Jump to content

គតិលោក/ភាគទី៤/7

From Wikisource
113267គតិលោក, ភាគទី៤និទានពីសត្វចចកមួយល្មោភអាហារឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


និទានពីសត្វចចកមួយល្មោភអាហារ




មានសត្វចចក១ ដើរស្វែងរកអាហារបរិភោគ លុះដើរដល់ទីព្រៃ ១ បានឃើញខ្មោចដំរីសារ ១ ដួលស្លាប់ហើមប៉ោងនៅខាងព្រៃដង្គុំ ទើបចចកកើតលោភចេតនាគិតថា លាភោបរមលាភអឺយ ថ្ងៃនេះអញបានចំណីយ៉ាងសន្ធឹកអាស្រ័យ ៤ – ៥ ថ្ងៃក៏ពុំអស់ បើដូច្នេះគួរអញកាត់វច្ចមគ្គ (ទ្វារធំ ) ស៊ីរូងចូលទៅក្នុងពោះដំរីអាស្រ័យគ្រឿងក្នុងអស់កាលណា សឹមអញចេញមកអាស្រ័យសាច់ខាងក្រៅ គិតហើយចចកកាត់ទ្វារធំនៃសាកសពដំរីនោះ រូងចូលទៅក្នុងពោះដំរី ស៊ីគ្រឿងក្នុង ។ ឯសាកសពដំរីនោះ កាលពេលថ្ងៃក្ដៅស្វិតរឹងទ្វារធំនោះក៏បើកជារូង លុះដល់ពេលភ្លៀងឱរជោកសាកសពនោះក៏ទន់ចុះ ទ្វារធំនោះក៏រីកបិទជិតចូលជាមួយគ្នាទៅ ។ ឯចចកនៅក្នុងពោះដំរីនោះ នឹងរកច្រកចេញមកខាងក្រៅពុំបាន ក៏តាំងថប់ដង្ហើម បាននូវសេចក្ដីទុក្ខវេទនានៅក្នុងពោះដំរី ២ – ៣ ថ្ងៃស្ទើរតែនឹងស្លាប់នៅក្នុងពោះដំរីនោះឯង លុះដល់ថ្ងៃក្ដៅខ្លាំងសាកសពនោះរឹងឡើង ទើបបានឃើញទ្វារចេញមកខាងក្រៅបាន ។ រឿងនិទាននេះ តើបានសេចក្ដីប្រៀបប្រាយដូចម្ដេច ឯងថាទៅមើល ។ កូនសិស្សតបថា រឿងនិទានចចកនេះ បានគតិដូចមនុស្សលោភលាភកើន ហើយប្រាសចាកសតិសម្បជញ្ញៈ នឹងពិចារណាមើលកលមើលការ ហៅថា ស៊ីអាហារមិនដឹងប្រមាណ ដូចបុគ្គលអ្នកស្វែងលាភ បានលាភហើយក៏រឹតតែលោភខ្លាំងឡើង ទាល់តែរកឱកាសនឹងដកខ្លួនចេញពីលាភនោះពុំបាន ដូចចចកនោះឯង ។


ចប់តម្រារកស៊ីលោភលាភកើនប្រមាណទី ៥ ។