- មាត្រា ២៧.-
ជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ ត្រូវបំពេញល័ក្ខខ័ណ្ឌទាំងឡាយដែលមានចែងក្នុងជំពូកទី ៣ ស្ដីពីជនបរទេសអន្តោប្រវេសន្ត លើកលែងតែសុពលភាពសំរាប់រយៈពេលស្នាក់នៅបណ្ដោះអាសន្ន គឺសំរាប់រយៈពេលមួយឆ្នាំ។ ក្រោយរយៈពេលមួយឆ្នាំនៃការស្នាក់នៅ ក្នុងករណីដែលមិនអាចមានលទ្ធភាពធ្វើវិនិយោគបានលើវិស័យណាមួយទេ ជនបរទេសនោះអាចដកប្រាក់តម្កល់នានាវិញបាន ហើយមិនអាចបន្តឲ្យស្នាក់នៅបានទៀតឡើយ។
- មាត្រា ២៨.-
ជនបរទេសដែលបានទទួល "លិខិតអនុញ្ញាតឲ្យវិនិយោគ" ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងគ្រួសារផ្ទាល់ខ្លួន នឹងបានទទួលការអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាអចិន្រ្តៃយ៍ ឫតាមរយៈពេលដែលបានកំណត់ក្នុងលិខិតអនុញ្ញាតឲ្យវិនិយោគ និងមានសិទ្ធិសុំកាន់ឯកសារធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។
បែបបទនៃការអនុវត្តមាត្រា ២៨ នេះ នឹងត្រូវកំណត់ដោយអនុក្រឹត្យ។
ជំពូកទី ៥
ទោសបញ្ញត្តិ
- មាត្រា ២៩.-
ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។
ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឫជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឫជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំមួយខែ ដល់មួយឆ្នាំ។
មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ត ឫមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោសផ្នែករដ្ឋបាល។
មធ្យោបាយសម្ភារៈប្រើសំរាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដោយតុលាករ។