- មាត្រា ១២.-
ការទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
- មាត្រា ១៣.-
ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តដែលត្រូវបានទទួលឲ្យចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្ហាញខ្លួននៅប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន្ត ទាំងពេលមកដល់ និងពេលចេញដំណើរទៅវិញ។ គ្រប់ច្រក ឫចំណុចចេញចូលរបស់ជនបរទេសត្រូវកំណត់ និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
- មាត្រា ១៤.-
ជនបរទេសអន្តោប្រវេសន្តត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៤៨ម៉ោង ក្រោយពេលមកដល់ នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង ដែលខ្លួនមានបំណងស្នាក់នៅដើម្បីធ្វើពាក្យសុំប័ណ្ណស្នាក់នៅ។ បង្កាន់ដៃសំគាល់នឹងត្រូវផ្ដល់ភ្លាមជូនសាម៉ីខ្លួនក្រោយពីបានទទួលពាក្យសុំនេះ។
- មាត្រា ១៥.-
ក្នុងករណីដែលមានការផ្លាស់ប្ដូរលំនៅដ្ឋាន ជនបរទេសអន្តោប្រវេសន្តត្រូវសុំការបញ្ជាក់នៅលើប័ណ្ណ ស្នាក់នៅរបស់ខ្លួន នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុងដែលខ្លួនមានលំនៅដ្ឋានមុនពេលខ្លួនចេញដំណើរ។ ជនបរទេសអន្តោប្រវេសន្តត្រូវបំពេញបែបបទដូចខាងលើនេះ ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីបានទៅដល់លំនៅដ្ឋានថ្មី។
- មាត្រា ១៦.-
ប័ណ្ណស្នាក់នៅនេះត្រូវបង្ហាញនៅពេលដែលមានការឆែកឆេរពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ប័ណ្ណស្នាក់នៅនេះអាចដកហូតបានពីសាម៉ីជនណាដែលមិនបានគោរពតាមបទបញ្ញត្តិនៃច្បាប់នេះ។ ក្នុងករណីដកហូតប័ណ្ណស្នាក់នៅ ជនបរទេសអន្តោប្រវេសន្តត្រូវចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្លៃ។ ក៏ប៉ុន្តែតាមកាលៈទេសៈជាក់ស្ដែង រយៈពេលនេះអាចកែប្រែបានដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមសំណើរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ហើយរយៈពេលបន្តមិនត្រូវលើសពី ៣ខែ។
ការឈប់ទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសំរេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។