Jump to content

Page:NA1-1994 11-Immigration.pdf/2

From Wikisource
This page has been proofread.

ច្បាប់

ស្តីពី

អន្តោប្រវេសន៍


ជំពូកទី ១

បទបញ្ញត្តិទូទៅ


មាត្រា ១.-

ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូប ដែលមកស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។


មាត្រា ២.-

ត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា​ ឫមានដើមកំណើតណាមួយក៏ដោយ។


មាត្រា ៣.-

ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។


មាត្រា ៤.-

អនុលោមតាមល័ក្ខខ័ណ្ឌនៃប្រវេសន៍ និងការស្នាក់អាស្រ័យនៅប្រទេសកម្ពុជា ជនបរទេសត្រូវចែកជាបីប្រភេទគឺ៖

  • ១. ជនបរទេសមិនមែនអន្តោប្រវេសន្ត
  • ២. ជនបរទេសអន្តោប្រវេសន្ត
  • ៣. ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។


1041