Page:Kambuja Suriya 1926-1927.djvu/343

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មិនប្រព្រឹត្តញ៉ាំងពាក្យសម្ដីដែលអាក្រក់ឲ្យកម្រើកកើតឡើងបាន បុគ្គលគប្បីសង្រួមឃាត់ហាមនូវពាក្យពោលអាក្រក់ បុគ្គលគប្បីលះបង់នូវកិរិយាប្រព្រឹត្តអាក្រក់មិនស្អាតល្អដោយវាចា ហើយគប្បីប្រព្រឹត្តឲ្យជាសុចរិត ស្អាតបរិសុទ្ធល្អដោយវាចាគឺវៀរលែងវចីទុច្ចរិត៤ប្រការ គឺមុសាវាទោកិរិយាប្រព្រឹត្តពោលនូវពាក្យកុហកបញ្ឆោតមិនពិតដល់អ្នកដទៃឲ្យគេខូចខាតប្រយោជន៍ ឲ្យគេបង់ទ្រព្យសម្បត្តិព្រោះខ្លួន ជាហេតុនឹងឲ្យមានពៀរទៅខាងមុខ ។ ឯបុគ្គលដែលពោលនូវពាក្យ កុហកមិនពិតដល់បុគ្គលឯណាបំបាត់នូវប្រយោជន៍នៃបុគ្គលឯណា ថាបើប្រយោជន៍នោះជារបស់នៃបុគ្គលនោះច្រើនក៏មានទោសច្រើន បើបំបាត់នូវប្រយោជន៍នៃបុគ្គលឯណាបុគ្គលនោះមានគុណតិចក៏មានទោសតិច បំបាត់នូវប្រយោជន៍បុគ្គលឯណាដែលមានគុណច្រើនក៏មានទោសច្រើន ។ ម្យ៉ាងទៀតបុគ្គលអ្នកពោលនូវពាក្យមុសាវាតមានទោសតិច ព្រោះបុគ្គលនោះមានកិលេសទន់មិនក្លៀវក្លា មានទោសធ្ងន់ព្រោះមានកិលេសដ៏ក្លៀវក្លា ជាវចីបយោគពោលកុហកដោយខ្លួនឯង ទើបត្រូវមុសាវាទ បើប្រើបុគ្គលដទៃឲ្យពោលកុហកមិនត្រូវមុសាវាទឡើយ។ មុសាវាទនេះមានអង្គ៤គឺ: ក. អតថំវត្ថុ វត្ថុមិនពិត ។