Jump to content

Page:NA1-1994 11-Immigration.pdf/7

From Wikisource
This page has been proofread.
មាត្រា ១៧.-

ជាគោលការណ៍ ជនបរទេសអាចធ្វើចរាចរបានដោយសេរីនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែក្នុងករណីចាំបាច់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាចដាក់បញ្ញត្តិហាមឃាត់ចរាចរជនបរទេស និងហាមឃាត់ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តទាំងអស់មិនឲ្យចូល ឫស្នាក់អាស្រ័យនៅក្នុងតំបន់ ឫចាកចេញឆ្ងាយពីតំបន់ ឫកន្លែងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។


មាត្រា ១៨.-

ម្ចាស់ ឫអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង ដល់ស្ថាប័ននគរបាលមានសមត្ថកិច្ចពីវត្តមាននៃជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្ត ដែលបានមកស្នាក់នៅ។


មាត្រា ១៩.-

ការទទួលជនបរទេសឲ្យធ្វើការត្រូវអនុវត្តតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាននានា ដោយសហការជាមួយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។


មាត្រា ២០.-

ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីមរណភាព និងការបាត់ខ្លួនរបស់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។


មាត្រា ២១.-

ប័ណ្ណស្នាក់នៅចេញឲ្យលើកដំបូងមានសុពលភាពសំរាប់រយៈពេលពីរឆ្នាំ។ ប័ណ្ណស្នាក់នៅនេះអាចសុំបន្តការប្រើប្រាស់បានរាល់ពីរឆ្នាំម្ដង។ ពាក្យសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវធ្វើនៅចំពោះមុខអាជ្ញាធរដូចបានកំណត់ត្រង់មាត្រា ១៤ នៃច្បាប់នេះ។ ហួសកំណត់ខាងលើនេះ ម្ចាស់ប័ណ្ណស្នាក់នៅដែលមិនបានសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវចាត់ទុកថាស្ថិតនៅក្នុងស្ថានភាពមិនត្រឹមត្រូវតាមច្បាប់។ ក្រសួងមហាផ្ទៃត្រូវកំណត់ដោយប្រកាសរបស់ក្រសួង នូវវិធានការអនុវត្តទាក់ទងនឹងការគ្រប់គ្រង ការធ្វើប័ណ្ណស្នាក់នៅ ការសុំនិងល័ក្ខខ័ណ្ឌនានា ដែលត្រូវអនុវត្តក្នុងវិស័យនេះ។ ជនបរទេសអន្តោប្រវេសន្តត្រូវបង់អាករសំរាប់ការចេញប័ណ្ណស្នាក់នៅដើមឫទុតិយតា ឫឯកសារដែលមានតម្លៃស្មើគ្នា តាមការកំណត់របស់អនុក្រឹត្យ។



1046