Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/28

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៨៤ .

-​ប្រទានកម្ម​ជា​អចលនវត្ថុ​មិនអាច​ដកហូត​មកវិញ​បានឡើយ នៅពេល​ដែលមាន​ការព្រម​ទទួល​ហើយ​នោះ​។ ប្រទាន​កម្មនេះ​អាចធ្វើ​ការផ្ទេរ​សិទ្ធិកម្មសិទ្ធិ​បាន​ភ្លាម​។ ប៉ុន្តែ​ទាយក​អាច​រក្សាទុក​សំរាប់​ខ្លួន​នូវ​សិទ្ធិ​ផលុបភោគ​នៃ​ទ្រព្យ សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ​នៃ​អចលនវត្ថុ​ដែល​ត្រូវ​ចែង​ក្នុង​កិច្ចសន្យា​និង​ត្រូវ​ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី​។​ ​

មាតិកា​ទី ៣៖ ​អំពី​របប​កម្មសិទ្ធិឯកជន​ ​

ជំពូក​ទី ៧៖ អំពី​សិទ្ធិ​និង​កាតព្វកិច្ច​នៃ​កម្មសិទ្ធិករ​​

ផ្នែក​ទី ១ : អំពី​ការ​អាស្រ័យ​ផល​នៃ​កម្មសិទ្ធិ​

​==== មាត្រា ៨៥ . ==== -​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល​និង​ចាត់ចែង​ទ្រព្យ​របស់ខ្លួន​ផ្ដាច់មុខ​និង​ទូលំទូលាយ កុំឱ្យ​តែ​យក​ទ្រព្យ​នោះ​ទៅប្រើ​ប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​បាន​ហាមឃាត់​។ ​

មាត្រា ៨៦ .

-​កម្មសិទ្ធិករ​នៃ​ទ្រព្យ​មិនអាច​ប្រើប្រាស់​ទ្រព្យ​នោះ​ក្នុង​គោលដៅ​ព្យាបាទ​ឬ​រំខាន​ដល់​តតិយជន​និង​ជាពិសេស​ដល់​អ្នកជិតខាង​របស់ខ្លួន​បានឡើយ​។ ​ការប្រើប្រាស់​ទ្រព្យ​ជាធម្មតា​ដែលមាន​ចរិត​ធម្មានុរូប​មិនអាច​ចាត់ទុកជា​ការរំខាន ដែល​បណ្ដាលឱ្យ​រាំងស្ទះ​ដល់​ការប្រើប្រាស់​ទ្រព្យ​នោះបាន​ឡើយ​។ ​

មាត្រា ៨៧ .

-​កម្មសិទ្ធិករ​នៃ​ដី​អាចធ្វើ​នៅលើ​ដី រាល់​ការដាំដុះ ការរៀបចំ និង​ការសាងសង់​តាម​បំណង​របស់ខ្លួន​លើកលែងតែ​មានច្បាប់​ហាមឃាត់​។ ការរៀបចំ​ឬ​ការសាងសង់​ទាំងនោះ​ជា​កម្មសិទ្ធិ​របស់ខ្លួន​ទាំងអស់​ស្របតាម​បញ្ញត្តិ​នៃ​ផ្នែក​ទី ៣ នៃ​ជំពូក​នេះ​។

1427