ចិត្តមាតាបិតា
Appearance
ខ្លឹមសារ
[edit]ម៉ែឪឃើញមានគំនិត | រីកថ្លើមរីកចិត្ត | រឹងរិតស្រលាញ់។ |
ថ្នមកូនមិនឲ្យខឹងក្នាញ់ | ចំណីណាឆ្ងាញ់ | ទុកឲ្យអាស្រ័យ។ |
ថ្និតថ្នមដូចកែវចរណៃ | ដ៏មានដំឡៃ | ស្មើដួងនេត្រា។ |
នាំគ្នាបែរបន់ទេវតា | អារក្សអ្នកតា | កុំឲ្យឈឺថ្កាត់។ |
មិនដែលបន្ទោសមួយម៉ាត់ | សរសើរតែស្ងាត់ | ប្រាប់ម៉ែប្រាប់យាយ។ |
សរសើរដល់គ្រូបាធ្យាយ | ហើយលើកដៃថ្វាយ | បង្គំព្រះវិហារ។ |
ថាហេតុតែបុណ្យសម្ភារ | ព្រះដ៏ឈ្នះមា | ទ្រទ្រង់កូនចៅ។ |
ឲ្យមានជីវិតនិត្យនៅ | ចំណេះក៏ជ្រៅ | ប្រាជ្ញាក៏វៃ។ |
ហើយមានមារយាទល្អក្រៃ | ដឹងកិច្ចប្រពៃ | គោរពគុណគាប់។ |
កូននេះជាកូនដើមទ្រព្យ | វានឹងមានភ័ព្វ | សំណាងជាងឪ។ |