This page has been proofread.
- មាត្រា ៥.-
ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។
- មាត្រា ៦.-
ក្រសួងមហាផ្ទៃត្រូវកំណត់អំពីបែបបទនៃការចុះបញ្ជី ការផ្ដល់ ការត្រួតពិនិត្យប័ណ្ណស្នាក់នៅ ទិដ្ឋាការចូល លិខិតបើកផ្លូវ និងលិខិតឆ្លងដែន ឫឯកសារដែលមានតម្លៃស្មើគ្នាសំរាប់ជនបរទេស។
ជំពូកទី ២
ជនបរទេសមិនមែនអន្តោប្រវេសន្ត
- មាត្រា ៧.-
ជនបរទេសមិនមែនអន្តោប្រវេសន្តគឺ៖
- ១. ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេស ឫស្ថានកុងស៊ុលបរទេស ឫស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ និងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្មើសុំ ឫតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
- ២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេស និស្សិត ព្រមទាំងគ្រួសារដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
- ៣. អ្នកធ្វើដំណើរឆ្លងកាត់ ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយរបស់ខ្លួន។ ក្នុងករណីនេះ ការស្នាក់អាស្រ័យនៅមិនត្រូវលើសពីមួយសប្ដាហ៍ លើកលែងតែក្នុងករណីប្រធានសក្តិ។
- ៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។
- ៥. អ្នកតំណាងពាណិជ្ជកម្ម ធនាគារ អ្នកប្រកបមុខរបរផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ ក្នុងករណីនេះ ការស្នាក់អាស្រ័យមិនអាចលើសពី៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់ ការស្នាក់អាស្រ័យនៅនេះ អាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមា តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។