​ត្រូវ​បាន​ទិញ​មក​សំរាប់​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​បំពេញ​មុខងារ ​ជា​ផ្លូវការ​របស់​អង្គភាព​សាមី។

មាត្រា​៧៥:​
ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្រមូល និង​ការ​បង់​អាករ ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- បុគ្គល​ជាប់​អាករ ឬ​អ្នក​នាំចូល​មាន​កាតព្វកិច្ច​ត្រូវ​បង់​អាករ​ដែល​កំណត់​ដោយ​មាត្រា៦៤ នៃ​ច្បាប់​នេះ​លើ​រាល់​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ដែល​បុគ្គល​ជាប់​អាករ ឬ​អ្នក​នាំចូល​បាន​អនុវត្ត។
  • ២- ល័ក្ខខ័ណ្ឌ​ពិសេស​បញ្ជាក់​អំពី​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទិញ​ចំពោះ​ ប្រាក់​អាករ ក្នុង​ករណី​ដែល​អ្នក​ផ្គត់ផ្គង់​គ្មាន​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ក្នុង​ករណី​ដែល​មាន​ឧបសគ្គ​ផ្សេង​ទៀត​ដល់​ការ​ប្រមូល​ប្រាក់​អាករ​អំពី​ អ្នក​ផ្គត់ផ្គង់​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
  • ៣- បុគ្គល​ណា​មួយ​ដែល​បាន​ធ្វើ​កា​រ​ផ្គត់ផ្គង់​ទំនិញ និង​សេវា​ក្នុង​នាម​ម្ចាស់​កម្មសិទ្ធិ និង​មិនមែន​ក្នុង​ឋានៈ​ជា​និយោជិត​របស់​គេ​ទេ​នោះ ហើយ​ដែល​មាន​ការ​គ្រប់គ្រង​លើ​ការ​ផ្គត់ផ្គង់ ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​ជាប់​អាករ​សំរាប់​ការ​​ផ្គត់ផ្គង់​នោះ។

ផ្នែក​ទី ៥៖ បទប្បញ្ញត្តិ​ខាង​រដ្ឋបាល[edit]

មាត្រា​៧៦:​
គោលការណ៍​ស្ដីពី​ការ​ចុះ​បញ្ជី ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- បុគ្គល​ជាប់​អាករ​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៩ នៃ​ច្បាប់​នេះ ត្រូវ​ធ្វើ​ការ​ចុះ​បញ្ជី​សំរាប់​អាករ​លើ​តំលៃ​បន្ថែម​អោយ​បាន​ស្រេចបាច់​ ក្នុង​រយៈពេល​៣០ថ្ងៃ ក្រោយ​ថ្ងៃ​ដែល​បុគ្គល​នោះ​ក្លាយ​ជា​បុគ្គល​ជាប់​អាករ។ វិធាន​ និង​នីតិវិធី​សំរាប់​ការ​ចុះ​បញ្ជី​នេះ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។
  • ២- ចំពោះ​បុគ្គល​ដែល​មាន​ការ​តំរូវ​អោយ​ធ្វើការ​ចុះ​បញ្ជី​ ហើយ​ដែល​មិនបាន​ធ្វើ​ការ​ចុះ​បញ្ជី​នោះ រដ្ឋបាល​សារពើ​ពន្ធ​​អាច​ធ្វើ​ការ​ចុះ​បញ្ជី​បុគ្គល​នោះ ចាប់​តាំង​ពី​ពេល​ដែល​បុគ្គល​នោះ​ត្រូវ​មក​ធ្វើ​ការ​ចុះ​បញ្ជី។ បុគ្គល​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​តាម​បែប​នេះ ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ប្រាក់​អាករ​ទាំងអស់​ក្នុង​មាត្រា​ ៦៤នៃច្បាប់​នេះ ចាប់​តាំង​ពី​កាល​បរិច្ឆេទ​ដែល​បុគ្គល​នោះ​ត្រូវ​មក​ធ្វើការ​ចុះ​បញ្ជី។
  • ៣- បើ​សិន​ជា​បុគ្គល​ជាប់​អាករ​ណាមួយ​ដែល​បាន​ចុះ​បញ្ជី​តាម​មាត្រា​នេះ យល់​ឃើញ​ថា​ខ្លួន​មិន​ត្រូវ​ជា​បុគ្គល​ជាប់​អាករ​សំរាប់​ឆ្នាំ​ចរន្ត និង​ឆ្នាំ​បន្ទាប់​ទេ បុគ្គល​នោះ​អាច​ដាក់​ពាក្យ​សុំ​លុប​ការ​ចុះ​បញ្ជី​វិញ។
  • ៤- សំរាប់​​ក្រុម​បុគ្គល​ទាក់ទិន​២នាក់ ឬ​ច្រើន​នាក់ ដែល​ក្នុង​នោះ​បុគ្គល​ម្នាក់​ ឬ​ច្រើន​នាក់​មិនមែន​ជា​បុគ្គល​ជាប់​អាករ​ទេ​នោះ រដ្ឋបាល​សារពើពន្ធ​អាច​ចាត់​ទុក​បុគ្គល​ជាប់​អាករ​ណាមួយ​ថា​បាន​ចុះ​បញ្ជី​ សំរាប់​សកម្មភាព​សេដ្ឋកិច្ច​ទាក់ទិន​ទាំងមូល ឬ​ភាគ​ណាមួយ​។ បើ​សិន​ជា​គ្មាន​បុគ្គល​​ទាក់ទិន​ណា​ម្នាក់​ជា​បុគ្គល​ជាប់​អាករ​នោះ​ទេ រដ្ឋបាល​សារពើពន្ធ​​អាច​ចុះ​បញ្ជី​នូវ​បុគ្គល​ក្នុង​ក្រុម​ម្នាក់ ឬ​ច្រើន​​នាក់​សំរាប់​សកម្មភាព​សេដ្ឋកិច្ច​ទាក់ទិន​ទាំងមូល​ ឬ​ភាគ​ណាមួយ។
  • ៥- សំរាប់​គោលដៅ​នៃ​ការ​ចុះ​បញ្ជី និង​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋបាល​សារពើពន្ធ​ផង ចំពោះ​បុគ្គល​ជាប់​អាករ​មួយ​ក្រុម​ដែល​ជាប់​ទាក់ទិន​គ្នា ដូច​មាន​ចែង​ក្នុង​មាត្រា៥៦ នៃច្បាប់​នេះ សកម្មភាព​របស់​សមាជិក​នានា​នៅ​ក្នុង​ក្រុម​ អាច​ចាត់​ទុក​ជា​សកម្មភាព​របស់សមាជិក​ជ្រើស​តាំង​តែ​ម្នាក់​ប៉ុណ្ណោះ​។ ក្នុង​ករណី​នេះ សមាជិក​ម្នាក់ៗ​នៅ​ក្នុង​ក្រុម ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​រួមគ្នា​ និង​យ៉ាង​ពេញលេញ ចំពោះ​ការ​ប្រតិបត្តិ​តាម​បទប្បញ្ញត្តិ​នៃ​ជំពូក​នេះ។

មាត្រា​៧៧:
គោលការណ៍​ស្ដីពី​វិក្ក័យ​ប័ត្រ​​អាករ​លើ​តំលៃ​បន្ថែម ត្រូវ​បាន​កំណត់​ដូចតទៅ: បាន​ផ្ដល់​បង្កាន់​ដៃ​ទទួល​ប្រាក់​លំអិត​សំរាប់​បញ្ជី​បេឡា ឬ​ក៏​ឯកសារ​ផ្សេង​ទៀត​ដែល​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ

  • ៦- ចំពោះ​ការ​នាំចូល ប្រតិវេទន៍​គយ​ដែល​បាន​បំពេញ​ត្រឹមត្រូវ និង​ដែល​មាន​សេចក្ដី​បញ្ជាក់​អំពី​ការ​បង់​ពន្ធ​ប្រាក់​អាករ ត្រូវ​ប្រើប្រាស់​ជា​ឯកសារ​ត្រួត​ពិនិត្យ ដើម្បី​កំណត់​លក្ខណៈ​អាច​ទទួល​បាន​នូវ​ឥណទាន​អាករ។

មាត្រា​៧៨:
ការ​មិន​បាន​ចេញ​វិក្ក័យប័ត្រ​អាករ​លើ​តំលៃ​បន្ថែម ត្រូវ​រង​ទោសទណ្ឌ​ដូច​តទៅ:

  • ១- ក្រៅ​អំពី​ទោសទណ្ឌ​ដទៃ​ទៀត បើ​សិន​ជា​រដ្ឋបាល​សារពើពន្ធ​រក​ឃើញ​ជា​លើក​ទី២​ថា គ្រឹះស្ថាន​ណា​មួយ​របស់​បុគ្គល​ជាប់​អាករ មិន​បាន​ចេញ​វិក្ក័យប័ត្រ​តាម​តំរូវការ​នោះ រដ្ឋបាល​សារពើពន្ធ អាច​បិទ​គ្រឹះស្ថាន​នោះ ក្នុង​រយៈពេល​មាន​កំណត់​មួយ​ដែល​មិន​លើស​ពី​ប្រាំពីរ​ថ្ងៃ។
  • ២- បើ​សិន​ជា​គ្រឹះស្ថាន​ណា​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​បិទ​ដូច​ក្នុង​កថា​ ខ័ណ្ឌ១​នៃ​មាត្រា​នេះ នៅ​តែ​ប្រព្រឹត្ត​បទល្មើស​បែប​នោះ​ជា​ថ្មី​ទៀត គ្រឹះស្ថាន​នោះ​អាច​ត្រូវ​បាន​បិទ​ជា​ថ្មី​ទៀត ក្នុង​រយៈពេល​មាន​កំណត់​មួយ​ដែល​មិន​លើស​ពី​ប្រាំពីរ​ថ្ងៃ។

មាត្រា​៧៩:
គោលការណ៍​ស្ដីពី​បញ្ជី​កំណត់​ត្រា​ពត៌មាន សំរាប់​អាករ​លើ​តំលៃ​បន្ថែម ត្រូវ​បាន​កំណត់​ដូច​ត​ទៅ:

  • ១- សំរាប់​គោលការណ៍​បទប្បញ្ញត្តិ​ទាំងឡាយ​ក្នុង​ជំពូក​នេះ បុគ្គល​ជាប់​អាករ​ត្រូវ​រក្សា​ទុក​នូវ​ច្បាប់​ចំលង​វិក្ក័យប័ត្រ​ទាំងអស់​ ដែល​បាន​ធ្វើ​ចេញ និង​វិក្ក័យប័ត្រ​ទាំងអស់​ដែល​បាន​ទទួល។
  • ២- បុគ្គល​ជាប់​អាករ​ត្រូវ​កត់ត្រា និង​រក្សាទុក​អោយ​បាន​ត្រឹមត្រូវ​នូវ​បញ្ជី កំណត់​ត្រា​នៃ​រាល់​កិច្ចការ​ជំនួញ​ដែល​បាន​ធ្វើ ហើយ​ត្រូវ​មាន​គណនី​តាមដាន​ទឹកប្រាក់​អាករ ដែល​បាន​ប្រមូល​លើ​ការ​លក់ និង​ទឹកប្រាក់​អាករ​ដែល​បាន​បង់​លើ​ការ​ទិញនានា​របស់​ខ្លួន ព្រមទាំង​សេចក្ដី​កែ​តំរូវ​ផ្សេងៗ​លើ​​តំលៃ​លក់ ឬ​ទឹកប្រាក់​អាករ​ទៅ​តាម​បែបបទ​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ។
  • ៣- កិច្ចការ​ដូច​មាន​ចែង​ក្នុង​កថា​ខ័ណ្ឌ​២​នៃ​មាត្រា​នេះ ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​ធ្វើការ​បូក​សរុប និង​គណនា​សមតុល្យ​នៅ​ដំណាច់​ខែ​នីមួយៗ។ បុគ្គល​ជាប់​អាករ ត្រូវ​ធ្វើ​ជា​រៀងរាល់​ខែ នូវ​សំរង់​អាករ​​លើ​តំលៃ​បន្ថែម ទៅតាម​បែបបទ​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ។
  • ៤- វិក្ក័យប័ត្រ កំណត់​ត្រា និង​ឯកសារ​ផ្សេង​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​អាករ​នេះ ត្រូវ​រក្សា​ទុក​តាម​លំដាប់​ថ្ងៃ​ខែ តាម​បែបបទ និង​ទី​កន្លែង​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​កំណត់ ក្នុង​រយៈពេល​១០ឆ្នាំ​យ៉ាង​តិច​ក្រោយ​ការ​បញ្ចប់​កិច្ចការ​ជំនួញ​ចុង​ក្រោយ​ បំផុត ដែល​ជាប់​ទាក់ទង​នឹង​ឯកសារ​ទាំង​នេះ។
  • ៥- ឯកសារ និង​កំណត់​ត្រា​ទាំងអស់​ដែល​ត្រូវ​រក្សា​ទុក​តាម​មាត្រា​នេះ ហើយ​និង​ឯកសារ និង​កំណត់​ត្រា​ឯ​ទៀត​ដែល​ទាក់ទង​នឹង​អាជីវកម្ម​របស់​បុគ្គល ត្រូវ​ផ្ដល់​អោយ​រដ្ឋបាល​សារពើពន្ធ​ត្រួត​ពិនិត្យ​នៅ​ពេល​មាន​សំណើ។

មាត្រា​៨០:
បទប្បញ្ញត្តិ​នានានៃ​ជំពូក​នេះ ដែល​ទាក់ទង​នឹង​ការ​នាំចូល ត្រូវ​គ្រប់គ្រង​ដោយ​ទី​ចាត់ការ គយ​និង​រដ្ឋាករ ទៅ​តាម​បែបបទ​ដែល​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​៨១:

វិធាន​នៃ​ការ​បញ្ឈប់​អាជីវកម្ម ត្រូវ​បាន​កំណត់​ដូច​តទៅ:

១- ក្នុង​រយៈពេល​១០ថ្ងៃ ក្រោយ​ការ​បញ្ឈប់​អាជីវកម្ម​ដែល​បុគ្គល​ជាប់​អាករ​បាន​ធ្វើ​ការ​ចុះ​បញ្ជី បុគ្គល​នោះ​ត្រូវ​ដាក់​លិខិត​ប្រកាស​មួយ​ទៅ​តាម​ទំរង់​ដែល​បាន​កំណត់ ជូន​រដ្ឋបាល​សារពើពន្ធ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ពត៌មាន​លំអិត​អំពី​ការ​លក់ និង​ការ​ទិញ​នានា ក្រោយពី​ការ​ធ្វើ​ប្រកាស​សារពើពន្ធ​ចុង​ក្រោយ​បំផុតនិង​ពត៌មាន​លំអិត​អំពី​ ទំនិញ​ទាំងអស់​នៅ​ក្នុង​ស្ដុក​ដែល​មិន​ទាន់​បង់​អាករ ឬ​ដែល​បាន​ទទួល​ឥណទាន​អាករ​រួច​ហើយ ព្រមទាំង​បង់​ប្រាក់​អាករ​ដល់​កំណត់​ទាំងនោះ។ ២- វិធាន និង​នីតិវិធី​សំរាប់​ការ​បញ្ឈប់​អាជីវកម្ម ការ​លុប​ឈ្មោះ​ពី​បញ្ជី ហើយ​និង​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​តំណាង​តាម​ផ្លូវការ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​៨២:
ការ​ផ្ទេរ​អាជីវកម្ម​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ស្របតាម​ល័ក្ខខ័ណ្ឌ​ដែល​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ មិន​ត្រូវ​ជាប់​អាករ​លើ​តំលៃ​បន្ថែម​ទេ។ វិធាន និង​នីតិវិធី​នៃ​ការ​ជូន​ដំណឹង​អំពី​ការ​ផ្ទេរ​ការ​ចុះ​បញ្ជី​របស់​បុគ្គល​ អ្នក​ទទួល​អាជីវកម្ម ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​អ្នក​ផ្ទេរ​អាជីវកម្ម ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​អ្នក​ទទួល​អាជីវកម្ម និង​កិច្ច​រក្សា​កំណត់ត្រា​ផ្សេងៗ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា​៨៣:
គោលការណ៍​អនុវត្ត​ចំពោះ​កិច្ចសន្យា​ដែល​បាន​ធ្វើ​មុន​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​អាករ​ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- ត្រូវ​ដាក់​អោយ​អនុវត្ត​នូវ​អាករ​តាម​មាត្រា​៥៥​នៃ​ច្បាប់​នេះ លើ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​នានា ក្រោម​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​មុន​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ អាករនេះ បើ​សិន​ជា​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំ ឬ​នៅ​ក្រោយ​កាលបរិច្ឆេទ​​ចូល​ជា​ធរមាន​នៃ​អាករ។
  • ២- ចំពោះ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ដូច​មាន​ចែង​ក្នុង​កថា​ខ័ណ្ឌ១​នៃ​មាត្រា​ នេះ ប្រាក់​អាករ​លើ​តំលៃ​បន្ថែម​ដែល​បាន​កត់ត្រា​ក្រៅពី​កិច្ចសន្យា ត្រូវ​ចាត់​ទុក​ជា​សំណង​បន្ថែម​ចំពោះ​មុខ​ទំនិញ ឬ​សេវា​ដែល​បាន​ទិញ និង​ជា​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​បេសកកម្ម​របស់​អ្នក​ទិញ​ចំពោះ​អ្នក​ លក់។

មាត្រា​៨៤:
ឥណទាន​អាករ​ចំពោះ​ទំនិញ​ស្ដុក ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- ចំពោះ​បុគ្គល​ទើប​បាន​ចុះ​បញ្ជី ហើយ​នៅ​ថ្ងៃ​ចុះ​បញ្ជី​នោះ មាន​ស្ដុក​ទំនិញ​ដែល​បាន​បង់​អាករ​លើ​តំលៃ​បន្ថែម ឬ​អាករ​លើ​ផល​របប​រួច​ហើយ បុគ្គល​នោះ​អាច​ដាក់ពាក្យ​សុំ​អោយ​រដ្ឋបាល​សារពើពន្ធ​អនុញ្ញាត​នូវ​ឥណទាន​ អាករ​ចំពោះ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ស្តុក​ទាំងនោះ បន្ទាប់​ពី​រដ្ឋបាល​សារពើពន្ធ​បាន​ត្រួតពិនិត្យ​ឃើញ​ថា​វិក្ក័យប័ត្រ ឬ​ច្បាប់​ចំលង​នៃ​ប្រតិវេទន៍​គយ​របស់​ទំនិញ​ទាំងនោះ​មាន​លក្ខណៈ​ត្រឹមត្រូវ។
  • ២- បើ​មាន​ការ​ឯកភាព​ចំពោះ​លក្ខណៈ​ត្រឹមត្រូវ​នៃ​ឯកសារ​ទាំងនោះ​ហើយ រដ្ឋបាល​សារពើពន្ធ​អាច​អនុញ្ញាត​នូវ​ឥណទាន​អាករ ចំពោះ​ការ​ផ្គត់ផ្គង់​ដែល​បាន​ធ្វើ​ក្នុង​កំឡុង​៦០ថ្ងៃ មុន​ថ្ងៃ​ចុះ​បញ្ជី ឬ​មុន​ថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ឥណទាន​អាករ​នេះ​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ប្រកាស​សារពើពន្ធ​ទាំងឡាយ​ សំរាប់​អាករ​នេះ ទៅ​តាម​ល័ក្ខខ័ណ្ឌ​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ។

ជំពូកទី ៤៖ វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​ហិរញ្ញ​វត្ថុសំរាប់​ឆ្នាំ១៩៩៤ និង​លើ​ច្បាប់​ស្ដីពី​កា​រ​កែ​តំរូវ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រង​ឆ្នាំ១៩៩៥[edit]

ផ្នែក​ទី ១៖ បទប្បញ្ញត្តិ​ស្ដីពី​​ការ​កែប្រែ​អាករ​ពិសេស​លើ​ទំនិញ​មួយ​ចំនួន​មក​ជា​អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយ​ចំនួន[edit]

មាត្រា​៨៥:
ចាប់ពី​ថ្ងៃ​ប្រកាស​អោយ​ប្រើ​ច្បាប់​នេះ អាករ​ពិសេស​លើ​ទំនិញ​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​កែប្រែ​តំរូវ​នៃ​ ច្បាប់​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រង​១៩៩៥ ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ជស/រកម/០៩៩៥/០១ ចុះ​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ១៩៩៥ ត្រូវ​ហៅ​ថា “អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយ​ចំនួន” វិញ ហើយ​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដូច​មាន​ចែង​ក្នុង​ជំពូក​ នេះ។ មាត្រា១៨​នៃ​ច្បាប់​ដូច​យោង​ខាងលើ ត្រូវ​បាន​កែ​ប្រែ​ដូច​តទៅ:

  • - ៣០ភាគរយ សំរាប់​រថយន្ត​ដែល​មាន​បញ្ជាក់​ក្នុង​តារាង​ពន្ធគយ លេខ​សំគាល់​៨៧.០៣ ដែល​មាន​ស៊ីឡាំងដ្រេ​ធំ​ជាង​ ២.០០០cc ព្រម​ទាំង​គ្រឿង​បន្លាស់​សំរាប់​ប្រភេទ​រថយន្ត​ទាំងនេះ
  • - ២០ភាគរយ សំរាប់​ផលិតផល​តេលសិលា និង​រថយន្ត​ដែល​មាន​បញ្ជាក់​ក្នុង​តារាង​ពន្ធគយ លេខ​សំគាល់ ៨៧.០៣ ដែល​មាន​ស៊ីឡាំងដ្រេពី ២.០០០cc ចុះ​ក្រោម ព្រមទាំង​គ្រឿង​បន្លាស់​សំរាប់​ប្រភេទ​រថយន្ត​ទាំងនេះ
  • - ១០ភាគរយ សំរាប់​ភេសជ្ជៈ បារី​គ្រប់​ប្រភេទ សណ្ឋាគារ និង​សេវា​លំហែ​កំសាន្ត​ផ្សេងៗ ព្រមទាំង​យានយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បន្លាស់​ដែល​មាន​បញ្ជាក់​ក្នុង​តារាង​ពន្ធគយ លេខ​សំគាល់ ៨៧.០២ ៨៧០៤-២១ ដល់ ៨៧០៤-៩០ ៨៧០៦ ៨៧០៨ ៨៧១៤ និង ៨៧១១ ដែល​មាន​ស៊ីឡាំងដ្រេ​ចាប់ពី ១២៥cc ឡើង​ទៅ។
  • - ២ភាគរយ សំរាប់​ថ្លៃ​លក់​សំបុត្រ​ក្នុង​ស្រុក លើ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ពី​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ទៅ​បរទេស សេវា​ទូរគមនាគមន៍​ពី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បរទេស។

ពាក្យ “ថ្លៃ​លក់​កត់ត្រាក្នុង​វិក្កយបត្រ” ក្នុង​កថាខ័ណ្ឌ​២ នៃ​មាត្រា២១ នៃ​ច្បាប់​ដូច​យោង​ខាងលើ​ត្រូវ​បាន​កែប្រែ​ជា “ថ្លៃ​លក់​ចេញពី​រោងចក្រ​កត់ត្រា​ក្នុង​វិក្ក័យបត្រ”។ បន្ថែម​កថាខ័ណ្ឌ​ខាង​ក្រោមមាត្រា២១ នៃ​ច្បាប់​ដូច​យោងខាងលើ: “៣- សេវាផ្គត់ផ្គង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ថ្លៃ​ក្នុង​វិក្ក័យប័ត្រ​នៃ​សេវា​ដែល​បាន​ផ្គត់ផ្គង់”។ ពាក្យ “ចំពោះ​ទំនិញផលិត” ក្នុង​កថាខ័ណ្ឌ២ ក្នុង​មាត្រា២២ នៃ​ច្បាប់​ដូច​យោង​ខាងលើ ត្រូវ​បាន​កែប្រែ​ជា “ចំពោះ​ទំនិញ​ផលិត និង​សេវា​ផ្គត់ផ្គង់”។ បន្ថែម​កថាខ័ណ្ឌ​ខាងក្រោម​ក្នុង​មាត្រា​២៣ នៃ​ច្បាប់​ដូច​យោង​ខាងលើ: “៣- អ្នក​ផ្គត់ផ្គង់ ចំពោះ​សេវា​ផ្គត់ផ្គង់​នៅ​ព្រះរាជាណាចក្រកម្ពុជា”។ បន្ថែម​កថាខ័ណ្ឌ​ខាងក្រោម​ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ដូច​យោង​ខាងលើ: “៣- ចំពោះ​សេវា​ទូរគមនាគមន៍ និង​ដឹកជញ្ជូន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មាន​បញ្ជី​ដោយ​ឡែក​ដែល​មាន​ការ​ចុះ​កាលបរិច្ឆេទ និង​តំលៃ​នៃ​សេវា ដែល​បាន​ផ្គត់ផ្គង់​ពី​ចំណុច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ចំណុច​នៅ​ ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា”។

ផ្នែក​ទី ២ បទប្បញ្ញត្តិ​ស្ដីពី​ការ​កែប្រែ​អាករ​លើ​ផល​របរ[edit]

មាត្រា៨៦:
អាករ​លើ​ផល​របរ​ដែល​មាន​ចែង​ក្នុង ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សំរាប់​ឆ្នាំ១៩៩៤ ដែល​ប្រកាស​អោយ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ០២នស ចុះ​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ១៩៩៣ ត្រូវ​បាន​កែប្រែ​ដូចតទៅ:

  • ១- លុប​កថាខ័ណ្ឌ២ ក្នុង​មាត្រា៣៩ នៃ​ច្បាប់​ដូច​យោង​ខាងលើ។
  • ២- ពាក្យ “តំលៃ​ក្រៅ​គយ” ក្នុង​មាត្រា​៤៦ នៃ​ច្បាប់​ដូច​យោង​ខាងលើ ត្រូវ​បាន​កែប្រែ​ជា “តំលៃ​មាន​ពន្ធគយ និង​អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយ​ចំនួន”។
  • ៣- បន្ថែម​កថាខ័ណ្ឌ​ខាងក្រោម​ក្នុង​មាត្រា​៤៧ នៃ​ច្បាប់​ដូច​យោង​ខាង​លើ:

“នាយកដ្ឋាន​ពន្ធដារ​អាច​ប្រមូល​អាករ​លើ​ការ​ប្រើប្រាស់ និង​អនុវត្ត​ទោស​ទណ្ឌ​លើ​រាល់​ទំនិញ​ដែល​ដាក់​លក់​នៅ​ក្នុង​ទឹកដី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ដែល​អ្នក​លក់​ពុំ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ថា​បាន​បង់​អាករ​លើ​ការ​ ប្រើប្រាស់​នៅ​ពេល​នាំចូល”។

  • ៤- បន្ថែម​កថាខ័ណ្ឌ ង ដូច​ខាងក្រោម​ក្នុង​មាត្រា​៤៩ នៃ​ច្បាប់​ដូច​យោង​ខាង​លើ:

” ង- ចាប់ពីថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ១៩៩៧ តទៅ អ្នក​ជាប់​ពន្ធ​ទាំងអស់​ត្រូវ: ប្រើ​វិធាន​នៃ​ពេល​ផ្គត់ផ្គង់​ដូច​មាន​ចែង​ក្នុង​មាត្រា​៦២ នៃ​ច្បាប់​នេះ​ដែល​ចែង​អំពី​អាករ​លើ​តំលៃ​បន្ថែម​ដើម្បី​កំណត់​កាល​បរិច្ឆេទ ​ដែល​អាករ​ត្រូវ​ក្លាយ​ជា​បំណុល​របស់​អ្នក​ជាប់​ពន្ធ​ចំពោះ​រដ្ឋ។ ចេញ​វិក្ក័យបត្រ​ស្រប​តាម​វិធាន និង​នីតិវិធី​ដូច​មាន​ចែង​ក្នុង​មាត្រា​៦២​នៃ​ច្បាប់​នេះ ដែល​ចែង​អំពី​អាករ​លើ​តំលៃ​បន្ថែម។ ចាត់​ទុក​ថា​បាន​រាំងស្ទះ​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ និង​ទទួល​រង​ទោសទណ្ឌ​តាម​មាត្រា១៣៣​ នៃ​ច្បាប់​នេះ ក្នុង​ករណី​មិន​ប្រតិបត្តិការ​តាម​មាត្រា​៤៩ កថាខ័ណ្ឌ ង នេះ”។

  • ៥- ក្នុង​ ច្បាប់​ស្ដីពីការ​កែ​តំរូវ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រង​ ឆ្នាំ​១៩៩៥ ត្រូវ​បន្ថែម​មួយ​កថាខ័ណ្ឌ​ក្នុង​មាត្រា៣៣ ថា:

ចាប់ពីថ្ងៃទី០១ ខែ​មករា ឆ្នាំ១៩៩៨ តទៅ:

  • - អ្នក​ជាប់​ពន្ធ​តាម​របប​ពិត​ប្រាកដ មិន​ត្រូវ​ជាប់​អាករ លើ​ផល​របរ​ទេ
  • - អ្នក​ជាប់​ពន្ធ​តាម​របរ​ផ្សេង​ទៀត ត្រូវ​ជាប់​អាករ​លើ​ផល​របរ​តាម​អត្រា ២ភាគរយ
  • - មាត្រា​៤៤ មាត្រា​៤៥ មាត្រា៤៦ មាត្រា៤៧ និង​មាត្រា៤៨ នៃ​ច្បាប់​ស្ដី​អំពី​ហិរញ្ញវត្ថុ​សំរាប់ឆ្នាំ១៩៩៤ និង​មាត្រា​៣៧ នៃ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រង​ឆ្នាំ១៩៩៥ ត្រូវ​ទុក​ជា​និរាករណ៍។

ជំពូកទី ៥៖ បទប្បញ្ញត្តិ​ស្ដីពី​វិធាន និង​នីតិវិធី​សារពើពន្ធ[edit]

ផ្នែក​ទី១៖ បទប្បញ្ញត្តិ​ទូទៅ[edit]

មាត្រា៨៧: ត្រូវ​បាន​បង្កើត​ដោយ​បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ជំពូក​នេះ នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ និង​របស់​រដ្ឋបាល​សារពើពន្ធ នីតិវិធី​​នៃ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ប្រាក់​ពន្ធ​បាន​បង់ នីតិវិធី​ដោះស្រាយ​វិវាទ​បទល្មើស​និង​ទោសទណ្ឌ​សារពើ​ពន្ធ។ បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ជំពូក​នេះ ត្រូវ​អនុវត្ត​ចំពោះ​ពន្ធ​គ្រប់​ប្រភេទ វៀង​លែង​តែ​ពន្ធ​ដោយឡែក​ណា​មួយ​ដែល​មាន​ចែង​ផ្សេង។ មាត្រា៨៨: សំរាប់​គោលដៅ​នៃ​ជំពូក​នេះ

១- ពាក្យ “ពន្ធ” មាន​ន័យ​ថា ពន្ធ និង​អាករ​ទាំងឡាយ។
២- ពាក្យ “បុគ្គល” មាន​ន័យ​ថា រូបវន្តបុគ្គល ឬ​នីតិបុគ្គល។
៣- ពាក្យ “អ្នក​ជាប់​ពន្ធ” មាន​ន័យ​ថា ជា​បុគ្គល​ដែល​មាន​កាតព្វកិច្ច​ត្រូវ​បង់​ពន្ធ។
៤- ពាក្យ “រដ្ឋបាល​សារពើពន្ធ” មាន​ន័យ​ថា ជា​អង្គការ​ចាត់តាំង​នៃ​នាយកដ្ឋាន​ពន្ធដារ។
៥- ពាក្យ “លិខិត​ប្រកាស​សារពើ​ពន្ធ” មាន​ន័យ​ថា ជា​ឯកសារ​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​បាន​តំរូវ​អោយ ​អ្នក​ជាប់​ពន្ធ ឬ​​ភ្នាក់ងារ​កាត់​ទុក បំពេញ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។
៦- ពាក្យ “ភ្នាក់ងារ​កាត់​ទុក” មាន​ន័យ​ថា ជា​បុគ្គល​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​តំរូវ​អោយ​ធ្វើការ​កាត់​ទុក និង​បង់​ប្រាក់​ពន្ធ​ចូល​ថវិកា​ក្នុង​នាម​នៃ​តតិយជន។
៧- ពាក្យ “សកម្មភាព​សេដ្ឋកិច្ច” មាន​ន័យ​ថា​ជា​សកម្មភាព​របស់​បុគ្គល​ដែល​ធ្វើ​ជានិច្ចកាល​ជាប់​បន្ត ឬ​មួយ​ដង​មួយ​គ្រា ដើម្បី​រក ឬ​មិន​រក​ចំណេញ ក្នុង​ការ​ផ្គត់ផ្គង់ ឬ​មាន​បំណង​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​អោយ​ដល់​បុគ្គល​ដទៃ ក្នុង​គោលដៅ​ដើម្បី​បាន​អត្ថប្រយោជន៍​អ្វីមួយ។

មាត្រា៨៩: បទប្បញ្ញត្តិ​នៃ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ទាក់ទិន​នឹង​បញ្ហា​ពន្ធ ដែល​រដ្ឋសភា​បាន​អនុម័ត​យល់​ព្រម ហើយ​ត្រូវ​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា៩០: លិខិត​ប្រកាស​សារពើពន្ធ​ទាំងអស់ ក៏​ដូចជា​ឯកសារ និង​លិខិត​ទាក់ទង​ផ្សេងៗ ដែល​ចាំបាច់​សំរាប់​ការ​កំណត់​ពន្ធ ការ​ប្រមូល​ពន្ធ និង​ការ​បង្ខំ​អោយ​ប្រតិបត្តិ​តាម​ច្បាប់​ពន្ធ ឬ​ដែល​ជាប់​ទាក់ទង​នឹង​បែបបទ​ផ្សេង​ទៀត​ក្នុង​ការ​កំណត់​ពន្ធ​ត្រូវ​ធ្វើ​ជា ​ភាសា​ខ្មែរ។

ផ្នែក​ទី ២៖ សិទ្ធិ​និង​កាតព្វកិច្ច[edit]

មាត្រា៩១:
សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់​ពន្ធ ត្រូវ​បាន​កំណត់​ដូចតទៅ:

  • ១- អ្នក​ជាប់​ពន្ធ​មាន​សិទ្ធិ​ដូចតទៅ:
    • ក- ត្រូវ​បាន​ទុក​ជា​ការ​សំងាត់ ហើយ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​តែ​ក្នុង​គោលដៅ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ នូវ​ពត៌មាន​នានា​ទាក់ទិន​នឹង​កិច្ចការ​អាជីវកម្ម​របស់​ខ្លួន ដែល​បាន​ផ្ដល់​អោយ​រដ្ឋបាល​សារពើពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា​៩៤ នៃ​ច្បាប់​នេះ
    • ខ- ទទួល​ពត៌មាន​ជា​ប្រចាំ​អំពី​កិច្ច​ដំណើរការ​នៃ​ប្រព័ន្ធ​ពន្ធដារ ហើយ​និង​នីតិវិធី​នៃ​ការ​កំណត់​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា៩៦ និង​មាត្រា១១៨ នៃ​ច្បាប់​នេះ
    • គ- ទទួល​ពត៌មាន​អំពី​សិទ្ធិ​របស់​ខ្លួន រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ប្ដឹង​តវ៉ា ដូច​មាន​ចែង​ក្នុង​មាត្រា១១៨​និង​មាត្រា១២២ នៃ​ច្បាប់​នេះ
    • ឃ- ប្ដឹង​តវ៉ា​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ ចំពោះ​រាល់​សេចក្ដី​សំរេច​របស់​រដ្ឋបាល​សារពើពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា១១៨ និងមាត្រា១២២ នៃ​ច្បាប់​នេះ
    • ង- បង់ពន្ធ​មិន​អោយ​លើស​ពី​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​កំណត់ ដូច​មាន​ចែង​ក្នុង​មាត្រា១០៧ នៃ​ច្បាប់​នេះ។
  • ២- អ្នក​ជាប់​ពន្ធ ​មាន​កាតព្វកិច្ច​ដូច​តទៅ:
    • ក- ចុះ​ឈ្មោះ​ក្នុង​បញ្ជី​របស់​រដ្ឋបាល​សារពើពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា១០១ នៃ​ច្បាប់​នេះ
    • ខ- ដាក់​លិខិត​ប្រកាស​សារពើពន្ធ និង​ផ្ដល់​ពត៌មាន​តាម​ការ​តំរូវ​នៃ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ដូច​មាន​ចែង​ក្នុង​មាត្រា៩៨ និង​មាត្រា១០៤ នៃ​ច្បាប់​នេះ
    • គ- បង់​ពន្ធ​តាម​កាល​បរិច្ឆេទ​កំណត់ ដូច​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ
    • ឃ- កាន់កាប់ ថែរក្សា និង​ត្រូវ​បង្ហាញ​បញ្ជី លិខិត​យុត្តិកា និង​ឯកសារ​ផ្សេងៗ ដល់​រដ្ឋបាល​សារពើពន្ធ​ដូច​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ និង​មាត្រា៩៨ នៃ​ច្បាប់​នេះ
    • ង- បង្ហាញ​ខ្លួន​ចំពោះ​រដ្ឋបាល​សារពើពន្ធ តាម​កាល​បរិច្ឆេទ​ដែល​មាន​ចុះ​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​ សារពើពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា៩៩ នៃ​ច្បាប់​នេះ
    • ច- បង់​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម និង​ការ​ប្រាក់​ផ្សេងៗ ដែល​រដ្ឋបាល​សារពើពន្ធ​បាន​កំណត់​ទៅ​តាម​កាលបរិច្ឆេទ ដូច​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​ដែល​រដ្ឋបាល​សារពើ​ពន្ធ​បាន​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ ដូច​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ និង​មាត្រា១០៧ មាត្រា១៣០ មាត្រា១៣១ និង​មាត្រា១៣២ នៃ​ច្បាប់​នេះ

មាត្រា៩២:
អំណាច​របស់​រដ្ឋបាល​សារពើពន្ធ មាន​ដូច​ខាង​ក្រោម:

  • ១- កំណត់​មូលដ្ឋាន​គិត​ពន្ធ​លើ​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ដូច​មាន​ចែង​ក្នុង​មាត្រា១១៦ និង​មាត្រា១១៧ នៃ​ច្បាប់​នេះ។
  • ២- តំរូវ​អោយ​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក បង្ហាញ​ខ្លួន ដូច​មាន​ចែង​ក្នុង​មាត្រា៩៩ នៃ​ច្បាប់​នេះ។
  • ៣- កំណត់​បញ្ជី ឯកសារ​ចាំបាច់​នានា និង​លិខិត​យុត្តិការ ដែល​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ត្រូវ​កាន់​រក្សា​ទុក និង​ផ្ដល់​ជូន​រដ្ឋបាល​សារពើ​ពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា៩៨ និង​មាត្រា១០០ នៃ​ច្បាប់​នេះ។
  • ៤- ទាមទារ​អោយ​អ្នក​ជាប់​ពន្ធ ឬ​តតិយជន​ផ្ដល់​ពត៌មាន​ទាក់ទិន​នឹង​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ដូច​មាន​ចែង​ក្នុង​មាត្រា៩៩ នៃ​ច្បាប់​នេះ។
  • ៥- ចូល​លំនៅដ្ឋាន ឬ​គ្រឹះស្ថាន​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ ភ្នាក់ងារ​កាត់​ទុក ឬ​តតិយជន​ដើម្បី​ទទួល​បាន​នូវ​ពត៌មាន​ទាក់ទិន​នឹង​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ដូច​មាន​ចែង​ក្នុង​មាត្រា១០០ នៃ​ច្បាប់​នេះ។
  • ៦- ទទួល​ពី​ស្ថាប័នរដ្ឋ​ទាំងឡាយ​នូវ​ពត៌មាន​ស្ដីពី ឬ​ដែល​ទាក់​ទិន​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ដូច​មាន​ចែង​ក្នុង​មាត្រា១១៦ នៃ​ច្បាប់​នេះ។
  • ៧- អនុវត្ត​វិធានការ​តឹង​ទារ​ចំពោះ​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក នៅ​ពេល​ដែល​បុគ្គល​នោះ​មិន​បាន​បង់​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម និង​ការ​ប្រាក់​ផ្សេងៗ តាម​ការ​តំរូវ​នៃ​ច្បាប់​នេះ ដូច​មាន​ចែង​ក្នុង​មាត្រា១១៩ ដល់​មត្រា១១៥ នៃ​ច្បាប់​នេះ។
  • ៨- កំណត់​ឡើងវិញ​នូវ​កិច្ចការ​ជំនួញ​រវាង​អ្នក​ជាប់​ពន្ធ​ទាំងឡាយ​ដែល​មាន​ជាប់ ​ទាក់ទង ដូច​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។

រដ្ឋបាល​សារពើពន្ធ មាន​កាតព្វកិច្ច​ដូច​តទៅ:

  • ១- ប្រមូល​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម និង​ការ​ដក​ប្រាក់​ផ្សេងៗ ដូច​មាន​ចែង​ក្នុង​មាត្រា៩៣​នៃ​ច្បាប់​នេះ។
  • ២- រក្សា​ការ​សំងាត់​នូវ​ពត៌មាន​ដែល​អ្នក​ជាប់​ពន្ធ ឬ​តតិយជន​បាន​ផ្ដល់​អោយ ហើយ​ផ្ដល់​ពត៌មាន​ទាំងនេះ​អោយ​ដល់​តែ​បុគ្គល​ណា ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​បាន​កំណត់​ប៉ុណ្ណោះ ដូច​មាន​ចែង​ក្នុង​មាត្រា៩៤ មាត្រា១២៨ និង​មាត្រា១៣៨ នៃ​ច្បាប់​នេះ។
  • ៣- ផ្ដល់​ពត៌មាន​ដល់​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក សំដៅ​ធានា​អោយ​ការ​អនុវត្ត​បាន​សមស្រប​ទៅ​តាម​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ដូច​មាន​ចែង​ក្នុង​មាត្រា​៩៦ នៃ​ច្បាប់​នេះ។
  • ៤- បង្វិល​សង​វិញ ឬ​ចាត់​ទុក​ជា​ឥណទាន​ពន្ធ នូវ​ប្រាក់​ពន្ធ​ដែល​បង់​លើស ដូច​ដែល​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។
  • ៥- ផ្ដល់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​កំណត់​ពន្ធ​អោយ​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា១១៦ ដល់​មាត្រា១១៨ នៃ​ច្បាប់​នេះ។

ផ្នែក​ទី ៣៖ រដ្ឋបាល​សារពើពន្ធ[edit]

មាត្រា៩៣:
ស្ថាប័ន​ទាំងឡាយ​ដែល​ទទួល​ខុសត្រូវ​គ្រប់គ្រង​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​មាន​ដូច​ខាងក្រោម:

  • - នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
  • - ស្ថាប័ន​ដទៃ​ទៀត​របស់​រាជរដ្ឋាភិបាល ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​បាន​ផ្ដល់​អំណាច​អោយ។

រដ្ឋបាល​សារពើពន្ធ​មាន​កាតព្វកិច្ច​ប្រមូល​ពន្ធ អនុវត្ត​ទោសទណ្ឌ​តាម​ការ​កំណត់​នៃ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​និង​ប្ដឹង​ ទៅ​តុលាការ ក្នុង​ករណី​មាន​ការ​រំលោភ​ច្បាប់។

មាត្រា៩៤:
រដ្ឋបាល​សារពើពន្ធ ហើយ​និង​បុគ្គល​គ្រប់រូប​ដែល​ជា ឬ​ធ្លាប់​ជា​មន្ត្រី និង​ភ្នាក់ងារ​នៃ​រដ្ឋបាល​សារពើពន្ធ ត្រូវ​រក្សា​សំងាត់​នូវ​ពត៌មាន​ទាក់ទង​នឹង​អ្នក​ជាប់​ពន្ធ ដែល​បាន​ទទួល​នៅ​ក្នុង​ពេល​បំពេញ​ភារកិច្ច​ជា​ផ្លូវការ ហើយ​អាច​ផ្ដល់​ពត៌មាន​អោយ​ទៅ​បុគ្គល​ដែល​មាត្រា​នេះ​បាន​អនុញ្ញាត​ប៉ុណ្ណោះ។ មន្ត្រី និង​ភ្នាក់ងារ​នៃ​រដ្ឋបាល​សារពើពន្ធ អាច​ផ្ដល់​ពត៌មាន​ទាក់ទិន​និង​អ្នក​ជាប់​ពន្ធ​អោយ​ចំពោះ​តែ:

  • ១- មន្ត្រី និង​ភ្នាក់ងារ​ផ្សេង​ទៀត​របស់​រដ្ឋបាល​សារពើពន្ធ នៅ​ក្នុង​ពេល និង​ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​តាម​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។
  • ២- អាជ្ញាធរ​ព្រហ្មទណ្ឌ សំរាប់​គោលដៅ​ប្ដឹង​ចោទប្រកាន់​អំពី​បទល្មើស​ពន្ធដារ។
  • ៣- តុលាការ​នៅ​ក្នុង​ដំណាក់ការជំរៈ​ក្ដី ដើម្បី​កំណត់​ពន្ធ​ត្រូវ​បង់​របស់​អ្នក​ជាប់​ពន្ធ ឬ​ក៏​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។
  • ៤- អាជ្ញាធរ​ពន្ធដារ​របស់​ប្រទេស​ណា​មួយ​ទៀត ស្របតាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ។

បុគ្គល​ដែល​បាន​ទទួល​ពត៌មាន​ពី​បុគ្គល​ម្នាក់​ទៀត ដែល​បាន​ការ​អនុញ្ញាត​អោយ​ផ្ដល់​ពត៌មាន ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ២ នៃ​មាត្រា​នេះ ត្រូវ​រក្សា​សំងាត់​លើ​ពត៌មាន​នោះ​ទៅ​តាម​ការ​កំណត់​នៃ​មាត្រា​នេះ លើកលែង​តែ​កំរិត​អប្បបរមា​ណា​មួយ ដែល​ចាំបាច់​ត្រូវ​អនុញ្ញាត​អោយ​ផ្ដល់​ពត៌មាន​នេះ។ ពត៌មាន​ទាក់ទិន​នឹង​អ្នក​ជាប់​ពន្ធ​អាច​ផ្ដល់​អោយ​ទៅ​បុគ្គល​ម្នាក់​ទៀត​បាន បើ​សិន​មាន​ការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​អ្នក​ជាប់​ពន្ធ។

មាត្រា៩៥:
លិខិត​ស្នាម ឬ​ការ​ជូនដំណឹង​ដែល​រដ្ឋបាល​សារពើពន្ធ​ផ្ដល់​ទៅ​អោយ​អ្នក​ជាប់​ពន្ធ មាន​លក្ខណៈ​ជា​ការ​ដាក់​អោយ​អ្នក​ជាប់​ពន្ធ​នោះ​មាន​កាតព្វកិច្ច​ចំពោះ​ រដ្ឋបាល​សារពើពន្ធ លុះ​ណា​តែ​លិខិត ស្នាម ឬ​ការ​ជូនដំណឹង​នោះ​ត្រូវ​បាន​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ និង​ត្រូវ​បាន​ប្រគល់​អោយ​ដល់​អ្នក​ជាប់​ពន្ធ។

ក្នុង​ករណី​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ តំរូវ​អោយ​រដ្ឋបាល​សារពើពន្ធ​ផ្ដល់​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អោយ​ បុគ្គល លិខិត​ជូនដំណឹង​នោះ ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ប្រគល់​យ៉ាង​ត្រឹមត្រូវ លុះ​ណា​តែ​លិខិត​នោះ​ត្រូវ​បាន​ប្រគល់​អោយ​ដោយ​ផ្ទាល់​ដល់​បុគ្គល​នោះ ឬ​ក៏​បាន​ផ្ញើ​តាម​ប្រៃសណីយ៍​ជា​លិខិត​អនុសិដ្ឋ​ទៅ​អាស័យដ្ឋាន​តាម​ផ្លូវ​ ច្បាប់​របស់​បុគ្គល​នោះ។

កាលបរិច្ឆេទ​នៃ​ការ​ជូន​ដំណឹង ឬ​ឯកសារ​ផ្សេងៗ គឺ​ជា​កាល​បរិច្ឆេទ​នៃ​ការ​ប្រគល់​អោយ​ដល់​ដៃ​បុគ្គល។ ក្នុង​ករណី​លិខិត​ជូនដំណឹង​ត្រូវ​បាន​ផ្ញើ​តាម​លិខិត​អនុសិដ្ឋ កាលបរិច្ឆេទ​នៃ​ការ​ជូនដំណឹង គឺ​ជា​កាលបរិច្ឆេទ​នៃ​ការ​បោះត្រា​លើ​លិខិត​អនុសិដ្ឋ​របស់​ការិយាល័យ​ ប្រៃសណីយ៍ ដែល​លិខិត​អនុសិដ្ឋ​នោះ​ត្រូវ​បាន​ទទួល​ដោយ​អ្នក​ជាប់​ពន្ធ។ លិខិត​ជូន​ដំណឹង​ត្រូវ​ចាត់​ទុក​ថា​បាន​ប្រគល់​ទទួល​ត្រឹមត្រូវ កាល​បើ​ល័ក្ខខណ្ឌ​ក្នុង​កថា​ខ័ណ្ឌ២ នៃ​មាត្រា​នេះ​ត្រូវ​បាន​បំពេញ​រួច​ហើយ ទោះ​បី​ជា​បុគ្គល​ដែល​ត្រូវ​បាន​ជូន​ដំណឹង​នោះ បដិសេធ​ការ​ប្រគល់​ដោយ​ផ្ទាល់ ឬ​ដោយ​លិខិត​អនុសិដ្ឋ​ក្ដី។ ក្នុង​ករណី​ដែល​អាស័យដ្ឋាន​របស់​បុគ្គល​ត្រូវ​បាន​ផ្លាស់​ប្តូរ ហើយ​បុគ្គល​មិន​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​សារពើពន្ធ​អំពី​ការ​ផ្លាស់​ប្ដូរ ​នោះ​ទេ លិខិត​ជូន​ដំណឹង​ដែល​បាន​បញ្ជូន​ទៅ​អាស័យដ្ឋាន ដែល​បាន​ស្គាល់​ចុងក្រោយ​បង្អស់ មត្រូវ​ចាត់​ទុក​ថា​បាន​ប្រគល់​ទទួល​ត្រឹមត្រូវ។

មាត្រា៩៦:
រដ្ឋបាល​សារពើពន្ធ​ត្រូវ​បាន​រៀបចំ​សៀវភៅ​ពន្យល់​ខ្លីៗ​ស្ដីពី​ខ្លឹមសារ​សំខាន់ៗ នៃ​ប្រភេទ​ពន្ធ​នីមួយៗ។ ចំពោះ​ប្រភេទ​ពន្ធ​ណាមួយ ដែល​រដ្ឋបាល​សារពើពន្ធ​កំណត់​ថា គួរ​ចុះ​ធ្វើការ​ពន្យល់​ណែនាំ​នោះ មន្ត្រី​ពន្ធដារ​នៅ​តាម​មូលដ្ឋាន ត្រូវ​ចុះ​អប់រំ​ដល់​អ្នក​ជាប់​ពន្ធ​អោយ​បាន​យល់​អំពី​កាតព្វកិច្ច និង​សិទ្ធិ​របស់​អ្នក​ជាប់​ពន្ធ​ទាំង​នោះ។

មាត្រា៩៧:
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បាន​កសាង​ប្រព័ន្ធ​លើក​ទឹកចិត្ត​មួយ​សំរាប់​​មន្ត្រី​ភ្នាក់ងារ​ រដ្ឋបាល​សារពើពន្ធ។នីតិវិធី​សំរាប់​ដំណើរ​ការ​ប្រព័ន្ធ​លើក​ទឹកចិត្ត​នេះ ត្រូវ​កំណត់​ដោយ​ប្រកាស។

មាត្រា៩៨:
អ្នក​ជាប់​ពន្ធ​ត្រូវ​កាន់កាប់ កត់ត្រា និង​រក្សា​ទុក​បញ្ជី លិខិតយុត្តិការ និង​ឯកសារ​ហិរញ្ញវត្ថុ​ផ្សេងៗ ដូច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​កំណត់ និង​ត្រូវ​ដាក់​បញ្ជី និង​ឯកសារ​ទាំងនោះ​តាម​ការ​តំរូវ ជូន​រដ្ឋបាល​សារពើពន្ធ ដើម្បី​ពិនិត្យ។ ចំពោះ​អ្នក​ជាប់​ពន្ធ​ដែល​ពុំ​មាន​កាតព្វកិច្ច​កាន់កាប់​បញ្ជី​គណនេយ្យ​តាម​ ប្លង់​គណនេយ្យ​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​កាន់​ទិនានុប្បវត្តិ​ដោយ​កត់ត្រា​ចុះ​តាម​លំដាប់​ថ្ងៃ ខែ នូវ​ចំណូល និង​ចំណាយ​ផ្សេងៗ​ទាំងអស់​ដែល​ទាក់ទិន​នឹង​អាជីវកម្ម ទៅ​តាម​ទំរង់​ដែល​រដ្ឋបាល​សារពើ​ពន្ធ​បាន​កំណត់។

បុគ្គល​ដែល​ត្រូវ​កាន់កាប់ កត់ត្រា ឬ​រក្សា​ទុក​បញ្ជី ឯកសារ​នានា ឬ​ទិនានុប្បវត្តិ​ដែល​បាន​កំណត់​ដោយ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​បទប្បញ្ញត្តិ​ដទៃ ត្រូវ​រក្សា​ទុក​បញ្ជី ឬ​ឯកសារ​ទាំងនោះ ក្នុង​រយៈពេល​១០ឆ្នាំ គិត​ពី​ដំណាច់​ឆ្នាំ​ជាប់​ពន្ធ។ វិក្កយបត្រ​ត្រូវ​តែ​ចេញ​អោយ​លើ​រាល់​កិច្ចការ​ជំនួញ​រវាង​អ្នក​ជាប់​ពន្ធ និង​បុគ្គល​ដទៃ​ទៀត។ វិធាន និង​ខ្លឹមសារ​នៃ​វិក្ក័យប័ត្រ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។ អ្នក​ជាប់​ពន្ធ​ត្រូវ​កត់ត្រា​សេចក្ដី​រាយ​លំអិត​ នៃ​វិក្ក័យប័ត្រ​អោយ​បាន​ត្រឹមត្រូវ​ចូល​ក្នុង​ទិនានុប្បវត្តិ។

មាត្រា៩៩:
ក្នុង​គោលដៅ​កំណត់​ប្រាក់​ពន្ធ​ត្រូវ​បង់​របស់​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​ប្រមូល​ពន្ធ​សារពើពន្ធ​អាច​ធ្វើ​លិខិត​ជូន​ដំណឹង​ដល់​អ្នក​ជាប់​ ពន្ធ ឬ​តតិយជន​អោយ:

  • - ផ្ដល់​ពត៌មាន​ដែល​ទាក់ទិន​នឹង​អ្នក​ជាប់​ពន្ធ ដូច​មាន​ចែង​ក្នុង​លិខិត​ជូន​ដំណឹង ដូចជា​ពត៌មាន​មាន​ស្ដីពី​អ្នក​ផ្គត់ ផ្គង់​អតិថិជន ឬ​គណនី​នៅ​ធនាគារ។
  • - បង្ហាញ​ខ្លួន​ទៅ​តាម​ពេលវេលា និង​ទី​កន្លែង​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង ដើម្បី​ផ្ដល់​ពត៌មាន និង​ដើម្បី​បង្ហាញ ឬ​ផ្ដល់​ឯកសារ ឬ​ទិន្នន័យ ដែល​បុគ្គល​នោះ​គ្រប់គ្រង ដែល​មាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង។

បន្ថែម​លើ​ពត៌មាន​ដែល​បាន​តំរូវ​ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ១ នៃ​មាត្រា​នេះ លិខិត​ជូន​ដំណឹង​ត្រូវ​មាន​ចុះ​ឈ្មោះ និង​លេខ​អត្តសញ្ញាណកម្ម​នៃ​បុគ្គល​អ្នក​ជាប់​ពន្ធ (បើ​សិន​ជា​មាន) ហើយ​និង​ហត្ថលេខា​របស់​រដ្ឋបាល​សារពើពន្ធ ដែល​ចេញ​លិខិត​ជូន​ដំណឹង។

មាត្រា១០០:
ចំពោះ​មុខ សំរាប់​ការ​ស៊ើប​អង្កេត​នីមួយៗ​ដោយ​មាន​លិខិត​បញ្ជា​បេសកកម្ម រដ្ឋបាល​សារពើពន្ធ​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​គ្រឹះស្ថាន​អាជីវកម្ម ទីកន្លែង​ដែល​បាន​ចាត់​ទុក​ថា​ជា​គ្រឹះស្ថាន​អាជីវកម្ម ជា​កន្លែង​ដែល​បើក​សាធារណៈ ឬ​ទី​កន្លែង​ដទៃ​ទៀត ដើម្បី​ធ្វើការ​កំណត់​ប្រាក់​ពន្ធ​ត្រូវ​បង់​របស់​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បីប្រមូល​ពន្ធ:

  • - នៅ​ក្នុង​ពេល​ម៉ោង​អាជីវកម្ម
  • - នៅ​គ្រប់​ពេល​ទាំងអស់​ស្របតាម​ល័ក្ខខ័ណ្ឌ និង​ហេតុផល​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ដីកា​ដែល​ចៅក្រម​បាន​ចេញ​អោយ។

រដ្ឋបាល​សារពើពន្ធ​ដែល​បាន​ចូល​ដោយ​ស្របច្បាប់​ទៅ​ក្នុង​ទីកន្លែង ដូច​ដែល​មាន​ចែង​ក្នុង​កថាខ័ណ្ឌ១ នៃ​មាត្រា​នេះ អាច:

  • - ធ្វើ​សំរង់ ឬ​ចំលង​ឯកសារ​នានា​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​នោះ
  • - រឹបអូស​ឯកសារ​នានា ឬ​​វត្ថុតាង​ដទៃ​ទៀត ដែល​អាច​ក្លាយ​ជា​ពត៌មាន​​សំរាប់​កំណត់​ប្រាក់​ពន្ធ​ត្រូវ​បង់​របស់​បុគ្គល​ ណា​ម្នាក់
  • - ដាក់​ឧបករណ៍​សំរាប់​ត្រួត​ពិនិត្យ​ផ្សេងៗ ឬ​បោះត្រា​បិទ​សំគាល់​ឃាត់​ទុក​ទំនិញ បើ​សិន​ជា​មាន​ជាប់​ទាក់ទង​ដល់​ការ​អនុវត្ត​ពន្ធ​ណា​មួយ
  • - ធ្វើ​សារពើភ័ណ្ឌ​ទ្រព្យសកម្ម វត្ថុធាតុដើម ផលិតផល​កំពុង​ផលិត ផលិតផល​សំរេច និង​ស្តុក​ដទៃ​ទៀត។

រដ្ឋបាល​សារពើពន្ធ​អាច​តំរូវ​អោយ​ស្ថាប័ន​ធនាគារ​ដែល​ស្ថិត​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​ពត៌មាន​អំពី​គណនី​របស់​អ្នក​ជាប់​ពន្ធ​នៅ​ធនាគារ។ ពេល​ចូល​ទៅ​ធ្វើការ​ស៊ើប​អង្កេត រដ្ឋបាល​សារពើពន្ធ​ត្រូវ​មាន​អាកប្បកិរិយា​សមរម្យ ចៀសវាង​ប្រការ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស និង​អាជីវកម្ម​របស់​អ្នក​ជាប់​ពន្ធ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការ​ស៊ើប​អង្កេត​ដល់​ទីកន្លែង​នេះ​ពុំ​ត្រូវ​អនុវត្ត​អោយ​ហួស​កំរិត​នៃ​ការ​ ចាំបាច់​ឡើយ។

មាត្រា១០១:
បុគ្គល​ទាំងឡាយ​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​កំឡុង​ ១៥ថ្ងៃ ក្រោយ​ពី​បុគ្គល​នោះ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច។ បុគ្គល​ទាំងឡាយ​ត្រូវ​ជូន​ដំណឹង​ទៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​រយៈពេល​១៥ថ្ងៃ ក្រោយ​ពី​ការ​ផ្លាស់ប្ដូរ​អាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុ​អាជីវកម្ម ការ​ផ្ទេរ ការ​បញ្ឈប់​អាជីវកម្ម​សមាសភាព​អ្នក​គ្រប់គ្រង ឬ​អ្នក​ទទួល​បន្ទុក​កិច្ចការ​ពន្ធដារ​របស់​សហគ្រាស។

មាត្រា១០២:
នៅ​ពេល​បាន​អនុវត្ត​ការ​ចុះ​បញ្ជី​រួចរាល់​ហើយ រដ្ឋបាល​សារពើពន្ធ​ត្រូវ​ចេញ​នូវ​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​មួយ ដែល​មាន​ចុះ​លេខ​អត្តសញ្ញាណកម្ម​សារពើពន្ធ​របស់​បុគ្គល។ លេខ​អត្តសញ្ញាណកម្ម​នេះ ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​គ្រប់​ឯកសារ​ទាក់ទិន​នឹង​ពន្ធដារ។ គ្រប់​នាយកដ្ឋាន​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រូវ​តែ​ប្រើ​លេខ​អត្តសញ្ញាណកម្ម​ក្នុង​មាត្រា​នេះ។ រាល់​កិច្ចសន្យា​ជាមួយ​ស្ថាប័ន​រដ្ឋ ត្រូវ​តែ​មាន​ចុះ​លេខ​អត្តសញ្ញាណកម្ម​សារពើពន្ធ ទើប​ទុក​ជា​បាន​ ការ។

មាត្រា១០៣:
រដ្ឋបាល​សារពើពន្ធ​មាន​សិទ្ធិ​ចុះ​បញ្ជី​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ ច្បាប់​បាន​កំណត់​អោយ​ចុះ​បញ្ជី ហើយ​ពុំ​បាន​មក​ចុះ​បញ្ជី ក្នុង​ករណី​នេះ​រដ្ឋបាល​សារពើពន្ធ​អាច​កំណត់​កាល​បរិច្ឆេទ​មាន​ប្រសិទ្ធភាព​ នៃ​ការ​ចុះ​បញ្ជី។

ផ្នែកទី ៤៖ ប្រកាស​សារពើពន្ធ[edit]

មាត្រា១០៤:
អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ជូន​រដ្ឋបាល​សារពើពន្ធ​ទៅ​តាម​ទំរង់​ ពេលវេលា និង​ទី​កន្លែង​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​កំណត់។ លិខិត​ប្រកាស​សារពើពន្ធ ត្រូវ​ចុះ​ហត្ថលេខា​ដោយ​អ្នក​ជាប់​ពន្ធ ឬ​តំណាង​ស្របច្បាប់​របស់​អ្នក​ជាប់​ពន្ធ។

មាត្រា១០៥:
បុគ្គល​ណា​មួយ​ដែល​បាន​បើក​ប្រាក់​អោយ​ទៅ​បុគ្គល​ផ្សេង​ទៀត ត្រូវ​ដាក់​ជូន​រដ្ឋបាល​សារពើពន្ធ នូវ​លិខិត​ប្រកាស​ពត៌មាន​ស្ដីពី​ការ​បើកប្រាក់​នោះ ទៅ​តាម​បែបបទ​ដែល​កំណត់​ដោយ​រដ្ឋបាល​សារពើពន្ធ។

មាត្រា១០៦:
បុគ្គល​ដែល​ជា​តំណាង​អ្នក​ជាប់​ពន្ធ ត្រូវ​មាន​សិទ្ធ​ជំនួស​មុខ​អោយ​អ្នក​ជាប់​ពន្ធ​ដើម្បី:

  • - ដាក់​លិខិត​ប្រកាស​សារពើពន្ធ
  • - បង្ហាញ​របាយការណ៍ ឬ​លិខិត​ស្នាម​ផ្សេងៗ
  • - បង់ពន្ធ​អាករ​ទាំងឡាយ​ដែល​កំណត់​ដោយ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ
  • - ធ្វើ​បណ្ដឹង​តវ៉ា និង​បណ្ដឹង​ឧទ្ទរណ៍
  • - បំពេញ​រាល់​កាតព្វកិច្ច​ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។

អ្នក​ជាប់​ពន្ធ​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អោយ​ បុគ្គល​ម្នាក់​ទៀត អោយ​ធ្វើ​សកម្មភាព​ជំនួស​មុខ​ខ្លួន​ក្នុង​បញ្ហា​ពន្ធដារ ដោយ​មាន​សិទ្ធិ និង​កាតព្វកិច្ច ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ១ នៃ​មាត្រា​ នេះ។ អ្នក​ជាប់​ពន្ធ​អាច​កំណត់​ព្រំដែន​សិទ្ធិ​អំណាច​នៃ​ការ​ផ្ទេរ​សិទ្ធិ​នេះ។ រដ្ឋបាល​សារពើពន្ធ​អាច​តំរូវ​អោយ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​នាម​អ្នក​ ជាប់​ពន្ធ​លើ​មូលដ្ឋាន​នៃ​ការ​ផ្ទេរ​ សិទ្ធិ​ដាក់​ជូន​ពិនិត្យ​នូវ​ភស្តុតាង​ជា​លាយលក្ខណ៍​អក្សរ​នៃ​ការ​ផ្ទេរ​ សិទ្ធិ​នោះ។ អ្នក​ជាប់​ពន្ធ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់ ចំពោះ​រាល់​សកម្មភាព​របស់​បុគ្គល​ដែល​ជា តំណាង​តាម​ផ្លូវ​ច្បាប់​របស់​ខ្លួន ឬ​បុគ្គល​ដែល​បាន​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ពី​ខ្លួន រហូត​ដល់​ពេល​ណា​ដែល​សារពើពន្ធ​បាន​ទទួល​សេចក្ដី​បញ្ជាក់​ជា​លាយ​លក្ខណ៍​ អក្សរ​ពី​អ្នក​ជាប់​ពន្ធ ស្ដីពី​ការ​លុប​ចោល​នូវ​ការ​ផ្ទេរ​សិទ្ធិ​ នោះ។ បុគ្គល​ដែល​ជា​តំណាង​របស់​អ្នក​ជាប់​ពន្ធ ត្រូវ​ចុះ​បញ្ជី​នូវ​ទំនាក់ទំនង​របស់​ខ្លួន​នៅ​រដ្ឋបាល​សារពើពន្ធ ក្នុង​កំឡុង​ពេល​១៥ថ្ងៃ ក្រោយ​ពេល​ដែល​ទំនាក់ទំនង​នោះ​បាន​កើត​ឡើង។

ផ្នែក​ទី ៥៖ ការ​ប្រមូល​ពន្ធ[edit]

មាត្រា១០៧:
ការ​បង់​ពន្ធ​ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- ប្រាក់​ពន្ធ​ត្រូវ​ដល់​កំណត់ និង​ត្រូវ​បង់​នៅ​ក្នុង​រយៈពេល​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​បាន​តំរូវ​ អោយ​ធ្វើ​ការ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ។
  • ២- បំណុល​សារពើពន្ធ ត្រូវ​ដល់​កំណត់ និង​ត្រូវ​បង់​ក្នុង​រយៈពេល​៣០ថ្ងៃ ក្រោយ​ពី​ការ​ប្រគល់​លិខិត​ជូន​ដំណឹង​ទារ​បំណុល​ពន្ធ។
  • ៣- ប្រាក់​ពន្ធ​ត្រូវ​ដល់​កំណត់ និង​ត្រូវ​បង់​ក្នុង​រយៈពេល​៣ថ្ងៃ ក្រោយ​ពី​ការ​ប្រគល់​លិខិត​ជូន​ដំណឹង​ទារ​បំណុល​ពន្ធ ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ៤ មាត្រា១១៦ នៃ​ច្បាប់​នេះ។
  • ៤- រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​កំណត់​ដោយ​ប្រកាស​នូវ​វិធាន និង​នីតិវិធី ដើម្បី:
    • ក- កំណត់​កាលបរិច្ឆេទ​ទារ​បំណុល​ពន្ធ ដើម្បី​ចៀសវាង​ការ​ខាតបង់​ដោយ​ទារ​បំណុល​ពន្ធ​មិន​បាន។
    • ខ- ចាត់​ទុក​បំណុល​ពន្ធ​ជា​ប្រាក់​ពន្ធ​ដែល​មិន​អាច​ប្រមូល​បាន។

មាត្រា១០៨:
ប្រសិន​បើ​អភិបាល ឬ​បណ្ណាធិការ ឬ​កម្មសិទ្ធិករ​របស់​សហគ្រាស​ណា​មួយ​ដឹង​ឭ ឬ​មាន​ចេតនា​ធ្វើ​អោយ​សហគ្រាស​មិន​រាយការណ៍ ឬ​រាយការណ៍​បន្ថយ​នូវ​ប្រាក់​ពន្ធ ដោយ​រំលោភ​ទៅ​លើ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មិន​អោយ​បង់​ពន្ធ​កាត់​ទុក​ជូន​រដ្ឋបាល​សារពើពន្ធ អភិបាល ឬ​បណ្ណាធិការ ឬ​កម្មសិទ្ធិករ​ទាំងនោះ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់។

ផ្នែក​ទី ៦៖ អំណាច​របស់​រដ្ឋបាល​សារពើពន្ធ​ក្នុង​ការ​ប្រមូល​ប្រាក់​ពន្ធ[edit]

មាត្រា១០៩:
ប្រសិន​បើ​បុគ្គល​ដែល​មាន​កាតព្វកិច្ច​បង់​ពន្ធ​តាម​ការ​តំរូវ​នៃ​ បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ធ្វេសប្រហែស ឬ​បដិសេធ​មិន​ព្រម​បង់​ពន្ធ​ក្រោយ​ពេល​ដែល​លិខិត​ជូន​ដំណឹង​រំលឹក​ការ​ទារ​ បំណល់ពន្ធ​ត្រូវ​បាន​ប្រគល់​ត្រឹមត្រូវ រដ្ឋបាល​សារពើពន្ធ ត្រូវ​មាន​សិទ្ធ​ឃុំ​គ្រង​លើ​ទ្រព្យ​សម្បត្តិ​បុគ្គល​នោះ​សមស្រប​នឹង​បំណុល​ ពន្ធ។ សិទ្ធិ​ឃុំ​គ្រង​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​ជាប់​ពន្ធ កើត​មាន​ឡើង​នៅ​ថ្ងៃ​ដែល​លិខិត​ជូន​ដំណឹង​រំលឹក​ការ​ទារ​បំណុល​ពន្ធ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​អ្នក​ជាប់​ ពន្ធដូច​មាន​ចែង​ក្នុង​មាត្រា៩៥ នៃ​ច្បាប់​នេះ។ បើ​ល័ក្ខខ័ណ្ឌ​ទាំងឡាយ​នៃ​មាត្រា​នេះ​ត្រូវ​បាន​បំពេញ​ត្រឹមត្រូវ​ហើយ​នោះ សិទ្ធិ​ឃុំ​គ្រង​លើ​ទ្រព្យសម្បត្តិ​ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ១ មាន​សុពលភាព និង​អាទិភាព​លើ​សិទ្ធិ​ដទៃ​ទៀត​ទាំងអស់​ដែល​មាន​ពី​មុន​មក ឬ​ដែល​កើត​ឡើង​ក្រោយ​សិទ្ធិ​ឃុំ​គ្រង​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​ជាប់​ ពន្ធ។ បុគ្គល​ទាំង​ឡាយ​អាច​ធ្វើ​ការ​តវ៉ា​ទៅ​រដ្ឋបាល​សារពើពន្ធ ដើម្បី​សុំ​អោយ​លើក​សិទ្ធិ​ឃុំ​គ្រង​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដូច​មាន​ ចែង​ក្នុង​កថាខ័ណ្ឌ១ នៃ​មាត្រា​នេះ ដោយ​លើក​ឡើង​នូវ​កំហុស​ឆ្គង​ក្នុង​ការ​ដាក់​សិទ្ធិ នោះ។ ប្រសិន​បើ​រដ្ឋបាល​សារពើ​ពន្ធ​បាន​ពិនិត្យ​ឃើញ​ថា​ការ​ដាក់​សិទ្ធិ​ឃុំ​គ្រង ​លើ​ទ្រព្យសម្បត្តិ​នោះ មាន​ការ​ខុស ឆ្គង រដ្ឋបាល​សារពើពន្ធ​ត្រូវ​ចេញ​លិខិត​បញ្ជាក់​អំពី​ការ​លើក​សិទ្ធិ​ឃុំ​គ្រង​ លើ​ទ្រព្យសម្បត្តិ​ក្នុង​រយៈពេល​ ១០ថ្ងៃ បន្ទាប់​ពី​ពិនិត្យ​ឃើញ ព្រម​ទាំង​ចុះ​ក្នុង​លិខិត​បញ្ជាក់​នោះ​ថា ការ​ដាក់​សិទ្ធិ​ឃុំគ្រង​នោះ​មាន​ការ​ ខុស​ឆ្គង។

មាត្រា១១០:
រដ្ឋបាល​សារពើ​ពន្ធ ត្រូវ​ធ្វើ​លិខិត​ជូន​ដំណឹង​រំលឹក​ការ​ទារ​បំណុល​ពន្ធ​ទៅ​អ្នក​ជាប់​ពន្ធ​ យ៉ាង​តិច​១៥​ថ្ងៃ មុន​អនុវត្ត​វិធានការ​តឹង​ទារ។

មាត្រា១១១:
ការ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ជាប់​ពន្ធ ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- ប្រសិន​បើ​អ្នក​ជាប់​ពន្ធ​មិន​បាន​បង់​បំណុល​ពន្ធ​ក្នុង​រយៈពេល​១៥ថ្ងៃ ក្រោយ​ពី​បាន​ទទួល​លិខិត​ជូន​ដំណឹង​រំលឹក​ការ​ទារ​បំណុល​ពន្ធ រដ្ឋបាល​សារពើពន្ធ​អាច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​ជាប់​ពន្ធ ដើម្បីធានា​បំណុល​ពន្ធ​ព្រម​ទាំង​សោហ៊ុយ​ចំណាយ​ក្នុង​ការ​ប្រមូល​ពន្ធ​នោះ។ សំរាប់​គោលដៅ​នៃ​ច្បាប់​នេះ ពាក្យ”ការ​រឹបអូស” សំដៅ​ដល់​ការ​រឹបអូស​តាម​គ្រប់​មធ្យោបាយ និង​ការ​លក់​ទ្រព្យសម្បត្តិ​អ្នក​ជាប់​ពន្ធ​ដោយ​រដ្ឋបាល​សារពើពន្ធ តែ​មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​អោយ​ហួស​ពី​បំណុល​ពន្ធ និង​ចំណាយ​ក្នុង​ការ​ប្រមូល​ពន្ធ​ឡើយ។
  • ២- បុគ្គល​ដែល​មាន​ភារៈ​កាន់កាប់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​អ្នក​ជាប់​ពន្ធ ដែល​ត្រូវ​រដ្ឋបាល​សារពើពន្ធ​រឹបអូស ដូច​ក្នុង​កថាខ័ណ្ឌ១​នៃ​មាត្រា​នេះ មិន​អាច​បង្វិល​ទ្រព្យសម្បត្តិ​នោះ​ទៅ​អោយ​អ្នក​ជាប់​ពន្ធ​វិញ ឬ​ក៏​យក​ទ្រព្យសម្បត្តិ​នោះ​ទៅ​ធ្វើការ​ទូទាត់​ផ្សេង​ៗ​បាន​ទេ លើក​លែង​តែ​ការ​ទូទាត់​ដែល​រដ្ឋបាល​សារពើពន្ធ​បាន​អនុញ្ញាត។
  • ៣- រដ្ឋបាល​សារពើពន្ធ​អាច​អនុវត្ត​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​ជាប់​ ពន្ធ​ដែល​កាន់កាប់ និង​គ្រប់គ្រង​ដោយ​បុគ្គល​ដទៃ​ទៀត យ៉ាងតិច១៥ថ្ងៃ​ក្រោយ​ពេល​ជូន​ដំណឹង​ដល់​អ្នក​កាន់កាប់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នោះ។
  • ៤- បុគ្គល​អ្នក​កាន់កាប់ និង​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​រឹបអូស ត្រូវ​ប្រគល់​ទ្រព្យសម្បត្តិ​នោះ ឬ​ក៏​បង់​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម ការ​ប្រាក់ និង​សោហ៊ុយ​ចំណាយ​ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋបាល​សារពើពន្ធ​លើកលែង​តែ​ ចំណែក​ទ្រព្យសម្បត្តិ​ណា​មួយ ដែល​ស្ថិត​នៅ​ក្នុង​ដំណើរការ​ជំរៈ​បញ្ជី​រំលាយ​សកម្មភាព​អាជីវកម្ម។
  • ៥- បុគ្គល​ដែល​មិន​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ៤ នៃ​មាត្រា​នេះ ត្រូវ​ទទួល​ខុសត្រូវ​លើ​ចំនួន​ទឹកប្រាក់​នៃ​តំលៃ​ទ្រព្យសម្បត្តិ​នោះ ប៉ុន្តែ​មិន​លើស​ពី​ចំនួន​ទឹកប្រាក់​ដែល​ជា​កម្មវត្ថុ​នៃ​ការ​រឹបអូស​នោះ​ ទេ។
  • ៦- បុគ្គល​ណាដែល​បាន​ប្រតិបត្តិ​តាម​ការ​តំរូវ​ក្នុង​កថាខ័ណ្ឌ២ និង​កថាខ័ណ្ឌ៤ នៃ​មាត្រា​នេះ ត្រូវ​បាន​រួច​ផុត​អំពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​អ្នក​ជាប់​ពន្ធ ឬ​តតិយជន លើ​ទ្រព្យសម្បត្តិ ប្រាក់​ពន្ធ ឬ​កាតព្វកិច្ច ផ្សេង​ទៀត​ដែល​បាន​ប្រគល់​ជូន​ទៅ​រដ្ឋបាល​សារពើពន្ធ។
  • ៧- ប្រសិន​បើ​រដ្ឋបាល​សារពើពន្ធ​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ជឿជាក់​ថា ការ​ប្រមូល​ពន្ធ​អាច​មាន​ឧបសគ្គ រដ្ឋបាល​សារពើពន្ធ​អាច​ទាមទារ​អោយ​អ្នក​ជាប់​ពន្ធ​បង់​ពន្ធ​ភ្លាម ហើយ​បើ​អ្នក​ជាប់​ពន្ធ​មិនបាន​បំពេញ​តាម​ការ​ទាមទារ​នេះ​ទេ អាច​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ជាប់​ពន្ធ​ភ្លាម។
  • ៨- ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន ដូច​មាន​កំណត់​ក្នុង​អនុក្រឹត្យ ត្រូវ​បាន​រួច​ផុត​ពី​ការ​រឹបអូស។
  • ៩- ការ​លក់​ទ្រព្យសម្បត្តិ​រឹបអូស ត្រូវ​ធ្វើ​ឡើង​តាម​ការ​ដាក់​អោយ​ដេញថ្លៃ។ សោហ៊ុយ​ចំណាយ​ផ្សេងៗ​ក្នុង​ការ​លក់​ទ្រព្យសម្បត្តិ​គឺ​ជា​បន្ទុក​របស់​អ្នក​ ជាប់​ពន្ធ។

មាត្រា១១២:
ទ្រព្យសម្បត្តិ​ដែល​ត្រូវ​រឹបអូស​ដោយ​ច្បាប់​នេះ ត្រូវ​រឹបអូស កាន់កាប់ និង​ទទួល​ខុសត្រូវ​ដោយ​រដ្ឋបាល​សារពើពន្ធ​តែ​ប៉ុណ្ណោះ។ ស្ថាប័ន​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល មិន​អាច​ប្រើ​ច្បាប់​នេះ ដើម្បី​រឹបអូស ឬ​កាន់កាប់​ទ្រព្យសម្បត្តិ​នោះ​ដោយ​ផ្ទាល់​ឡើយ។ បើ​មាន​ការ​លក់​នូវ​ទ្រព្យសម្បត្តិ​ដែល​បាន​រឹបអូស​ដោយ​ច្បាប់​នេះ ចំណែក​ណា​មួយ​នៃ​ប្រាក់​លក់​បាន​ដែល​លើស​អំពី​បំណុល​ពន្ធ​របស់​អ្នក​ជាប់​ ពន្ធ​នៅ​ក្រោម​ច្បាប់​នេះ ត្រូវ​បង្វិល​ទៅ​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​នោះ​វិញ។

មាត្រា១១៣:
ការ​រឹបអូស​ក្នុង​មាត្រា១១១ នៃ​ច្បាប់​នេះ អាច​មាន​ទាំង​ការ​ឃាត់​ទុក​គណនី​របស់​អ្នក​ជាប់​ពន្ធ​នៅ​ធនាគារ តាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​សារពើពន្ធ ហើយ​ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាម ក្រោយ​ពី​ការ​ប្រគល់​លិខិត​នោះ​ទៅ​អោយ​ធនាគារ។ តាម​រយៈ​ការ​ជូន​ដំណឹង​អោយ​ឃាត់​ទុក​គណនី​ធនាគារ​នេះ ធនាគារ​មិន​អាច​បើក​គណនី​ថ្មី​ទៀត​អោយ​អ្នក​ជាប់​ពន្ធ​ដដែល​បាន​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ការ​ទូទាត់​ផ្សេង​ៗ​ចេញពី​គណនី​នោះ​បាន​ឡើយ លើកលែង​តែ​បង់​ប្រាក់​ដែល​រដ្ឋបាល​សារពើពន្ធ​កំណត់​អោយ ដើម្បី​ទូទាត់​ប្រាក់​ពន្ធ​ត្រូវ​បង់ ការ​ប្រាក់ ហើយ​និង​ពន្ធ​បន្ថែម​ផ្សេង​ទៀត។ គណនី​ធនាគារ​ដែល​បាន​ឃាត់​ទុក​អាច​បើក​អោយ​ប្រើ​វិញ​បាន លុះ​ត្រា​តែ​មាន​លិខិត​ជូន​ដំណឹង​រដ្ឋបាល​សារពើពន្ធ។ ធនាគារ​ដែល​មិន​បាន​អនុវត្ត​តាម​លិខិត​ជូន​ដំណឹង​ក្នុង​កថាខ័ណ្ឌ១ នៃ​មាត្រា​នេះ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋបាល​សារពើពន្ធ នូវ​កំរិត​ទឹក​ប្រាក់​ដែល​មាន​នៅ​ក្នុង​គណនី​របស់​អ្នក​ជាប់​ពន្ធ នៅ​ពេល​ដែល​លិខិត​ជូន​ដំណឹង​ត្រូវ​បាន​ប្រគល់​អោយ។

មាត្រា១១៤:
ការ​រឹបអូស​នៅ​ក្នុង​មាត្រា១១១ នៃ​ច្បាប់​នេះ អាច​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បញ្ឈប់​ប្រតិបត្តិការ​នាំ​ចេញ-នាំចូល។ ការ​បញ្ឈប់​ប្រតិបត្តិការ​នាំចេញ-នាំចូល សំដៅ​ដល់​ការ​ឃាត់​ទុក​ដោយ​រដ្ឋបាល​គយ នូវ​ទំនិញ​នាំចូល បញ្ជូន​អោយ​អ្នក​ជាប់​ពន្ធ និង​ទំនិញ​ដែល​ត្រូវ​នាំចេញ​ដោយ​អ្នក​ជាប់​ពន្ធ​តាម​លិខិត​ជូន​ដំណឹង​របស់​ រដ្ឋបាល​សារពើពន្ធ ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​ភ្លាម ក្រោយ​ពេល​ដែល​លិខិត​នោះ​បាន​ប្រគល់​អោយ​រដ្ឋបាល​គយ។ រដ្ឋបាល​សារពើពន្ធ​អាច​រឹបអូស និង​លក់​ទំនិញ​របស់​អ្នក​ជាប់​ពន្ធ ដែល​បាន​ឃាត់​ទុក​ដោយ​រដ្ឋបាល​គយ​ទៅ​តាម​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​ មាត្រា១១១ នៃ​ច្បាប់​នេះ។ ការ​អនុញ្ញាតិ​អោយ​ប្រតិបត្តិការ​នាំចេញ-នាំចូល​រួច​ពី​ការ​បញ្ឈប់ ត្រូវ​អនុវត្ត​តាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​សារពើពន្ធ។ ទំនិញ​ឃាត់​ទុក​ដោយ​រដ្ឋបាល​គយ ដែល​មិន​មែន​ជា​របស់​អ្នក​ជាប់​ពន្ធ ត្រូវ​បាន​រួចផុត​ពី​ការ​ឃាត់​ទុក​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋបាល​ សារពើពន្ធ។

មាត្រា១១៥:
ការ​រឹបអូស​ក្នុង​មាត្រា១១១ នៃ​ច្បាប់​នេះ អាច​មាន​ទាំង​ការ​ចេញ​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​សារពើពន្ធ ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្នើ​សុំ​អោយ​ទុក​ជា​មោឃៈ នូវ​លិខិត​អនុញ្ញាត​និង​អាជ្ញា​ប័ណ្ណផ្សេងៗ​របស់​អ្នក​ជាប់​ពន្ធ ដើម្បី​អនុវត្ត​សកម្មភាព​ណា​មួយ។

ផ្នែក​ទី ៧៖ ការ​កំណត់​ពន្ធ[edit]

មាត្រា១១៦:
ចំនួន​ប្រាក់​ពន្ធ​ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- ក្នុង​ករណី​ដែល​ប្រាក់​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ​ត្រូវ​បាន​បង់​តាម​វិធី​ កាត់​ទុក ហើយ​អ្នក​ជាប់​ពន្ធ​គ្មាន​កាតព្វកិច្ច​ធ្វើ​ប្រកាស​សារពើពន្ធ​ទេ​នោះ ការ​កំណត់​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ គឺ​ជា​ការ​កំណត់​ចំនួន​ប្រាក់​ពន្ធ​ដែល​បាន​កាត់​ទុក​នៅ​ក្នុង​ឆ្នាំ​ ប្រតិទិន។
  • ២- ក្នុង​ករណី​ដែល​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​មាន​កាតព្វកិច្ច​ត្រូវ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ ការ​កំណត់​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក គឺ​ជា​ការ​កំណត់​ពន្ធ​ដែល​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​បាន​គណនា​នៅ​លើ​លិខិត​ប្រកាស​សារពើពន្ធ ដែល​ដាក់​ជូន​រដ្ឋបាល​សារពើពន្ធ។
  • ៣- ក្នុង​ករណី​ដែល​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​មាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​សារពើពន្ធ ប៉ុន្តែ​មិន​បាន​ធ្វើ​លិខិត​ប្រកាស មិនបាន​រក្សា​ទុក​អោយ​បាន​ត្រឹមត្រូវ​នូវ​បញ្ជី​កា​គណនេយ្យ ឬ​ឯកសារ​ផ្សេង​ទៀត​តាម​ការ​តំរូវ ឬ​មិន​បាន​ផ្ដល់​ពត៌មាន​ចាំបាច់​ជូន​រដ្ឋបាល​សារពើពន្ធ ដើម្បី​កំណត់​ពន្ធ​អោយ​បាន​ត្រឹមត្រូវ​ការ​កំណត់​ពន្ធ​របស់​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក គឺ​ជា​ការ​កំណត់​ពន្ធ​ជា​ឯកតោ​ភាគី ដែល​រដ្ឋបាល​សារពើពន្ធ​បាន​ធ្វើ និង​បាន​ប្រគល់​អោយ​បុគ្គល​នោះ។ ការ​កំណត់​ពន្ធ​ជា​ឯកតោភាគី ត្រូវ​ផ្អែក​លើ:
    • ក- ពត៌មាន​ដែល​មាន​ចុះ​នៅ​ក្នុង​លិខិត​ប្រកាស​សារពើពន្ធ​នានា ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​អ្នក​ជាប់​ពន្ធ​បាន​ដាក់​ជូន​រដ្ឋបាល​សារពើពន្ធ។
    • ខ- ពត៌មាន​ដែល​មាន​ចុះ​ក្នុង​លិខិត​ប្រកាស​ពត៌មាន
    • គ- ពត៌មាន​ផ្សេងទៀត ដែល​រដ្ឋបាល​សារពើពន្ធ​បាន​ទទួល។
  • ៤- បើ​សិន​ជា​មាន​មូលដ្ឋាន​បញ្ជាក់​ថា ការ​ប្រមូល​ពន្ធ​អាច​មាន​ឧបសគ្គ រដ្ឋបាល​សារពើពន្ធ​អាច​ធ្វើ​ការ​កំណត់​ពន្ធ​លើ​អ្នក​ជាប់​ពន្ធ​នៅ​ពេល​ណា​ មួយ​ក៏​បាន។

មាត្រា១១៧:
ការ​កំណត់​ពន្ធ​ឡើង​វិញ និង​រយៈពេល​កំណត់​ពន្ធ​ឡើង​វិញ​ត្រូវ​បាន​ដំណើរការ​ដូច​តទៅ:

  • ១- ចំពោះ​ការ​កំណត់​ពន្ធ​ដែល​ផ្អែក​តាម​កថាខ័ណ្ឌ១ នៃ​មាត្រា១១៦ នៃ​ច្បាប់​នេះ រដ្ឋបាល​សារពើពន្ធ​អាច​ធ្វើការ​កំណត់​ពន្ធ​ឡើង​វិញ​ក្នុង​រយៈពេល​៣ឆ្នាំ បន្ទាប់​ពី​ឆ្នាំ​ប្រតិទិន​ដែល​ការ​កាត់​ទុក​បាន​កើត​ឡើង។
  • ២- ចំពោះ​ការ​កំណត់​ពន្ធ​ដែល​ផ្អែក​តាម​កថាខ័ណ្ឌ២ និង​កថាខ័ណ្ឌ៣ នៃ​មាត្រា១១៦ នៃ​ច្បាប់​នេះ​រដ្ឋបាល​សារពើពន្ធ​អាច​ធ្វើ​ការ​កំណត់​ពន្ធ​ឡើង​វិញ​ក្នុង​ រយៈពេល​ណា​មួយ​ខាងក្រោម​នេះ:
    • ក- ក្នុង​រយៈពេល​៣ឆ្នាំ ក្រោយ​ថ្ងៃ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ
    • ខ- ក្នុង​រយៈពេល​១០ឆ្នាំ ក្រោយ​កាល​បរិច្ឆេទ​ដែល​តំរូវ​អោយ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ ប្រសិន​បើ​មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​អំពើ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ
    • គ- ក្នុង​រយៈពេល​ណា​មួយ​ក៏​បាន​តាម​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ​របស់​អ្នក​ជាប់​ពន្ធ។
  • ៣- អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក អាច​ស្នើ​សុំ​ធ្វើការ​កែ​តំរូវ​លិខិត​ប្រកាស​សារពើពន្ធ ក្នុង​រយៈ ពេល​៣ឆ្នាំ​ក្រោយ​ពី​កាលបរិច្ឆេទ​នៃ​ការ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​តាម​ កថាខ័ណ្ឌ២ នៃ​មាត្រា១១៦ នៃ​ច្បាប់​នេះ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ភ័ន្តច្រឡំ ឬ​ការ​ភ្លាំងភ្លាត់ ដែល​អ្នក​ជាប់​ពន្ធ​បាន​ធ្វើ​នៅ​ក្នុង​លិខិត​ប្រកាស​ពី​មុន។ ប្រសិន​បើ​លទ្ធផល​ប្រកាស​សារពើពន្ធ​កែ​តំរូវ​នោះ បណ្ដាល​អោយ​មាន​ការ​បង្វិល​សង​ប្រាក់​ពន្ធ ឬ​ឥណពន្ធ រដ្ឋបាល​សារពើពន្ធ​អាច​ធ្វើការ​ពិនិត្យ​បញ្ជាក់​តាម​នីតិវិធី​ត្រួត​ពិនិត្យ ​សារពើពន្ធ។
  • ៤- អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក អាច​ស្នើសុំ​អោយ​រដ្ឋបាល​សារពើពន្ធ​ធ្វើការ​កែ​តំរូវ​ការ​កំណត់​ពន្ធ​ឡើង​ វិញ ក្នុង​រយៈពេល​៣ឆ្នាំ ក្រោយ​កាល​បរិច្ឆេទ​ដែល​រដ្ឋបាល​សារពើពន្ធ​កំណត់​ពន្ធ​ឡើង​វិញ ដោយ​ផ្អែក​លើ​ពត៌មាន​បន្ថែម​ដែល​អ្នក​ជាប់​ពន្ធ ឬ​រដ្ឋបាល​សារពើពន្ធ​មិន​បាន​ទទួល​ក្នុង​ពេល​កំណត់​ពន្ធ​ឡើង​វិញ​នោះ។
  • ៥- ក្នុង​ករណី​ដែល​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ធ្វើការ​កែ​តំរូវ​កំណត់​ពន្ធ​របស់​ខ្លួន​ឬ​ស្នើ​សុំ​ អោយ​រដ្ឋបាល​សារពើពន្ធ​កែ​តំរូវ​ការ​កំណត់​ពន្ធ​ឡើង​វិញ អាជ្ញាយុកាល​នៃ​ការ​កំណត់​ពន្ធ​ឡើង​វិញ ក្នុង​កថាខ័ណ្ឌ១ និង​កថាខ័ណ្ឌ២ នៃ​មាត្រា​នេះ ត្រូវ​ចាប់​ផ្ដើម​គិត​ពី​កាលបរិច្ឆេទ​នៃ​ការ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ កែ​តំរូវ ឬ​កាលបរិច្ឆេទ​ដែល​រដ្ឋបាល​សារពើពន្ធ​ធ្វើ​ការ​កែ​តំរូវ​ការ​កំណត់​ពន្ធ​ឡើង ​វិញ។

មាត្រា១១៨: ការ​កំណត់​ពន្ធ​ឡើង​វិញ​ត្រូវ​បាន​ដំណើរការ​តាម​នីតិវិធី​ដូចតទៅ: ១- រដ្ឋបាល​សារពើពន្ធ​ត្រូវ​ជូន​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​កំណត់​ពន្ធ​ឡើង​វិញ​ដល់​អ្នក​ជាប់​ពន្ធ។ ២- អ្នក​ជាប់​ពន្ធ​មាន​រយៈពេល​៣០ថ្ងៃ ដើម្បី​ឆ្លើយតប​ចំពោះ​ការ​កំណត់​ពន្ធ​ឡើង​វិញ​ទៅ​ការិយាល័យ​របស់​នាយកដ្ឋាន​ ពន្ធដារ ដែល​ទទួល​បន្ទុក​ធ្វើការ​កំណត់​ពន្ធ​ឡើង​វិញ​នោះ។ ក្នុង​រយៈពេល​នេះ អ្នក​ជាប់ ​ពន្ធ​អាច​ទទួល​យក ឬ​ជំទាស់​ចំពោះ​ការ​កំណត់​ពន្ធ​ឡើង​វិញ។ អ្នក​ជាប់​ពន្ធ​ត្រូវ​ចាត់​ទុក​ថា​យល់​ព្រម​ចំពោះ​ការ​កំណត់​ពន្ធ​ឡើង​វិញ បើ​សិន​ជា​ពុំ​បាន​ឆ្លើយ​តប។ ៣- បើ​សិន​ជា​មាន​ការ​ជំទាស់​ចំពោះ​ការ​កំណត់​ពន្ធ​ឡើង​វិញ អ្នក​ជាប់​ពន្ធ​ត្រូវ​ដាក់​ពាក្យ​តវ៉ា​ទៅ​ប្រធាន​នាយកដ្ឋាន​ពន្ធដារ តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​មាត្រា១២០​នៃ​ច្បាប់​នេះ។ ៤- ការិយាល័យ​ទទួល​បន្ទុក​ការ​កំណត់​ពន្ធឡើង​វិញ​របស់​នាយកដ្ឋាន​ពន្ធដារ ត្រូវ​បញ្ជូន​លទ្ធផល​នៃ​ការ​កំណត់​ពន្ធ​ឡើង​វិញ​ទៅ​ការិយាល័យ​ប្រមូល​ពន្ធ​ ក្នុង​រយៈពេល​៣០​ថ្ងៃ ក្រោយ​ការ​ចេញ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​កំណត់​ពន្ធ​ឡើង​វិញ។

មាត្រា១១៩: នៅ​ពេល​ដែល​អ្នក​ជាប់​ពន្ធ​មិន​បាន​រក្សា​ទុក​ឯកសារ​គ្រប់គ្រាន់ ឬ​ក៏​មិន​អាច​ផ្ដល់​ពត៌មាន​គ្រប់គ្រាន់ រដ្ឋបាល​សារពើពន្ធ​មាន​សិទ្ធ​កំណត់​ពន្ធ​លើ​អ្នក​ជាប់​ពន្ធ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ពត៌មាន​ជាក់លាក់ ដែល​រដ្ឋបាល​សារពើពន្ធ​មាន។ បន្ទុក​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា ប្រាក់​ពន្ធ​ដែល​រដ្ឋបាល​សារពើពន្ធ​កំណត់​មិន​ត្រឹមត្រូវ​គឺ​ស្ថិត​នៅ​លើ​ អ្នក​ជាប់​ពន្ធ។ នៅ​ពេល​ណា​ដែល​ប្រាក់​ចំណូល​ជាប់​ពន្ធ ឬ​ប្រាក់​ចំណូល​ដែល​បាន​ប្រកាស​ដោយ​អ្នក​ជាប់​ពន្ធ មាន​ភាព​ខុសគ្នា​ច្រើន ធៀប​ទៅ​នឹង​ការ​ទិញ​ទ្រព្យ​សកម្ម ឬ​វត្ថុ​នានា​ដែល​ធ្វើ​អោយ​ឃើញ​ចំណាយ​របស់​អ្នក​ជាប់​ពន្ធ​លេចធ្លោ​ឡើង​នោះ រដ្ឋបាល​សារពើពន្ធ​មាន​សិទ្ធិ​កំណត់​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ប្រាក់​ចំណូល ​ប៉ាន់ស្មាន​សមស្រប​ទៅ​នឹង​ទំហំ​នៃ​ចំណាយ ដើម្បី​ទិញ​ទ្រព្យ​សកម្ម ឬ​វត្ថុ​នានា​ដែល​លេច​ធ្លោ​នោះ។ បន្ទុក​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា​ប្រាក់​ពន្ធ​ដែល​រដ្ឋបាល​សារពើពន្ធ​ កំណត់​មិន​ត្រឹមត្រូវ គឺ​ស្ថិត​នៅ​លើ​អ្នក​ជាប់​ពន្ធ។

ផ្នែក​ទី ៨៖ ដំណោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ជាប់​ពន្ធ[edit]

មាត្រា១២០:
វិធាន​នៃ​ដំណោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ជាប់​ពន្ធ​អំពី​បញ្ហា​សារពើពន្ធ ត្រូវ​បាន​កំណត់​ដូច​តទៅ:

  • ១- អ្នក​ជាប់​ពន្ធ​ដែល​មិន​បំពេញ​ចិត្ត​នឹង​ការ​កំណត់​ឡើងវិញ ឬ​សេចក្ដី​សំរេច​ផ្សេង​ទៀត​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​សារពើពន្ធ អាច​ធ្វើ​ការ​តវ៉ា​ទៅ​ប្រធាន​នាយកដ្ឋាន​ពន្ធដារ។ ការ​តវ៉ា​ត្រូវ​មាន​កំរិត​ព្រំដែន​តែ​ត្រឹម​ដើម​ហេតុ ឬ​ពត៌មាន​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​ការ​កំណត់​ពន្ធ​ឡើង​វិញ សេចក្ដី​សំរេច ឬ​នីតិវិធី​នៃ​វិធានការ​កំណត់​ពន្ធ​ឡើង​វិញ​ប៉ុណ្ណោះ។
  • ២- ការ​តវ៉ា​ខាង​រដ្ឋបាល​ត្រូវ​ធ្វើ​ជា​លាយល័ក្ខ​អក្សរ​ទៅ​តាម​ទំរង់​ដែល​មាន​ ចែង​ក្នុង​មាត្រា​១២១ នៃ​ច្បាប់​នេះ និង​ត្រូវ​ដាក់​ជូន​រដ្ឋបាល​សារពើពន្ធ​ក្នុង​រយៈពេល​៣០ថ្ងៃ ក្រោយ​ថ្ងៃ​ដែល​អ្នក​ជាប់​ពន្ធ​បាន​ទទួល​លិខិត​ជូន​ដំណឹង​ទារ​បំណុល​ពន្ធ​ របស់​រដ្ឋបាល​សារពើពន្ធ។
  • ៣- ការ​តវ៉ា​ខាង​រដ្ឋបាល​ពុំ​ធ្វើ​អោយ​អ្នក​ជាប់​ពន្ធ​រួច​ផុត​ពី​កាតព្វកិច្ច​ បង់​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម និង​ការប្រាក់​ផ្សេងៗ​ដែល​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ទារ​បំណុល​ពន្ធ ​ឡើយ។

មាត្រា១២១:
ការ​តវ៉ា​ខាង​រដ្ឋបាល​អាច​នឹង​ទទួល​យក​បាន បើ​សិន​ជា​ក្នុង​ពាក្យ​តវ៉ា​នោះ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម:

  • ១- លេខ​អត្តសញ្ញាណកម្ម​របស់​អ្នក​ជាប់​ពន្ធ​ដែល​ធ្វើ​ពាក្យ​តវ៉ា បើ​សិន​ជា​មាន។
  • ២- សេចក្ដី​យោង​ទៅ​រក​ការ​កំណត់ សេចក្ដី​សំរេច ឬ​លទ្ធផល​ដែល​ជា​កម្មវត្ថុ​នៃ​ពាក្យ​តវ៉ា។
  • ៣- ដើម​ហេតុ ឬ​អំពើ​ដែល​ជា​កម្ម​វត្ថុ​នៃ​ពាក្យ​តវ៉ា។
  • ៤- ហេតុផល​នៃ​ការ​តវ៉ា។
  • ៥- កាលបរិច្ឆេទ និង​ហត្ថលេខា​របស់​អ្នក​ជាប់​ពន្ធ និង​ហត្ថលេខា​របស់​តំណាង​មាន​ការ​អនុញ្ញាត​របស់​អ្នក​ជាប់​ពន្ធ បើ​សិន​ជា​មាន​ភាព​ចាំបាច់។

មាត្រា១២២:
រដ្ឋបាល​សារពើពន្ធ​ត្រូវ​ចេញ​សេចក្ដី​សំរេច​ជា​ថ្មី​ក្នុង​រយៈពេល៦០​ថ្ងៃ ក្រោយពី​ថ្ងៃ​បាន​ទទួល​ពាក្យ​តវ៉ា ដើម្បី​បញ្ជាក់​ភាព​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ទាំងស្រុង ឬ​ចំណែក​ណា​មួយ​នៃ​ការ​កំណត់​ពន្ធ ឬ​សេចក្ដី​សំរេច​ផ្សេងៗ​ដែល​អ្នក​ជាប់​ពន្ធ​តវ៉ា។ រដ្ឋបាល​សារពើ​ពន្ធ​ត្រូវ​បញ្ជាក់​ផង​ដែរ​នូវ​មូលដ្ឋាន​នៃ​ការ​សំរេច​នេះ។ ប្រសិន​បើ​អ្នក​ជាប់​ពន្ធ​មិន​យល់ព្រម​លើ​សេចក្ដី​សំរេច​ថ្មី​នេះ​របស់​ រដ្ឋបាល​សារពើពន្ធ​នោះ អ្នក​ជាប់​ពន្ធ​អាច​ដាក់​ពាក្យ​តវ៉ា​ទៅ​គណៈកម្មាធិការ​សម្រុះសម្រួល​ សារពើពន្ធ​ក្នុង​រយៈពេល​យ៉ាង​យូរ​៣០ថ្ងៃ។

មាត្រា១២៣:
ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​សម្រុះសម្រួល​សារពើពន្ធ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សេចក្ដី​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

មាត្រា១២៤:
អ្នក​ជាប់​ពន្ធ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​មាន​សមត្ថកិច្ច ជំទាស់​នឹង​សេចក្ដី​សំរេច​របស់​គណៈកម្មាធិការ​សម្រុះសម្រួល​សារពើពន្ធ​ក្នុង ​រយៈពេល៣០ថ្ងៃ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ស្ដីពី​សេចក្ដី​សំរេច នោះ។ អ្នក​ជាប់​ពន្ធ​នឹង​ត្រូវ​តំកល់​ទុក​នៅ​រតនាគារជាតិ​នូវ​ប្រាក់​ចំនួន​ស្មើ​ នឹង​ប្រាក់​ពន្ធ ប្រាក់​ពន្ធ​បន្ថែម និង​ការ​ប្រាក់​ផ្សេងៗ​ដែល​ទាក់ទិន​នឹង​វិវាទ​តាម​ការ​កំណត់​របស់​រដ្ឋបាល​ សារពើពន្ធ​មុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលា ការ។

ផ្នែក​ទី ៩៖ បទល្មើស​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ[edit]

មាត្រា១២៥:
អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ការ​ធ្វេស​ប្រហែស បើ​សិន​ជា​ប្រាក់​ពន្ធ​ដែល​បាន​បង់​មាន​ចំនួន​តិច​ជាង​ប្រាក់​ពន្ធ​ដែល​បាន​ កំណត់​ដោយ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ មិន​លើស​ ពី ១០ ភាគរយ។ អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ការ​ធ្វេស​ប្រហែស បើ​សិន​ជា​មិន​បាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ ឬ​មិន​បាន​បង់​ពន្ធ​តាម​កាលបរិច្ឆេទ​ដែល​ច្បាប់​បាន​កំណត់។

មាត្រា១២៦:
អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ការ​ធ្វេស​ប្រហែស​ធ្ងន់ធ្ងរ បើ​សិន​ជា​ប្រាក់​ពន្ធ​ដែល​បាន​បង់ មាន​ចំនួន​តិច​ជាង​ប្រាក់​ពន្ធ​ដែល​បាន​កំណត់​ដោយ​បទប្បញ្ញត្តិ​ស្ដីពី​ ពន្ធដារ​លើស​ពី​១០ភាគរយ។

មាត្រា១២៧:
ការ​គេច​វេស​ពន្ធ​គឺ​ជា​បទល្មើស​ដោយ​ចេតនា ដោយ​ដឹង​ជា​មុន មាន​ការ​រៀបចំ​ទុក​និង​ច្រើន​ដង​ទៅ​លើ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ក្នុង​បំណង​បន្ថយ ឬ​បំបាត់​ប្រាក់​ពន្ធ​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​តំរូវ​អោយ​បង់។ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គេច​វេស​ពន្ធ​ផង​ដែរ ក្នុង​ករណី​ដែល​ការ​ធ្វេស​ប្រហែស​ធ្ងន់ធ្ងរ ដូច​មាន​ចែង​ក្នុង​មាត្រា១២៦​នៃ​ច្បាប់​នេះ បាន​ប្រព្រឹត្ត​ឡើងៈ

  • ១- ពីរ​លើក​ដាច់​ពី​គ្នា ក្នុង​រយៈពេល​៣ឆ្នាំ​នៃ​ឆ្នាំ​ប្រតិទិន។
  • ២- បី​​លើក ឬ​ច្រើន​ជាង​នេះ​ដាច់​ពី​គ្នា ក្នុង​រយៈពេល​ណា​មួយ​ក៏​ដោយ។

មាត្រា១២៨:
អំពើ​រាំងស្ទះ​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ រួម​មានៈ

  • ១- ករណី​ដែល​បុគ្គល:
    • ក- មិន​បាន​រក្សា​បញ្ជី​កា​គណនេយ្យ​និង​ឯកសារ​ផ្សេង​ទៀត​ឬ​មិន​បាន​ចេញ​វិក្ក័យបត្រ​លើ​កិច្ចការ​ជំនួញ
    • ខ- មិន​អនុញ្ញាត​អោយ​រដ្ឋបាល​សារពើពន្ធ​ធ្វើ​ការ​ពិនិត្យ​បញ្ជី​កា​គណនេយ្យ​ឬ​ឯកសារ​ផ្សេងៗ
    • គ- មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ
    • ឃ- មិន​បាន​ជូន​ដំណឹង​ទៅ​រដ្ឋបាល​សារពើពន្ធ​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​ចុះ​បញ្ជី ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ
    • ង- កសាង​ឬ​ផ្ដល់​នូវ​កំណត់​ត្រា ឯកសារ របាយការណ៍ ឬ​ពត៌មាន​ក្លែង​បន្លំ​ផ្សេងៗ។
    • ច- លាក់​ទុក​ឬ​បំផ្លាញ​ចោល​ដោយ​ចេតនា​នូវ​បញ្ជី​គណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬ​ពត៌មាន​ផ្សេង​ៗទៀត​
    • ឆ- ព្យាយាម​ធ្វើ​អោយ​រាំង​ស្ទះ​ដល់​ការ​កំណត់​និង​ការ​ប្រមូល​ពន្ធ
    • ជ- មិន​បាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ដែល​គ្មាន​ប្រាក់​ពន្ធ​ត្រូវ​បង់​ ក្នុង​រយៈពេល​៣០ថ្ងៃ ក្រោយ​កាល​បរិច្ឆេទ​ដែល​ច្បាប់​បាន​កំណត់
    • ឈ- ជួយ​ជ្រោមជ្រែង​ដោយ​ចេតនា​ដល់​អំពើ​ទាំងឡាយ​ខាង​លើ។
  • ២- ករណី​ដែល​មន្ត្រី​រាជ​ការ:
    • ក- ធ្វើ​អោយ​ធ្លាយ​ពត៌មាន​សំងាត់​ដោយ​គ្មាន​ការ​អនុញ្ញាត
    • ខ- ព្យាយាម​ធ្វើ​អោយ​រាំងស្ទះ​ដល់​ការ​កំណត់​និង​ការ​ប្រមូល​ពន្ធ។
    • គ- ជួយ​ជ្រោមជ្រែង​ដោយ​ចេតនា​ដល់​អំពើ​ទាំងឡាយ​ខាង​លើ។

មាត្រា១២៩:
ក្រៅ​ពី​ទោស​ទណ្ឌ​ផ្នែក​រដ្ឋបាល​ផ្សេង​ទៀត បុគ្គល​ណា​មួយ​បាន​ធ្វើ​សកម្មភាព​គេច​វេស​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា១២៧ នៃ​ច្បាប់​នេះ ឬ​ធ្វើ​ការ​រាំង​ស្ទះ​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​សារពើពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា១២៨ នៃ​ច្បាប់​នេះ ត្រូវ​ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ​លើ​ បទប្បញ្ញត្តិ ស្ដីពី​ពន្ធដារ។

ផ្នែក​ទី ១០៖ ពន្ធ​បន្ថែម[edit]

មាត្រា១៣០:
ពន្ធ​បន្ថែម​ត្រូវ​អនុវត្ត​ចំពោះ​បទល្មើស​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។ ពន្ធ​បន្ថែម​សំរាប់​ការ​បង់​ពន្ធ​ខ្វះ ឬ​ការ​បង់​យឺត ត្រូវ​គណនា​ដាច់​ដោយ​ឡែក​ពី​ពន្ធ​បន្ថែម​សំរាប់​ការ​រាំង​ស្ទះ​ការ​អនុវត្ត​ បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។ ក្នុង​ករណី​មាន​ការ​បង់​ពន្ធ​ខ្លះ ពន្ធ​បន្ថែម និង​ការប្រាក់​ត្រូវ​ដល់​កំណត់ និង​ត្រូវ​បង់​តាម​បែបបទ​ដូច​ប្រាក់​ពន្ធ​ដែល​បាន​បង់​ខ្វះ​នោះ។ ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ ការ​ដាក់​អោយ​អនុវត្ត​ពន្ធ​បន្ថែម មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ទោស​ទណ្ឌ​ចំពោះ​បទល្មើស​ផ្នែក​ ព្រហ្មទណ្ឌ​លើ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​ឡើយ។

មាត្រា១៣១:
ចំពោះ​បុគ្គល​ដែល​មាន​ការ​ធ្វេសប្រហែស ប្រាក់​ពន្ធ​បន្ថែម​ត្រូវ​ស្មើ​នឹង ១០ ភាគរយ​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ បូក​បន្ថែម​ការប្រាក់​២ភាគរយ​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ​សំរាប់​ខែ​ នីមួយៗ ឬ​ចំណែក​នៃ​ខែ​ដែល​ចំនួន​ប្រាក់​ពន្ធ​ខ្វះ​មិន​ទាន់​បាន​បង់។ ចំពោះ​បុគ្គល​ដែល​មាន​ការ​ធ្វេសប្រហែស ប្រាក់​ពន្ធ​បន្ថែម​ត្រូវ​ស្មើ​នឹង ២៥ ភាគរយ​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ បូក​បន្ថែម​ការប្រាក់ ២ភាគរយ នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ​សំរាប់ ខែ​នីមួយៗ ឬ​ចំណែក​នៃ​ខែ ដែល​ប្រាក់​ពន្ធ​ខ្លះ​មិន​ទាន់​បាន​បង់។ ក្នុង​ករណី​ការ​កំណត់​ពន្ធ​ជា​ឯកតោ​ភាគី ប្រាក់​ពន្ធ​បន្ថែម​ត្រូវ​ស្មើ​នឹង​ ៤០ ភាគរយ​នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ ខ្វះ បូក​បន្ថែម​ការប្រាក់២ ភាគរយ នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បង់​ខ្វះ​សំរាប់​ខែ​នីមួយៗ ឬ​ចំណែក​នៃ​ខែ​ដែល​ប្រាក់​ពន្ធ​ខ្លះ​មិន​ទាន់​បាន​បង់។ ការ​ប្រាក់​មិន​ត្រូវ​អនុវត្ត​ទេ ក្នុង​រយៈពេល​កំណត់​ពន្ធ​ឡើង​វិញ​តាម​មាត្រា ១១៨ នៃ​ច្បាប់​នេះ ឬ​ក្នុង​រយៈពេល​៣០ថ្ងៃ​ក្រោយ​ការ​ប្រគល់​លិខិត​ជូន​ដំណឹង​ទារ​បំណុល​ពន្ធ។

មាត្រា១៣២:
ចំពោះ​បុគ្គល​ដែល​មិន​បាន​បង់​ពន្ធ​តាម​កាល​កំណត់ ពន្ធ​បន្ថែម​ត្រូវ​កំណត់​តាម​អត្រា១០ភាគរយ នៃ​ទឹកប្រាក់​ពន្ធ​បង់​យឺត បូក​នឹង​ការប្រាក់ ២ភាគរយ នៃ​ទឹកប្រាក់​ពន្ធ​បង់​យឺត​សំរាប់​ខែ​នីមួយៗ ឬ​ចំណែក​នៃ​ខែ​ដែល​ចំនួន​ទឹកប្រាក់​ពន្ធ​នោះ​នៅ​មិន​ទាន់​បាន​បង់។ បើ​សិន​ជា​បុគ្គល​មិន​បាន​បង់​ពន្ធ​ក្នុង​រយៈពេល ១៥ ថ្ងៃ ក្រោយពេល​បាន​ទទួល​លិខិត​ជូន​ដំណឹង​រំលឹក​ការ​ទារ​បំណុល​ពន្ធ ពន្ធ​បន្ថែម​ត្រូវ​កំណត់​តាម​អត្រា ២៥ ភាគរយ​នៃ​ទឹកប្រាក់​ពន្ធ​បង់​យឺត បូក​នឹង​ការ ប្រាក់ ២ ភាគរយ នៃ​ទឹកប្រាក់​ពន្ធ​បង់​យឺត​សំរាប់​ខែ​នីមួយៗ ឬ​ចំណែក​នៃ​ខែ​ដែល​ចំនួន​ប្រាក់​ពន្ធ​នោះ​នៅ​មិន​ទាន់​បាន​បង់។ ក្នុង​ករណី​ការ​កំណត់​ពន្ធ​ជា​ឯកតោ​ភាគី សំរាប់​ការ​មិន​ដាក់​លិខិត​ប្រកាស​ប្រាក់​ពន្ធ​បន្ថែម​ត្រូវ​ស្មើ ៤០ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ពន្ធ​ដែល​បាន​កំណត់ បូក​បន្ថែម​ការប្រាក់​ ២ ភាគរយ នៃ​ចំនួន​ប្រាក់​ពន្ធ​ដែល​បាន​កំណត់​សំរាប់​ខែ​នីមួយៗ ឬ​ចំណែក​នៃ​ខែ​ដែល​ប្រាក់​ពន្ធ​​មិន​ទាន់​បាន​បង់។ ការ​ប្រាក់​យឺតយ៉ាវ​ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​ទី ០១ នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល​ត្រូវ​បង់​ពន្ធ។ ចំពោះ​ពន្ធ​លើ​ប្រាក់​ចំណេញ ការ​ប្រាក់​យឺតយ៉ាវ​ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​ទី ០១ នៃ​ខែ​បន្ទាប់​ដែល​ជា​ខែ​ផុត​រយៈពេល​កំណត់​សំរាប់​ការ​ដាក់​លិខិត​ប្រកាស​ លទ្ធផល​ប្រចាំ​ឆ្នាំ។ ពន្ធ​បន្ថែម​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ត្រូវ​ស្មើ​នឹង ១០០ ភាគរយ​នៃ​ប្រាក់​ពន្ធ​ត្រូវ​បង់។

មាត្រា១៣៣:
ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​រាំងស្ទះ​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ ពន្ធដារ ពន្ធ​បន្ថែម​ត្រូវ​កំណត់​ដូច​ខាងក្រោម​នេះ សំរាប់​អំពើ​នីមួយៗ:

  • ១- ២.០០០.០០០ រៀល (ពីរ​លាន​រៀល) ចំពោះ​បុគ្គល អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ក្រោម​របប​ពិត ឬ​មន្ត្រី​រាជការ។
  • ២- ៥០០.០០០ រៀល (ប្រាំ​សែន​រៀល) ចំពោះ​អ្នក​ជាប់​ពន្ធ ឬ​ភ្នាក់ងារ​កាត់​ទុក​ក្រោម​របប​បំព្រួញ ឬ​របប​ម៉ៅការ។

=== ផ្នែក​ទី ១១៖ អំពី​បទល្មើស​ព្រហ្មទណ្ឌ ===,,,,,,,,,,,,,,,,,,,,,,,,,,,,, មាត្រា១៣៤:
លើក​លែង​តែ​ចំពោះ​បទល្មើស​មាន​ចែង​ក្នុង​មាត្រា ១៣៩ និង​មាត្រា ១៤០ នៃ​ច្បាប់​នេះ​ការ​ប្ដឹង​ចោទ​ប្រកាន់ និង​ទាមទារ​ការ​ដាក់​ទោស​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទប្បញ្ញត្តិ​ស្ដី​ ពន្ធដារ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រធាន​នាយកដ្ឋាន​ពន្ធដារ ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

មាត្រា១៣៥:
ដោយ​មិន​ទាន់​គិត​ដល់​ទោស​ទណ្ឌ​ផ្សេង​ទៀត អភិបាល បណ្ណាធិការ កម្មសិទ្ធិករ​របស់​សហគ្រាស​ណា​មួយ ឬ​បុគ្គល​ទទួល​ខុសត្រូវ​អោយ​សហគ្រាស​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​គេច​ វេស​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា ១២៧ នៃ​ច្បាប់​នេះ ត្រូវ​រង​ការ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០.០០០.០០០រៀល (ដប់​លាន​រៀល) ដល់ ២០.០០០.០០០ (ម្ភៃ​លាន​រៀល) ឬ​ជាប់​ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ​ឬ​ទោស​ទាំង​ពីរ​នេះ។

មាត្រា១៣៦:
ដោយ​មិន​ទាន់​គិត​ដល់​ទោសទណ្ឌ​ផ្សេង​ទៀត បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការ​អនុវត្ត​បទប្បញ្ញត្តិ​ ស្ដីពី​ពន្ធដារ ដូច​មាន​ចែង​ក្នុង​មាត្រា ១២៨ នៃ​ច្បាប់​នេះ ត្រូវ​រង​ការ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ រៀល (ប្រាំ​លាន​រៀល) ដល់ ១០.០០០.០០០ រៀល (ដប់​លាន​រៀល) ឬ​ជាប់​ពន្ធនាគារ​ពី​ ១ ខែ​ដល់ ១ ឆ្នាំ ឬ​ទោស​ទាំងពីរ​នេះ។

មាត្រា១៣៧:
បុគ្គល​ណា​ដែល​មាន​ចេតនា​ជួយ​ជ្រោមជ្រែង ឬ​អូសទាញ​បុគ្គល​ម្នាក់​ទៀត​អោយ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​​ចំពោះ​ ច្បាប់​នេះ ឬ​ក៏​ដោយ​ចេតនា​បាន​ផ្ដល់​គំនិត ឬ​ជំរុញ​បុគ្គល​ម្នាក់​ទៀត​អោយ​ប្រព្រឹត្ត​បទល្មើស​បែប​នេះ ត្រូវ​ជាប់​ពិរុទ្ធ ហើយ​ត្រូវ​ទទួល​រង​ការ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ ផ្ទាល់​ខ្លួន​ផង​ដែរ។

មាត្រា១៣៨:
ដោយ​មិន​ទាន់​គិត​ដល់​ទោសទណ្ឌ​ផ្សេង​ទៀត បុគ្គល​ណា​ដែល​បាន​បំពាន​មាត្រា ៩៤ នៃ​ច្បាប់​នេះ ត្រូវ​ជាប់​ពិរុទ្ធ​អំពី​បទល្មើស​នឹង​ច្បាប់ ហើយ​ត្រូវ​ទទួល​រង​ការ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ រៀល (ប្រាំ​លាន​រៀល) ដល់ ១០.០០០.០០០ រៀល (ដប់​លាន​រៀល) ឬ​ជាប់​ពន្ធនាគារ​ពី ១ ខែ ដល់ ១ ឆ្នាំ ឬ​ទោស​ទាំង​ពីរ​នេះ។

មាត្រា១៣៩:
បុគ្គល​ណា​ដែល​បាន​ទទួល​ការ​ចាត់​តាំង​ជា​អ្នក​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី ​ពន្ធដារ ហើយ​ដោយ​ចេតនា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាង​ក្រោម​នេះ ត្រូវ​ជាប់​ពិរុទ្ធ​អំពី​បទល្មើស​នឹង​ច្បាប់ ហើយ​ត្រូវ​ទទួល​រង​ការ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ រៀល (ប្រាំ​លាន​រៀល) ដល់ ១០.០០០.០០០ រៀល (ដប់​លាន​រៀល) ឬ​ជាប់​ពន្ធនាគារ​ពី ១ ខែ ដល់ ១ ឆ្នាំ ឬ​ទោស​ទាំងពីរ​នេះ:

  • ១- ដកប្រាក់​ពន្ធ​សំរាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​ការ​ប្រើប្រាស់​ណា​ផ្សេង ដែល​គ្មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ។
  • ២- ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ​អំពី​ចំនួន​ប្រាក់​ពន្ធ​ដែល​ខ្លួន​ប្រមូល​បាន ឬ​ទទួល​បាន។
  • ៣- ប្រើប្រាស់​តួនាទី​ជា​មន្ត្រី​ពន្ធដារ ដើម្បី​ទទួល​យក​ប្រាក់ ឬ​ប្រយោជន៍​ផ្សេង​ទៀត​ពី​អ្នក​ជាប់​ពន្ធ ឬ​បុគ្គល​ផ្សេង​ទៀត។
  • ៤- ប្រមូល ឬ​ព្យាយាម​ប្រមូល​ប្រាក់​ពន្ធ ដោយ​គ្មាន​ការ​អនុញ្ញាត។

បុគ្គល​ណា​ដែល​បាន​ទទួល​ការ​ចាត់តាំង​ជា​អ្នក​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ ពន្ធដារ ហើយ​ដោយ​ចេតនា បាន​ទាមទារ​ប្រាក់​លើស​ពី​ច្បាប់​អនុញ្ញាត ត្រូវ​ទទួល​ទោស​វីតិក្រម​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន។ បុគ្គល​ណា​ដែល​បាន​ទទួល​ការ​ចាត់តាំង​ជា​អ្នក​អនុវត្ត​បទប្បញ្ញត្តិ​ស្ដីពី​ ពន្ធដារ ហើយ​ដោយ​ចេតនា បាន​ទាម ទារ ឬ​ទទួល​សំណូក ត្រូវ​ទទួល​ទោស​ពី​បទ​ស៊ីសំណូក​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន។ អ្នក​សូក​ត្រូវ​ទទួល​ទោស​ពី​បទ​សូក​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន។

មាត្រា១៤០:
បើ​សិន​ជា​អ្នក​ជាប់​ពន្ធ​យល់​ឃើញ​ថា ខ្លួន​បាន​ទទួល​រង​នូវ​ការ​ខូចខាត​ខាង​ហិរញ្ញវត្ថុ ឬ​ការ​រងគ្រោះ​ផ្ទាល់​ខ្លួន​អំពី​សកម្មភាព​ខុសឆ្គង ឬ​ខុស​ច្បាប់​ពី​សំណាក់​រដ្ឋបាល​សារពើពន្ធ អ្នក​ជាប់​ពន្ធ​អាច​ប្ដឹង​ទាមទារ​សំណង​នៃ​ការ​ខូចខាត ឬ​ការ​រងគ្រោះ​នោះ​ទៅ​តុលាការ​ក្នុង​រយៈពេល​បី​ឆ្នាំ ក្រោយ​កាល​បរិច្ឆេទ​នៃ​ការ​ខូចខាត​ខាង​ហិរញ្ញវត្ថុ ឬ​ការ​រងគ្រោះ​ផ្ទាល់​ខ្លួន​ចុង​ក្រោយ​បំផុត។

ជំពូក​ទី ៦៖ អវសាន​ប្បញ្ញត្តិ[edit]

មាត្រា១៤១:
បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ ត្រូវ​ទុក​ជា​និរាករណ៍។

មាត្រា១៤២:
ច្បាប់​នេះ​ ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។


ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ១៩៩៧

បាន​បង្គំ​ទូល​ថ្វាយ​និង​ជំរាប​ជូន​​ ​ ព្រះហស្តលេខា សម្ដេច​នាយករដ្ឋមន្ត្រី​ទី១ និង​ទី២ នរោត្តម សីហនុ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ បាន​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ នីតិសម្បទា​និង​អភិវឌ្ឍន៍​និង​ជា សូម​ឡាយ​ព្រះហស្ត​លេខា​ព្រះមហាក្សត្រ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ហត្ថលេខ ​ នាយករដ្ឋមន្ត្រី​ទី ១ នាយករដ្ឋមន្ត្រី​ទី ២ ហត្ថលេខា ព្រះហស្តលេខា ហត្ថលេខា គាត ឈន់ នរោត្តម រណឫទ្ធិ ហ៊ុន សែន