This page has been proofread.
ជំពូកទី ៣
ជនបរទេសអន្តោប្រវេសន្ត
- មាត្រា ១០.-
ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្តគឺ ៖
- ១. ជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឫដើម្បីប្រកបវិជ្ជាជីវៈ ឫធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឫកសិកម្ម។
- ២. ជនបរទេសដែលគ្មានរាប់ចូលក្នុងប្រទេសណាមួយ ដូចមានចែងក្នុងមាត្រា ៧ នៃច្បាប់នេះ។
- មាត្រា ១១.-
អាចទទួលឲ្យស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨នៃច្បាប់នេះ ហើយលើសពីនេះត្រូវបំពេញកាតព្ចកិច្ចដូចតទៅ ៖
- ១. បង្ហាញនូវសម្បទានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឫសង្គមកិច្ច ឫវិទ្យាសាស្រ្តបច្ចេកទេស ឫវប្បធម៌ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
- ២. តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឫមាតុភូមិនិវត្តន៍ជាយថាហេតុ និងមានប្រាក់ធានាថាអាចរស់នៅបានដោយសារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ចំនួនទឹកប្រាក់ខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។
- ៣. មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបាន ដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសដែលអន្តោប្រវេសន្តចេញមក និងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
- ៤. មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមរបស់ខ្លួន។
- ៥. ទោះបីជនបរទេសអន្តោប្រវេសន្ត បានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើនេះហើយក៏ដោយ ក៏ជនគ្រប់រូបទាំងនោះត្រូវបំពេញឲ្យបាននូវល័ក្ខខ័ណ្ឌផ្នែកសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យមាន។