Jump to content

គតិលោក/ភាគទី៦/1

From Wikisource
113171គតិលោក, ភាគទី៦រឿង​សត្វ​កង្កែប​ និង​គោឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​សត្វ​កង្កែប​ និង​គោ



មាន​សត្វ​កង្កែប ១ នៅ​ក្នុង​ស្រះ ថ្ងៃ​មួយ​មាន​គោ ១ ចុះ​ទៅ​ផឹក​ទឹក​ស្រះ​នោះ កង្កែប​ឃើញ​ហើយ​ក៏​នឹក​ក្នុង​ចិត្ត​ថា អា​សត្វ​គោ​នេះ ម្ដេច​រូប​វា​ធំ​ម្ល៉េះ បើ​ដូច្នេះ អញ​នឹង​បំពើត​កាយ​បំប៉ោង​ខ្លួន​ឡើង​ឲ្យ​ធំ​ដូច​គោ​នេះ​បាន​អេះ កង្កែប​គិត​ដូច្នោះ​ហើយ តាំង​បំប៉ោង​កាយ ចំអើត​ជើង​ឡើង ហើយ​ហៅ​ទៅ​កាន់​គោ​នោះ​ថា "នែ​​ប្រស្ដែង​គោ ចូរ​មើល​មក​រូប​យើង​ឯ​ណេះ​យើង​ធំ​ប៉ុន​​ប្រស្ដែង​ឯង​ហើយ​ឬ ? ។

ឯ​គោ​ក៏​តប​ថា "នៅ​ទេ​ចៅ​កង្កែប ចូរ​ខំ​បំពើត​បំប៉ោង​ឡើង​បន្តិច​ទៀត" ។ កង្កែប​ឮ​ដូច្នោះ​ក៏​ខំ​ប្រឹង​កាង​ចំកោង​បំពើត​ប៉ោង​ឡើង​លើស​មុន ហើយ​ក៏​ហៅ​ទៅ​គោ​ថា "ម៉េច​ម្ដង​ណេះ ​ប្រស្ដែង​គោ រូប​យើង​ធំ​ប៉ុន​អ្នក​ឯង​ហើយ​ឬ ៗ នៅ​ទាស់​ត្រង់​ណា​ទៀត ? ។

ឯ​គោ​ក៏​តប​ថា "នៅ​ទេ​កង្កែប ចូរ​ខំ​ប្រឹង​បំប៉ោង​ឡើង​ទៀត​ទៅ" ។ កង្កែប​ក៏​ខំ​ប្រឹង​ខាំ​មាត់ តាំង​កាង​ចំកោង​បំប៉ោង​ពេញ​កំលាំង ខ្យល់​អស្សា​សប​ស្សាស​ដង្ហើម​ចូល​ចេញ​មិន​បាន កាយ​កង្កែប​នោះ ក៏​បែក​ធ្លាយ ចេញ​ពោះ​វៀន​លៀន លេច​មក​ខាង​ក្រៅ​ដល់​នូវ​មរណកាល​ក្នុង​កាល​នោះ​ហោង ។

រឿង​នេះ​បាន​គតិ​អ្នក​តូច​ចង់​ជា​ធំ គឺ​ចង់​ត្រាប់​កាយ​អ្នក​ធំ ពុំ​សម​ក្ដី​ប្រាថ្នា ក៏​វិនាស​អាត្មា​ឯង​វិញ ។ មួយ​ទៀត បាន​គតិ​ដូច​បុរាណ​តែង​ថា "ដំរី​ជុះ ៗ តាម​ដំរី" នោះ​ឯង មួយ​ទៀត មាន​បទ​បាលី​ក្នុង​គម្ពីរ​លោក​នីតិ​ថា អប្បរូចោ ពហុភាសោ អប្បបញ្ញោ បកាសិតោ អប្បបុរោ ឃដេ ខោភេ អប្បខីរា តាវី ចលេ ។

ប្រែ​ថា ជាតិ​អ្នក​ទាប​ភាព​តូច​សំដី​ខ្ពស់ ឥត​ប្រាជ្ញា​ក្លាយ​ស​ប្រកាស​ថ្លែង ពាង​ក្អម​ទឹក​មិន​ពេញ​ក្រឡក​គ្រលែង មេ​គោ​ឯង​ទឹក​ដោះ​តិច​គេច​ធាក់​ក្រាន ។ មួយ​ទៀត​ថា អធនស្ស រសំ ខាទា អពលស្ស ហតា នរា អប្បញ្ញស្ស វាក្យា កថា ឧម្មត្តកសមា ឥមេ ។

ប្រែ​ថា អ្នក​ឥត​ធន​ធាន ចង់​ទទួល​ទាន រស​ឆ្ងាញ់​លើស​លែង អ្នក​ឥត​កម្លាំង ចង់​តាំង​សំដែង​ចំបាប់​ទាត់​ប៉ែង​សំដែង​អំនួត ។ អ្នក​ឥត​ប្រាជ្ញា ល្មោភ​ថ្លែង​ចរចា ប្រាថ្នា​គេ​អួត ជន ៣ នេះ​ប្រើ ទុក​ស្មើ​មនុស្ស​ឆ្កួត ព្រោះ​ឡើង​អំនួត ល្មោភ​ហួស​ប្រមាណ ។

ចប់​តម្រា​តូច​ចង់​ធ្វើ​ធំ​ទី ២៣ ។