- មាត្រា ២២.-
ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវទទួលខុសត្រូវត្រួតពិនិត្យជនបរទេសទាំងអស់ ដែលបានតាំងទីលំនៅ ឫទើបនឹងមកតាំងទីលំនៅក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។
- មាត្រា ២៣.-
ជនបរទេសអន្តោប្រវេសន្តណាដែលមានបំណងចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈពេល ត្រូវសុំការអនុញ្ញាតចេញ និងវិលមកវិញពីក្រសួងមហាផ្ទៃ។ ជាគោលការណ៍ រយៈពេលនៃការស្នាក់អាស្រ័យនៅបរទេសមិនត្រូវលើសពីបីខែឡើយ។ ប៉ុន្តែរយៈពេលនេះអាចពន្យាបានរហូត ប្រាំមួយខែ ប្រសិនបើមានមូលហេតុសមហេតុសមផល។ អាករលើការផ្ដល់ការអនុញ្ញាតចេញ និងវិលមកវិញត្រូវកំណត់ដោយអនុក្រឹត្យ។
- មាត្រា ២៤.-
ក្នុងករណីត្រឡប់មកវិញលើសរយៈពេលអនុញ្ញា សាម៉ីខ្លួនត្រូវធ្វើពាក្យសុំទិដ្ឋាការចូល ហើយចាត់ទុកថា ជននោះជាជនបរទេសអន្តោប្រវេសន្តមកថ្មី។
ជំពូកទី ៤
ជនបរទេសអន្តោប្រវេសន្ត
ជាអ្នកវិនិយោគឯកជន
- មាត្រា ២៥.-
ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន គឺជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។
- មាត្រា ២៦.-
ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចែកចេញជាពីរប្រភេទគឺ ៖
- ១. ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
- ២. ជនបរទេសដែលបានទទួល «លិខិតអនុញ្ញាតឲ្យវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។